អតីតគ្រូពេទ្យម្នាក់​រងបណ្តឹងចំនួន​២ ក្រោយឡើ​ង​ជា​ប្រធានបក្សភ្លើងទៀន​នៅខេត្តប៉ៃលិន

លោក ខឹម មុនីកុសល ទៅយកដីការបណ្តេញចេញពីក្របខ័ណ្ឌមន្រ្តីរាជការ នៅការិយាល័យរដ្ឋបាលមន្ទីរសុខាភិបាលខេត្តប៉ៃលិន ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Khem Monykosal)

អតីតគ្រូពេទ្យម្នាក់ដែលទើបបណ្តេញចេញពីក្របខណ្ឌមន្ត្រីរាជការនៅខេត្តប៉ៃលិន បាន​រងបណ្តឹង​ចំនួន​២ ក្រោយពីលោកបានឡើងធ្វើជាប្រធានក្រុមការងារគណបក្សភ្លើង​ទៀនប្រចាំ​នៅខេត្ត​ប៉ៃលិន។

យោងតាមដីកាកោះហៅចំនួន២ ដាច់ដោយឡែកពីគ្នា ដែលវីអូឌីទទួល​បាន​នៅថ្ងៃនេះ បាន​ឱ្យដឹង​ថា តុលាការខេត្តប៉ៃលិន បានកោះហៅ លោក ខឹម មុនីកុសល អតីត​គ្រូពេទ្យ នៅ​ខេត្តប៉ៃលិន ឱ្យចូលខ្លួនទៅឆ្លើយបំភ្លឺនៅតុលាការ នៅថ្ងៃទី៨ ខែមេសា ខាងមុខនេះ លើបណ្តឹង​បរិហាកេរ្តិ៍ជាសាធារណៈ។ ដើមបណ្តឹងដែលប្តឹងអតីត​គ្រូពេទ្យរូបនេះ គឺ​​ប្តឹងដោយឈ្មោះ ចេង តូ មានតួនាទីជាប្រធានភូមិ​វាល​ចែង កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២។

ពាក្យបណ្តឹងនេះ បានកើតឡើង ក្រោយ​ពី​លោក ខឹម មុនីកុសល បានប្តឹង​លោក ចេង តូ ពីបទ​រារាំង និងគំរាមកំហែងដល់ភ្នាក់ងារសង្កេតការណ៍គណបក្សភ្លើងទៀន ដោយបង្ខំឱ្យលាលែង​ចេញពីភ្នាក់ងារសង្កេតការណ៍​​នៅឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ប៉ុន្តែ គណៈកម្មការរៀបចំការបោះឆ្នោតឃុំ បានច្រានចោលបណ្តឹងរបស់លោក ខឹម មុនីកុសល ហើយលោកមេភូមិ​ ចេង តូ បានប្តឹងបកទៅកាន់តុលាការវិញ។

ចំណែកពាក្យបណ្តឹងមួយទៀត ដែលចេញក្នុងថ្ងៃតែមួយ កាលពីថ្ងៃទី​៣១ ខែមីនា បានកោះ​ហៅ​លោក ខឹម មុនីកុសល ឱ្យចូលទៅបំភ្លឺនៅថ្ងៃទី២០ ខែមេសា ពីបទញុះញង់ឱ្យមាន​ការរើសអើង ដែលប្រព្រឹត្តនៅស្នាក់​ការ​​គណបក្សប្រជាជនកម្ពុជា​ខេត្តប៉ៃលិន។ សំណុំរឿងនេះ គឺជារឿងចាស់ ដែលកើតឡើងកាលពីខែមីនា ឆ្នាំ២០២១ និងអាច​ជា​​ហេតុផល​​មួយ​ដែលអភិបាលខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ បានបណ្តេញលោកចេញពីក្របខណ្ឌមន្ត្រីរាជការនៅខេត្តប៉ៃលិនផងដែរ។

អតីតគ្រូពេទ្យនៅខេត្តប៉ៃលិន លោក ខឹម មុនីកុសល ដែលបច្ចុប្បន្ន គឺជាប្រធានក្រុមការងារគណបក្សភ្លើងទៀនប្រចាំខេត្តនេះ បានចាត់ទុកបណ្តឹងប្រឆាំងរូបលោកទាំងពីរករណីនេះ ថាជាការគំរាមកំហែង និង​​ធ្វើទុក្ខបុកម្នេញផ្នែកនយោបាយទៅ​លើរូបលោក។

លោកថា៖ «បាទវាជារឿងមួយភ្ញាក់ផ្អើល! វាលាយឡំគ្នា ទីមួយ​គេយករឿងបោះឆ្នោតមកធ្វើជាកិច្ចការប្តឹងផ្តល់នៅតុលាការវាជារឿងគួរឱ្យភ្ញាក់ផ្អើល ទីពីរចង់និយាយថា ដកក្របខណ្ឌរបស់ខ្ញុំដោយគ្មានមូលដ្ឋានច្បាប់ហើយ មកប្តឹងខ្ញុំមកតុលាការទៀត ដូច្នេះវាជារូបភាពនៃការគំរាមកំហែងថ្មីមួយទៀត ដែលចង់រារាំងដំណើរការនៃការធ្វើនយោបាយរបស់ខ្ញុំនៅក្នុង​បក្សភ្លើងទៀននេះ»

លោក ខឹម មុនីកុសល ត្រូវបានអភិបាលខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ បណ្តេញចេញពីក្របខណ្ឌជាមន្ត្រីសុខាភិបាលជាន់ខ្ពស់នៃមន្ទីរសុខាភិបាលខេត្តប៉ៃលិន កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីលោកបានបង្ហោះសារនៅលើហ្វេសប៊ុករិះគន់មន្ត្រីស្ថាប័នពាក់ព័ន្ធដែលចុះប្រចាំការនៅមណ្ឌលចត្តាឡីស័កនៅស្នាក់ការ​គណ​បក្សប្រជាជនកម្ពុជា​ខេត្តប៉ៃលិន​ថា «មិនបានជួយធ្វើការងារគ្រូពេទ្យខ្លះនោះទេ ប៉ុន្តែនាំគ្នាអង្គុយលេង Facebook ក្នុងតង់ និងថតរូបបង្អួតគេឯងទៅវិញ»។

រដ្ឋបាលខេត្តប៉ៃលិន បានចេញសេចក្តីប្រកាសព័ត៌មាន ដោយ​បញ្ជាក់ថា លោក ខឹម មុនីកុសល បាន «ប្រព្រឹត្តកំហុស និងការឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ»។

លោក ខឹម មុនីកុស បានប្តឹងជំទាស់សេចក្តីសម្រេចនេះ មកក្រសួងមុខងារសាធារណៈចំនួនពីរដង និងក្រសួងសុខាភិបាលផងដែរ។ ក៏ប៉ុន្តែ ក្រសួងមុខងារសាធារណៈបានចេញសេចក្តីសម្រេចកាលពី​ថ្ងៃទី​៤ ខែកុម្ភៈថា ការ​សម្រេចឱ្យ​​លោក ខឹម មុនីកុសល ចេញ​ពីរដ្ឋបាល​ខេត្ត​​ប៉ៃលិន គឺ​ស្របច្បាប់។

វីអូឌី បានព្យាយាមទាក់ទងអភិបាលខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ ដើម្បីឆ្លើយបំភ្លឺជុំវិញករណីនេះ ប៉ុន្តែមិនមានការឆ្លើយតប។

តែយ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានបដិសេធថា មិនមែនជាការធ្វើទុក្ខបុកម្នេញនយោបាយនោះទេ ពីព្រោះពាក្យបណ្តឹងនេះ កើតឡើងមុនពេលដែលលោក ខឹម មុនីកុសល ទៅ​ចូលរួមជាមួយគណបក្សភ្លើងទៀន។

លោកថា៖ «អារឿងវាកើតមុនពេលគាត់ទៅចូលបក្សមួយនោះ ហើយឥឡូវគេប្តឹង អារឿងមួយមុន ហើយគាត់ទើបចូលភ្លើងទៀនក្រោយ អាហ្នឹងគាត់ទៅចោទគេថា យាយីបក្សភ្លើងទៀនម៉េចហ្នឹងកើត អារឿងនោះកើតមុន!»

មន្ត្រីសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូប្រចាំខេត្តបាត់ដំបង លោក អ៊ិន គង់ជិត បាន​ថ្លែងថា​ រឿងនេះគឺជារឿងតូច ដែលភាគីទាំងពីរគួរមានការសម្របសម្រួល និងដោះស្រាយ​គ្នាដោយសន្តិវិធី ដោយមិនត្រូវប្រើប្រព័ន្ធតុលាការនោះទេ។

លោកថា៖ «រឿងបើយើងមើលវាបន្តិចបន្តួចទេ វាតូចតាចបន្តិចបន្តួច ប៉ុន្តែប្រហែលដើម្បីចង់បំបាក់ស្មារតីគាត់ ឱ្យគាត់មានការភ័យ បាក់ស្បាត ខ្លបខ្លាច ឱ្យចុះញ៉ម ចឹងការយកបណ្តឹងទៅតុលាការហ្នឹង គឺជាការបំបាក់គាត់ ធ្វើទុក្ខបុកម្នេញគាត់! ចឹងរឿងហ្នឹងវាដូចអត់មានធំដុំអ្វីផង គួរតែមានការយោគយល់ អនុគ្រោះផងទៅ!»

ខេត្តប៉ៃលិន គឺជាខេត្តដ៏ក្តៅគគុកមួយនៃការប្រឈមរបស់គណបក្សភ្លើងទៀន ក្នុងការប្រកួតប្រជែងការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ២០២២នេះ។ កន្លងមក មានការហាមឃាត់មិនឱ្យមានការលើកស្លាកគណបក្ស និងការលួចវាយកម្ទេចស្លាកគណបក្សប្រឆាំងនេះផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ