អាជ្ញាធរ​ចាប់​ខ្លួន​សមាជិក​​​បក្ស​​ប្រឆាំង​ដែល​ត្រូវ​បាន​តុលាការ​រំលាយ​​ម្នាក់​​បញ្ជូន​​ទៅ​​ឃុំ​​ខ្លួន

លោកស្រី យក់ នាង ប្រធានចលនាស្ត្រីគណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ ដែលត្រូវបានតុលាការរំលាយ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២២។ (រូប៖ ហ្វេសប៊ុក ក្រុមអ្នកប្រយុទ្ធ CNRP)

សមត្ថកិច្ច​រាជធានី​ភ្នំពេញ បាន​បញ្ជូន អ្នកស្រី យក់ នាង សមាជិក​ក្រុម​ប្រឹក្សា​រាជធានី​ភ្នំពេញ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​តុលាការ​រំលាយ​ម្នាក់​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារព្រៃស​បណ្ដោះអាសន្ន ពី​បទ «ញុះញង់ និង​រួម​គំនិត​ក្បត់»

លោកស្រី យក់ នាង ត្រូវសមត្ថកិច្ចរាជធានីភ្នំពេញចាប់ខ្លួនកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ អំឡុងពេលដែលលោកស្រី និង ស្ត្រី ៣ នាក់ផ្សេង​ទៀតជួបជុំគ្នាកន្លែងលក់ទឹកអំពៅមួយកន្លែង ក្នុងបុរីពិភពថ្មីចម្ការដូង ខណ្ឌដង្កោ។

កូនរបស់លោកស្រី យក់ នាង គឺលោក អ៊ួច វណ្ណារិទ្ធ ប្រាប់វីអូឌីនៅថ្ងៃសៅរ៍នេះថា ក្នុងចំណោមស្ត្រី ៣ នាក់ ដែលត្រូវសមមត្ថកិច្ចខ្លួននោះ សមត្ថកិច្ចបាន​ដោះលែងវិញ ខណៈម្ដាយរបស់លោកត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់តុលាការ។ លោកបន្តថា នៅព្រឹកថ្ងៃសៅរ៍នេះ ម្ដាយរបស់លោកត្រូវសមត្ថកិច្ចបញ្ជូន​ទៅឃុំខ្លួននៅពន្ធនាគារ បន្ទាប់ពីតុលាការសាកសួររួច ប៉ុន្តែលោកមិនបានដឹងថា ម្ដាយរបស់លោកត្រូវតុលាការចោទប្រកាន់ពីបទអ្វីនោះឡើយ។

លោកថា៖ «ខ្ញុំបានទទួលដំណឹងថា ​តុលាការបញ្ជូនគាត់ទៅពន្ធនាគារ ម២ ព្រៃស ហើយ ប៉ុន្តែខ្ញុំមិនដឹងគេចោទគាត់រឿងទេ។ កន្លងមក គាត់ចូលបំភ្លឺ​នៅតុលាការរហូត ពេលគេកោះហៅគាត់រឿង «រួមគំនិតក្បត់ »ពាក់ព័ន្ធការវិលត្រឡប់របស់លោក សម រង្ស៊ី ៩ វិច្ឆិកា»

លោកថា ការចាប់ខ្លួនម្ដាយរបស់គាត់កាលពីម្សិលមិញនេះ ពាក់ព័ន្ធនឹងរឿងនយោបាយ  ខណៈម្ដាយ គាត់ជាសមាជិក​ក្រុម​ប្រឹក្សា​រាជធានី​ភ្នំពេញមកពី​គណបក្ស​សង្គ្រោះជាតិដែលត្រូវតុលាការរំលាយ ប៉ុន្តែលោកថា ចាប់តាំងពីតុលាការរំលាយមក ម្ដាយរបស់លោកមិនបានធ្វើសកម្មភាពអ្វីទៀតទេ។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោក សាន សុខសីហា ប្រាប់វីអូឌីថា សមត្ថកិច្ចបានឃាត់ខ្លួនលោកស្រី  យក់ នាង កាលពីម្សិលមិញ តាមដីការបស់តុលាការ និងបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញធ្វើការសាកសួរ។ លោកបញ្ជាក់ថា ក្រោយពីបានសាកសួរ តុលាការក៏បានចេញ​ដីកាឃុំខ្លួនលោកស្រី យក់ នាង នៅពន្ធនាគារនាថ្ងៃនេះ ពីបទ«រួមគំនិតក្បត់ និងញុះញង់» ប៉ុន្តែពាក់ព័ន្ធរឿងអ្វីនោះ​ សុំមិនធ្វើអត្ថាធិប្បាយលម្អិតឡើយ ដោយឱ្យសួរមកខាងតុលាការវិញ។

លោកថា៖ «ត្រូវហើយម្សិលមិញសមត្ថកិច្ចនៃស្នងការដ្ឋានរាជធានីភ្នំពេញ គឺយើងអនុវត្តតាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីនាំខ្លួនភ្លាម យើងបានបញ្ជូនទៅសាលាដំបូរាជធានីភ្នំពេញតាំងម្សិលមិញ ហើយខាងតុលាការក៏បានចេញដីកាឃុំខ្លួនផងដែរ ពាក់ព័ន្ធនឹង «រួមគំនិតក្បត់ និងញុះញង់​ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។ ខ្ញុំសុំបញ្ជាក់ប៉ុណ្ណឹង ព័ត៌មានលម្អិតអាចសួរទៅខាងតុលាការបានបាទ»

វីអូឌីមិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក សួស វិទ្យារ៉ាឌី បានទេ​ដោយទូរសព្ទចូលគ្មានអ្នកទទួល។

យ៉ាងណាក៏ដោយ សមាជិក​ក្រុម​ប្រឹក្សា​រាជធានី​ភ្នំពេញគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយអ្នកស្រី យក់ នាង ធ្លាប់ភៀសខ្លួនទៅប្រទេសថៃ កាលពីចុងឆ្នាំ២០១៩ បន្ទាប់ពីតុលាការចេញដីកាចាប់ខ្លួនលោកស្រី និងអ្នកផ្សេងទៀត​ក្រោម​បទ​ចោទ​ប្រកាន់​ពី​បទ «រួម​គំនិត​ក្បត់» ពាក់ព័ន្ធនឹងដំណើរ​វិលត្រឡប់របស់លោក សម រង្ស៊ី ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា (UN) លោក​ វិទិត​ ​មុនតាប៊ន​ (​Vitit​ ​Muntarbhorn​) ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី៤៩ នៅទីក្រុងសឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ថា លំហពលរដ្ឋ និងនយោបាយនៅកម្ពុជា កាន់តែរួមតូចទៅ និងកំពុងដើរថយក្រោយ ដោយសារតែការគ្រប់គ្រងតាមបែបឯកបក្ស។

បន្ថែមពីនេះ លោកថា ទិដ្ឋភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា នៅតែបង្កការព្រួយបារម្ភលើវិស័យជាច្រើនជាពិសេស ក្នុងពេលដែល​កាន់តែខិតជិតដល់ការបោះឆ្នោតឃុំ-សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅខែមិថុនាខាងមុខនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ