តុលាការ​​​ផ្តន្ទាទោស​ថ្នាក់​ដឹក​នាំ​និង​សកម្មជន​CNRP​ចំនួន​២១​នាក់​​ឱ្យ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី៥​ទៅ​១០​ឆ្នាំ

២១ មករា ២០១៩ / 21 January 2019 ប្រជុំ ​គណៈកម្មាធិការ​អចិន្ដ្រៃយ៍​ គណបក្ស​សង្គ្រោះ​ជាតិ​​ នៅទីក្រុងឡូវែល (Lowell) សហរដ្ឋអាមេរិក។ រូបភាព៖ ហ្វេសប៊ុក លោក សម រង្ស៊ី

សាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមផ្តន្ទាទោសថ្នាក់ដឹកនាំ និងសកម្មជនគណ​បក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយចំនួន ២១នាក់ឱ្យជាប់ពន្ធនាគារ ចន្លោះពី៥ឆ្នាំ ទៅដល់១០ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើស«ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ញុះញង់ឱ្យយោធិនមិនស្ដាប់បញ្ជា និង​រួមគំនិតក្បត់»។

ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ  លោក រស់ ពិសិដ្ឋ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានប្រកាសសាលក្រម ផ្តន្ទាទោសថ្នាក់ដឹកនាំគណ​បក្សសង្គ្រោះជាតិចំនួន៧នាក់ រួមមាន លោក សម រង្សី , លោកស្រី ជូឡុង សូមូរ៉ា, លោកស្រី មូរ សុខហួរ , លោក តុប វណ្ណចាន់, លោក នុត រំដួល, លោក ហូរ វ៉ាន់ , លោក អេង ឆៃអ៊ាង ក្នុងម្នាក់ៗ១០ឆ្នាំ ក្រោមបទចោទ  «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ញុះញង់ឱ្យយោធិនមិនស្ដាប់បញ្ជា និង​រួមគំនិតក្បត់»។ ពួកគេទាំងនេះ ក៏ត្រូវបានតុលាការចេញដីកាបង្គាប់ឱ្យឃុំខ្លួនផងដែរ ខណៈពួកគេកំពុងមានវត្តមាននៅក្រៅប្រទេសនៅឡើយ។

ចំណែក សកម្មជនចំនួន ១៤នាក់ផ្សេងទៀត រួមមាន លោក ថៃ សុគន្ធា ហៅតឹង , ឡុង សុភារី,  ឃឹម ភាណា, សុខ ចន្ថា, កែវ  ថៃ , ជុំ ចាន់ ,ស៊ុន ធន់, ហ៊ិន ឆាន, យឹម សារ៉េត , ពាប ម៉ាប់ ,ឃុត ច្រឹក និងឈុន ប៊ុនឆាត ត្រូវបា​នតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ក្រោមបទចោទ  «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង​រួមគំនិតក្បត់»។  ពួកគេត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ​៥ឆ្នាំ។

​ក្នុងចំណោមសកម្មជនទាំង១៤នាក់នោះ មាន១៣នាក់ ត្រូវអនុវត្តទោសចំនួន៣ឆ្នាំ ៨ខែ  ហើយទោសនៅសល់ត្រូវបានព្យួរ។ ចំណែកឈ្មោះ ហ៊ិន ឆាន ដែលផ្ទន្ទាទោសដាក់ពន្ធនាគារ៥ឆ្នាំផងដែរនោះ ត្រូវបានតុលាការសម្រេច​​​ព្យួរទោសទាំងអស់ ដោយសារ​គាត់មានជំងឹប្រចាំកាយ។

យ៉ាងណា បន្ទាប់ពីស្ដាប់ចៅក្រមប្រកាសសាលក្រមរួចនោះ សកម្មជនបក្សប្រឆាំងទាំង ១៣នាក់បានស្រែក ដោយលើកដៃឡើងនៅក្នុងបន្ទប់សវនាការថា ជារឿងអយុត្តិធម៌ ដោយថា ពួកគាត់មិនដែលមានទំនាក់ទំនងជាមួយលោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតឡើយ បែរជាត្រូវជាប់ពន្ធានាគារដល់ទៅ៣ឆ្នាំ ៨ខែ។ ដោយឡែកសកម្មជនខ្លះថា ពួកគេគ្រាន់តែ​និយាយទូរសព្ទជាមួយគ្រួសារ ពាក់ព័ន្ធនឹងរឿងកូវីដ-១៩ បែរជាមកភ្ជាប់ជាមួយនឹងរឿងនយោបាយទៅវិញ។

​ពួកគាត់ក៏លើកឡើងប្រហាក់ហែលគ្នាដែរថា ការកាត់ទោសឱ្យពួកគាត់ជាប់ពន្ធនាគារម្នាក់ៗ ៣ឆ្នាំ ៨ខែ ទាំងមិនបានធ្វើអ្វីខុសសោះនោះ ដោយសារ​ពួកគាត់មិនព្រមចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ហើយករណីនេះពួកគេថា ការសងសឹង​តែម្ដង។

ក្រោយពីប្រធានក្រុមប្រឹក្សាជុំនុំជម្រះ លោក រស់ ពិសិដ្ឋ ប្រកាសសាលក្រមភ្លាម កូនក្តីរបស់លោកមេធាវី  សំ សុគង់ បានផ្តិតមេដៃពឹងពាក់លោក ឱ្យជួយប្តឹងជំទាស់លើសាលក្រមនេះ  ទៅសាលាទ្ធរណ៍នៅសប្តាហ៍ក្រោយនេះ។

លោក សំ សុគង់ ដែលជាមេធាវីការពារក្តីមួយរូប បានចាត់ការទុកការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញជារឿងអយុត្តិធម៌ ដោយថាកូនក្តីរបស់គាត់សម្តែងមតិតាមបណ្តាញសង្គម ក្នុងនាមជាប្រជាពលរដ្ឋតែប៉ុណ្ណោះ៕


សេចក្ដីកែតម្រូវ៖ វីអូឌី សូមធ្វើការដកកថាខណ្ឌ «ក្នុងសំណុំ​​រឿង “ញុះញង់ ​និង​រួម​គំនិត​ក្បត់”​ ពាក់ព័ន្ធដំណើរវិលត្រលប់របស់លោក សម រង្ស៊ី ក្នុងព្រឹត្តិការណ៍ ៩ វិច្ឆិកានេះ មានជនជាប់ចោទសរុបជាង៤០នាក់ ហើយក្នុងចំណោមជនជាប់ចោទទាំងនោះ គឺមាន៣នាក់កំពុងជាប់ពន្ធនាគារ៕»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ