​សមាជិក​សហជីព​​ណាហ្គា​៣នាក់​ទៀត ត្រូវ​បាន​អាជ្ញាធរ​ដោះ​លែង​ឱ្យមាន​សេរីភាព​វិញ​នៅ​ល្ងា​ច​នេះ

ក្រុមកូដករណាហ្គាវើលដ៍ជិត២០នាក់ធ្វើសន្និសីទកាសែតនៅមុខទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទាមទារដោះលែងសហជីព ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។ (ហ៊ី ឆាយ)

ថ្នាក់ដឹកនាំសហជីព​​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (Naga World)​ បាន​ឱ្យដឹងថា​ សមាជិកសហជីពចំនួន៣នាក់ទៀត ត្រូវបានអាជ្ញាធរដោះលែងឱ្យមានសេរីភាព​វិញហើយ​ ​នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ។

ការដោះលែងនេះ ធ្វើឡើងបន្ទាប់ពីពួកគេ​បានស្នើទៅ​ក្រសួង​ការងារ ឱ្យជួយអន្តរាគមន៍ផ្លូវច្បាប់​ឱ្យ​ពួក​​គាត់​បាន​នៅក្រៅឃុំបណ្តោះអាសន្ន ដើម្បីបានចូលរួមដោះស្រាយបញ្ចប់វិវាទជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ ។

ប្រធាន​សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ បានប្រាប់វីអូឌីនៅម៉ោងជិត៦ល្ងាច​ថ្ងៃព្រហស្បតិ៍នេះថា អាជ្ញាធរនៅពន្ធនាគាររាជធានីភ្នំពេញឬប៉េហ្ស៊ី(PJ) បានដោះលែងសមាជិកគាត់ចំនួន​៣នាក់​ ឱ្យមានសេរីភាពវិញហើយ​នៅល្ងាចនេះ។

កញ្ញា​បញ្ជាក់​ថា នៅថ្ងៃស្អែក​នេះ ពួកគាត់​និង​ជួប​ពិភាក្សា​គ្នា​ជាមួយ​សមាជិក​សហជីព និង​ក្រុមកូដករ ដើម្បីត្រៀម​យក​ចំណុច​សំខាន់ៗ​មួយ​ចំនួន រួម​មាន ទាមទារឱ្យក្រុមហ៊ុនទទួលយកកម្មករចូល​ធ្វើការងារវិញ ទាមទារប្រាក់អត្ថប្រយោជន៍ស្របតាមច្បាប់ការងារ និងទាមទារទម្លាក់បទចោទ​លើសហជីព សមាជិកសហជីព និងកូដករផ្សេងៗទៀតជាដើម ។

នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព មានប្រសាសន៍ថា ការដោះលែងសហជីព៨នាក់ និងសមាជិកសហជីព៣នាក់ទៀតឱ្យនៅក្រៅឃុំបណ្តោះអាសន្ន ជាសញ្ញាវិជ្ជមានមួយ សម្រាប់ការរកដំណោះស្រាយបញ្ចប់វិវាទ រវាងក្រុមហ៊ុនណាហ្គាវើលដ៍ និងក្រុមកូដករ ។

ទោះជាបែបនេះក្តី លោកស្រី បញ្ជាក់ថា ដើម្បីឱ្យការចូលតុចរចាបញ្ចប់វិវាទនោះទទួលបានផលវិជ្ជមានខ្ពស់ និងមានតម្លាភាព  លុះត្រាតែមានការទម្លាក់ចោលបទចោទលើសហជីព សមាជិក និងកូដករមួយចំនួនទៀត ។

លោកស្រីមានប្រសាសន៍ថា៖ «ការដោះលែងពួកគាត់ឱ្យនៅក្រៅឃុំ ហើយនៅតែបន្តចោទប្រកាន់ វាជាការបន្តដាក់គំនាបមកលើពួកគាត់ អីចឹង​ទោះ​បី​ជាការ​ចរចា ទៅមុខ​យ៉ាង​ណាក៏​ដោយ ប៉ុន្តែបទចោទនេះមិនត្រូវបានទម្លាក់ទេ ពួកគាត់​និងមាន​ការ​ប្រឈម មិនមានសេរីភាពពេញលេញនៅក្នុងការអនុវត្តនូវសេរីភាពរបស់ពួកគាត់ជាប្រចាំនោះទេ»។

គួរបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ មានរយៈពេលជិត៣ខែហើយ ដែលក្រុមកូដករ​ណា​ហ្គា​វើលដ៍​បាន​ចេញធ្វើកូដកម្មស្ទើរជារៀងរាល់ថ្ងៃ ដើម្បីទាមទារឱ្យថៅកែក្រុមហ៊ុនដោះស្រាយវិវាទការងារ បន្ទាប់ពីក្រុមហ៊ុនបនល្បែងដ៏ធំមួយនេះ បានបញ្ឈប់បុគ្គលិកជាង ១ ៣០០នាក់ ដែលភាគច្រើន គឺជាថ្នាក់ដឹកនាំសហជីព ខណៈមកដល់ពេលបច្ចុប្បន្ននេះនៅតែមិនទាន់មានដំណោះស្រាយជាក់លាក់ណាមួយនៅឡើយ ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ