សមត្ថកិច្ចខេត្តកំពង់ឆ្នាំងបញ្ជូនតំណាងសហគមន៍៣នាក់ទៅតុលាការពាក់ព័ន្ធការផ្សាយរឿងជម្លោះដីធ្លី

អ្នកស្រី អ៊ុ សុភី ឈរនៅមុខសាលាឧទ្ធារណ៍-មហាអយ្យការ(រូបភាពផ្ដល់ឱ្យ)

សមត្ថកិច្ច​ បានបញ្ជូនតំណាងសហគមន៍ និងអ្នកមានជម្លោះដីធ្លីចំនួន ៣នាក់ ​ទៅតុលាការខេត្តកំពង់ឆ្នាំង នៅព្រឹក​ថ្ងៃ​ចន្ទ​នេះ ពាក់ព័ន្ធការថតសកម្មភាពពលរដ្ឋឈ្លោះគ្នារឿងដីធ្លី​ផ្សាយផ្ទាល់​តាម​បណ្តាញ​សង្គម​ ដោយ​មិនបាន​សុំការអនុញ្ញាត​ពី​អាជ្ញាធរមូលដ្ឋាន។

ប្រធានការិយាល័យផ្នែកព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង លោក ប៉ិច សុធឿ មាន​ប្រសាសន៍​ថា សមត្ថកិច្ចបានបញ្ជូនជ​នសង្ស័យចំនួន ៣នាក់ រួមមាន អ្នកស្រី អ៊ុំ សុភី តំណាង​សហគមន៍ដីធ្លី​ឡ​ពាង និង​ស្វាមី​របស់អ្នកស្រី គឺ​លោក ស្ងួន ញឿន រួមទាំងអ្នកស្រី ទួន សេង ទៅតុលាការខេត្តនៅ​ថ្ងៃ​ចន្ទ​នេះ ដើម្បី​ចាត់​វិធាន​ការ​ច្បាប់​បន្ត ខណៈ​ចៅស្រីរបស់​អ្នកស្រី ទួន សេង ដែលមានអាយុជាង ១ខួប​នោះ ត្រូវបាន​អនុញ្ញាត​ឱ្យត្រឡប់ទៅផ្ទះវិញ។

លោក ប្រាក់ សុភុំ រស់នៅភូមិតាមុលលើ ឃុំកោះថ្កូវ ស្រុកជល់គិរី ខេត្តកំពង់ឆ្នាំង ដែលបានឃើញហេតុ​ការណ៍​នេះ បាន​អះអាងថា សមត្ថកិច្ច​បានចាប់ខ្លួន និង​​​ចោទប្រកាន់ពលរដ្ឋ​​ទាំង​៣នាក់នោះថា ​​ថតសកម្ម​ភាព​ពលរដ្ឋ​ឈ្លោះគ្នា​រឿងដីធ្លី​ផ្សាយផ្ទាល់​នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយមិ​ន​​សុំ​កា​រ​អនុ​ញ្ញាត​​​ពីអាជ្ញាធរ​មូលដ្ឋាន។ លោកចាត់ទុក​ការចាប់ខ្លួន និងចោទប្រកាន់នេះថា ជារឿងអយុត្តិធម៌។

លោក សុភុំ ស្នើទៅតុលាការ​ទម្លាក់ចោល​ការចោទប្រកាន់ពីសំណាក់អាជ្ញាធរ​ និងដោះលែងអ្នកទាំង៣ ឱ្យ​​មានសេរីភាពវិញ ដោយ​លោកអះអាងថា ពួកគាត់មិនបានប្រព្រឹត្ត​ខុស។

លោកមានប្រសាសន៍ថា៖ «ការផ្សព្វផ្សាយនេះមិនបានបំពានអ្វី ការពិតទេ ដោយមនុស្សមានសិទ្ធិផ្សាយដូចគ្នា ច្បាប់​ចែង​មក បើយើងផ្សាយទៅបំពានអ្នកដទៃ បំភ្លៃការពិត បានយើងខុស តែនេះមានខុសស្អី អត់ផង អីចឹង​រឿង​​ហ្នឹង​វាអយុត្តិធម៌​ណាស់​ចំពោះពួ​ក​គាត់។ សុំឱ្យតុលាការទម្លាក់ការចោទប្រកាន់ពួកគាត់ទៅ ព្រោះរឿងនេះវាអត់​មានកំហុសលើពួកគាត់ទេ»។

បើតាម លោក ប្រាក់ សុភុំ ទីតាំងដី​នៅទួលវែង ក្នុងស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង ដែលអ្នកស្រី អ៊ុំ សុភី បានថតផ្សាយផ្ទាល់នៅបណ្តាញសង្គមនោះ មានទំហំ​ជាង២ហិកតា និងប៉ះពាល់ដល់ពលរដ្ឋ ៥គ្រួសារ។ លោកថា ជម្លោះ​ដីធ្លីនោះកើតឡើង​តាំងពីឆ្នាំ២០១៧មកម្លេះ ដោយភាគីជម្លោះបានប្ដឹងផ្ដល់គ្នាទៅតុលាការ ហើយមកដល់ពេលនេះ តុលាការនៅ​មិនទាន់សម្រេចយ៉ាងណានៅឡើយ។

ទោះ​ជាយ៉ាងណា អធិការនគរបាលស្រុកជល់គិរី លោក ហ៊ឹម យុង មានប្រសាសន៍កាលពីថ្ងៃ​ម្សិលមិញថា ​ការ​ចាប់​ខ្លួន​ប្រជាពលរដ្ឋទាំង៣នាក់នោះ​ មិនមែន​ដោយសាររឿងថតសកម្មភាពពលរដ្ឋឈ្លោះគ្នារឿងដីធ្លី ហើយ​​ផ្សាយ​នៅ​លើបណ្តាញ​សង្គ​ម​នោះ​ទេ ប៉ុន្តែការចាប់ខ្លួនេះ ធ្វើ​ឡើង​ដោយសារ​តែពួកគេមាន​ជាប់​​ពាក់​ព័ន្ធ​​នឹង​រឿង​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ​។

មន្ត្រីសម្របសម្រួលអង្គការអាដហុក​ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក សំ ចាន់គា ចាត់ទុកការចាប់ខ្លួនតំណាងសហគមន៍ឡពាង និងអ្នកមានជម្លោះដីធ្លីនោះ ថាជាការរំលោភលើសិទ្ធិសេរីភាពប្រជាពលរដ្ឋ ហើយផ្ទុយនឹង​​រដ្ឋ​ធម្មនុញ្ញ។

លោកបាន​ជំរុញទៅរដ្ឋាភិបាលចាត់​មន្ត្រី​ជំនាញ​ធ្វើ​ការ​ស្រាវ​ជ្រាវ​រឿង​នេះឡើងវិញ និងទម្លាក់ចោល​ការប្រកាន់​ទៅ​​លើពួកគេ​ បើពុំដូច្នោះទេ នឹងរងការរិះគន់ពីមជ្ឈដ្ឋានជាតិ និង​អន្តរជាតិ។

លោកមានប្រសាសន៍ថា៖ «នៅពេលប្រទេសមួយមានច្បាប់ ហើយសមត្ថកិច្ចបំពានច្បាប់ ហើយប្រមុខរដ្ឋាភិបាល មិនព្រមចាត់ការដាក់ទណ្ឌកម្ម ឬធ្វើការកែលម្អចំណុចហ្នឹងទេ ប្រទេសកម្ពុជានិងអាប់ឱនកិត្តិយសខ្លាំងទៅៗ ហើយសម្ពាធពីអន្តរជាតិ និងការប្រមាថពីសហគមន៍អន្តរជាតិមកលើកម្ពុជានិងថ្នាក់ដឹកនាំកម្ពុជាច្រើនទៅៗ។ អីចឹង​កិត្តិយសកម្ពុជាលើឆាកអន្តរជាតិក៏អាប់ឱនដែរ»។

មាត្រា៤១នៃរដ្ឋធម្មនុញ្ញ ចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារ​ព័ត៌មាន សេរីភាពខាងបោះពុម្ពផ្សាយ និងសេរីភាពខាងជួបជុំជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ