តំណាង​សហគមន៍​ដីធ្លី​៣​នាក់​និង​ចៅ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ស្រុក​ជល់​គិរី​​ឃាត់​ខ្លួន​ពាក់ព័ន្ធ​ការ​ផ្សាយ​ពី​ជម្លោះ​ដីធ្លី

អ្នកស្រី អ៊ុំ សុភី ក្នុងសកម្មភាពប្រជុំពិភាក្សាមួយកាលពីពេលកន្លងទៅ។ (ហ្វេសប៊ុកអ្នកស្រី អ៊ុំ សុភី)

យ៉ាងហោចណាស់តំណាងសហគមន៍ និងអ្នកមានជម្លោះដីធ្លីចំនួន ៣នាក់ ព្រមទាំងចៅរបស់ពួកគេមានអាយុជាង ១ខួបម្នាក់ដែលដោយទៅជាមួយផងនោះ ត្រូវបានសមត្ថកិច្ចស្រុកជល់គិរី  ខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនសួរនាំពាក់ព័ន្ធថតសកម្មភាពពលរដ្ឋឈ្លោះគ្នារឿងដីធ្លីផ្សាយផ្ទាល់ តាមបណ្តាញសង្គមដោយមិនបានសុំការអនុញាតពីអាជ្ញាធរមូលដ្ឋាន។

តំណាងសហគមន៍​ ដែលសមត្ថកិច្ចឃាត់ខ្លួននៅភូមិតាមុលលើ ឃុំកោះថ្កូវ ស្រុកជល់គិរី ខេត្តកំពង់ឆ្នាំង នោះរួមមាន  អ្នកស្រី អ៊ុំ សុភី តំណាងសហគមន៍ឡពាង និងស្វាមីរបស់អ្នកស្រីគឺលោក ស្ងួន ញឿន, អ្នកស្រី ទួន សេង និងចៅរបស់អ្នកស្រី ដែលមានអាយុជាង១ខួបម្នាក់ដែលជាប់ដោយជាប់ទៅជាមួយផងដែរ។ 

អ្នកមានជម្លោះដីធ្លី លោក ប្រាក់ សុភុំ រស់នៅភូមិតាមុលលើ ឃុំកោះថ្កូវ ស្រុកជល់គិរី ខេត្តកំពង់ឆ្នាំង ប្រាប់វីអូឌីនៅថ្ងៃអាទិត្យនេះថា គាត់ឃើញសមត្ថកិច្ចចាប់ខ្លួនអ្នកស្រី អ៊ុំ សុភី និងស្វាមី រួមទាំងអ្នកស្រី ទួន សេង កាលពីម៉ោង៣រសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ រួចបញ្ជូនទៅអធិការដ្ឋានស្រុកជល់គិរី។ ប្រភពដដែលបន្តថា ការចាប់ខ្លួននេះ ដោយសារអ្នកស្រី អ៊ុំ សុភី ថតសកម្មភាពពលរដ្ឋឈ្លោះគ្នារឿងដីធ្លីមួយកន្លែង នៅទួលវែង ក្នុងស្រុកជល់គីរី  ផ្សាយផ្ទាល់ ឬឡាយនៅលើបណ្តាញសង្គមហ្វេសប៊ុក ។

លោក សុភុំ ស្នើទៅរដ្ឋាភិបាលជួយអន្តរាគមន៍ទៅអាជ្ញាធរថ្នាក់ក្រោម ដោះលែងតំណាងពួកគាត់ឱ្យមានសេរីភាពវិញ ដោយលោកហៅការចាប់ខ្លួននោះថា ជារឿងអយុត្តិធម៌​ ។

លោកអំពាវនាវថា៖ «ខ្ញុំសូមឱ្យសម្តេចពុក សម្តេចម៉ែ ជួយដល់ប្រជាពលរដ្ឋក្រីក្រ ដោះស្រាយដីធ្លី និងដោះលែងពួកគាត់រួចពីកន្លែងឃុំខ្លួននៅអធិការស្រុកជល់គិរីផង ដើម្បីឱ្យពួកគាត់បានមករកស៊ីចិញ្ចឹមកូនចៅ ព្រោះកូនៗ និងចៅៗពួកគាត់នៅតូចៗណាស់»។

អធិការនគរបាលស្រុកជល់គិរីលោក ហ៊ឹម យុង មានប្រសាសន៍ថា កាលពីម្សិលមិញ សមត្ថកិច្ចពិតជាមានការចាប់ខ្លួនប្រជាពលរដ្ឋទាំងនោះមែន ប៉ុន្តែមិនមែនចាប់ដោយសាររឿងថតសកម្មភាពពលរដ្ឋឈ្លោះគ្នាផ្សាយនៅលើបណ្តាញសង្គមនោះទេ ​គឺពាក់ព័ន្ធរឿងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃទៅវិញ។

មន្ត្រីសម្របសម្រួលអង្គការអាដហុកប្រចាំខេត្តកំពង់ឆ្នាំង លោក សំ ចាន់គា ចាត់ទុកការចាប់ខ្លួនតំណាងសហគមន៍ឡពាង និងអ្នកមានជម្លោះដីធ្លី រួមទាំងក្មេង សរុប៤នាក់នោះ ជាការរំលោភលើសិទ្ធិសេរីភាពប្រជាពលរដ្ឋ ហើយផ្ទុយនិងច្បាប់រដ្ឋធម្មនុញ្ញ ។

ម្យ៉ាងទៀត លោក ចាន់គា អះអាងថា កន្លងមកប្រមុខរដ្ឋាភិបាល និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ធ្លាប់ប្រាប់ប្រជាពលរដ្ឋឱ្យផ្តល់ព័ត៌មានពាក់ព័ន្ធរឿងអយុត្តិធម៌ក្នុងសង្គមជូនថ្នាក់ដឹកនាំ ដើម្បី​ចាត់វិធានការលើជនខិលខូចនោះ​។

ករណីនេះ លោក ចាន់គា ជំរុញទៅរដ្ឋាភិបាលចាត់មន្ត្រីជំនាញធ្វើការស្រាវជ្រាវរឿងនេះឡើងវិញ និងទម្លាក់ការ ប្រកាន់មកលើពលរដ្ឋពួកគេ។ បើពុំដូច្នោះទេ នឹងរងការរិះគន់ពីមជ្ឈដ្ឋានជាតិ និង​អន្តរជាតិ ហើយធ្វើឱ្យប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាលនៅលើឆាកអន្តរជាតិ។

លោកមានប្រសាសន៍ថា៖ «នៅពេលប្រទេសមួយមានច្បាប់ ហើយសមត្ថកិច្ចបំពានច្បាប់ ហើយប្រមុខរដ្ឋាភិបាល មិនព្រមចាត់ការដាក់ទណ្ឌកម្ម ឬធ្វើការកែលម្អចំណុចហ្នឹងទេ ប្រទេសកម្ពុជានិងអាប់ឱនកិត្តិយសខ្លាំងទៅៗ ហើយសម្ពាធពីអន្តរជាតិ និងការប្រមាថពីសហគមន៍អន្តរជាតិមកលើកម្ពុជានិងថ្នាក់ដឹកនាំកម្ពុជាច្រើនទៅៗ។ អញ្ចឹងកិត្តិយសកម្ពុជាលើឆាកអន្តរជាតិក៏អាប់ឱនដែរ»។

ស្វាមីរបស់អ្នកស្រី ទួន សេង គឺ លោក អឿ សារិទ្ធ បានលើកឡើងកាលពីល្ងាចម្សិលមិញថា គ្រួសារមិនទាន់អាចទាក់ទង​ប្រពន្ធខ្លួនបាននៅឡើយ ហើយលោកបារម្ភពីចៅអាយុជាង ១ខួប ដែលជាប់ទៅជាមួយភរិយា។ លោកចាត់ទុកការឃាត់ខ្លួនភរិយា និងតំណាងសហគមន៍ឡពាងផ្សេងទៀតគឺ ជារឿងអយុត្តិធម៌។

លោក ប្រាក់ សុភុំ  អះអាងកាលពីម្សិលមិញដែរថា ទីតាំងដីដែលអ្នកស្រី អ៊ុំ សុភី បានថតផ្សាយផ្ទាល់នៅបណ្តាញសង្គមនោះ គឺមានជម្លោះតាំងពីឆ្នាំ២០១៧មកម្លេះ ដោយភាគីជម្លោះបានប្ដឹងផ្ដល់គ្នាទៅតុលាការ ហើយមកដល់ពេលនេះតុលាការមិនទាន់សម្រេចយ៉ាងណានៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ