ព្រះសង្ឃ​ខ្មែរ​មួយ​អង្គ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ដោះ​លែង​​ និង​កំពុង​ស្នាក់​នៅ​កន្លែង​មាន​សុវត្ថិភាពហើយ​

អតីតសកម្មជនព្រះសង្ឃព្រៃឡង់មួយអង្គ ព្រះនាម បូរ បេត ត្រូវបានអាជ្ញាធរថៃចាប់ព្រះកាយផ្សឹក​ កាលពីយប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីព្រះអង្គភៀសព្រះកាយពីប្រទេសកម្ពុជា ទៅកាន់ប្រទេសថៃកាលពីឆ្នាំមុន។ (ធ្វីតទ័រ៖ Phil Robertson/ HRW)

​ព្រះសង្ឃ​ខ្មែរ​មួយ​អង្គ ដែល​ត្រូវ​បាន​អាជ្ញាធរថៃ​ចាប់​ផ្សឹក​កាល​ពី​យប់​ថ្ងៃទី១ ខែធ្នូ ត្រូវ​បានអាជ្ញាធរ​ថៃ​ដោះលែង​ឱ្យ​នៅ​ក្រៅឃុំ​ជា​បណ្ដោះអាសន្ន​វិញ​ហើយ ហើយ​បច្ចុប្បន្ន​កំពុង​ស្នាក់​នៅ​ទីកន្លែង​មួយ​ដែល​មាន​សុវត្ថិភាព​និង​ត្រៀម​ចេញ​ទៅកាន់​ប្រទេស​ទីបី។

ការ​ដោះលែង​នេះ បានធ្វើឡើង​ក្រោយពី​មាន​កិច្ចអន្តរាគមន៍​ពី​មន្ត្រី​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀសខ្លួន​ប្រចាំ​នៅ​ប្រទេស​ថៃ។

ព្រះតេជគុណ បូរ បេត មាន​សង្ឈដីកា​ប្រាប់​វីអូឌី​នៅ​ថ្ងៃសុក្រ​នេះ​ថា ព្រះអង្គ​ត្រូវ​បាន​អាជ្ញាធរ​ថៃដោះលែង​ឱ្យនៅ​ក្រៅឃុំ​បណ្ដោះអាសន្ន​នារសៀល​នៅ​ថ្ងៃ​នេះ  ក្រោយ​ពី​មាន​កិច្ចអន្តរាគមន៍ ​និង​ធានា ដោយ​មន្ត្រី​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀស​ខ្លួន​ប្រចាំ​នៅប្រទេស​ថៃ (UNHCR) ហើយ​នឹង​អតីត​មន្ត្រី​គណបក្ស​ប្រឆាំង។ ព្រះតេជគុណ មាន​សង្ឈ​ដីកាបន្ត​ថា បច្ចុប្បន្ន​អង្គការ​សិទ្ធិមនុស្ស រួមទាំង​អ្នកពាក់ព័ន្ធ បាន​នឹង​កំពុង​ព្យាយាម យក​ព្រះអង្គដាក់​ទៅ​ក្នុង​ប្រទេស​ទីបី។

ព្រះតេជគុណ បូរ បេត  មាន​សង្ឈដីកា​ដូច្នេះ​ថា៖ «មេធាវី​ប្រាប់​អាត្មា​ថា គេ​កំពុង​ខិតខំ​ជួយ​យើង ហើយ​យើង​អាច​នឹង​ឈាន​ជើង​ទៅ​ប្រទេស​ទី៣ ប៉ុន្តែមិន​ដឹង​ថ្ងៃណាទេ តែគេ​ខិត​ខំប្រឹង​ប្រែង​ជួយ​យើង»

យ៉ាងណាក្តី ព្រះតេជគុណ បូរ បេត មាន​សង្ឈដីកា​ថា បច្ចុប្បន្ន​មេធាវី​ការពារក្ដី​ឱ្យ​ព្រះតេជគុណបាន​ស្នើឱ្យផ្អាក​សកម្មភាព​រិះគន់​រដ្ឋាភិបាល​កម្ពុជា លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាបណ្ដោះ​អាសន្ន​សិន។

កាលពី​ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១  ព្រះតេជគុណ បូរ បេត ត្រូវបាន​​អាជ្ញាធរថៃ​ចាប់ផ្សឹក​នៅក្នុង​ខេត្តសាមុតប្រាកាន ក្រោយមក​ត្រូវបាន​ប៉ូលិសថៃ​បញ្ជូន​ទៅឃុំខ្លួន​នៅ​ការិយាល័យ​អន្តោប្រវេសន៍ថៃ។ ប៉ុន្តែនៅថ្ងៃនេះ ព្រះតេជគុណ បូរ បេត ត្រូវបាន​សមត្ថកិច្ចថៃ​ដោះលែង​វិញ។

អ្នកនាំពាក្យ​រង​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ជា​ផ្នែក​មួយ​នៃ​រដ្ឋាភិបាល​ចម្រុះដែល​កំពុង​កាន់អំណាច​ក្នុង​ប្រទេស​ថៃ លោក Siripa Intavichein ប្រាប់​វីអូឌី​ថា ព្រះសង្ឈ បូរ បេត  ត្រូវ​បានដោះលែង​ឱ្យនៅ​ក្រៅឃុំ​វិញ ហើយ​ត្រូវបាន​ផ្ទេរទៅកាន់​ទីកន្លែង​ដែល​មាន​សុវត្ថិភាព។

​លោក Siripa Intavichein ថ្លែងថា៖ «​គាត់​មាន​ស្ថានភាព​ល្អ ហើយ​ប៉ូលិស​ថៃ​បាន​មើល​ថែ​គាត់​យ៉ាង​ល្អ​​។ ខ្ញុំមិន​អាច​ប្រាប់អ្នក​ថា គាត់​នៅ​ឯណា​ទេ»

ចំពោះការ​ធ្វើ​បត្យាប័ន​នាពេល​ថ្មីៗ​នេះ​វិញ លោក Intavichein បាន​បកស្រាយ​ថា មួយ​ចំនួន​ក្នុងករណី​ទាំង​នោះ គឺ​ដោយ​សារ​តែការ​ផ្ដល់​ព័ត៌មាន​មិន​ច្បាស់​លាស់ ដែល​មន្ត្រី​អន្តោប្រវេសន៍​ថៃភ្ជាប់​អ្នក​សុំសិទ្ធិ​ជ្រកកោន​ជា​ជនភៀស​ខ្លួន​ជាមួយ​ពលករខ្មែរ​ដែល​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ ដោយ​ខុស​ច្បាប់។

លើស​ពី​នេះ ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ជាតិ​និង​អន្តរជាតិ​បាន​រិះគន់ ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ថៃ​ក្នុង​ការ​ធ្វើបត្យាប័ន​ពលរដ្ឋ​កម្ពុជា​ដែល​មាន​ឋានៈ​ជាជន​ភៀស​ខ្លួន ដោយ​ថា រដ្ឋាភិបាល​ថៃ​គួរតែ​គោរព​តាម​គោលការណ៍​អន្តរជាតិ​ដែល​មិន​ត្រូវបញ្ជូន​ជនភៀស​ខ្លួន និង​អ្នកស្វែង​រក​សិទ្ធិ​ជ្រក​កោន​​ទៅ​ប្រទេស​កំណើត​វិញ​ឡើយ ប្រសិន​បើពួកគេ​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​នៃ​ការធ្វើ​ទុក្ខបុក​ម្នេញ​នោះ។

វីអូឌី​មិន​អាច​សុំការ​អត្ថាធិប្បាយ​ពី​មន្ត្រី​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន​ប្រចាំ​នៅ​ប្រទេស​ថៃ (UNHCR) បានទេ នៅ​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រនេះ  ពាក់ព័ន្ធនឹង​ការធ្វើបត្យាប័ន​បញ្ជូន​ជនភៀស​ខ្លួន​អតីត​គណបក្ស​សង្គ្រោះជាតិ​ទាំង ៣ នាក់ កាល​ពី​ចុងខែវិច្ឆិកា។

អ្នកការពារ​សិទ្ធិ​មនុស្ស​ថៃ និង​ជា​នាយក​មូលនិធិ Cross Cultural Foundation អ្នកស្រី Pornpen Khongkachonkiet សាទរ​ដែល​រដ្ឋាភិបាលថៃ​ធ្វើ​អន្តរាគមន៍​ក្នុង​ករណី​នេះ។ លោកស្រី​ចាត់ទុកការ​ធ្វើអន្តរាគមន៍​នេះ ថាវា​នឹង​ក្លាយជា​គំរូ​ល្អមួយ​សម្រាប់ថៃ ​ដែលមាន​ឆន្ទៈ​ក្នុងការការពារ​ជនភៀសខ្លួន និង​អ្នក​ស្វែងរក​សិទ្ធិ​ជ្រកកោន។

នាយករង​ទទួល​បន្ទុកផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត  សាទរចំពោះ​ការយក​ចិត្តទុកដាក់​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀស​ខ្លួន​ដែល​បានជួយ​អន្តរាគមន៍​បាន​ភ្លាមៗ។

លោកថា៖ «ថៃជាភាគី​មួយ​ដែល​មាន​អនុស្សារណៈ [MOU] ជាមួយ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុកជន​ភៀស​ខ្លួន​ប្រចាំនៅ​ប្រទេសថៃ (UNHCR)។ អ៊ីចឹង​ត្រូវ​គោរព អនុសញ្ញា​នៃ​ជនភៀន​ខ្លួន មិន​អាច​ត្រូវ​ចាប់​បញ្ជូន​មក​កម្ពុជា​ឬ​ទៅ​ប្រទេសណា​បាន​ទេ ពីព្រោះអាហ្នឹង​វាស្ថិត​នៅក្រោម​ការគ្រប់គ្រង​របស់ UNHCR ទៅហើយ។ យើង​ក៏រីករាយ​ការ​ដែល​អាជ្ញាធរថៃ​បាន​ដោះលែង​ទៅតាម​ការ​អន្តរាគមន៍​របស់ UNHCR ហើយ UNHCR រកប្រទេសទី៣ សម្រាប់ការ​ស្នាក់​នៅ​របស់​ព្រះតេជគុណ បូរ បេត»

ព្រះតេជគុណ បូរ បេត ដែល​តែងតែរិះគន់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឥតសំចៃមាត់ បានចាកចេញ​ពី​ប្រទេស​កម្ពុជា​អំឡុង​ឆ្នាំ២០២០ ដោយបារម្ភខ្លាច​មានការ​ចាប់ខ្លួន​ពី​សំណាក់​អាជ្ញាធរ​កម្ពុជា។

ព្រះអង្គ​និង​ព្រះសង្ឃ​មួយអង្គទៀត​ព្រះនាម ស៊ឹម សុវណ្ណឌី បាន​សម្ងំ​នៅវត្ត​ដាច់​ស្រយាល​មួយ ស្ថិត​នៅក្នុង​ខេត្តឧត្ដរមានជ័យ ក្រោយ​មក ព្រះចៅអធិការវត្ត​បាន​ប្រាប់ព្រះអង្គ​ថា អាជ្ញាធរ​នឹងចាប់​ខ្លួន​ពួក​គេ។ ក្រោយពី​ទទួល​បាន​ព័ត៌មាន​បែបនេះ ព្រះអង្គ​និង​ព្រះសង្ឃ​មួយ​អង្គទៀត​បានឆ្លង​ដែន​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ។

រហូត​មកទល់​ពេល​នេះ មានការ​ចាប់ខ្លួន​ពលរដ្ឋខ្មែរ​ដែល​រិះគន់​រដ្ឋាភិបាល​កម្ពុជា​នៅក្នុង​ប្រទេស​ថៃ​ចំនួន​៣​លើក​រួច​មក​ហើយ ដែលមាន​មនុស្ស​ចំនួន​៤នាក់ ដោយ​មនុស្ស​៣​នាក់​មុន ជា​អតីត​មន្ត្រី​និង​សកម្មជន​បក្សប្រឆាំង ត្រូវបាន​បញ្ជូន​មកឃុំខ្លួន​នៅពន្ធនាគារ​ក្នុង​ប្រទេស​កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ