អង្គការ​និង​សម្ព័ន្ធ​សហជីព​ថា​ការ​ប៉ុនប៉ង​រំលាយ​រចនា​សម្ព័ន្ធ​សហជីព​ពី​សំណាក់​ក្រុមហ៊ុន ណាហ្គាវើលដ៍ ជារឿង​ខុសច្បាប់

តំណាងសហជីពណាហ្គាវើលដ៍ បានយកញត្តិជាមួយស្នាម​មេដៃអ្នកគាំទ្រ​ជាង២ ០០០នាក់​ (២ ០៤៩នាក់​) ទៅដាក់នៅក្រសួងការងារ ដើម្បីប្តឹងទាមទារឱ្យក្រុមហ៊ុនកាស៊ីណូមួយនេះបញ្ឈប់ការកាត់បុគ្គលិកជាង១ ០០០នាក់ ព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១។ (ត្រាន់ តិចសេង)

អង្គការ សមាគម និងសម្ព័ន្ធសហជីពជាង២០ បង្ហាញការសោកស្ដាយចំពោះក្រុមហ៊ុន ណាហ្គាវើលដ៍ ដែលមានចេតនាក្នុងការប៉ុនប៉ងរំលាយរចនាសម្ព័ន្ធថ្នាក់ដឹកនាំសហជីព និង​កាត់បន្ថយបុគ្គលិកជាប្រព័ន្ធជាង១ ៣០០នាក់ ដោយ​ពួកគេបានចាត់ទុកការប៉ុនប៉ងបែប​នេះថា​ជា​ការរំលោភច្បាប់ជាតិនិងអន្តរជាតិទាំងស្រុង ពិសេសអំឡុងពេលកម្ពុជាកំពុងជួបវិបត្តិកូវីដ-១៩។

អង្គការ សមាគម និងសហជីពទាំងនោះមានដូចជា សម្ព័ន្ធសហជីពកម្ពុជា, សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា, សម្ព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា, សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ, សម្ព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា, សម្ព័ន្ធខ្មែរជំរឿន​និងការពារសិទ្ធិមនុស្ស លីកាដូ, មជ្ឈមមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ ​និងសិទ្ធិមនុស្ស (សង់ត្រាល់), សមាគមការពារសិទិ្ធមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក), អង្គការសមាគមធាងត្នោត និងអង្គការសហជីពផ្សេងៗទៀត។

ក្នុងសេចក្ដីថ្លែងការណ៍រួមចុះ​ថ្ងៃទី​១ ខែធ្នូ របស់អង្គការ សមាគម និងសហជីពជាង២០នោះ បានឱ្យដឹងថា កាលពីថ្ងៃទី៨ ​ខែមេសា ឆ្នាំ២០២១ តំណាងក្រុមហ៊ុន ណាហ្គាវើលដ៍ ប្រកាសគម្រោងកាត់បន្ថយបុគ្គលិកជាថ្នាក់ដឹកនាំសហជីព និងកម្មករនិយោជិតចំនួនសរុប១ ៣២៩នាក់ ក្នុងចំណោមបុគ្គលិកសរុបជាង៨ ០០០នាក់ ក្រោមហេតុផលកម្ពុជាកំពុងជួបវិបត្តិកូវីដ-១៩។ ប៉ុន្តែការបញ្ឈប់នេះត្រូវបានសហជីពនិងកម្មករមួយចំនួនជំទាស់ ពីព្រោះក្រុមហ៊ុនមិនបានប្រឈមនឹងការខាតបង់លើមុខជំនួញរបស់ខ្លួនឡើយ។

ពួកគេ​ថា ជាក់​ស្ដែង​កាល​ពីឆ្នាំ២០២០ ក្រុមហ៊ុនទទួលបានប្រាក់ចំណេញសុទ្ធ១០២លានដុល្លារ​ ហើយ​បើគិត​ត្រឹម​រយៈ​​ពេល​​២ខែ​​​ដើម​ឆ្នាំ២០២១ ក្រុមហ៊ុន​ក៏ទទួលបានប្រាក់ចំណេញសុទ្ធជាង១២៧លានដុល្លារផងដែរ។ ចំណែកបុគ្គលិកវិញ ត្រូវកាត់បន្ថយម៉ោងការងារដល់ទៅ៦០% ដើម្បីកាត់​បន្ថយការចំណាយរបស់ក្រុមហ៊ុន និងទទួលបានប្រាក់ឈ្នួលទៅតាមចំនួនថ្ងៃជាក់ស្ដែងដែលបានចូលធ្វើការ។

ករណីនេះ អង្គការ សមាគម និងសហជីពទាំងនោះ បានបង្ហាញការសោកស្ដាយចំពោះក្រុមហ៊ុនល្បែងមួយនេះយ៉ាង​ខ្លាំង ជុំវិ​ញ​ចេតនា​និ​ងការប៉ុនប៉ងរំលាយរចនាសម្ព័ន្ធថ្នាក់ដឹកនាំសហជីព ព្រមទាំងគម្រោងកាត់បន្ថយបុគ្គលិកជាប្រព័ន្ធ​ ដោយ​រំលោភ​ច្បាប់ នៅអំឡុងពេលកម្ពុជាកំពុងជួបវិបត្តិកូវីដ-១៩​។

សេចក្ដីថ្លែងការណ៍​ដដែល​បញ្ជាក់​ថា កម្មករ៩៥៦​នាក់ ក្នុងចំណោម១ ៣២៩នាក់ ដែលទ​ទួល​បាន​ការ​ជូន​​ដំណឹង​ពីក្រុមហ៊ុន​ ណាហ្គាវើលដ៍ ​បញ្ឈប់ពីការងារនោះ ពួកគេត្រូវបង្ខំចិត្តឈប់ពីការងារដោយមិនហ៊ានបន្តការ​តវ៉ាជាមួយក្រុមហ៊ុន​នោះទេ បើទោះបីជា​ដឹង​ថា ក្រុមហ៊ុនផ្ដល់ប្រាក់បញ្ចប់កិច្ចសន្យាការងារ​មិន​ត្រឹមត្រូវតាមច្បាប់ការងារ និងរងនូវភាពអយុត្តិធម៌ក៏ដោយ។

ចំណែកកម្មករ៣៧៣នាក់ ក្នុងចំណោម១ ៣២៩នាក់ ដែលទទួលបានការជូនដំណឹងពីក្រុមហ៊ុន ណាហ្គាវើលដ៍ បញ្ឈប់​ពីការងារដែរ​នោះ បានជំទាស់មិនព្រមទទួលយកប្រាក់ជាថ្នូរបញ្ចប់កិច្ចសន្យាការងារ ដោយទាមទារឱ្យក្រុមហ៊ុនអនុវត្តតាមច្បាប់ស្ដីពីការងារ និងទទួលយកពួកគាត់ឱ្យចូលធ្វើការនៅកន្លែងដើមវិញ​។

ប្រភពដដែលនិយាយទៀត​ថា បន្ទាប់​ពីការចរចា​គ្មានដំណោះស្រាយជាច្រើនលើករវាងកម្មករនិយោជិតនិងក្រុមហ៊ុន គឺកម្មករបានប្ដឹង​ទៅ​ក្រសួង​ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីខែមិថុនា ហើយបានបន្តនីតិវិធីទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាលនៅដើមខែកក្កដា ឆ្នាំ២០២១។

ក្រុមប្រឹក្សាអាជ្ញាកណ្ដាល បានចេញសេចក្ដីបង្គាប់កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំនេះ ដោយឯកភាពតាមក្រុមហ៊ុនដែលបញ្ឈប់កម្មករ​ ប៉ុន្តែមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ និងយោងតាមច្បាប់ស្ដីពីការងារដែលចែងពីតួនាទីក្រុមប្រឹក្សាអាជ្ញាកណ្ដាល ត្រូវកាត់សេចក្ដីរាល់វិវាទដែលបានបញ្ជូនដោយរដ្ឋមន្ត្រីក្រសួងការងារនោះទេ បែរជារុញការងារនេះត្រលប់ទៅក្រសួងការងារវិញ។

សេចក្ដីថ្លែងការណ៍ដដែលបានអំពាវនាវទៅរដ្ឋាភិបាលពិនិត្យនិងជួយអន្តរាគមន៍ផ្ដល់ដំណោះស្រាយសមស្របលើករណីនេះ និង​សុំឱ្យថ្នាក់ដឹកនាំក្រុមហ៊ុន ណាហ្គាវើលដ៍ ​ចរចា​ជាមួយតំណាងសហជីព ដើម្បីស្វែងរកដំណោះស្រាយណាមួយដែលអាចទទួលយកបានទាំងសងខាង ប្រកបដោយភាពស្មោះត្រង់ និងបង្កើតទំនាក់ទំនងវិជ្ជាជីវៈល្អជាមួយសហជីពនៅកន្លែងការងារ។ លើសពីនេះ ត្រូវទទួលយកកម្មករ៣៧៣នាក់ចូលបម្រើការងារវិញ និងប​ញ្ឈប់ការរើសអើងឬធ្វើទុក្ខបុកម្នេញផ្សេងៗទៅលើសហជីពជាដើម ។

​អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ មានប្រសាសន៍ថា ក្រុមហ៊ុន ណាហ្គាវើលដ៍ បញ្ឈប់បុគ្គលិកជាបន្តបន្ទាប់ ជាការរំលោភលើសិទ្ធិជាមូលដ្ឋានរបស់កម្មករនិយោជិត ព្រមទាំង​រំលោភច្បាប់ការងារ ​រដ្ឋធម្មនុញ្ញ និងអនុសញ្ញាស្នូលរបស់អង្គការពលកម្មអន្តរជាតិលេខ៩៨ ដែលកម្ពុជាផ្ដល់សច្ចាប័ន ដោយអនុសញ្ញានេះធានាដល់ការការពារនូវសិទ្ធិសេរីភាពផ្នែកអង្គការវិជ្ជាជីវៈសហជីព។

មន្ត្រីសិទ្ធិមនុស្សរូបនោះបញ្ជាក់ថា បើសិនជារដ្ឋាភិបាលនិងក្រសួងការងារនៅតែបណ្ដែតបណ្ដោយឱ្យក្រុមហ៊ុន ណាហ្គាវើលដ៍​ បញ្ឈប់បុគ្គលិករបស់ខ្លួនដោយរំលោភច្បាប់ការងារទៀតនោះ ករណីនេះនឹងក្លាយ​​ជាគំរូមិនល្អសម្រាប់វិស័យការងារ​។

លោកមានប្រសាសន៍ថា៖ «បង្ហាញពីគំរូអាក្រក់ បង្ហាញពីនីតិរដ្ឋនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនដែលគាត់មានឥទ្ធិពល ដែលគាត់មានអំណាច ដែលគាត់អាចធ្វើអ្វីតាមតែចិត្តបាន ហើយច្បាប់នៅក្នុងប្រទេសកម្ពុជាយើងបង្កើតមកដើម្បីអ្វី? ច្បាប់ស្ដីពីការងារ រដ្ឋធម្មនុញ្ញមាត្រា៣៦ បាននិយាយ​ពីសិទ្ធិសេរីភាពផ្នែកអង្គការវិជ្ជាជីវៈ ផ្នែកសមាគម ច្បាប់ស្ដីពីសហជីព តើយើងយកទៅណា? បើ[ក្រុមហ៊ុន]ណាហ្គាអាចធ្វើទៅបាន ក្រុមហ៊ុនផ្សេងៗទៀតដែលមានឥទ្ធិពលក៏អាចធ្វើបានដូចគ្នា ដូចណាហ្គាអ៊ីចឹង។ ជាក់ស្ដែង កម្មករនិយោជិតដែលគាត់ទទួលរងនូវផលប៉ះពាល់ជាងគេ»។

វីអូឌី មិនអាចសុំការបំភ្លឺពីប្រធានគ្រប់គ្រងផ្នែកទំនាក់ទំនងបុគ្គលិករបស់ក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៍ (Naga World) អ្នកនាង ឌី សីហា និងអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានទេ នៅថ្ងៃពុធនេះ។

ប្រធានសហជីពនៅក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៍ (Naga World) កញ្ញា ឈឹម ស៊ីថរ មានប្រសាសន៍ថា កម្មករនិយោជិត​ជាង១ ៣០០នាក់ដែល​​​ក្រុមហ៊ុន ណាហ្គាវើលដ៍ បានបញ្ឈប់​​ជាបន្តបន្ទាប់នោះ​ ភាគច្រើនជាសមាជិកគាំទ្រសហជីព​នៅក្នុងក្រុមហ៊ុននេះ។ ​កញ្ញា​ចាត់ទុកការបញ្ឈប់បុគ្គលិកនេះ ថាជាការរើសអើងក្នុងវិស័យ​ការ​ងារ និង​រំលោភច្បាប់ការងារផងដែរ ។

កញ្ញា​ព្រមានថា បើក្រសួងការងារ និង​ក្រុមហ៊ុន មិនរកវិធីដោះស្រាយជូនកម្មករឱ្យស្របតាមច្បាប់ការងារទេ នោះពួកគេប្រមាណ​១ ៥០០នាក់ ទៅ២ ០០០នាក់ នឹង​នាំគ្នាធ្វើកូដកម្មនៅមុខក្រុមហ៊ុន ក្នុងថ្ងៃទី១៨ ខែធ្នូ ខាងមុខ​នេះ ដើម្បី​ទាមទាររកយុត្តិធម៌ជូនកម្មករដែលត្រូវបានក្រុមហ៊ុនបញ្ឈប់និងគ្រោងបញ្ឈប់ជាបន្តបន្ទាប់។

កញ្ញាមានប្រសាសន៍ថា៖ «ឥលូវនេះមិនទាន់ផ្ដល់យុត្តិធម៌ឬជាដំណោះស្រាយពីអ្នកពាក់ព័ន្ធ ជាពិសេសក្រសួងការងារ ដែលមានតួនាទីក្នុងការមើលការខុសត្រូវក្នុងការអនុវត្តច្បាប់របស់ក្រុមហ៊ុននានាដែលបានរកស៊ីនៅក្នុងប្រទេសកម្ពុជាយើង។ កម្មករនិយោជិតមានសិទ្ធិទាមទាររកយុត្តិធ​ម៌​ដែរ គឺសិទ្ធិក្នុងការប្រើប្រាស់ក្នុងការទាមទារធ្វើកូដកម្មដោយអហិង្សា​ ដោយសន្តិវិធី ដើម្បីរកដំណោះស្រាយ។ ហើយជាចុងក្រោយនេះ បុគ្គលិកគាត់បានរួបរួមគ្នាសម្រេចជាឯកច្ឆន្ទថា នឹងធ្វើកូដកម្មនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ រហូតដល់មានដំណោះស្រាយ» ។

កាលពីថ្ងៃ​ទី២០ ខែកញ្ញា ឆ្នាំ២០២១ ក្រុមហ៊ុន NagaCorp បានចេញរបាយការណ៍បណ្ដោះអាសន្នស្ដីពីប្រាក់ចំណូលក្នុងរយៈពេល៦ខែដើមឆ្នាំ​នេះ របស់អាជីវកម្មក្រុមហ៊ុនសាខាណាហ្គាវើលដ៍។ តាមរបាយការណ៍កម្រាស់៥៦ទំព័រនោះ ណាហ្គាវើលដ៍ រកចំណូលបានជាង១៣០លានដុល្លារ នៅពាក់កណ្ដាលដើមឆ្នាំ២០២១ ដោយធ្លាក់ចុះជិត​៣០០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានជាង​៣៧៧លានដុល្លារ ខណៈប្រាក់ចំណេញដុលទទួលបានជាង៧៤លានដុល្លារ ធ្លាក់ចុះជាង២៣០ភាគរយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ