ពលរដ្ឋ​តវ៉ា​នៅ​មុខ​សាលាខេត្ត​កោះកុង ខណៈ​តុលាការ​កោះហៅ​តំណាង​ពួកគេ​៩នាក់​ចូល​បំភ្លឺ​នៅថ្ងៃនេះ

ពលរដ្ឋរាប់រយនាក់ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅ ឧកញ៉ា លី យ៉ុងផាត់ និងក្រុមហ៊ុនលោក ហេង ហ៊ុយ បានប្រមូលផ្ដុំគ្នាតវ៉ានៅមុខសាលាខេត្តកោះកុង ដើម្បី​ទាមទារ​ឱ្យមានដំ​ណោះស្រាយ​រឿង​វិវាទ​​ដីធ្លី ខណៈ​តុលាការ​​​ក៏​​បានកោះ​ហៅ​តំណាង​​ពលរដ្ឋ៩​នាក់ឱ្យចូលបំភ្លឺ ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។ (CCFC Cambodia)

ពលរដ្ឋរាប់រយនាក់មកពី៧សហគមន៍​ក្នុង​ស្រុកចំនួន៣​នៃខេត្តកោះកុង បានប្រមូលផ្ដុំគ្នាតវ៉ានៅមុខសាលាខេត្តកោះកុង នៅព្រឹកថ្ងៃពុធនេះ ដើម្បី​ទាមទារ​ឱ្យមានដំ​ណោះស្រាយ​រឿង​វិវាទ​​ដីធ្លី ខណៈ​តុលាការ​​​ក៏​​បានកោះ​ហៅ​តំណាង​​ពលរដ្ឋ៩​នាក់ឱ្យចូលបំភ្លឺនៅថ្ងៃនេះ។

មន្ត្រីសម្របសម្រួលសហគមន៍នៅសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាប្រចាំខេត្តកោះកុង និងកំពង់ស្ពឺ លោក ញ៉ិល ភាព ដែលឃ្លាំមើលករណីនេះ ប្រាប់ វីអូឌី ថាប្រជាពលរដ្ឋប្រមាណ៧០០នាក់ មកពីសហគមន៍ចំនួន៧ ស្ថិតក្នុងស្រុកស្រែអំបិល ស្រុកបទុមសាគរ និងស្រុកថ្មបាំង ខេត្តកោះកុង ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅ ឧកញ៉ា លី យ៉ុងផាត់ និងលោក ហេង ហ៊ុយ ជាមន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់នៅខេត្តនេះ​ បានប្រមូលផ្ដុំគ្នាឈរលើកបដានៅមុខសាលាខេត្ត និងសាលាដំបូងខេត្តកោះកុង ដើម្បីតាមដានញត្តិ​និងដាក់​ញត្តិជាថ្មីទៅកាន់សាលាខេត្តឱ្យជួយអន្តរាគមន៍ដោះស្រាយវិវាទដីធ្លីរបស់ពួកគេ។

លោក​បន្តថា ការប្រមូលផ្ដុំតវ៉ារបស់ប្រជាពលរដ្ឋនេះ ក៏ដើម្បីទៅគាំទ្រតំណាងរបស់ពួកគេចំនួន៩នាក់ដែលត្រូវចូលសវនាកានៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះដែរ។

មន្ត្រីសង្គមស៊ីវិលរូបនេះបន្តទៀត​​ថា ការផ្ទុះការតវ៉ារបស់អ្នកភូមិនេះ ដោយសារតែអាជ្ញាធរពាក់ព័ន្ធពុំមានឆន្ទៈ​ក្នុងការដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋ និងពលរដ្ឋមួយចំនួនបានជាប់បណ្ដឹងនៅតុលាការយ៉ាងអយុត្តិធម៌​ដោយសារបញ្ហាជម្លោះដីធ្លី។

លោកបន្ថែមថា៖ «ថ្មីៗនេះ យើងឃើញអាជ្ញាធរខេត្តកោះកុងបានកាត់ដីជាង១២ម៉ឺន​ហិកតា ដើម្បីដោះស្រាយ ឬក៏ផ្ដល់ជាដីសម្បទានសង្គមជូនពលរដ្ឋ ប៉ុន្តែការពិត ការកាត់ដីហ្នឹងគឺដីភាគច្រើនបានទៅលើបុគ្គលគ្រួសារបក្ខពួកក្រុមអ្នកដឹកនាំតាំងពីថ្នាក់មូលដ្ឋានដល់ថ្នាក់ជាតិហ្នឹង ដែលប្រជាពលរដ្ឋរងគ្រោះពិតប្រាកដហ្នឹងមិនសូវទទួលបានការដោះស្រាយទេ។ មិនដោះស្រាយហើយប្ដឹងពលរដ្ឋជាច្រើនដាក់មកតុលាការថែមទៀត»

តំណាងពលរដ្ឋ៩នាក់ នៅសហគមន៍១៩៧ រួមមាន អ្នកស្រី អិប តឹង, អ្នកស្រី ដេត ហួរ, អ្នកស្រី កើត នៅ, អ្នកស្រី អ៊ិន ធូ, លោក គង់ មែន និងតំណាងពលរដ្ឋផ្សេងទៀត ត្រូវចូលសវនាការនៅថ្ងៃទី២៤ ខែវិច្ឆិកានេះ ដើម្បីឆ្លើយបំភ្លឺក្រោមបទចោទ «បរិហារកេរ្តិ៍ និងញុះញង់​ឱ្យប្រ​ព្រឹត្តអំពើ​បង្ក​ឱ្យមានភាពវឹកវរធ្ងន់​ធ្ងរដល់សន្តិសុខសង្គម» ទៅតាមបណ្ដឹងរបស់លោក ហេង ហ៊ុយ ប្រធានក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍។

បើតាមសេចក្ដីរាយការណ៍ អាជ្ញាធរខេត្តបានអនុញ្ញាត​ឱ្យតំណាងប្រជាពលរដ្ឋចំនួន១០នាក់ចូលជួបនិងដាក់​ញត្តិ ខណៈប្រជាពលរដ្ឋរាប់រយនាក់ទៀតបានអង្គុយនៅខាងក្រៅ ដើម្បីរង់ចាំស្ដាប់លទ្ធផល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ