គ្រួសារ​ជនរងគ្រោះ​ប្ដឹង​ប្រឆាំង​សាលក្រម​តុលាការ​ខេត្តបន្ទាយមានជ័យ​ដែល​ដោះបន្ទុក​ឱ្យ​ជន​ជាប់ចោទ​រួចផុត​បទល្មើស

បុរសម្នាក់ដើរកាត់ពីមុខសាលាដំបូងខេត្តបន្ទាយមានជ័យ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។ (ហេង វិចិត្រ)

ក្រុមគ្រួសារដែលអះអាងថាជាជនរងគ្រោះក្នុងអំពើបាញ់ប្រហាររហូតបាត់បង់ជីវិត សម្រេច​​ចិត្តប្ដឹ​​ង​​​ឧទ្ធរណ៍ប្រឆាំងសេចក្ដីសម្រេចរបស់សាលាដំបូង​ខេត្ត​បន្ទាយ​មាន​ជ័យ ដោយ​ចោទ​​​ប្រ​​កាន់​​​ថា បាន​ជួយដោះបន្ទុកឱ្យជនជាប់ចោទរួចផុតពីការចោទប្រកាន់ និងបានបើកផ្លូវឱ្យជនសង្ស័យ​​បាន​​នៅ​​ក្រៅឃុំ។

បណ្ដឹងមួយច្បាប់ចុះថ្ងៃទី១៦ ខែវិច្ឆិកា ដែល វីអូឌី ទទួលបាននៅថ្ងៃ​​នេះ ឱ្យដឹងថា ឈ្មោះ ហាច ឡៃហ៊ាង អាយុ៥៦ឆ្នាំ និងស្រ្តីជាភរិយាឈ្មោះ ឈួន សំណាង អាយុ៥៤​ឆ្នាំ បានដាក់​​បណ្ដឹង​​ឧទ្ធរណ៍ប្រឆាំង​ទៅនឹងសាលក្រមដែលសម្រេចឱ្យឈ្មោះ ហ៊ឹម សុខណា ជាជនត្រូវចោទ រួច​​ផុត​​ពី​​ការចោទប្រកាន់។

តាមរយៈបណ្ដឹងដដែលនេះសរសេរថា កាលពីថ្ងៃទី៤ ខែ​វិច្ឆិកា កន្លងទៅនេះ តុលាការខេត្ត​​បន្ទាយ​​មា​​ន​​ជ័យ បានចេញសាលក្រមដោយសម្រេចឱ្យជនត្រូវចោទរួចផុតពីការចោទ​​ប្រកាន់ និង​​បន្ត​​រស់​​នៅ​​ក្រៅឃុំមកដល់សព្វថ្ងៃ។

បន្ថែមលើបណ្ដឹងនេះ លោក ហាច ឡៃហ៊ាង ដែលត្រូវជាឪពុករបស់យុវជន ហ៊ាង សុគន្ធារ៉ា បញ្ជាក់នៅថ្ងៃចន្ទនេះ​ថា មូលហេតុដែលលោកប្ដឹងឧទ្ធរណ៍នេះ ដោយសារសាលក្រមស្ថាពរ​របស់តុលាការខេត្ត​​បន្ទាយ​​​មាន​ជ័យ មិនបានផ្ដល់យុត្តិធម៌សម្រាប់ក្រុមគ្រួសារលោក ក្នុងនាមជាជនរងគ្រោះ​​​ឡើយ​​។ ​មិន​ត្រឹមតែប៉ុណ្ណោះ លោកថា សូម្បីសំណងក៏ជនជាប់ចោទមិនបានផ្ដល់ឱ្យដែររហូតមកដល់​​ពេល​​នេះ។

លោកបន្តថា៖ «ខ្ញុំគិតថា វាអត់មានហេតុផលថាវាគួរតែរួចខ្លួន! ហេតុអីបានជាវាទៅជា​​រួចខ្លួន​​បាន​​​? ​​​វាសម្លាប់គេមួយហើយ វាមិនត្រូវរួចខ្លួនទេ»។

លោក ហាច ឡៃហ៊ាង ដែលរស់នៅ​​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ​​ឱ្យដឹង​​ទៀតថា ​​យុវជន ហ៊ាង សុគន្ធារ៉ា ដែលជាកូនរបស់គាត់ ត្រូវបានឈ្មោះ ហ៊ឹម សុខណា ជា​​មន្ត្រី​ន​​គរបាល បាញ់សម្លាប់​​​ដោយ​​​កាំ​ភ្លើង​​ខ្លី ​កាលពីខែ​ឧសភា ឆ្នាំ២០២០ នៅក្រុងប៉ោយប៉ែត ហើយ​មក​ដល់​ពេល​នេះ ករណីឃាតកម្ម​នេះ​នៅមិន​​ទាន់​​ដឹង​​ពីមូល​​ហេតុពិតប្រាកដ​​នៅ​​ឡើយ​​។

យ៉ាងនេះក្ដី អធិការក្រុងប៉ោយប៉ែត លោក សៅ សារឿន បញ្ជាក់ថា រឿងក្ដីព្រហ្មទណ្ឌមួយនេះជារឿងចាស់ និង​​បានផុតដៃ​​របស់​​លោក​​ទៅ​​ហើ​​​យ​​​។

លោកបន្តថា៖ «រឿងនេះបានដល់តុលាការហើយ​​ បង! បងសួរខាងតុលាការគេ​​ បង! ព្រោះ​​អី​​ប្អូន​​​​​​ទើបមកកាន់បានប្រមាណ៧ទៅ៨ខែទេ បង! រឿងនេះតាំងពីអធិការចាស់គេនៅ»។ 

ចំណែកអ្នកនាំពាក្យសាលាដំបូង​ខេត្តបន្ទាយមានជ័យ លោក រឿន លីណា បដិសេធក្នុង​​ការ​​ផ្ដល់​​​អត្ថា​ធិប្បាយ ទាក់​​ទិនរឿងក្ដីនេះ ដោយអះអាងយ៉ាងខ្លីថាជាប់រវល់ប្រជុំ។

លោក ស៊ុំ ចន្ទគា អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តបន្ទាយ​​មាន​​ជ័យ មានប្រសាសន៍ថា បើក្នុងករណីដើមបណ្ដឹងមិនពេញចិត្តចំពោះ​​ការ​​សម្រេច​របស់​ចៅក្រមដែលទទួលបន្ទុក​ក្នុងសំណុំរឿងនេះ ជនរងគ្រោះ​​អាចប្ដឹង​​ដូរ​ចៅក្រម​​បាន​​។ លើសពីនេះទៀត លោកថា ​ភាគីជាដើមបណ្ដឹង ប្រសិនបើទទួលភាពអយុត្តិធម៌ គឺអាចប្ដឹងឧទ្ធរណ៍បន្ត​​ទៀត​​​​​​បាន ប្រឆាំងសេចក្ដីសម្រេច​របស់តុលាការថ្នាក់ដំបូង។

លោកបន្តថា៖ «បើភាគីណាមួយគិតថាមិនបានផ្ដល់យុត្តិធម៌ វាហាក់ដូចជាលម្អៀង ឬហាក់ដូចជា​​ស្អី​អ៊ីចឹង​ ​ទី១ ​បើសិនជាមិនទាន់ជម្រះទេ ពួកគាត់មានសិទ្ធិប្ដឹង​​ប្តូរចៅក្រមបាន​​ បើ​យើងយល់ឃើញ​​ថា​​ចៅ​​​ក្រមហ្នឹងវាមិនត្រឹមត្រូវ មិនអាចរកយុត្តិធម៌ជូនខ្លួនបាន ឬមានជាប់ផលប្រយោជន៍​​ណា​មួយ​​​នៅ​​​ក្នុ​​ងរឿងក្ដី»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ