តុលាការ​ខេត្តកំពត​សាកសួរ​អ្នកសារព័ត៌មាន​២នាក់បន្ទាប់​ពី​ចាប់​ខ្លួន​ពាក់ព័ន្ធ​ការផ្សាយ​រឿង​ជម្លោះដីធ្លី

អ្នកកាសែតមកពីស្ថាប័ន LSN TV Online ផ្សាយផ្ទាល់ធ្វើការបកស្រាយនិងសុំទោសជាសាធារណៈពីការផ្សាយពាក់ព័ន្ធនឹងជម្លោះដីធ្លីនៅខេត្តកំពត។ (ផ្ដល់ឱ្យ)

សាលាដំបូងខេត្តកំពត បាននិងកំពុង​សាកសួរអ្នកសារព័ត៌មាន២នាក់ នៅថ្ងៃពុធនេះ បន្ទាប់ពីសមត្ថកិច្ច​ចាប់ខ្លួនពួកគេពាក់ព័ន្ធការផ្សាយព័ត៌​មាន​រឿង​ជម្លោះដីធ្លី​និងការចាប់ខ្លួនពលរ​ដ្ឋ​៤នាក់នៅខេត្តនេះ។

ក្នុងលិខិតមួយចុះថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ ស្នងការដ្ឋានខេត្តកំពត បានឱ្យដឹងថា កាលពីថ្ងៃទី​៧ ខែវិច្ឆិកា​ សមត្ថកិច្ចបានឃាត់ខ្លួន​ពលរដ្ឋ៤នាក់ ក្រោមការចោទប្រកាន់ថា បានប្រើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ លិខិតដដែលបន្ត​ថា នៅថ្ងៃទី៨ ខែវិច្ឆិកា អ្នក​ព័ត៌មាន LSN TV ចំនួន​២នាក់ បានទៅសម្ភាស​ពលរដ្ឋ​ ហើយផ្សាយផ្ទាល់​តាមហ្វេស​ប៊ុក ​​ពាក់ព័ន្ធជម្លោះដីធ្លីនិងការចាប់ខ្លួនពលរដ្ឋ៤នាក់នោះ។

ស្នងការដ្ឋានខេត្តកំពត បន្តទៀត​​ថា ក្នុងការចុះផ្សាយនោះ គឺអ្នកសារព័ត៌មានបានធ្វើអត្ថាធិប្បាយវាយប្រហារលើចំណាត់​ការរបស់សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន ដោយមិនបានទាក់ទងសមត្ថកិច្ចសួរនាំឱ្យបានច្បាស់ពីមូលហេតុនៃការចាប់ខ្លួនពលរដ្ឋទាំង៤នាក់នោះឡើយ ដែលជាហេតុធ្វើឱ្យប្រជាពលរដ្ឋយល់ច្រឡំលើសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានជុំវិញចំណាត់ការនេះ។

ស្នងការដ្ឋានខេត្តកំពត ក៏បានចាត់ទុក​​ការផ្សព្វផ្សាយរបស់សារព័ត៌មាន​នេះ ថា​បានជំរុញឱ្យពលរដ្ឋបង្កើនសកម្មភាព​ចូលទន្ទ្រានកាន់កាប់ដីមានបណ្ណកម្មសិទ្ធិស្របច្បាប់ និងបានចាត់ទុកការផ្សាយនេះ​​ថាបានញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទបរិហារកេរ្តិ៍ ដែលសមត្ថកិច្ចត្រូវតែធ្វើការឃាត់ខ្លួននៅថ្ងៃ​ទី​៨​ ខែ​វិច្ឆិកា​នោះ​តែ​ម្តង។

ពាក់ព័ន្ធករណីនេះ ស្នងការនគរបាល​​ខេត្ត​កំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធ សុំមិនបកស្រាយបន្ថែមទេ ដោយលោកប្រាប់ វីអូឌី យ៉ាងខ្លី​នៅថ្ងៃពុធនេះ​ថា អ្នកសារព័ត៌មានទាំង២នាក់នោះ សមត្ថកិច្ចបានបញ្ជូនទៅតុលាការ​ហើយ​ កាលពីល្ងាច​ថ្ងៃម្សិលមិញ។

ចំណែកអ្នកនាំពាក្យសាលាដំបូងខេត្តកំពត លោក ខា ដែនណា មានប្រសាសន៍ថា​ តុលាការកំពុងដំណើរការ​សាកសួរ ដោយមិនទាន់​សម្រេចថាយ៉ាងណានៅឡើយទេ។

លោកបន្ថែមថា៖ «ឥលូវនេះ តំណាងអយ្យ​​ការ​កំពុង​សាកសួរនៅឡើយ។ ប្រសិនបើមានព័ត៌មានចោទប្រកាន់ឬក៏អី ចាំខ្ញុំ​ប្រាប់។ រឿងនេះប្រហែលជាស្អែកអីបានដឹង»

អគ្គនាយកសារព័ត៌មាន LSN TV លោក លួស សេង មានប្រសាសន៍​ថា អាជ្ញាធរបានសន្យាដោះលែងអ្នកសារព័ត៌មាន​២នាក់​នោះនៅព្រឹកថ្ងៃពុធនេះ​ ក្រោយពីពួកគេ​​ផ្សាយ​សុំទោស​​ក្រុមថ្នាក់​ដឹកនាំ​ខេត្ត​ ប៉ុន្តែក្រោយសុំទោសរួច បែរ​មិន​មានការ​​ដោះលែងនោះទេ ហើយ​ពួកគេ​ត្រូវ​បាន​បញ្ជូនទៅតុលាការថែមទៀត។

លោកបន្ថែមថា៖ «គ្រាន់តែពួកគាត់ទៅធ្វើសេចក្ដីរាយការណ៍តាមការពឹងពាក់របស់ប្រជាពលរដ្ឋ ដែលប្រជា​ពលរដ្ឋឱ្យទៅជួយផ្សាយ ដើម្បីអំពាវនាវដល់អភិបាលខេត្ត លោក ម៉ៅ ធនិន ឱ្យជួយដោះស្រាយវិវាទដីធ្លី និង​ជួយដោះលែងពលរដ្ឋ៤នាក់ឱ្យមានសេរីភាពវិញ។ ផ្ទុយទៅវិញ មិនជួយអន្តរាគមន៍​ដោះស្រាយជូ​នប្រជាពលរដ្ឋ បែរជាចាប់អ្នកសារព័ត៌មានបន្ថែមទៀត។ សេរីភាពសារព័ត៌មាននៅណា? បើគ្រាន់តែទៅផ្សាយ​ព័ត៌មានហ្នឹង ត្រូវជាប់ទោសទណ្ឌដែរនោះ! អ៊ីចឹង​សកម្មភាពនេះ ខ្ញុំយល់ឃើញថា ជាការបំភិតបំភ័យ បំបាក់ស្មារតីអ្នកសារព័ត៌មាន មិនឱ្យហ៊ានផ្សាយអ្វីមួយក្រៅពីអាជ្ញាធរលោក​ឯកភាព ដែលនេះជាទង្វើមិនត្រឹមត្រូវឡើយ»

ក្នុងវីដេអូឃ្លីមួយមានរយៈពេលជាង៣នាទី​ ដែលបានផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក និង​តេឡេក្រាម អ្នក​រាយការណ៍ព័ត៌មាន LSN TV ២នាក់ រួម​មាន លោក សាយ សុភា និងលោក អ៊ីង ធឿង បាន​និយាយ​​សុំទោស​ជាសាធារណៈចំពោះ​អភិបាលខេត្តកំពតថ្មី​ លោក ម៉ៅ ធនិន និងស្នងការខេត្តកំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធ ដោយថា ពួកគេបានធ្វើការអធិប្បាយខុសឆ្គង និងសុំឱ្យថ្នាក់ដឹកនាំខេត្តនេះលើកលែងទោសផងដែរ។

សម្ដីក្នុងវីដេអូឃ្លីប៖ «ខ្ញុំឈ្មោះ សាយ សុភា សារព័ត៌មាន LSN TV Online ថ្ងៃនេះខ្ញុំមកធ្វើការបកស្រាយ និងសុំទោសដល់លោកអភិបាលខេត្ត និងស្នងការខេត្តកំពត ដែលខ្ញុំបានជ្រុលជ្រួសបាន​និយាយ​ខុស​ឆ្គងត្រង់​ប្រការណាមួយ​ សូមលោកទាំងពីរអធ្យាស្រ័យដល់យើងខ្ញុំផង ដែលបានធ្វើខុសកន្លងមក រឿងវិវាទដីធ្លីនៅថ្ងៃទី៨ ខែវិច្ឆកានេះ ដោយមានពាក្យពេចន៍ខុសឆ្គង»

វីអូឌី មិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកសារព័ត៌មានទាំង២នាក់នេះបានទេ ជុំវិញករណីនេះ។ ប៉ុន្តែបើតាមអគ្គនាយកសារព័ត៌មាន LSN TV Online លោក លួស សេង ការសុំទោសរបស់អ្នកសារព័ត៌មានទាំង២នាក់នោះធ្វើឡើង ក្រោយពីសមត្ថកិច្ចខេត្តកំពតសន្យាដោះលែងក្រោយចាប់ឃុំខ្លួននៅស្នងការដ្ឋានខេត្តកំពតចំនួន២យប់។

នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) លោក ណុប វី បានចាត់ទុកករណីនេះ​ថា ជាកា​រ​រំលោភ​​លើ​សិទ្ធិសេ​រីភាព និង​ជាគំរាមកំហែង​ ទៅដល់ការអនុវត្តការងាររបស់អ្នកសារព័ត៌មាន។ លោក ណុប វី បានលើកឡើងថា ប្រសិនបើសមត្ថកិច្ចមើលឃើញថា ការរាយការណ៍របស់អ្នកសារព័ត៌មាននោះមានចំណុចខ្វះខាត និងមិនគ្រប់ជ្រុងជ្រោយនៅចំណុចណាមួយ ខាង​សមត្ថកិច្ចត្រូវចេញសេចក្ដីបំភ្លឺឬបកស្រាយ​ប្រាប់ទៅអ្នកសារព័ត៌មាននោះវិញ ដោយមិនត្រូវចាប់និងប្រើប្រាស់ប្រព័ន្ធតុលាការមកចាត់ការលើ​អ្នកសារព័ត៌មានបែបនេះទេ។

លោកបន្ថែមថា៖ «ខ្ញុំគិតថា រឿងនេះ វាបានបង្ហាញនូវរូបភាព​នៃការគំរាមកំហែងដល់ការងារអ្នកសារព័ត៌​មាន​ខ្លាំង។​ យើងដឹងហើយថា នៅខេត្តកំពត មានអភិបាលខេត្តថ្មី ដែលលោកមានកិត្តិនាមល្អជាមួយនឹងការដោះស្រាយបញ្ហាផ្សេងៗ។ អ៊ីចឹងខ្ញុំគិតថា រឿងទាំងអស់នេះ វាគួរតែមានការសហប្រតិបត្តិការ មានការបើកឱកាសឱ្យមានការចូលរួមធ្វើសេចក្ដីរាយការណ៍ឱ្យបានទូលំទូលាយរបស់អ្នកសារព័ត៌មាន ជាជាងប្រើប្រាស់រូបភាពផ្សេងៗទៅបង្ក្រាបអ្នកសារព័ត៌មាន និងទាមទារឱ្យមានការសហការជាមួយសមត្ថកិច្ច»។

របាយការណ៍ឃ្លាំមើលប្រចាំត្រីមាសជាលើកដំបូងរបស់សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា (ខេមបូចា) ស្តី​ពី «ស្ថាន​ភាព​អ្នកសារព័ត៌មាននៅកម្ពុជា» បានរកឃើញថា មាន​អ្នកសារព័ត៌មាន​ជិត១០នាក់បាន​រ​ង​​នូវ​ការ​យាយី និងជាប់ពន្ធនាគារ ដោយ​សារ​​តែ​រាយការណ៍ពាក់ព័ន្ធ​រឿង​ជម្លោះដីធ្លី​ក្នុង​រយៈពេល៣ខែចុងក្រោយ​នេះ បន្ទាប់​​ពី​ក្រសួង​​ព័ត៌មានបាន​ចេញសេចក្ដីជូនដំណឹងមួយ​ដោយ​បើក​ផ្លូវ​​ឱ្យ​អាជ្ញាធរ​អាច​ចោទប្រកាន់ទៅលើ​​អ្នកសារព័ត៌មាន ដែលអាជ្ញាធរ​ថាបាន​​រំខានដល់ការងាររបស់ពួកគេ។

អង្គការអ្នកកាសែតគ្មានព្រំដែន កាលពីពេលថ្មីៗនេះ បានបន្តផ្ដល់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២១ ស្ថិតនៅក្នុងរូបភាពអាក្រក់ដដែល ដោយនៅលេខរៀងទី១៤៤ ក្នុង​ចំណោម១៨០ប្រទេសនៅ​លើពិភព​លោក។ 

សេរីភាពសារព័ត៌មានដែលអង្គការនេះ​វាយតម្លៃ បង្ហាញ​ថា កម្ពុជាបានធ្លាក់​ចុះ​៣ឆ្នាំជាប់ៗគ្នាចាប់តាំងពីឆ្នាំ២០១៧មក ពោលគឺចំណាត់ថ្នាក់លេខ១៤២ នៅឆ្នាំ២០១៨ ចំណាត់ថ្នាក់លេខ១៤៣ នៅឆ្នាំ២០១៩ និងចំណាត់ថ្នាក់លេខ១៤៤ នៅឆ្នាំ២០២០ និង​ឆ្នាំ២០២១នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ