ពលរដ្ឋ​ជិត​២០០​គ្រួសារ​នៅ​ខេត្ត​កំពង់ស្ពឺ​ ចោទ​អាជ្ញាធរ​មូលដ្ឋាន​ថាគប់គិត​គ្នា​លួច​លក់​ដី​ពួក​គេ​ឱ្យ​ឈ្មួញ

មន្ត្រីគ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលស្រុកសំរោងទង ខេត្តកំពង់ស្ពឺ តម្រង់ជួរគោរពទង់ជាតិ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលស្រុកសំរោងទង)

ពលរដ្ឋជិត​២០០គ្រួសារ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចោទអាជ្ញាធ​រមូលដ្ឋានថា បានគប់គិតគ្នាលួចធ្វើបណ្ណកម្មសិទ្ធិលើ​ដី​៥៤ហិកតារបស់ពួកគេលក់ទៅឱ្យឈ្មួញ ប៉ុន្តែអាជ្ញាធរឃុំបានច្រាន​ចោល​ការ​ចោទប្រកាន់នេះ។

កាលពីខែកុម្ភៈ​ ឆ្នាំ២០២១ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​​ បាន​ចេញ​លិខិត​មួយ​ប្រាប់ដល់​អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ឱ្យពិនិត្យនិងដោះស្រាយទំនាស់ដីធ្លីជូនពលរដ្ឋ១៨០គ្រួសារ នៅភូមិ​ដូនអាត់ ឃុំស្គុះ ស្រុកសំរោងទង ក្រោយទទួលបានបណ្ដឹងពីក្រុមពលរដ្ឋដែលសុំឱ្យជួយទប់ស្កាត់ករណីអាជ្ញាធរមូលដ្ឋាននិងឈ្មួញគប់គិតគ្នាលួចធ្វើបណ្ណលើដីរបស់ពួកគេ។

លោក ជា សាវឿន ដែលអះអាងថាជាតំណាងពលរដ្ឋ១៨០គ្រួសារនោះ​ ប្រាប់ វីអូឌី នៅថ្ងៃ​ចន្ទនេះថា អាជ្ញាធរ​ពាក់ព័ន្ធ​នៅមូលដ្ឋានបានគប់គិតគ្នាជាមួយឈ្មួញមួយចំនួនលួចធ្វើបណ្ណកម្មសិទ្ធិលើដី៥៤ហិកតារបស់​អ្នក​ភូមិ ដើម្បីពុះឡូត៍លក់​យក​លុយ​ខ្លួន​ឯង។ លោកថា ដី១៥ហិកតាបានលក់ទៅឱ្យបុគ្គលឈ្មោះ សួង ពៅ និង សួង ណយ ហើយដីទំហំ​៣៩ហិកតាទៀតបានលក់​ឱ្យ​​​បុគ្គល​ឈ្មោះ ប៉ាក់ ចាន់ថុល។ 

តំណាង​ពលរដ្ឋបន្តថា ពលរដ្ឋបានចូលទៅអាស្រ័យផលលើដីកំពុងមានជម្លោះនោះតាំងពីឆ្នាំ១៩៨០ និង​ចាប់ផ្ដើម​មាន​ជម្លោះនៅឆ្នាំ២០១០ ខណៈអ្នកភូមិបានដាក់លិខិតសុំកាន់កាប់និងសុំបណ្ណកម្មសិទ្ធិ ប៉ុន្តែ​អាជ្ញាធរមូលដ្ឋានពីថ្នាក់ឃុំ​រហូតដល់ស្រុកមិនទទួលស្គាល់ឡើយ ហើយបានចោទតំណាងពលរដ្ឋថាជាអ្នកញុះញង់និងជាក្រុមប្រឆាំងទៅវិញ។

លោកបន្ថែមថា៖ «មន្ត្រីសាលាខេត្ត មន្ត្រីសាលាស្រុក មន្ត្រីឃុំ ពួកគាត់អត់រកដំណោះស្រាយឱ្យប្រជាពលរដ្ឋទេ។ គាត់មានតែគាបសង្កត់​ប្រជាពលរដ្ឋ គាត់​ថាពលរដ្ឋលក់ឱ្យគេហើយ ប៉ុន្តែពលរដ្ឋអត់មានបានទទួលស្គាល់ថាបានលក់ឱ្យបុគ្គលហ្នឹងទេ។ មេភូមិចាស់ លោក អម ចេវ គាត់ថា ដីហ្នឹងអត់មានបានលក់អីទេ ហើយប្រាប់ឱ្យប្រជាពលរដ្ឋយកមកវិញទៀត»

តំណាងពលរដ្ឋម្នាក់ទៀត​ លោក នូ មីន និយាយថា ដីកំពុងមានជម្លោះនោះ កាលពីមុន ប្រជាពលរដ្ឋអាស្រ័យផល ដោយធ្វើស្រែ ដាំបន្លែ និងដាំដំណាំហូបផ្លែផ្សេងទៀត។ ពលរដ្ឋរូបនេះបានអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ ជាពិសេសរដ្ឋាភិបាលចុះស៊ើបអង្កេតករណីនេះនិងដោះស្រាយដោយចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋវិញ។

លោកបន្ថែមថា៖ «អាជ្ញាធរថ្នាក់ក្រោមជាតិហ្នឹងបានគប់គិតគ្នាជាប្រព័ន្ធលួចធ្វើបណ្ណកម្មសិទ្ធិលក់ឱ្យឈ្មួញធ្វើដីឡូត៍ ធ្វើផ្ទះល្វែង។ អ៊ីចឹងរឿងមានតែសម្ដេច[ហ៊ុន សែន]ទេ អាចជួយពលរដ្ឋបាន»

តំណាងពលរដ្ឋរូបនេះបន្តថា ប្រសិននៅតែពុំមានដំណោះស្រាយទេ ពួកគេនឹងនាំគ្នាទៅរកអន្តរាគមន៍ដល់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដើម្បីសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យដោះស្រាយ។

មេឃុំស្គុះ លោក កេត សុខុម បានច្រានចោលការចោទប្រកាន់នេះ។ លោកថា ដីដែលក្រុមពលរដ្ឋកំពុងតវ៉ានោះជាដីមានម្ចាស់និងមានបណ្ណកម្មសិទ្ធិត្រឹមត្រូវ ដោយបានទិញពីប្រជាពលរដ្ឋ។

មេឃុំរូបនេះបន្តថា ពលរដ្ឋបានលក់ដីនោះឱ្យឈ្មួញអស់ហើយ ប៉ុន្តែក្រោយមកក៏បានតវ៉ាទាមទារយកវិញ ក្រោយ​មានការញុះញង់ពីមេខ្យល់ ហើយចោទអាជ្ញាធរមូលដ្ឋានថាគប់គិតគ្នាធ្វើបណ្ណកម្មសិទ្ធិលក់ឱ្យ​ឈ្មួញ​​​ទៅ​វិញ។

លោកបន្ថែមថា៖ «បើមិនបានលក់ដីទាំងនោះទេ ហេតុអ្វីមិនព្រមតវ៉ាចាប់តាំងពីក្រុមការងារចុះវាស់ក្បាលដី បិទ​បញ្ជីក្បាលដី រហូតដល់មានការឈូសឆាយដាំបង្គោល? ខ្លួន[ពលរដ្ឋ]ថែមទាំងទៅរើសអុសយកមកដុតទៀតផង រឿងអ្វីឆ្លើយថាមិនដឹងគេឈូសឆាយដីនិងដីនេះមានម្ចាស់កម្មសិទ្ធិ?»

វីអូឌី មិនអាចសុំការឆ្លើយតបពីអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានទេ នៅថ្ងៃចន្ទនេះ។

មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តកំពង់ស្ពឺ លោក រ័ត្ន ថាវី មានប្រសាសន៍ថា ប្រសិនបើមានការចោទប្រកាន់ទៅវិញទៅមករវាងពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានបែបនេះ គឺ​អាជ្ញាធរថ្នាក់ជាតិគួរតែចុះស្រាវ​ជ្រាវនិង​ស៊ើប​អង្កេត​ឱ្យ​បាន​ច្បាស់លាស់ ដើម្បីរកយុត្តិធម៌ជូនភាគីនីមួយៗនិងដោះស្រាយបញ្ចប់។

លោកបន្ថែមថា៖ «បញ្ហាបែបហ្នឹង ទី១ អាជ្ញាធរថ្នាក់ជាតិត្រូវតែចុះធ្វើការសិក្សាស្រាវជ្រាវឱ្យបានច្បាស់​លាស់​ ពីព្រោះការឆ្លើយតបរបស់ភាគីទាំងពីរហ្នឹង វាផ្ទុយគ្នា! ដើម្បីរកឱ្យឃើញថា អ្នកណាខុសអ្នកណាត្រូវឱ្យពិតប្រាកដសិន ដើម្បីឈានទៅរកការដោះស្រាយជូនពលរដ្ឋដែលកំពុងតវ៉ាហ្នឹង»

កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ពលរដ្ឋ២នាក់ដែលអះអាថាតំណាងឱ្យពលរដ្ឋ១៨០គ្រួសារ បានដាក់ញត្តិ​មួយ​ទៅក្រសួងរៀបចំដែនដី សុំឱ្យលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងមួយ​នេះ អន្តរាគមន៍​ទៅអភិបាល​ខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង និងប្រធានមន្ទីររៀបចំដែនដីខេត្ត ទប់​ស្កាត់​ការគប់គិតគ្នាពីសំណាក់អាជ្ញាធរ​ភូមិ ឃុំ និងស្រុក និងឈ្មួញដីមួយចំនួន ដែលលួចធ្វើបណ្ណកម្មសិទ្ធិលើដីរបស់ពួកគេចំនួន៥៤ហិកតា និង​ស្នើចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋទាំង១៨០គ្រួសារផងដែរ៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ