លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាទៅក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យប្រគល់យានយន្តដឹកជញ្ជូនលើសទម្ងន់ជាង២០០គ្រឿងទៅម្ចាស់ដើមវិញមុនកាលកំណត់ តែភ្ជាប់លក្ខខណ្ឌដោយតម្រូវឱ្យម្ចាស់បង់ប្រាក់ពិន័យជាមុនសិន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញានេះដោយបញ្ជាទៅក្រសួងសាធារណការ និងដឹកជញ្ជូន ប្រគល់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ចំនួន២២៩គ្រឿង ដែលក្រសួងបានឃាត់ទុករយៈពេលមួយឆ្នាំនៅតាមស្ថានីយជញ្ជីង និងមន្ទីរសាធារណការនិងដឹកជញ្ជូន តាមបណ្តារាជធានី-ខេត្តមួយចំនួន ពាក់ព័ន្ធនឹងបទល្មើសដឹកជញ្ជូនលើសទម្ងន់ ឱ្យបានមុនកាលកំណត់។
ប៉ុន្តែលោកបញ្ជាក់ថា យានយន្តទាំងឡាយណាដែលមិនទាន់បង់ប្រាក់ពិន័យ ត្រូវធ្វើការបង់ប្រាក់ពិន័យតាមច្បាប់កំណត់ជាមុនសិន ទើបអនុញ្ញាតប្រគល់រថយន្តជាក្រោយ។
លោក ហ៊ុន សែន សរសេរសារដូច្នេះថា៖ «រាជរដ្ឋាភិបាលកម្ពុជានឹងអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ដោះលែងយានយន្តទាំង២២៩គ្រឿងខាងលើ ជូនទៅម្ចាស់យានយន្ត ដើម្បីប្រកបអាជីវកម្មឡើងវិញ។ ប៉ុន្តែយានយន្តទាំងឡាយណាដែលមិនទាន់បង់ប្រាក់ពិន័យ ត្រូវធ្វើការបង់ប្រាក់ពិន័យតាមច្បាប់កំណត់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការដោះលែង»។
បន្ថែមពីនេះ លោក ហ៊ុន សែន អះអាងថា ដើមចមដែលលោកអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ដោះលែងយានយន្តទាំងនោះ ដោយសារតែស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ មានសភាពធូរស្រាល។ លើសពីនេះ រាជរដ្ឋាភិបាលបានរៀបចំកែសម្រួល និងដាក់ចេញនូវយុទ្ធសាស្ត្រនិងវិធានការ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិក្នុងបរិបទក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ដូចជា ការបើកឱ្យដំណើរការឡើងវិញ សាលារៀន ផ្សារទំនើប ផ្សារសាធារណៈ តំបន់ទេសចរណ៍ និងការស្ដារសកម្មភាពធុរកិច្ច អាជីវកម្ម សេដ្ឋកិច្ច និងសង្គមផ្សេងៗទៀត ជាដើម។
យ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវទៅម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដឹកជញ្ជូនទាំងឡាយត្រូវគោរពនិងអនុវត្តតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹងស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ដែលបើកបរលើបណ្តាញផ្លូវថ្នល់។ បើមិនគោរពតាមច្បាប់ទេ ល្មើសលើកទី២ មិនមានការលើកលែងម្តងទៀតនោះឡើយ។
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហ៊ាង សុទ្ធាយុត្តិ ប្រាប់ វីអូឌី នៅថ្ងៃនេះថា ក្រសួងទើបតែទទួលបានគោលការណ៍ពីថ្នាក់ដឹកនាំ ដូច្នេះស្ថាប័នជំនាញនឹងអនុវត្តតាមការណែនាំរបស់លោកនាយករដ្ឋមន្ត្រី ។
លោកមានប្រសាសន៍ថា៖ «យើងកំពុងតែត្រៀមលក្ខណៈហើយ ដើម្បីធ្វើការអនុវត្ត ព្រោះសម្ដេចលោកមានប្រសាសន៍នៅក្នុងហ្នឹង គឺអនុវត្តនៅក្រោមមានលក្ខខណ្ឌ។ នេះជាខ្លឹមសាររបស់សម្ដេច គឺថាត្រូវតែអនុវត្តទៅតាមនីតិវិធី។ ហើយបើមិនទាន់បង់លុយផាកពិន័យ គឺមិនអាចយកទៅវិញបានទេ»។
លោកបន្ថែមថា ចំពោះការវិនិច្ឆយលើការលើសទម្ងន់កម្រិតកំណត់របស់យានយន្ត សមត្ថកិច្ចគិតលើមេគុណសម្រាប់ប្រើលើកម្រិតតោន ដូចជា លើសកង់មុខគិតផ្សេង កង់ក្រោយគិតផ្សេង និងលើសជារួមក៏ត្រូវបានគិតផ្សេង រួចហើយទើបបញ្ចូលគ្នាជាចុងក្រោយតាមនីតិវិធី។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព មានប្រសាសន៍ថា ជាទូទៅ ការផាកពិន័យត្រូវតែធ្វើឡើងដើម្បីឱ្យអ្នកល្មើសច្បាប់ឬធ្វើឱ្យខូចផ្លូវជាដើម ចេះគោរពច្បាប់និងគោលការណ៍ពីថ្នាក់លើ។
យ៉ាងណា លោកថា បើមិនមានការគាំទ្រដល់មន្ត្រីអ្នកអនុវត្តច្បាប់ផ្ទាល់ នោះនឹងបង្កឱ្យអ្នកល្មើសច្បាប់លែងខ្លាចមន្ត្រីមូលដ្ឋាន និងលែងខ្លាចរអាច្បាប់ផងដែរ។ ដូច្នេះ រដ្ឋាភិបាលត្រូវលើកទឹកចិត្តដល់មន្ត្រីក្រោមឱវាទ ដែលចាប់យានយន្តកន្លងមក ដើម្បីកុំឱ្យពួកគេបាក់ទឹកចិត្ត ហើយអាចនឹងបង្កឱ្យមានការខូចខាតផ្លូវកាន់តែធ្ងន់ធ្ងរថែមទៀតនៅថ្ងៃក្រោយ។
លោកមានប្រសាសន៍បន្ថែមថា៖ «បើឧបមាថា នៅថ្នាក់លើជាអ្នកដោះលែង ហើយពួកគាត់ថ្នាក់ក្រោមអ្នកចាប់ ដល់ថ្ងៃក្រោយទៅ ខាងរថយន្តធំៗហ្នឹងគាត់លែងខ្លាចច្បាប់ទម្លាប់នៅថ្នាក់ក្រោមហ្នឹងហើយ ប្រហែលជាអាចថា គាត់នឹងមិនសូវជាស្តាប់ការណែនាំ [របស់ថ្នាក់ក្រោម] ដោយសារថា គាត់អាចរកអន្តរាគមន៍ពីខាងលើបាន។ អ៊ីចឹងបើបញ្ហានេះវាកើតមានដូច្នេះមែន គឺអាចនឹងធ្វើឱ្យមានការអនុវត្តច្បាប់របស់យើងហ្នឹងមិនមានប្រសិទ្ធភាពទេ នេះជារឿងមួយសំខាន់»។
លោក យង់ គិមអេង ថាការអនុវត្តច្បាប់លើជនល្មើសក៏ត្រូវតែមានតម្លាភាពរវាងអ្នកមាននិងអ្នកក្រផងដែរ។
បើតាមរបាយការណ៍របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកលើសទម្ងន់កម្រិតកំណត់ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីដើមខែកក្កដា ឱ្យដឹងថា គិតចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីជំនាញបានផាកពិន័យនិងឃាត់រថយន្តចំនួន១៤៣គ្រឿង ដើម្បីរក្សាទុករយៈពេលមួយឆ្នាំ ព្រោះជារថយន្តដឹកជញ្ជូនលើសទម្ងន់លើសពី ២០% នៃទម្ងន់ដែលបានអនុញ្ញាត៕