អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ការវិភាគមួយចំនួននៅកម្ពុជាជាការវិភាគតាមអារម្មណ៍

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌។ (រូបភាព៖ ជន ចាន់រ៉ែន)

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លើកឡើង​ថា ការវិភាគដែលចាត់ទុកថា ជា​សិទ្ធិសេរីភាពនៃការ​សម្តែង​មតិ ហើយដែលទទួលបានការការពារដោយច្បាប់នោះ គឺជាការវិភាគតាមបែបវិជ្ជាជីវៈ មិនមែនជាការវិភាគតាមអារម្មណ៍នោះទេ។

ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជីន ម៉ាលីន ធ្វើឡើង​​​បន្ទាប់ពីក្រុមអង្គ​ការ​សង្គម​ស៊ីវិល​ចំនួន​២៨ បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ​ កាលពីថ្ងៃទី២១ ខែកញ្ញា ដោយអំពាវនាវឱ្យរដ្ឋាភិបាលបញ្ឈប់ការគំរាមកំហែងទៅលើអ្នកវិភាគនៅកម្ពុជា។

តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី២២ ខែកញ្ញានេះ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានចាត់ទុកថា ការវិភាគដែលចាត់ទុកថា ជាសិទ្ធិសេរីភាពនៃការសម្តែងមតិនិងទស្សនៈ ហើយដែលការពារដោយច្បាប់នោះ គឺជាការវិភាគតាមបែបវិជ្ជាជីវៈ ដែល​មានន័យថា ជាការវិភាគតាមបែបវិទ្យាសាស្រ្ត មានមូលដ្ឋាននិងវិធីសាស្រ្តនៃការសិក្សាស្រាវជ្រាវច្បាស់លាស់ ដោយផ្អែកលើទិដ្ឋភាពទ្រឹស្តី គោលការណ៍ទូទៅ កិច្ចសម្ភាសន៍ និងការអនុវត្តជាក់ស្តែងជាដើម។

ប៉ុន្តែការវិភាគមួយចំនួននៅកម្ពុជា លោកថា មិនមែនជាការវិភាគតាមបែបវិជ្ជាជីវៈ និងមានលក្ខណៈវិទ្យាសាស្រ្តនោះទេ តែជាការវិភាគតាមអារម្មណ៍ ដែលរួមមានការស្រឡាញ់ ការស្អប់ និងគុំនុំគុំគួន រួមជាមួយនិងនិន្នាការនយោបាយជាដើម។

ជាមួយគ្នានេះ លោក ជិន ម៉ាលីន ក៏បានអំពាវនាវដល់​អ្នកវិភាគ កុំ​ធ្វើជាអ្នក​វិភាគ​​ដែលមា​ននិន្នាការនយោបាយប្រឆាំងនឹងរដ្ឋាភិបាល និងផលប្រយោជន៍ជាតិ។ លោកបន្តថា​ ការវិភាគដោយមិនផ្អែកលើវិជ្ជាជីវៈ និងមូលដ្ឋាននៃការស្រាវជ្រាវតាមបែបវិទ្យាសាស្រ្ត នឹងអាចប្រឈមនឹងការទទួលខុសត្រូវតាមផ្លូវច្បាប់ ប្រសិនបើការវិភាគនោះប៉ះពាល់ និងរំលោភបំពានលើសិទ្ធិសេរីភាព និងសេចក្តីថ្លៃថ្នូរអ្នកដទៃ និងបង្កចលាចលប៉ះពាល់ដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ។

ប៉ុន្តែយ៉ាងណាក្តី សេចក្តីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិល កាលពីម្សិលមិញ បានចាត់ទុកថា ការវិភាគគឺជាសេរីភាពនៃការបញ្ចេញមតិ ហើយសេរីភាពនៃការ​បញ្ចេញមតិ គឺជាសេរីភាពមូលដ្ឋានរបស់ពលរដ្ឋគ្រប់រូប ដោយ​មិនគួរត្រូវបានការពារ និងគោរព តែនៅពេលដែលប្រើប្រាស់ដើម្បីសរសើររដ្ឋាភិបាលនោះទេ ប៉ុន្តែ​គួរត្រូវបានអាជ្ញាធរគោរព និងការពារគ្រប់ការបញ្ចេញមតិទាំងអស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ