អង្គការ​សង្គម​ស៊ីវិល​ជិត​៣០​ស្នើ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​គំរាម​កំហែង​ទៅ​លើ​អ្នកវិភាគ

(ឆ្វេង) លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងសារពិសេសអំពីស្ថានភាពថ្មីៗចុងក្រោយពាក់ព័ន្ធប្រទេសកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ (ហ្វេសប៊ុកលោក ហ៊ុន សែន/ Screenshot) និង (ស្ដាំ) លោក មាស នី អ្នកវិភាគបញ្ហាសង្គម។

អង្គការសង្គមស៊ីវិលជិត៣០ បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការគំរាមកំហែងទៅលើអ្នកវិភាគ ខណៈអ្នកនាំពាក្យរដ្ឋាភិបាលថា ការធ្វើបទវិភាគណាមួយមិនត្រូវភ្ជាប់ជាមួយនិន្នាការនយោបាយឡើយ។

តាមរយៈសេចក្តីថ្លែងការណ៍រួមមួយនៅថ្ងៃទី២១ ខែកញ្ញានេះ ក្រុមអង្គការសង្គមស៊ីវិលចំនួន ២៨ បានចាត់ទុកថា ការគំរាមកំហែងទៅលើអ្នកវិភាគ គឺជាការគំរាមកំហែងសេរីភាពខាងការបញ្ចេញមតិនៅកម្ពុជា។

ក្រុមអង្គការសង្គមស៊ីវិលដែលក្នុងនោះ រួមមាន មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) រួមជាមួយអង្គការសង្គមស៊ីវិល​មួយចំនួនទៀត បានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា បញ្ឈប់ការបំភិតបំភ័យលើអ្នកវិភាគ​បញ្ហាសង្គមនៅកម្ពុជា និងសំឡេងរិះគន់ផ្សេងទៀត ដោយគ្រាន់តែអ្នកទាំងនោះបញ្ចេញទស្សនៈ និងការយល់ឃើញសម្រាប់ផលប្រយោជន៍សាធារណៈនៅកម្ពុជា។

ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ ក៏បាន​អំពាវនាវឱ្យរដ្ឋាភិបាលគោរពសិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ​នៅកម្ពុជា​ផង​ដែរ។

ការអំពាវនាវនេះ បានធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែកញ្ញា​ បានព្រមានជាសាធារណៈ និងចំឈ្មោះរបស់លោកបណ្ឌិត មាស នី អ្នកវិភាគសង្គមកុំឱ្យ «ព្រហើនពេក» និងថែមទាំងបានគំរាមចាប់ខ្លួនអ្នកវិភាគសង្គមម្នាក់ទៀត គឺលោកបណ្ឌិត សេង សារី បន្ទាប់ពីលោកបានធ្វើបទវិភាគស្តីពីសេណារីយ៉ូ៦ចំណុចនៃលទ្ធភាពក្នុងការបង្កើតរដ្ឋាភិបាលបង្រួមបង្រួមជាតិ ដែលផ្តួចផ្តើមគំនិតដោយលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ។

ប៉ុន្តែក្រោយមកនៅថ្ងៃទី២០ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្តូរជំហរដោយអំពាវនាវឱ្យ​តុលាការ​ពិចារណា​​ទម្លាក់ចោលការចោទប្រកាន់​ទៅលើអ្នកស្រាវជ្រាវសង្គម លោកបណ្ឌិត សេង សារី វិញ និងដោយទទួលស្គាល់ថា ការ​អត្ថាធិប្បាយ​បែប​​វិភាគ​របស់​បណ្ឌិត​រូបនេះ ជាការវិភាគ​បែបសេណារីយ៉ូ មិនមែនគាំទ្រគំនិត​បង្កើតរដ្ឋាភិបាល​បង្រួប​​បង្រួម​ជាតិ ដែលផ្តួចផ្តើមដោយអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី នោះឡើយ។

នៅថ្ងៃទី២១ ខែកញ្ញានេះ តុលាការក្រុងភ្នំពេញ ក៏បានចេញដីកាបញ្ឈប់ការតាមចាប់ខ្លួនលោកបណ្ឌិត សេង សារី ជាផ្លូវការតាមការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ទោះជាបែបនេះក្តី នាយិការប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព បានថ្លែងថា ការគំរាមកំហែងលើអ្នកវិភាគបញ្ហាសង្គម និងនយោបាយ ដោយគ្រាន់តែអ្នកទាំងនោះប្រើប្រាស់សេរីភាព​បញ្ចេញមតិស្របច្បាប់ គឺមិនគួរត្រូវបានធ្វើឡើងតាំងពីដំបូងមកម៉្លេះ។

លោកស្រី​ថា៖ «ដូចខ្ញុំបានគូសបញ្ជាក់ ករណីនៃការចាប់ខ្លួន ឬចោទប្រកាន់ទៅលើអ្នកវិភាគរូបនេះ មិនគួរកើតមានតាំងពីដំបូងមកម្លេះ ហើយទី២ មិនគួរមានការគំរាមកំហែងដោយផ្ទាល់ពីថ្នាក់ដឹកនាំជាន់ខ្ពស់នោះទេ ចឹងហើយសម្រាប់យើងអង្គការសង្គមស៊ីវិលយើង​ទទូចដល់ថ្នាក់ដឹកនាំ និងរដ្ឋាភិបាលក្នុងការធានាដល់សិទ្ធិសេរីភាពរបស់ពលរដ្ឋ មិនមែនតែអ្នកវិភាគនោះទេ ប៉ុន្តែសម្រាប់ពលរដ្ឋទូទៅផងដែរ ហើយ​ការបើកចិត្តទូលាយ ដែលចុងក្រោយនេះមានការទទួលស្គាល់ និងការវិភាគអីជាដើមហ្នឹង ជាអ្វីដែលយើងចង់ឃើញថា នៅក្នុងសង្គមប្រជាធិបតេយ្យ យើងត្រូវបើកចិត្តឱ្យ​ទូលាយក្នុងការទទួលស្គាល់ និងស្តាប់ឱ្យ​​បានច្រើន ជជែកឱ្យ​បានច្រើន បើទោះបីជាមតិហ្នឹងស្របឬមិនស្របក៏ដោយ គឺត្រូវមានការទទួលស្គាល់នូវទស្សនៈចម្រុះហ្នឹង»។

ប៉ុន្តែប្រធានអង្គភាព​អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានលើកឡើង​ថា ការវិភាគត្រូវទទួលខុសត្រូវចំពោះការវិភាគរបស់ខ្លួន។ លោកបន្តថា ការធ្វើបទវិភាគណាមួយមិនត្រូវ​ភ្ជាប់ជាមួយនិន្នាការនយោបាយណាមួយនោះឡើយ។

លោក ផៃ ស៊ីផាន មានប្រសាសន៍យ៉ាងដូច្នេះថា៖ «គេនិយាយអ្វីនិយាយទៅ តែយើងត្រូវទទួល​ខុសត្រូវ ឃើញបណ្ឌិតថ្មីៗនេះ​ សម្តេចលោកអនុគ្រោះឱ្យ​ហ្នឹងគាត់និយាយ គាត់បកស្រាយរបស់គាត់ត្រឹមត្រូវ គាត់ជាអ្នកវិភាគមួយដែលយើងស្តាប់ទៅ គាត់ប្រាប់ថា គាត់អត់មាននិន្នាការនយោបាយណាទេ បើយកចិត្តទុកដាក់ក៏យកទៅ បើមិនយកក៏ហីទៅ ដូច្នេះការលើកឡើងរបស់គាត់ហ្នឹង គឺជាការទទួលខុសត្រូវ ហើយអ្នកវិភាគមួយចំនួនហ្នឹង  គឺអ្នកសកម្មជន ដែលប្រព័ន្ធផ្សព្វផ្សាយប្រឆាំងគេយកទៅធ្វើជា បុគ្គលក្នុងការវិភាគ បុគ្គលក្នុងការ​ផ្សព្វ​ផ្សាយ»។

យ៉ាងណាក្តី សេចក្តីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិល បានចាត់ទុកថា សេរីភាពនៃការ​បញ្ចេញមតិ ជាសេរីភាពមូលដ្ឋានរបស់ពលរដ្ឋគ្រប់រូប ដោយ​មិនគួរត្រូវបានការពារ និងគោរព តែនៅពេលដែលប្រើប្រាស់ដើម្បីសរសើររដ្ឋាភិបាលនោះទេ ប៉ុន្តែ​គួរត្រូវបានអាជ្ញាធរគោរព និងការពារគ្រប់ការបញ្ចេញមតិទាំងអស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ