សមត្ថកិច្ច​ឃាត់​ខ្លួន​អ្នកសារ​​ព័ត៌មាន​សហគមន៍​ម្នាក់ ខណៈ​មនុស្ស​៣០​នាក់​កំពុង​សាកសួរ​នៅ​ស្នងការ​ខេត្តកណ្តាល

ព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ អាជ្ញាធរខេត្តកណ្តាល ប៉ះទង្គិចជាមួយនឹងប្រជាពលរដ្ឋរងគ្រោះដីធ្លីក្រោមគម្រោងរបស់ក្រុមហ៊ុនសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី (OCIC) ខណៈប្រជាពលរដ្ឋប្រមាណជាច្រើននាក់បានព្យាយាមបិទផ្លូវចេញចូលទៅទីតាំងដីមានទំនាស់ ដើម្បីទាមទារឱ្យអាជ្ញាធរដោះស្រាយបញ្ហាជម្លោះដីធ្លី។ (ហ៊ី ឆាយ)

អ្នកសារព័ត៌មាន​​សហគមន៍ជាស្រ្តីម្នាក់ ត្រូវបានសមត្ថកិច្ចខេត្តកណ្តាល ឃាត់ខ្លួនសួរនាំជាង ៧ម៉ោង ពេល​ចុះ​យក​ព័ត៌មាន​រឿង​វិវាទដីធ្លី ខណៈពលរដ្ឋ​​ប្រ​​មាណ ៣០នាក់ ​​ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន​អភិវឌ្ឍន៍ព្រលាយន្ត​​ហោះ​​អន្តរ​​ជាតិថ្មី កំពុង​​ឃុំខ្លួននៅស្នងការដ្ឋាន​នគរ​បាល​ខេត្ត​នៅឡើយ គិត​មកដ​ល់​ល្ងាចថ្ងៃចន្ទនេះ។

អ្នកស្រី ច្រាយ នីម ដែលត្រូវគេស្គាល់ថា ជាអ្នកតវ៉ាយ៉ាងសកម្មក្នុងរឿង​​​ជម្លោះដីធ្លីនា​ពេល​កន្លងទៅ និងបច្ចុប្បន្នជា​​អ្នក​​សារព័ត៌មាន​សហគមន៍ ប្រាប់វីអូឌីក្រោយពេលសមត្ថកិច្ចដោះលែង​ថា អ្នកស្រីត្រូវបានសមត្ថ​កិច្ចឃាត់ខ្លួន នៅខាង​​មុខ​​ស្នង​​ការដ្ឋាន​នគរ​បាល​​​ខេត្តកណ្តាល អំឡុងពេលអ្នកស្រី ព្យាយាមផ្តិតយករូបភាព ជុំវិញ​ករណីតវ៉ារបស់​ក្រុមសាច់ញាតិពលរដ្ឋ ៣០នាក់ ​​ដែល​សមត្ថកិច្ច​​​ចាប់​​ខ្លួននៅទីនោះ។

អ្នកស្រីបន្តថា ក្រោយ​ការ​សួរនាំជាង ៧ម៉ោង និងមានការ​ធានា​ពីកូន​ស្រី​របស់​អ្នកស្រីផងនោះ សមត្ថកិច្ច​ខេត្ត​ បានសម្រេច​ដោះលែង​អ្នកស្រីវិញ ខណៈអ្នកស្រីមិនត្រូវបានគេរកឃើញថា មានកំហុសក្នុង​​ការផ្តិត​​យករូប​​ភាព​​នេះទេ។

អ្នកស្រីបន្តថា៖ ​«គ្រាន់តែថាឱ្យកូនយើងធានាហើយគេសុំឱ្យយើងសហការជាមួយសមត្ថ​កិច្ច ប្រសិន​​​បើទៅថតអី ហើយប្រាប់គេផង ហើយខ្ញុំថា ខ្ញុំមិនបានប្រាប់ទេ ខ្ញុំជាអ្នកសារព័ត៌មាន បើរាយ​​ការណ៍​អាជ្ញាធរដែលឱ្យថតអី »។

នៅក្នុងជម្លោះដីធ្លី ពីគម្រោងការសាងសង់ព្រលានយន្តអន្តរជាតិភ្នំពេញថ្មី នៃក្រុមហ៊ុន អូស៊ីអាយស៊ី(OCIC) របស់​​លោក​​ឧកញ៉ា ពុង ឃាវសែ នេះ មនុស្សយ៉ាងហោចណាស់ ៣០នាក់ ត្រូវបានសមត្ថ​កិច្ច​ចាប់ខ្លួន កាល​​​​ពី​​ថ្ងៃទី១២ ខែកញ្ញា ខណៈពួកគេតវ៉ាឱ្យមានដំណោះស្រាយសមរម្យ ពីផលប៉ះពាល់ដោយសារ​​គម្រោង​អភិ​វឌ្ឍន៍​នេះ។​

អ្នកស្រី តូច កែវ ដែល​អះអាង​ថា ស្វាមី​របស់អ្នកស្រី​ ក៏ត្រូវបានសមត្ថ​​កិច្ចចាប់ខ្លួន ក្នុងការតវ៉ានេះ​ដែរ ឱ្យ​​​ដឹង​​ថា នៅពេលនេះ អ្នក​ដែល​ត្រូវ​បាន​ចាប់ខ្លួនទាំងអស់ ត្រូវបានសមត្ថកិច្ច​បញ្ជូន និងកំពុងឃុំខ្លួន​នៅស្នងការ​​ខេត្ត​​កណ្តាល​​​។ អ្នក​​ស្រី​​ឱ្យដឹងថា ក្រុមសាច់​ញាតិទាំងអស់ ដែលមកប្រមូលផ្តុំគ្នានៅខាងមុខស្នងការខេត្ត ទាម​​​ទារ​​ឱ្យមានការដោះលែងអ្នកដែលត្រូវបាន​ចាប់ខ្លួន​នោះវិញ។ អ្នកស្រីបន្ត​ថា ​​នៅ​​ព្រឹក​​មិញ​នេះ សមត្ថ​​កិច្ច មិនអនុញ្ញាត​ឱ្យពួកគេចូលជួបមុខ និង​​​ផ្តល់​​សម្ភារៈ ឬ​បាយ​​ទឹកដោយផ្ទាល់ដៃដល់​សាច់ញាតិ​របស់​ពួកគេ​ឡើយ។

អ្នកស្រីបន្តថា៖ «ខ្ញុំយកបាយ ហើយនិងយកខោអាវឱ្យគាត់តែផ្ញើ​បានតែត្រឹមប៉ូលិសដែល​យាមនៅ​​នឹង​មុខប៉ុស្តិ៍ហ្នឹងទេ។ យើងអត់បានជួបទេ គេអត់ឱ្យជួបទេ »។

បើតាមអ្នកស្រី តូច កែវ នៅក្នុងគ្រួសាររបស់អ្នកស្រី មានសមាជិក ២នាក់ ត្រូវបានសមត្ថ​កិច្ចចាប់ខ្លួន កាល​​ពី​​​​ថ្ងៃ​​ម្សិល​​មិញ រួមមាន ស្វាមី និងបងប្រុសរបស់អ្នកស្រី។

ដោយឡែក លោក ឡុង សុភ័ណ្ឌ ដែលអះអាងថា ប្អូនស្រីរបស់លោកត្រូវបានសមត្ថ​​កិច្ចចាប់ខ្លួនដែរនោះ ចាត់ទុក​ការចាប់ខ្លួនពលរដ្ឋ​នេះថាជារឿងអយុត្តិធម៌ ខណៈពលរដ្ឋ​ទាំងនោះ​គ្រាន់តែតវ៉ា​​ទាមទារ​សំណងសមរម្យមួយប៉ុណ្ណោះ ក្នុងនាមជាម្ចាស់ដី។

លោកបន្តថា៖​ «ធ្វើម៉េចបើការអភិវឌ្ឍប៉ះពាល់ចឹងហើយ គ្រាន់តែសុំឱ្យពួកគាត់រាងថ្លៃទៅ ដើម្បីអាច​ឱ្យ​​​ពួកគាត់ទៅទិញដីចម្ការអីបានវិញអ៊ីចឹងទៅ។ ប្រជាពលរដ្ឋភាគច្រើន គឺ​ពួក​គាត់​មិន​ទទួល​យក​តម្លៃ ៨​ដុល្លារ​​ហ្នឹង »។

យ៉ាងនេះក្តី រដ្ឋបាលខេត្តកណ្តាល បានចេញសេចក្តីប្រកាសព័ត៌មាន​ភ្លាមៗ ក្រោយហេតុការណ៍នេះផ្ទុះឡើង ដោយ​បញ្ជាក់ថា ការប្រើប្រាស់វិធានការទៅលើ​ពលរដ្ឋ​ទាំងនោះ គឺជាការបង្ខំចិត្តតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត អ្នកតវ៉ាមាន​​គ្នា​​ប្រមាណ ១០០នាក់ បានប្រើប្រាស់ដំបង គប់ដុំថ្ម បាញ់ជំពាមកៅស៊ូ និងគប់ដបសាំង មកលើសមត្ថ​​កិច្ច បណ្តាល​​ឱ្យសមត្ថ​​​កិច្ចដែលឈរជើងការពារ និងរក្សាសណ្តាប់ធ្នាប់ រងរបួសចំនួន ១៣នាក់។​

អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត យល់ឃើញថា បញ្ហានេះគេបានទស្សទាយទុកជាមុនរួចជាស្រេចហើយថា វាពិតជាពិបាកក្នុងការបញ្ចៀស​​នូវ​​អំ​ពើហិង្សាណាស់ ព្រោះបើពិនិត្យមើលយន្តការ ដោះស្រាយគឺមិនមាន។ លោកបន្ថែមថា ក្រៅពីកង្វះ​​មធ្យោ​​​​​​បាយ​​​ដោះស្រាយ ដោយ​សន្តិវិធីហើយ កម្លាំងសមត្ថកិច្ចក៏ត្រូវ​​បានដាក់​ពង្រាយនៅតំបន់​មានជម្លោះ​ថែមទៀត។

បើតាម លោក វណ្ណ សុផាត បញ្ហានេះ​ចង់មិនចង់ គឺ​ប្រាកដ​ជាផ្ទុះឡើង ទាំងរូបភាពហិង្សា និងវិវាទ​​ផ្លូវ​​ច្បាប់​។ អ្នកជំនាញផ្នែកសិទ្ធិមនុស្សរូបនេះ បន្ថែមថា ភាគីក្រុមហ៊ុន និងរដ្ឋាភិបាល គួរ​រកច្រកចេញ​​ដោយ​​​សម​​រម្យ​​​លើផ្នែកណាមួយ ជាមួយពលរដ្ឋ ជាជាងប្រើវិធានការច្បាប់​បែបនេះ។

លោកបន្តថា៖ «បញ្ហាហ្នឹងបើគិតពីដំណោះស្រាយដីធ្លី ប្រសិនបើអាជ្ញាធរ និងក្រុមហ៊ុនដោះ​​ស្រាយ​​តាម​​ច្បាប់ដែលមានស្រាបដូចជាច្បាប់ អាសាមិករ ច្បាប់ភូមិបាល និងច្បាប់​​រដ្ឋធម្មនុញ្ញ​របស់​​យើង​​គឺ​​ត្រូវតែមានសំណង និងយុត្តិធម៌ជាងមុន » ។

ក្រុមអ្នកតវ៉ាធ្លាប់លើកឡើង​អំឡុងពេលតវ៉ាក្នុងពេលកន្លងទៅថា ការផ្តល់សំណងត្រឹម ៨ដុល្លារ ក្នុងមួយ​​ម៉ែត្រការ៉េនេះ គឺមិនអាចទទួលយកបានទេ ខណៈដីនៅក្បែរនោះ មានតម្លៃរហូតដល់ ២០ ទៅ ៣០ ដុល្លារ ក្នុងមួយម៉ែត្រ។ ពលរដ្ឋទាំងនោះ បន្តថា​ ការ​ផ្តល់សំណងត្រឹម​ ៨ដុល្លារនេះ ក៏មិនអាចទៅដោះដូរ ឬទិញលក់ នៅកន្លែង​​ផ្សេង​​បាន​​ដែរ​​។ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ពលរដ្ឋបានចេញលិខិតចំហរមួយច្បាប់ ដោយបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះ អន្តរជាតិភ្នំពេញថ្មី អូស៊ីអាយស៊ី (OCIC) របស់លោក​ឧកញ៉ា ពុង ឃាវសែ នេះ បានធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋ ៣៣០គ្រួសារ មកពីឃុំចំនួន៤ រួមមាន ឃុំបឹងខ្យាង ឃុំអំពៅព្រៃ ឃុំព្រែកស្លែង ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងឃុំពត់សរ នៅស្រុកបាទី ខេត្តតាកែវ ដែលមានក្បាលដីទំហំជាង ១លានម៉ែត្រការ៉េ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ