ពលរដ្ឋរង​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍ​ផ្លូវ​ដែក​ស្នើ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ពន្លឿន​ការ​ដោះស្រាយ​

សាលារាជធានីភ្នំពេញ​

ពលរដ្ឋប្រមាណ ៣០ គ្រួសារដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍផ្លូវដែកនៅសង្កាត់បឹងកក់២ និងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ​ស្នើអាជ្ញាធររាជធានីភ្នំពេញពន្លឿនការដោះស្រាយដោយ​បារម្ភខ្លាច​អាជ្ញាធរចុះរុះរើផ្ទះ ដោយមិនមានដំណោះស្រាយ។

ប្រជាពលរដ្ឋដែលរងផលប៉ះពាល់​ពីគម្រោង​អភិវឌ្ឍផ្លូវដែក គ្រោង​នឹង​នាំគ្នា​យក​ញត្តិដាក់​ទៅ​កាន់​​សាលារាជធានីភ្នំពេញ​នៅថ្ងៃទី១៣ ខែកញ្ញា ២០២១ ដោយ​ឱ្យអាជ្ញាធរ​ពន្លឿន​ការ​ដោះស្រាយ​បញ្ហា​ផ្ទះសំបែង​របស់​ពួកគាត់ ដែល​នឹង​ត្រូវ​រុះរើ​ដោយ​អាជ្ញាធរ​ខណ្ឌទួលគោក​ ដើម្បី​បើក​ផ្លូវ​ស្ថាបនា​ផ្លូវ​បេតុង និង​អាងស្តុប​ទឹក​ក្នុង​ខណ្ឌទួលគោក​នា​ពេល​ខាង​មុខ។

ពលរដ្ឋរស់​នៅ​ភូមិ​១៧ សង្កាត់​បឹងកក់​២ លោក កូវ សារុន ប្រាប់​វីអូឌី​នៅ​ថ្ងៃសៅរ៍​​នេះ​​ថា សាលា​រាជធានី​ភ្នំពេញ​នៅ​មិន​ទាន់​​​បាន​​ដោះ​​ស្រាយ​​ឱ្យ​​ពួកគាត់​ដែល​រង​ផលប៉ះពាល់​ពី​គម្រោង​​អភិវឌ្ឍ​ផ្លូ​វ​ដែក​នេះនៅ​ឡើយ​ទេ ខណៈពលរដ្ឋប៉ះពាល់​​ទាំង​ស្រុង​​ដោយ​ការ​​អភិវឌ្ឍ​នេះ​ បាន​បដិសេធ​​ទទួល​យក​ដី​នៅ​តំបន់​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន 7NG ដែល​ស្ថិត​នៅ​ខេត្តកណ្តាល និង​នៅ​គោកខ្សាច់ ដោយ​​ពួកគាត់​​ស្នើ​សុំ​ដី​​នៅ​វត្តទួល​អស់​លោក ឬដី​ក្នុង​ខណ្ឌទួលគោកវិញ។

លោកថា៖ «ដីតម្លៃ១០០០ ទៅ​២០០០​ ដុល្លារ​មិន​ស្មើដី​យើង​តម្លៃ១​ការ៉េ ៤ ទៅ ៥ ពាន់ដុល្លារ ​បើ​​យើង​​គិត​រាប់​ម៉ឺនដុល្លារ ​តែ​យើង​គិត​ថា​ រដ្ឋ​មិ​ន​មាន​លុយ ប៉ុន្តែរដ្ឋមាន​សិទ្ធិក្នុង​ការ​ចាត់ចែង​ដី​ក្នុង​ក្រុង​ភ្នំពេញ​កន្លែង​ណា​ក៏​រដ្ឋ​អាច​ធ្វើបាន​ដែរ។ ​បឹង​ជាច្រើន​ត្រូវ​បាន​លុប​ឱ្យ​ឯកជន​​ចុះ​ហេតុអី​ដី​​ដែល​ឱ្យប្រជាពលរដ្ឋ​រៀបចំ​ចំណាត់ការ​ជូន​ប្រជាពលរដ្ឋ​ ព្រោះ​មិនមែន​អភិវឌ្ឍន៍​ហើយ​យក​ពួកខ្ញុំទៅ​បោះបង់​ចោល​ទេ។ ​មិន​មែន​​ជា​ជម្រើស​​ដើម្បី​ទាំងអស់​គ្នាទេ អភិវឌ្ឍន៍​​ដើម្បី​រដ្ឋ មិនមែន​អភិវឌ្ឍន៍​ដើម្បី​ឯកជនទេ បើ​អភិវឌ្ឍន៍​ដើម្បី​ទាំងអស់​គ្នា គួរ​​​ស្វែង​​រក​​ជម្រើស​​ណា​​ដែល​ពួក​​ខ្ញុំ​​ទទួល​យក​បាន​ផង»។

លោកបន្តថា មូលហេតុដែល​ពួកគាត់​ចំនួន ២៥ គ្រួសារ ដែល​រង​ផលប៉ះពាល់​មិន​ទទួល​យក​នោះ ដោយ​សារ​ដី​នៅទី​នោះ​ឆ្ងាយ​​ហើយ​​មិន​​មាន​​ហេដ្ឋានរចនាសម្ព័ន​​អ្វីនោះ​​ទេ។ លោក​ស្នើអាជ្ញាធរ​រាជធានី​ភ្នំពេញ​ពន្លឿន​ការ​ដោះស្រាយ​ដោយ​បារម្ភខ្លា​ច​អាជ្ញាធរ​ចុះរុះរើ ​ខណៈ​អាជ្ញាធរ​​បាន​សន្យា​នឹង​ធ្វើការ​ដោះស្រាយ​ឱ្យពួកគាត់​ចាប់​តាំង​ពី​ឆ្នាំ២០២០ ប៉ុន្តែ​រហូត​​ដល់​បច្ចុប្បន្ន​មិ​ន​មាន​​ដំណោះ​ស្រាយ​​សមស្រប​​ជូន​​ពួកគេ​​ឡើយ។

លោកថា​៖​ «ជួយ​សម្រប​សម្រួលយ៉ាងណា​រវាង​អភិបាល​ខណ្ឌ​ទាំង​ពីរ គឺ​អភិបាល​ខណ្ឌទួលគោក និង​ខណ្ឌឫស្សីកែវ ​ឱ្យ​ជជែក​​គ្នា​​ក្នុង​​នោះ​ការ​​ដោះ​ស្រាយ សម្រាប់​បងប្អូន​ដែល​រងប៉ះពាល់​​ទាំង​ស្រុង និង​មួយ​ផ្នែក​​ឱ្យបាន​សមស្រប​ ​ឱ្យ​បាន​រីករាយ​ទាំង​អស់​គ្នា ​កុំយក​ជម្រើស​បង្ខំ​ពួក​ខ្ញុំ​បន្តទៀត​។ ពួកខ្ញុំ​សូម​បញ្ជាក់​ថា ការផ្ដល់​ជម្រើស​បង្ខំនេះ ពួកខ្ញុំមិន​ទទួល​យក​ដាច់​ខាត​ ទោះបី​ក្នុ​ង​រូប​បែប​ណាក៏​ដោយ ទោះ​​គំរាម​ចាប់ ​ទោះ​បី​ចង​ គឺ​ពួក​ខ្ញុំ​ចង់​បាន​ដីនៅក្នុ​ង​ក្រុង​ បើមិន​​បាន​ដីនៅ​ខណ្ឌឫស្សីកែវទេ ​ក៏បាន​នៅ​ខណ្ឌទួកគោក​ដែរ។ នេះ​ជា​អ្វី​ដែល​​ពួក​​ខ្ញុំ​ទទូច​​ស្នើ​សុំ​ម្ដ​ង​​ហើយ​​ម្ដ​ង​ទៀតតាំងពីឆ្នាំ​២០២០ ដល់២០២១ ជិតដាច់ហើយ»

អ្នកស្រី ឈូក រតនា នៅសង្កាត់​ទឹកល្អក់​មួយ​លើក​ឡើង​ថា រាល់​ថ្ងៃ​ពួកគាត់​បារម្ភខ្លាច​អាជ្ញាធររុះរើផ្ទះ ដោយ​មិន​​បាន​​ផ្ដល់​​សំណង​​ដូច​​ករណី​ដែល​​ធ្លា​ប់​​កើត​​ឡើង​​នា​ពេល​​កន្ល​ង​មក។ អ្នកស្រីស្នើឱ្យ​អាជ្ញាធរ​ពន្លឿន​ការ​ដោះស្រាយ​ដោយ​ផ្ដល់​ដី​នៅ​រាជធានីភ្នំពេញ ប៉ុន្តែ​បើ​​សិន​​ជា​​អាជ្ញាធរ​​ឱ្យ​ពួកគាត់​​ទៅ​យក​​ដី​​នៅ 7NG ខេត្តកណ្តាល និង​នៅគោក​ខ្សាច់ ក្នុ​ងខណ្ឌកំបូល ជំនួសការបាត់បង់​ផ្ទះសំបែង ពួកគាត់​​នឹង​​មិន​​ទទួល​​ឡើយ។

អ្នកស្រី៖ «ខ្ញុំបារម្ភខ្លាច​គាត់​ដេញ​ខ្ញុំ​​អត់មា​ន​សំណង​ឱ្យខ្ញុំ ហើយ​គាត់​ឱ្យខ្ញុំទៅ​នៅ​គោកខ្សា​ច់ ខ្ញុំមិន​ទៅនៅ​ទេ ព្រោះនៅនោះអត់​មាន​ទឹក ពលរដ្ឋ​​នៅនោះ​ទិញ​ទឹក​គេ ហើយពី​ទៅបីថ្ងៃបាន​ទឹក​មក​ដល់។ ខ្ញុំដាក់សំណើសុំដី​រដ្ឋាភិបាលទី១ នៅខណ្ឌទួលគោក និង​​ទី២​នៅ​វត្តទួល​អស់លោក»

វីអូឌីមិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យ​សាលារាជធានី​ភ្នំពេញ​លោក ម៉េត មាសភក្ដី បានទេដោយ​ទូរសព្ទចូល​គ្មាន​អ្នក​ទទួល។

អ្នកសម្រប​​សម្រួល​​គម្រោង​​ធុរកិច្ច និង​​សិទ្ធិ​មនុស្ស​របស់​​​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក វណ្ណ សូផាត​ ជំរុញ​ឱ្យ​​អាជ្ញាធរ​​​ពន្លឿន​​​ការ​​ដោះ​ស្រាយ​ និង​​​ផ្ដល់​​ទីតាំង​​នៅ​ក្នុង​​រាជធានីភ្នំពេញជូន​​ប្រជាពលរដ្ឋឱ្យ​បាន​សមរម្យ ដើម្បី​កុំឱ្យពួកគាត់​​ទៅ​រស់​នៅ​​កន្លែង​​ដាច់​​ស្រយាល​​ដែល​​គ្មាន​​ហេដ្ឋា​រចនាសម្ព័ន្ធធ្វើឱ្យ​ពួកគាត់​ជួប​បញ្ហា​ជីវភាព​កាន់​តែ​ខ្លាំង។

លោកថា៖ «អ៊ីចឹងអំឡុងពេលហ្នឹងរដ្ឋាភិបាលគួររកដំណោះស្រាយសមស្របណាមួយ ដែលគាត់អាច​ទទួល​យកបាន​នៅតំបន់​ក្បែកន្លែង​គាត់​រស់​នៅហ្នឹង»។ ពលរដ្ឋរស់នៅភូមិ១៧ សង្កាត់បឹងកក់២ លោក  កូវ សារុន  អះអាងថា ពលរដ្ឋដែល​រងផលប៉ះពាល់​ពី​គម្រោង​ផ្លូវដែក​ទាំង​​ស្រុងមានចំនួន២៥ គ្រួសារ និងចំនួន ៥ គ្រួសារទៀត ប៉ះពាល់មួយ​ចំនួន។ លោកបន្តថា ពួកគាត់នឹង​មិន​ទៅ​រស់នៅ​ខេត្ត និង​​តំបន់​​ក្រៅ​​ពី​​​រាជធានី​ភ្នំពេញ​ទេ ព្រោះពួកគេបា​ន​រស់​នៅ​លើទី​តាំង​ដី​​បច្ចុប្បន្ននេះ​​អស់​​រយៈពេល ​៣០ ឆ្នាំមក​ហើយ  ប៉ុន្តែបើ​​សិន​​​ជា​​អាជ្ញាធរ​​មិ​​ន​ព្រម​​ដោះ​ស្រាយ​ទេ ពួកគាត់​នឹង​នាំ​គ្នា​តវ៉ា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ