សកម្មជន​បរិស្ថាន​បដិសេធ​បទ​ចោទ​ «រួម​គំនិត​ក្បត់​» ដោយថា​ការងារ​ពួកគេ​ធ្វើ​ដើម្បី​​ការពារ​ធនធាន​ធម្មជាតិ

សកម្មជនបរិស្ថាន កញ្ញា ឡុង គន្ធា។ (ចលនាមាតាធម្មជាតិ)

សកម្មជនបរិស្ថានបដិសេធបទចោទប្រកាន់ «រួមគំនិតក្បត់» ដែល​ទើប​ចោទ​បន្ថែម​ និង​ស្នើតុលាការ​ទម្លាក់​បទចោទ ហើយដោះលែងពួកគេឱ្យមានសេរីភាពវិញ ដោយថា សកម្មភាពការងារ​ដែលពួកគេធ្វើនោះ ដើម្បី​ចូល​រួម​កែលម្អ​ចំណុច​ខ្វះ​ចន្លោះរ​បស់​រដ្ឋាភិបាល និងការពារធនធានធម្មជាតិ​តែប៉ុណ្ណោះ។

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃពុធ​នេះ បានកោះហៅ​សកម្មជនបរិស្ថានម្នាក់​ទៀត កញ្ញា ឡុង គន្ធា មកសាកសួរក្រោមបទចោទប្រកាន់ «រួមគំនិតក្បត់» ពាក់ព័ន្ធនឹងសំណុំរឿងជាមួយសកម្មជនបរិស្ថាន៤​នាក់ទៀតដែល​សមត្ថកិច្ច​ចាប់ខ្លួនកាលពីខែមិថុនា ឆ្នាំ២០២១ អំឡុងពេលពួកគេចុះ​ថតការបង្ហូរទឹកស្អុយចូលទន្លេ។

មេធាវីការពារក្ដីឱ្យសកម្មជនបរិស្ថានទាំង៣​នាក់ លោក សំ សុគង់ ប្រាប់ វីអូឌី ថាចៅក្រមស៊ើបសួរ នៅថ្ងៃនេះ បាន​សាកសួរកញ្ញា​ ឡុង គន្ធា បន្ទាប់ពីសាកសួរលោក ថុន រដ្ឋា និងកញ្ញា ភួន កែវរស្មី រួច។ លោកបន្តថា ក្នុងសំណួរជាច្រើនដែលចៅក្រមស៊ើបសួរបានសាកសួរកញ្ញា ឡុង គន្ធា ភាគច្រើន​ពាក់ព័ន្ធ​នឹង​​​គោល​បំណង និងការងារដែលពួកគេបានធ្វើ រួមនឹង​​សកម្មភាពការងារ​នៃចលនាមាតាធម្មជាតិ។

លោក​មេធាវី បានស្រង់សម្តីកូនក្តីរបស់ខ្លួន​ដែល​ប្រាប់ចៅក្រមថា គោលបំណងនិងសកម្មភាពការងាររបស់ចលនាមាតាធម្មជាតិ នាពេលកន្លងមកនិងបច្ចុប្បន្ននេះ ដើម្បីចូលរួមកែលម្អចំណុចខ្វះខាតរបស់រដ្ឋាភិបាល បញ្ហាបរិស្ថាន និង​ការពារធនធានធម្មជាតិឱ្យមានតម្លាភាពតែប៉ុណ្ណោះ។

លោក សំ សុគង់​ បន្តទៀត​​ថា អង្គហេតុដែលតុលាការយកមកចោទប្រកាន់នោះ ធ្វើឡើងនៅចន្លោះ​ឆ្នាំ២០១២ ដល់​​ឆ្នាំ​២០២១ ប៉ុន្តែកូនក្ដីរបស់លោកទើប​ចូល​ធ្វើការងារ​នៅ ​«ចលនា​មាតា​ធម្មជាតិ​» នៅឆ្នាំ២០១៩ ហើយ​​អង្គ​ហេតុ​ឆ្នាំ​២០១៩​នោះ សាលាដំបូង​បាន​ផ្ដន្ទាទោសកូនក្ដីរបស់លោករួច​ហើយ ពាក់​ព័ន្ធ​នឹង​បទ​ចោទ​​«ញុះញង់»។ ករណីនេះ លោក​​ថា តុលាការមិនគួរយកអង្គហេតុចាស់ដែល​បាន​កាត់​ទោស​រួច យក​មក​ចោទ​ប្រកាន់​ជា​បទល្មើសថ្មី​មួយ​ទៀត​ឡើយ។

លោកគូសបញ្ជាក់​ថា៖ «បទល្មើស “រួមគំនិតក្បត់” ក៏ជាអង្គហេតុឆ្នាំ២០១៩-២០២១ ប៉ុន្តែនៅឆ្នាំ២០២១ កូនក្ដីយើងខ្ញុំមិនចូលរួមឬស្ម័គ្រចិត្តអីនៅក្នុងចលនាមាតាធម្មជាតិអីទៀតទេ​ ព្រោះគាត់ត្រូវបានតុលាការឃុំខ្លួនតាំងពីឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ន។ ​អ៊ីចឹងក្រុមមេធាវីការពារ យល់ឃើញថា បើសិនជាអង្គហេតុតែមួយចោទទៅក្នុងបទល្មើសផ្សេងគ្នាពីរ ហើយបទល្មើសទី១ បានកាត់ទោសរួចហើយ ដាក់ទោស១៨ខែ។» ​

លោក សំ សុគង់ បន្ថែម​ថា ក្នុងអំឡុងពេលចៅក្រមសាកសួរនោះ កញ្ញា ឡុង គន្ធា ក៏បានបដិសេធបទចោទប្រកាន់ «រួមគំនិតក្បត់» ដែលទើបនឹងចោទថ្មីនេះ និងស្នើទៅតុលាការដោះលែងពួកគេឱ្យមានសេរីភាពវិញផងដែរ។

កាលពី​ថ្ងៃ​​៥​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​១​ ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​​សម្រេច​​ផ្ដន្ទាទោសលោក​ ថុ​ន​ ​រដ្ឋា​ ​ដាក់​ពន្ធ​នាគា​រ​ចំនួន​២​០​​ខែ ខណៈកញ្ញា​ ភួ​ន​ ​កែវ​រស្មី​ ​និង​កញ្ញា​ ​ឡុង​ ​គន្ធា​ ​ត្រូវ​បាន​​​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​​​១​៨​ខែ​ ​និង​ពិន័យ​ជាប្រាក់៤លាន​រៀល​ដូចគ្នា​ ក្រោមបទចោទប្រកាន់​ «​ញុះញង់​បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»

ការចោទប្រកាន់និងឃុំខ្លួនសកម្មជនបរិស្ថាន ធ្វើឡើងបន្ទាប់ពីពួកគេធ្វើយុទ្ធនាការដើរថ្មើ​រជើងពីវត្តភ្នំទៅកាន់ផ្ទះលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីដាក់ញត្តិសុំអន្តរាគមន៍ឱ្យបញ្ឈប់ការលុប«បឹងតាមោក»ទៀត ដោយថា បឹងនោះជាបឹងធម្មជាតិធំជាងគេនិងសល់ចុងក្រោយគេនៅរាជធានីភ្នំពេញ។

គិតត្រឹមខែកញ្ញា ឆ្នាំ២០២១ ​លោក​ ថុ​ន​ ​រដ្ឋា​, កញ្ញា​ ភួ​ន​ ​កែវ​រស្មី​ ​និង​កញ្ញា​ ​ឡុង​ ​គន្ធា​ ​បានជាប់ពន្ធនាគារ១ឆ្នាំហើយ។

ប្អូនរបស់កញ្ញា ឡុង គន្ធា គឺកញ្ញា ឡុង សុខលីន បង្ហាញការសោកស្ដាយដែលតុលាការបន្ថែមបទចោទប្រកាន់ «រួមគំនិតក្បត់» ខណៈ​បងស្រីរបស់ខ្លួន​បាននិង​កំពុងជាប់ឃុំនៅពន្ធនាគារទាំងអយុត្តិធម៌​​​ក្នុងសំណុំ​​រឿង​ចាស់ពីបទ​ «ញុះញង់»។

កញ្ញា​ថា៖ «វាជារឿងមួយអយុត្តិធម៌​ចំពោះគាត់ សកម្មភាពទាំងអស់​ដែលគាត់ធ្វើ អត់មានថាទៅញុះ​ញង់អ្នក​ណា ឬក៏ទៅបង្កភាពវឹកវរដល់សន្តិសុខសង្គមដែរ! ហើយក៏​មិនបានទៅរួមគំនិតក្បត់ដែរ! អ៊ីចឹងខ្ញុំទទួលយកអត់បានទេដែលគេចោទមកលើបងស្រីខ្ញុំ ចំពោះការចោទគាត់ថែមមួយបទទៀត»។

ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា ចាត់ទុកការចោទប្រកាន់ទៅលើ​សកម្មជន​បរិស្ថានពីបទ «រួមគំនិតក្បត់» នេះ ធ្វើឡើងមិនមាន​អ្វីខុសពីករណីមុនៗនោះទេ។ លោកយល់ថា ការ​កោះហៅ​សកម្មជន​បរិស្ថាន​នាពេលនេះ គ្រាន់តែជាការបំពេញដំណើរការនីតិវិធីរបស់តុលាការតែប៉ុណ្ណោះ ខណៈសកម្មភាពរបស់ក្រុមយុវជនទាំងនោះជាការប្រើប្រាស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិសេរីភាពក្នុងការចូលរួមចំណែកការពារធនធានធម្មជាតិនិងបរិស្ថានប៉ុណ្ណោះ។

លោកបន្តថា៖ «ខ្ញុំគិតថា អាហ្នឹងវាមិនមែនជារឿងអីខុសច្បាប់នោះទេ ប៉ុន្តែចំពោះការចោទប្រកាន់តាមផ្លូវតុលាការ ខ្ញុំគិតថា វាជារឿងមួយដែលយើងគិតថា វាជារឿងនីតិវិធីនៃដំណើរការក្តីរបស់តុលាការទេ! ប៉ុន្តែវាទាក់ទងទៅនឹងបញ្ហាបទល្មើស វាមិនអាច យើងយកអំពើដែលមិនបានប្រព្រឹត្ត​អីឱ្យ​​មានការខូចខាតប៉ះពាល់អី​ដល់ប្រយោជន៍សង្គម អ្នកដែលការពារប្រយោជន៍សង្គម បែរជាត្រូវមានការយកទៅកាត់ទោសកាត់ក្តីអីទៅវិញ វាជារឿងមួយដែលគួរឱ្យសោកស្តាយ»។

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ អង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សនិងបរិស្ថាន បង្ហាញកង្វល់អំពីការឃុំខ្លួនសកម្មជនបរិស្ថាន និងអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាគោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសិទ្ធិមនុស្សអន្តរជាតិ​ ដើម្បីធានាសិទ្ធិសេរីភាពអ្នកការពារសិទ្ធិមនុស្សនិង​បរិស្ថាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ