សមត្ថ​កិច្ច​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​សកម្មជន​​បរិស្ថាន​ពីរ​នាក់​ដែល​ថា​សមត្ថកិច្ច​គំរាម​ចាប់​ខ្លួន​ពួកគេ

សកម្មជនការពារបរិស្ថាននិងសិទ្ធិមនុស្ស លោក ជុំ ហួត និងលោក ជុំ ហួរ។ (ហ្វេសប៊ុក៖ Chum Hout Chum Hour)

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ច្រានចោលការចោទប្រកាន់របស់បងប្អូនភ្លោះពីរនាក់ដែលជាសកម្មជនបរិស្ថាន ដែលថា​ សមត្ថកិច្ចបានគំរាមចាប់ខ្លួនពួកគេកាលពីម្សិលមិញនោះ។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានប្រាប់ វីអូឌី នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ នេះថា កាលពីព្រឹកថ្ងៃអង្គារ ទី០៧ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយអាជ្ញាធរ​មូលដ្ឋាន​សង្កាត់បឹងទំពន់១ បានចុះធ្វើ​រដ្ឋបាលត្រួតពិនិត្យនៅតាមបន្ទប់ជួល ដោយសារមានជនសង្ស័យលើបទល្មើស​ឆក់​រត់​ចូល​ក្នុង​ទីតាំងនោះ។

លោកបន្តថា ពេល​កំពុ​ងអនុវត្តការងារ ក៏មានយុវជន២នាក់ដែលជា​បងប្អូនភ្លោះ​នោះបានចេញមក​ថត​សកម្មភាពអនុវត្តការងាររបស់សមត្ថកិច្ចដោយពុំមានការអនុញ្ញាត ទើប​សមត្ថកិច្ចជំនាញ​បានធ្វើការណែនាំ អប់រំ និងឱ្យលុប​រូប​នោះ​ចេញវិញ ដោយមិនមាន​ការ​ឃាត់ខ្លួនឬគំរាមកំហែងដូចការចោទប្រកាន់របស់ពួកគេឡើយ។

លោកមានប្រសាសន៍ថា៖ «សកម្មជនបរិស្ថានពីរនាក់នោះជាការផ្តល់ព័ត៌មានមិនពិត»។

លោកមានប្រសាសន៍បន្ថែមថា៖ «ជាក់ស្តែង សមត្ថកិច្ចចុះស្រាវជ្រាវ​រកជនសង្ស័យ​ករណី​ឆក់​នៅ​តំបន់​នោះដែលគាត់​បានរត់ចូលទៅទីតាំងនោះ [រត់ទៅក្បែរបន្ទប់ជួលរបស់សកម្មជនបរិស្ថាន] ហើយស្របពេលដែលសមត្ថកិច្ចកំពុងអនុ​វ​ត្ត​ការងារ យុវជនទាំងនោះក៏បានថតសកម្មភាពរបស់សមត្ថកិច្ចដោយគ្មានការអនុញ្ញាត ហើយ​ភ្លាមៗ​ សមត្ថកិច្ច​បានហៅគាត់មកលុបចេញ ហើយក៏គ្មានការឃាត់ ក៏គ្មានការគំរាមកំហែងដែរ»។

កាលពីម្សិលមិញនេះ បងប្អូនភ្លោះពីរនាក់ដែលជាសកម្មជន​ការពារបរិស្ថាននិងសិទ្ធិមនុស្ស ឈ្មោះ ជុំ ហួត និងឈ្មោះ ជុំ ហួរ​ បាននិយាយ​ថា មានមនុស្សមួយក្រុមជិត១០នាក់ ស្លៀកពាក់ស៊ីវិល និងម្នាក់ស្លៀកឯកសណ្ឋានជាប៉ូលិស បាន​ចុះទៅគំរាមកំហែងចាប់ខ្លួនពួកគេដល់បន្ទប់​ជួល នៅម្តុំសង្កាត់បឹងទំពន់ រាជធានីភ្នំពេញ ដោយមិនដឹងពីមូលហេតុច្បាស់លាស់នោះទេ។

ក្រោយពីសមត្ថកិច្ចគំរាមចាប់ខ្លួន លោក ជុំ ហួត អះអាងថា ពួកគេទាំងពីរនាក់បងប្អូនបានប្តូរកន្លែងស្នាក់នៅទៅទីតាំងផ្សេង ដោយសារបារម្ភ​ពី​សុវត្ថិភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ