អាជ្ញាធរ​ឃាត់​ខ្លួន​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ពីរ​នាក់​បញ្ជូន​ទៅ​កាន់​សាលា​ខេត្ត​កណ្តាល

ព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ អាជ្ញាធរខេត្តកណ្តាល ប៉ះទង្គិចជាមួយនឹងប្រជាពលរដ្ឋរងគ្រោះដីធ្លីក្រោមគម្រោងរបស់ក្រុមហ៊ុនសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី (OCIC) ខណៈប្រជាពលរដ្ឋប្រមាណជាង៥០នាក់បានព្យាយាមបិទកំណាត់ផ្លូវជាតិលេខ២ ដើម្បីទាមទារឱ្យអាជ្ញាធរដោះស្រាយបញ្ហាជម្លោះដីធ្លី។ (ផ្ដល់ឱ្យ)

អាជ្ញាធរបានឃាត់ខ្លួនប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីនៅភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ចំនួនពីរនាក់បញ្ជូនទៅកាន់សាលាខេត្តកណ្ដាលនៅព្រឹកមិញនេះ ខណៈប្រជាពលរដ្ឋរាប់សិបនាក់កំពុងតវ៉ា។

លោក ទួន វណ្ណៈ ដែលត្រូវជាស្វាមីនិងជាឪពុករបស់ស្ត្រីនិងកូនប្រុសម្នាក់អាយុជាង១០ឆ្នាំ បានប្រាប់ វីអូឌី ថាភរិយានិងកូនប្រុសរបស់លោកត្រូវបានអាជ្ញាធរចាប់ខ្លួន នៅពេលពួកគេវិលត្រលប់មកពីមើលស្រែចម្ការវិញ។ ប៉ុន្តែអាជ្ញាធរបានចោទប្រកាន់ពួកគេទាំងពីរនាក់ថា បានរារាំងក្រុមហ៊ុនមិនឱ្យឈូសឆាយដីធ្លី និងដកហូតយកទូរសព្ទរបស់ពួកគេទៅជាមួយផង។ លោកបន្តថា បច្ចុប្បន្ន ប្រពន្ធនិងកូនរបស់លោកត្រូវបានគេបញ្ជូនទៅកាន់សាលាខេត្តកណ្ដាល។

លោក ទួន វណ្ណៈ បានឱ្យដឹងថា ផ្ទះរបស់លោកស្ថិតនៅក្នុងតំបន់ដែលអាជ្ញាធរដាក់រនាំងដែកមិនឱ្យចេញចូល ដែលធ្វើឱ្យរូបលោកមិនអាចវិលត្រលប់ទៅផ្ទះអស់រយៈពេល២ថ្ងៃមកហើយ ខណៈម្តាយរបស់លោកដែលមានវ័យជិត៨០ឆ្នាំនៅតែម្នាក់ឯង។  

លោក ទួន វណ្ណៈ បន្តថា ខណៈមានការចាប់ខ្លួនប្រពន្ធនិងកូនរបស់លោកទាំងពីរនាក់ខាងលើនេះហើយ ប្រជាពលរដ្ឋនៅភូមិកំពង់តាឡុងរាប់សិបនាក់បានតវ៉ាទាមទារឱ្យមានការដោះលែងមនុស្សមកវិញ។ បន្ថែមលើនេះ ក្រុមប្រជាពលរដ្ឋក៏បាននាំគ្នាបិទផ្លូវពីរកន្លែង គឺបិទនៅចំណុចផ្លូវ៥៤ និងផ្លូវ៨៨ ដើម្បីកុំឱ្យកម្មករសាងសង់ព្រលានយន្តហោះឆ្លងកាត់។

គួរជម្រាបជូនថា ជម្លោះដីធ្លីរវាងប្រជាពលរដ្ឋជាង៣០០គ្រួសារនៅភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជាមួយក្រុមហ៊ុន OCIC ជាក្រុមហ៊ុនសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលនេះ បានអូសបន្លាយអស់រយៈពេល៣ឆ្នាំមកហើយ ដោយភាគីក្រុមហ៊ុនមិនព្រមទិញដីស្រែនិងដីចម្ការរបស់ប្រជាពលរដ្ឋតាមតម្លៃទីផ្សារនោះទេ ដោយទាមទារឱ្យប្រជាពលរដ្ឋលក់ក្នុងតម្លៃ៨ដុល្លារក្នុង១ម៉ែត្រការ៉េ តែប្រជាពលរដ្ឋមិនព្រម។

កាលពីថ្ងៃម្សិលមិញ មានការប្រឈមមុខដាក់គ្នាខ្លាំងជាលើកទី១ រវាងប្រជាពលរដ្ឋនិងកងកម្លាំងមានសមត្ថកិច្ច បន្ទាប់ពីប្រជាពលរដ្ឋបានព្រមានបិទផ្លូវជាតិលេខ២ ដើម្បីទាមទារឱ្យមានដំណោះស្រាយ។ ក៏ប៉ុន្តែការតវ៉ាទាមទាររបស់ពួកគេនៅតែមិនមានដំណោះស្រាយដដែល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ