អាជ្ញាធរ​ខេត្ត​កណ្ដាល​រារាំង​ពលរដ្ឋ​មិន​ឱ្យ​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​២​​នៅ​ក្នុង​ជម្លោះ​ដី​ធ្លី

ព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ អាជ្ញាធរខេត្តកណ្តាល ប៉ះទង្គិចជាមួយនឹងប្រជាពលរដ្ឋរងគ្រោះដីធ្លីក្រោមគម្រោងរបស់ក្រុមហ៊ុនសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី (OCIC) ខណៈប្រជាពលរដ្ឋប្រមាណជាង៥០នាក់បានព្យាយាមបិទកំណាត់ផ្លូវជាតិលេខ២ ដើម្បីទាមទារឱ្យអាជ្ញាធរដោះស្រាយបញ្ហាជម្លោះដីធ្លី។ (ផ្ដល់ឱ្យ)

អាជ្ញាធរខេត្តកណ្តាល និងប្រជាពលរដ្ឋភូមិតាឡុង បានប្រឈមមុខដាក់គ្នានៅព្រឹកថ្ងៃទី៧ ខែកញ្ញានេះ ខណៈប្រជាពលរដ្ឋប្រមាណជាង៥០នាក់បានព្យាយាមបិទកំណាត់ផ្លូវជាតិលេខ២ ដើម្បីទាមទារឱ្យអាជ្ញាធរដោះស្រាយបញ្ហាជម្លោះដីធ្លីរបស់ពួកគេជាមួយក្រុមហ៊ុនសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី។

តំណាងប្រជាពលរដ្ឋម្នាក់ដែលស្ថិតនៅក្នុងហេតុការណ៍នេះ បានប្រាប់ វីអូឌី តាមទូរសព្ទថា ប្រជាពលរដ្ឋមានគម្រោងបិទកំណាត់ផ្លូវជាតិលេខ២ ដើម្បីទាមទារឱ្យមានដំណោះស្រាយ​រឿងដីធ្លី ប៉ុន្តែគម្រោងនោះបានបរាជ័យ ដោយសារ​​អាជ្ញាធរដែលមានចំនួនច្រើនជាងពលរដ្ឋនោះ បានរារាំងនិងរុញច្រានពួកគេមិនឱ្យធ្វើអ្វីបានឡើយ។ តំណាងប្រជាពលរដ្ឋរូបនេះ ថ្លែងថា ពេលនេះ ពលរដ្ឋមិនដឹងត្រូវធ្វើអ្វីទៀតនោះទេ ក្រៅពីការយំស្រែកទាមទាររកដំណោះស្រាយ។

នៅខណៈដែលប្រជាពលរដ្ឋតវ៉ាបិទផ្លូវជាតិលេខ២នេះ អាជ្ញាធររាប់សិបនាក់បានដាក់រនាំងដែកបិទផ្លូវទំនប់៥៤ ខណៈកម្មករសាងសង់ព្រលានយន្តហោះបានយកគ្រឿងចក្រឈូសឆាយដីស្រែរបស់ប្រជាពលរដ្ឋ។ នេះបើតាមការបញ្ជាក់របស់ក្រុមប្រជាពលរដ្ឋ​នៅ​តំបន់​​នោះ។

ប្រជាពលរដ្ឋភូមិតាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ជាង៣០០គ្រួសារ កាលពីថ្ងៃអាទិត្យ បានធ្វើសន្និសីទកាសែតដោយបានព្រមានធ្វើការតវ៉ាបិទផ្លូវជាតិលេខ២ នៅថ្ងៃចន្ទ និង​​ថ្ងៃ​អង្គារ​នេះ ដើម្បីទាមទារឱ្យអាជ្ញាធរដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់។ ការព្រមាននេះបានធ្វើឡើង បន្ទាប់ពីមានលិខិតរបស់រដ្ឋបាលខេត្តកណ្ដាលដែលបានប្រកាសថា នឹងបិទទំនប់ទឹក ហើយកាយផ្ដាច់ផ្លូវ​ពលរដ្ឋធ្លាប់ឆ្លងកាត់ទៅកាន់ស្រែរបស់ពួកគេកន្លងមក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ