អាជ្ញាធរ​គំរាម​ចាប់​ខ្លួន​អ្នក​ការពារ​បរិស្ថាន​និង​សិទ្ធិ​មនុស្ស​២​នាក់​ដល់​បន្ទប់​ជួល​របស់​ពួកគេ​

មន្ត្រីគណបក្សខ្មែរស្រឡាញ់ជាតិ និងជាសកម្មជនការពារបរិស្ថាននិងសិទ្ធិមនុស្ស លោក ជុំ ហួត និងលោក ជុំ ហួរ។ (ហ្វេសប៊ុក៖ Chum Hout Chum Hour)

បងប្អូនភ្លោះពីរនាក់ដែលសកម្មការពារធនធានធម្មជាតិនិងសិទ្ធិមនុស្ស បានឱ្យដឹងថា មានមនុស្សមួយក្រុមជិត១០នាក់ ស្លៀកពាក់ស៊ីវិល និងម្នាក់ស្លៀកឯកសណ្ឋានជាប៉ូលិស បានចុះទៅគំរាមកំហែងចាប់ខ្លួនពួកគេដល់បន្ទប់ជួល ម្តុំបឹងទំពន់ រាជធានីភ្នំពេញ ដើម្បីបញ្ជូនទៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

លោក ជុំ ហួត ដែលអះអាងថា បច្ចុប្បន្ន មន្ត្រីជាន់ខ្ពស់នៅគណបក្សខ្មែរស្រឡាញ់ជាតិ និងជាសកម្មជនការពារបរិស្ថាននិងសិទ្ធិមនុស្ស បាននិយាយថា នៅព្រឹកថ្ងៃអង្គារនេះ មានក្រុមជនស៊ីវិលជិត១០នាក់បានជិះម៉ូតូ៣ទៅ៤គ្រឿង មកដល់មុខបន្ទប់ជួលពួកគាត់ ស្ថិតនៅភូមិសន្សំកុសល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកបន្តថា នៅពេលទៅដល់បន្ទប់ជួលរបស់លោក មានបុរ​សម្នាក់ស្លៀកពាក់ឯកសណ្ឋានជាប៉ូលិសនិងស៊ីវិលប្រហែលជា៣នាក់ទៀត ឆក់យកទូរសព្ទពីពួកគាត់ ឆែកទូរសព្ទ ថតរូប និងគំរាមថាចាប់យកទៅស្នងការថែមទៀតផង ខណៈជនស៊ីវិល៣ទៅ៤នាក់ទៀតឈរចាំនៅផ្លូវច្រកចូលផ្ទះជួលពួកគាត់ផងដែរ។

លោកនិយាយដូច្នេះថា៖ «មានមនុស្សមួយក្រុម ក្នុងនោះមានឯកសណ្ឋាននគរបាលម្នាក់ ហើយស្លៀកពាក់ស៊ីវិល៥ទៅ៦នាក់ សម្រុកចូលបន្ទប់ជួលខ្ញុំ។ ហើយបន្ទាប់មកក៏បានដកទូរសព្ទពួកខ្ញុំ ហើយមានក្រុមបច្ចេកទេសផ្សេងគេឆែកទូរសព្ទ ហើយប៉ូលិសគាត់កត់កំណត់ហេតុ គាត់ថតបន្ទប់ជួលពួកខ្ញុំ។ ហើយម្នាក់ទៀតបានគំរាមកំហែងចាប់ពួកខ្ញុំដាក់ឡាន ហើយគំរាមចាប់ដាក់ទៅអគ្គស្នងការនគរបាល»។

លោក ជុំ ហួត សង្ស័យថា ដើមចមដែលនាំឱ្យអាជ្ញាធរនិងក្រុមស្លៀកស៊ីវិលចុះគំរាមកំហែងរូបលោក ទំនងជាពួកគាត់ចូលធ្វើនយោបាយជាមួយគណបក្សខ្មែរស្រឡាញ់ជាតិទៅវិញ។

លោកនិយាយថា៖ «បច្ចុប្បន្ននេះ ខ្ញុំបានចូលរួមជីវភាពនយោបាយជាមួយគណបក្សខ្មែរស្រឡាញ់ជាតិដែលកំពុងមានសន្ទុះខ្លាំងក្លា។ ហើយបច្ចុប្បន្ន ខ្ញុំជាមន្ត្រីជាន់ខ្ពស់។ ហើយការគំរាមកំហែងនេះមិនមែនមានតែចំពោះរូបខ្ញុំទេ គឺសកម្មជនគណប​ក្សខ្មែរស្រលាញ់ជាតិទាំងអស់ មានទាំងការលើកផ្លាក នៅពេលរាល់ប្រជុំ អាជ្ញាធរតែងតែមកថតរូប ហើយគំរាមកំហែងដល់ការចូលរួមប្រជុំ។ ហើយជាក់ស្តែង នៅពេលលើកផ្លាក អាជ្ញាធរមកសួរនាំ ហើយពេលខ្លះមិនឱ្យយើងលើកផ្លាកទៀត»។

បន្ថែមពីនេះ លោក ជុំ ហួត ស្នើទៅរដ្ឋាភិបាលនិងអាជ្ញាធរពាក់ព័ន្ធឈប់ប្រើរូបភាពគំរាមកំហែងមនុស្សស្លូតត្រង់ដែលតែងតែយកចិត្តទុកដាក់ឈឺឆ្អាលភាពអយុត្តិធម៌សង្គមនិងបរិស្ថាន ពីព្រោះទង្វើនេះមិនធ្វើឱ្យរដ្ឋាភិបាលចំណេញនោះទេ អាចធ្វើឱ្យជាតិបែកបាក់ ជាដើម។

អ្នកនាំពាក្យអគ្គស្នង​ការ​នគរបាលជាតិ លោក ឆាយ គឹមខឿន និងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ផាត សុផានិត សុំមិនធ្វើការបកស្រាយ ដោយសារពួកគាត់មិនបានដឹងព័ត៌មាននេះទេ។

ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា ពន្យល់ថា តាមច្បាប់ មុននឹងសមត្ថកិច្ចចុះឆែកឆេរដល់លំនៅឋាន ឬយកសម្ភារ ដូចជា ទូរសព្ទរបស់បុគ្គលណាម្នាក់ ត្រូវមានដីកាសម្រេចពីតុលាការ បើពុំដូច្នោះទេ អ្នកទាំងនោះធ្វើដោយរំលោភច្បាប់រដ្ឋធម្មនុញ្ញ និងជាសារគំរាមកំហែងអ្នកការពារសិទ្ធិមនុស្ស បរិស្ថាន និងសង្គមផងដែរ។

លោកមានប្រសាសន៍ថា៖ «បើសិនជាអាជ្ញាធរមិនបានធ្វើតាមនីតិវិធីច្បាប់ត្រឹមត្រូវ បើទោះជាបុគ្គលនោះជាអ្នកការពារសិទ្ធិមនុស្សក្តី ជាសកម្មជននយោបាយក្តី ជាប្រជាពលរដ្ឋសាមញ្ញក្តី វាជាសិទ្ធិសេរីភាពស្របច្បាប់របស់គេ។ ដូច្នេះយើងមិនអាចធ្វើការបំពានទៅលើបុគ្គលគ្រប់រូបណាក៏ដោយដែលគេអត់បានប្រព្រឹត្តអីដែលខុស ហើយយើងទៅធ្វើទាំងបំពានច្បាប់ ជាអំពើគំរាមកំហែងនិងបំភិតបំភ័យទៅដល់អ្នកធ្វើកិច្ចការងារសង្គមទាំងអស់ហ្នឹងហើយ»។

លោកបន្ថែមទៀតថា៖ «មិនមែនអាងតែសមត្ថកិច្ចអាចធ្វើអ្វីៗបានតាមអំពើចិត្តទេ នៅក្នុងប្រទេសនីតិរដ្ឋ គឺសមត្ថកិច្ចត្រូវតែអនុវត្តតាមអ្វីដែលជានីតិវិធីដែលមានចែងក្នុងច្បាប់។ យើងដឹងហើយថា ក្នុងគោលការណ៍ច្បាប់រដ្ឋធម្មនុញ្ញ បានចែងអំពីសេរីភាពរបស់ប្រជាពលរដ្ឋ ហើយក៏បានចែងពីសេចក្តីថ្លៃថ្នូរ ត្រូវគោរពនូវកិត្តិយស នូវតម្លៃរបស់មនុស្ស កាលណាអំពើធ្វើឱ្យប៉ះពាល់នូវតម្លៃថ្លៃថ្នូរ និងសន្តិសុខផ្ទាល់ខ្លួន ជាការរំលោភលើរដ្ឋធម្មនុញ្ញ»។

យ៉ាងណា កាលពី​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ ក៏បាន​បង្ហាញ​កង្វល់​តាមរយៈ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន អំពី​ការ​រឹត​បន្តឹង​សិទ្ធិ​បញ្ចេញមតិ ការ​គំរាមកំហែង​ដល់​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ផង​ដែរ។ សេចក្តី​ថ្លែង​ការណ៍នោះ​បន្ត​ថា សេរីភាពបញ្ចេញមតិកាន់តែអាក្រក់នេះ ក្រោយពី​មានការ​ចាប់​ព្រះ​កាយ​ព្រះសង្ឃ និង​ចាប់ខ្លួន​ក្រុម​យុវជន​មាតា​ធម្មជាតិ អ្នក​ចម្រៀង​រ៉េ​បវ័យក្មេង​នៅ​ខេត្តសៀមរាប រួម​ទាំង​ការ​ចាប់ខ្លួនលោក រ៉ុង ឈុន និង​សកម្មជនបរិស្ថាន ព្រមទាំង​​អតីតសកម្មជន​គណបក្ស​ប្រឆាំងជាបន្តបន្ទាប់។ ប៉ុន្តែសេចក្ដីរាយការណ៍នេះត្រូវបានគណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជារបស់រដ្ឋាភិបាលច្រានចោលទៅវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ