ពលរដ្ឋ​ខេត្ត​កោះកុង​ប្តឹង​ក្រសួង​មហាផ្ទៃ​ចាត់​វិធាន​ការ​ច្បាប់​លើ​មន្ត្រី​ផ្កាយ​​ពីរ​ម្នាក់​​ដែល​យក​ដី​ពួកគេ​ធ្វើ​ជា​កម្មសិទ្ធិ​​

ពលរដ្ឋខេត្តកោះកុងដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនឧកញ៉ា ហេង ហ៊ុយ ប្រមូលផ្ដុំគ្នាកាន់បដានៅមុខសាលាដំបូងខេត្តកោះកុង ទាមទារឱ្យតុលាការដោះលែងតំណាងខ្លួននិងដោះស្រាយបញ្ហាដីធ្លីដែលកំពុងជួបប្រទះ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។ (ផ្ដល់ឱ្យ)

ប្រជាពលរដ្ឋជិត២០០​គ្រួសារ នៅឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង​ បានដាក់ពាក្យប្តឹង​ទៅក្រសួងមហាផ្ទៃចាត់វិធានការច្បាប់លើមន្ត្រីផ្កាយពីរមួយរូប ដែលពលរដ្ឋអះអាងថា បាន​ទន្ទ្រានយកដីរបស់ពួកគាត់​ជាង៤០០ហិកតា ដើម្បីយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។

ក្នុងពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋចំនួន១៩៧គ្រួសារដែលដាក់ទៅក្រសួងមហាផ្ទៃ នៅថ្ងៃទី៦ ខែកញ្ញានេះ បានឱ្យដឹងថា កាល​ពីអំឡុង​ឆ្នាំ២០០៧ ក្រុមហ៊ុន​ ហេង ហ៊ុយ អេគ្រីខលឈ័រគ្រុប របស់មន្ត្រីនគរបាលផ្កាយពីរ ឈ្មោះ ហេង ហ៊ុយ បានទន្ទ្រានយកដី និងឈូសឆាយដំណាំ ព្រមទាំងបង្ខំឱ្យពលរដ្ឋផ្តិតមេដៃទទួលលុយចម្លោះពី១០ម៉ឺនរៀល ទៅ២០ម៉ឺនរៀល ជាថ្នូរបោះបង់​ដី​ស្រែរបស់ខ្លួន ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានអាជ្ញាធរពាក់ព័ន្ធ​ជួយរកដំណោះស្រាយជូនប្រជាពលរដ្ឋនៅឡើយ ។

ករណីនេះ ប្រជាពលរដ្ឋ១៩៧គ្រួសារបានដាក់ពាក្យប្តឹងទៅក្រសួងមហាផ្ទៃ ដើម្បីជួយអន្តរាគមន៍ដោះស្រាយនិងចាត់វិធានការច្បាប់លើឧត្តមសេនីយ៍ទោផ្កាយពីរ ឈ្មោះ ហេង ហ៊ុយ តាមច្បាប់ និងទាមទារដីទំហំ៤២១​ហិកតាមក​ឱ្យពលរដ្ឋវិញ រួមទាំងសំណងជំងឺចិត្តចំនួន៧ ០០០​ដុល្លារក្នុងមួយគ្រួសារផងដែរ។

លោក ហេង ជ័យ ​ដែលអះអាងជាអ្នករងគ្រោះដោយសារក្រុមហ៊ុន ហេង ហ៊ុយ ទន្ទ្រានយកដីធ្លីពួកគាត់ បាននិយាយ​ថា ដើមចមដែលនាំឱ្យពួកគាត់ដាក់ពាក្យបណ្តឹងទៅក្រសួងមហាផ្ទៃឱ្យ​ជួយអន្តរាគមន៍ដោះស្រាយបញ្ហាដីធ្លីឱ្យ​ពួក​គាត់នេះ ដោយសារ​តែរឿងនេះមិន​ឃើញ​មាន​អាជ្ញាធរ​ពាក់ព័ន្ធជួយរកដំណោះស្រាយជាច្រើន​ឆ្នាំ​​មក​​ហើយ។

លោកបន្តថា បើសិនជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង មិនរកដំណោះស្រាយជូនពលរដ្ឋ​ដែលរងគ្រោះជិត២០០គ្រួសារនេះទេ នឹងធ្វើឱ្យពួកគេជួបបញ្ហាប្រឈមច្រើនក្នុងជីវភាពគ្រួសារ ខណៈជំងឺកូវីដ-១៩កាន់តែរីករាលដាល​។

លោកនិយាយថា៖ «បច្ចុប្បន្ននេះ កំពុងជួបបញ្ហាប្រឈមខ្លាំង ជាពិសេសបញ្ហាកូវីដ! កាលពីមុនមក យើងអត់មានកូវីដ-១៩ អត់មានដី ចេះទៅចំណាកស្រុករកការងារធ្វើបានប្រាក់ខ្លះ! ដល់ពេលកូវីដ វាកាន់តែពិបាកជាងមុន ដោយសារយើងនៅផ្ទះ អត់មានដីធ្វើស្រែ សម្រាប់ដាំដំណាំ»។

អ្នកស្រី ដេត ហួ ដែលអះអាងថាជាអ្នករងគ្រោះដីធ្លីជាមួយក្រុមហ៊ុន ហេង ហ៊ុយ មួយរូបទៀត និយាយថា នៅពេលដាក់ពាក្យបណ្តឹងទៅក្រសួងមហាផ្ទៃ មន្ត្រីនៅក្រសួងសន្យាថានឹងយកសំណុំរឿងនេះ​ជម្រាបទៅថ្នាក់លើ ដើម្បីជួយ​រកដំណោះស្រាយជូនពលរដ្ឋ។ ប៉ុន្តែអ្នកស្រីថា មន្ត្រីនោះមិនបានបញ្ជាក់ពីពេលវេលាដែលត្រូវចុះដោះស្រាយនោះទេ។

អ្នកស្រីព្រមានដូច្នេះថា ៖ «បើសិនជាអត់មានដំណោះស្រាយ យើងនឹងដាក់ពាក្យប្តឹងទៅក្រុមប្រឹក្សាអង្គភាពប្រឆាំងអំពើពុករលួយឱ្យត្រួតពិនិត្យមើល ពីព្រោះលោក ហេង ហ៊ុយ ងាររបស់គាត់ជាឯកឧត្តមសេនីយ៍ទោ គាត់ពាក់ផ្កាយពីរ គាត់ពុករលួយ គប់គិតគ្នាយកដីប្រជាពលរដ្ឋធ្វើបណ្ណកម្មសិទ្ធិ»។

វីអូឌី មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ​ លោក ផាត សុផានិត និងលោក ហេង ហ៊ុយ ដែល​រង​ការ​ចោទ​ពី​ពលរដ្ឋបាននៅឡើយទេ នៅថ្ងៃនេះ។

អ្នកនាំពាក្យរដ្ឋបាល​ខេត្តកោះកុង លោក សុខ សុទ្ធី មានប្រសាសន៍ថា រឿងទំនាស់ដីធ្លីរវាងពលរដ្ឋជាមួយក្រុមហ៊ុន ហេង ហ៊ុយ នោះ ក្រុមការងារជំនាញខេត្តបានផ្តល់យោបល់ទៅពលរដ្ឋឱ្យដាក់ពាក្យប្តឹង​ទៅតុលាការ ប៉ុន្តែពួកគេនៅតែដើររកកិច្ចអន្តរាគមន៍​ពីស្ថាប័ន​នេះស្ថាប័ននោះ ធ្វើឱ្យមានចលនាក្នុងសង្គមទៅវិញ។

លោក​​ថា៖ «យើងបានជម្រាបប្រជាជនថា កាលណាគេ [ក្រុមហ៊ុន ហេង ហ៊ុយ ] គេមានបណ្ណកម្មសិទ្ធិ​ ចង់​ប្តឹង​ផ្តល់​ ឱ្យ​ដាក់​​ទៅ​តុលាការ។ ការអះអាងរបស់គាត់ជាការអះអាង តែអ្វីដែលជាធាតុពិត គេគ្រប់គ្រងដី គេមានបណ្ណកម្មសិទ្ធិ ហើយទំនាស់ក្នុងបណ្ណកម្មសិទ្ធិ ច្បាប់​តម្រូវ​ថា ការប្តឹងផ្តល់ត្រូវទៅដល់តុលាការ។ ខ្ញុំបានណែនាំគាត់តាំងពីយូរហើយ ឱ្យគាត់ដាក់ពាក្យប្តឹងទៅតុលាការ ប៉ុន្តែគាត់អត់ព្រម គាត់ចេះតែដើរទៅរកស្ថាប័ននេះ ទៅរកនោះ! ខ្ញុំមិនដឹងថាឆ្លើយ​ថាម៉េច ជាការបង្កចលាចល»។

នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ក្រសួងមហាផ្ទៃត្រូវធ្វើការដោះស្រាយបញ្ហានេះ​ជូនប្រជាពលរដ្ឋដែលរងគ្រោះឱ្យមានតម្លាភាព ដើម្បីកុំឱ្យប៉ះពាល់ដល់មុខ​មាត់​រដ្ឋាភិបាល និងក្រសួងសាម៉ីបន្ត​ទៀត។

លោកមានប្រសាសន៍ថា៖ «បញ្ហាដីធ្លីនេះទៀតសោត បើសិនជាកើតចេញពីអ្នកមានអំណាចទន្ទ្រានឬក៏រំលោភបំពានទៅលើសហគមន៍ ទៅលើប្រជាពលរដ្ឋ ក៏វាធ្វើឱ្យប៉ះពាល់ទៅដល់មុខមាត់របស់រដ្ឋាភិបាលផងដែរ។ បញ្ហាទាំងអស់នេះគួរតែមានការស៊ើបអង្កេត ហើយរកវិធានការដោះស្រាយដោយតម្លាភាព»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ