អាជ្ញាធរខេត្ត​កណ្តាល​គ្រោង​កាយ​ផ្តាច់​ផ្លូវ​ទំនប់៥៤ ខណៈជម្លោះ​ដីធ្លី​រវាង​ពលរដ្ឋ​​និង​ក្រុមហ៊ុន​នៅ​​មិន​ទាន់​ដោះ​ស្រាយ

ក្រុមពលរដ្ឋ​ដែលកំពុងរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះ​​​អន្តរ​ជាតិភ្នំពេញថ្មី ប្រហែល១០០នាក់មកពីឃុំបឹងខ្យាង ឃុំព្រែកស្លែង និងឃុំពត់ស នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានធ្វើការតវ៉ាជាថ្មី ក្រោយមិនទាន់លេចចេញនូវដំណោះស្រាយសមរម្យដែលពួកគេទាមទារ ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

អាជ្ញាធរ​ខេត្តកណ្តាល​បាន​ប្រកាស​ថា នឹង​កាយ​ផ្តាច់​ផ្លូវ​ទំនប់​៥៤ ស្ថិត​នៅ​ភូមិ​កំពង់តាឡុង​ ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល​​ដើម្បី​រំដោះ​ទឹក​លិចលង់​ការដ្ឋាន​សាងសង់​ព្រលាន​យន្តហោះអន្តរជាតិ​ភ្នំពេញ​ថ្មី។

យោង​តាម​សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត​កណ្តាល​កាលពី​ថ្ងៃទី៣ ខែកញ្ញា បាន​លើក​មូលហេតុ​ថា ដោយ​សារ​មាន​ភ្លៀងធ្លាក់ខ្លាំង​ជា​បន្តបន្ទាប់ ដែល​បណ្តាល​ឱ្យមាន​ទឹក​ជំនន់​ជន់លិច​ និងហូរ​ចូល​បរិវេណ​គម្រោង​សាងសង់​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី តាម​ប្រឡាយ ៩០ និង​ទំនប់ ៥៤ នោះ អាជ្ញាធរ​នឹង​កាយ​ផ្តាច់​ផ្លូវ​ទំនប់​៥៤នេះ ដើម្បី​រំដោះទឹក​ ហើយ​ប្រជាពលរដ្ឋ​ត្រូវ​បាន​ជូន​ដំណឹង​ឱ្យ​ធ្វើដំណើរ​តាម​ផ្លូវ​វាង​ស្រប​តាម​មាត់​ស្ទឹង​ទន្លេបាទី​វិញ។ បន្ថែម​លើ​នេះ អាជ្ញាធរក៏នឹង​បិទ​ទ្វារទឹក​ត្រង់ចំណុច​លូមុខ៤ ជា​បណ្តោះអាសន្ន ចាប់ពី​ចន្លោះ​ប្រឡាយ ៩០ ដល់ប្រឡាយ ៩២ ផងដែរ។ បើតាម​សេចក្តី​ជូន​ដំណឹង ទឹក​ដែលកំពុងជន់​លិចនេះ ​បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​គម្រោង​សាងសង់​ផ្លូវ​រត់​ហោះទី១ (Runway1) របស់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញថ្មី​ ដែល​ជា​គម្រោង​អាទិភាព​ត្រូវ​អនុវត្ត​ឱ្យ​បាន​ឆាប់​តាម​ផែនការ​កំណត់។

ការ​ប្រកាស​ពីការ​កាយ​ផ្តាច់​ផ្លូវ​ទំនប់៥៤នេះ បាន​ធ្វើឡើង​ខណៈជម្លោះ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​​​​ចំនួន​៣​ឃុំ​ ស្ថិតនៅក្នុង​ខេត្ត​កណ្ដាល និង​១​ឃុំ​ក្នុង​ខេត្ត​តាកែវ ជាមួយ​ក្រុមហ៊ុន​សាងសង់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​ ដែល​មាន​ភាគហ៊ុន​ក្រុមហ៊ុន OCIC របស់​លោក​ឧកញ៉ា​ ពុង​ ឃាវសែ នោះ អាជ្ញាធរ​នៅ​មិន​ទាន់​ដោះស្រាយ​បញ្ចប់​​នៅ​ឡើយ ខណៈភាគី​ខាង​ក្រុមហ៊ុន​បាន​បន្ត​ឈូស​ឆាយ​ដីស្រែ​និង​ផ្លូវ​ ធ្វើ​ឲ្យ​អ្នក​ភូមិ​ចេញតវ៉ា​ជាបន្តបន្ទាប់។

កាលពី​យប់ថ្ងៃទី៣១ ខែសីហា កម្មករ​សាងសង់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​ ក៏បាន​កាយ​ផ្តាច់​ផ្លូវ​ទំនប់ ៤៥ នេះម្តង​រួច​មក​ហើយ ប៉ុន្តែត្រូវ​បាន​ប្រជាពលរដ្ឋ​លុប​ទៅ​វិញ ដោយ​ប្រជាពលរដ្ឋ​បាន​ចោទ​ប្រកាន់​ថា ក្រុមហ៊ុន​បាន​លួច​កាយ​ផ្តាច់​ផ្លូវ​របស់​ប្រជាពលរដ្ឋ និង​ដោយ​មិន​បាន​ជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋ​ជាមុន​នោះ​ឡើយ។

ទាក់ទង​នឹង​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្តកណ្តាល​នេះ ​ក្រុម​ប្រជាពលរដ្ឋ​បាន​ប្រកាស​ថា ពួកគេ​នឹង​ធ្វើ​សន្និសីទ​កាសែត​មួយ​នៅ​រសៀល​ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ