សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​ដោះលែង​សកម្ម​ជន​បរិស្ថាន​៣​នាក់​ នៅ​ចំ​ខួប​១​ឆ្នាំ​នៃ​ការ​ចាប់​ខ្លួន

លោក ថុន រដ្ឋា និងកញ្ញា ភួន កែវរស្មី ក្រោយចេញពីសវនាការសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។ (សុខ ចន្ទ្រាវុធ)

អង្គការសង្គមស៊ីវិលបានអំពាវនាវដល់​រដ្ឋាភិបាលទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​សកម្មជន​បរិស្ថាន​៣នាក់ នៅចំខួប១ឆ្នាំនៃការចាប់ខ្លួនពួកគេ នៅ​ថ្ងៃទី៣ ខែកញ្ញានេះ។

អង្គការសង្គមស៊ីវិលទាំងនោះ រួមមាន អង្គការការពារសិទ្ធិមនុស្សលីកាដូ សមាគមធាងត្នោត និងអង្គការបណ្តាញយុវជនកម្ពុជា (CYN) រួមជាមួយសកម្មជនសិទ្ធិផ្សេងទៀត។

ពួកគេបានបង្ហោះសារនិងរូបថតរបស់យុវជនបរិស្ថានទាំង៣​នាក់ រួមមាន​ កញ្ញា​ ​ឡុង​ ​គន្ធា,​ ​កញ្ញា​ ភួ​ន​ ​កែវ​រស្មី​ ​និង​លោក​ ថុ​ន​ ​រដ្ឋា ដោយបានអំពាវនាវឱ្យតុលាការ​ដោះលែង​និង​ទម្លាក់​ចោល​បទចោទទាំងអស់​ប្រឆាំង​នឹងពួកគេ​ ​ដោយ​លើកហេតុផលថា អ្វី​ដែល​ពួកគេ​បាន​ធ្វើ​សុទ្ធ​តែ​​ក្នុង​​បុព្វហេតុ​ដើម្បី​សង្គមជាតិ​និង​បរិស្ថាន​។

អង្គការសង្គមស៊ីវិលទាំងនោះបន្តថា​ យុវជន​ទាំង​៣រូបជា​​យុវជន​ដែល​​សកម្ម​​និង​​មាន​​សេច​ក្តីក្លាហាន​​នៅ​ក្នុង​ការ​ចេញមុខ​ការពារ​បរិស្ថាន​និង​ធនធានធម្មជាតិ​ ​ព្រមទាំង​ហ៊ាន​បញ្ចេញមតិ​យោបល់​រិះគន់​ទៅលើ​គម្រោង​អភិវឌ្ឍន៍​ដែល​ពួកគេ​យល់ថា​ ពុំ​មានផល​ចំណេញ​​ចំពោះ​ជាតិ​ ​ឬ​បង្ក​​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន​និង​ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ​។​

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ ធ្លាប់បានបញ្ជាក់​កាលពីពេលថ្មីៗនេះថា ការ​ធ្វើយុទ្ធនាការទាមទារឱ្យ​ដោះលែងពួកគេពីសំណាក់​​ក្រុម​អង្គការ​​​សង្គមស៊ីវិល ជាសិទ្ធិ​សេរីភាព​របស់​ពួកគាត់ ប៉ុន្តែការសម្រេចយ៉ាងណានោះ គឺអាស្រ័យទៅលើភស្តុតាង។

លោកថា៖ «សំណុំរឿង លោកចៅក្រមកំពុងចំណាត់ការតាមនីតិវិធីហើយ។ អ៊ីចឹង ការកាត់ក្ដី គេ​នឹងពិនិត្យមើលទៅតាមភស្តុតាងដែរ»។

គិតត្រឹមថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១នេះ មានរយៈពេល៣៦៥ថ្ងៃគត់ដែល​សកម្មជនបរិស្ថានទាំ​ង៣រូបត្រូវ​បាន​អាជ្ញាធរកម្ពុជា​ចាប់​និង​ឃុំខ្លួនពី​បទ​ «ញុះញង់​បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។​

​កាលពី​ថ្ងៃ​​៥​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​១​ ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្ដន្ទាទោស​លោក​ ថុ​ន​ ​រដ្ឋា​ ​ដាក់​ពន្ធ​នាគា​រ​ចំនួន​២​០​​ខែ និង​ពិន័យ​ជា​ប្រាក់៤​លាន​រៀល​ ​ឬ​ប្រហែល​១​ ០​០​០​ដុល្លារ​ ​ពី​បទ «​ញុះញង់​បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។​ ​​ចំណែកកញ្ញា​ ភួ​ន​ ​កែវ​រស្មី​ ​និង​កញ្ញា​ ​ឡុង​ ​គន្ធា​ ​ដែល​មាន​វត្តមាន​នៅ​ក្នុង​សវនាការ​ ​ព្រមទាំង​កញ្ញា ជា​ ​គ​ន្ធី​ន​ ​ដែល​អវត្តមានក្នុង​សវនាការ​នោះ​ ​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោសដាក់ពន្ធនាគារ​រយៈពេល​​១​៨​ខែ​ ​និង​ពិន័យ​ប្រាក់​ជា​៤លាន​រៀល​ដូចគ្នា​។​

បន្ថែមលើនេះ ​តុលាការ​ក៏បាន​ចេញ​ដីកាតាមចាប់ខ្លួន​ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ ​លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវីដសុន (Alejandro Gonzalez-Davidson)​ ​និង​កញ្ញា​ ​ជា​ ​គ​ន្ធី​ន​ ​ព្រមទាំង​បាន​បញ្ជា​ឱ្យ​រឹបអូស​សម្ភាររបស់​ពួកគេ​ថែមទៀត​ផង​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ