អ្នក​សារ​ព័ត៌មាន​ខ្លះ​ថា​ ខ្លួន​ជួប​ផល​វិបាក​​ក្នុង​ការ​​ទទួល​បាន​ព័ត៌មាន​និង​​​រង​ការ​​គំរាម​​​​​​ពី​អាជ្ញាធរ​

បុរសជាអ្នកថតរូបបម្រើឱ្យស្ថាប័នសារព័ត៌មានមួយ ថតសកម្មភាពក្រុមគ្រូពេទ្យចុះយកសំណាកពលរដ្ឋនិងអាជីវកររស់នៅនិងធ្វើអាជីវកម្មនៅផ្សារចាស់ ក្រុងភ្នំពេញ ដែលសង្ស័យថាបានពាក់ព័ន្ធនឹងការឆ្លងសហគមន៍២០កុម្ភៈ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

អ្នកសារព័ត៌មានមួយចំនួនត្អូញត្អែរពីផលវិបាកក្នុងការទទួលបានព័ត៌មាននិងបន្ត​រង​ការគំរាមកំហែងពីអាជ្ញាធរខ្លះ នៅ​ពេលដែលពួកគេចុះប្រមូលព័ត៌មាន ជាពិសេស​ព័ត៌មាន​បែប​​ស៊ីជម្រៅឬស៊ើប​អង្កេត​ពាក់ព័ន្ធនឹងរឿងរសើបរបស់រដ្ឋាភិបាល។

ក្នុងពិធីសម្ពោធសៀវភៅជាភាសាខ្មែរ សម្រាប់អ្នកសារព័ត៌មានស៊ើបអង្កេត ដែល​រៀបចំ​ដោយសមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ហៅកាត់ថា ខេមបូចា នាព្រឹកថ្ងៃអង្គារ​ កញ្ញា អេង​លី សាគូរ៉ា និយាយ​ថា ក្នុង​អាជីព​ជា​អ្នកសារព័ត៌មាន Freelance រយៈពេល​៨ឆ្នាំ​មកនេះ គាត់ធ្លាប់​ផលិត​ព័ត៌មាន​បែប​ស៊ីជម្រៅ (ឬ​ស៊ើបអង្កេត) បានជាច្រើនរឿង​។ 

​កញ្ញាបាន​បង្ហាញពីផលវិជ្ជមាននិងផលអវិជ្ជមាន នៅពេល​គាត់ចុះទៅសុំសម្ភាសរកព័ត៌មានពីអាជ្ញាធរ និងអ្នកនាំពាក្យរបស់រដ្ឋាភិបាលដូច្នេះថា៖ «នៅពេលដែលខ្ញុំសុំសំឡេងពីខាងរដ្ឋាភិបាលឬពីសាលាក្រុង ពាក់ព័ន្ធនឹងរឿងហ្នឹង​ គឺពួកគាត់ច្រានទៅឱ្យគ្នាទៅវិញទៅមក។ ហើយខ្ញុំក្នុងនាមជាអ្នកសារព័ត៌មាន អ្វីដែលខ្ញុំចង់បាន ខ្ញុំស្នើសុំទៅអាជ្ញាធរឬក៏ខាងរដ្ឋាភិបាល ខ្ញុំស្នើសុំឱ្យមានសំឡេងពីគាត់មក! ពីព្រោះអី? បើខ្ញុំទទួលបានសំឡេងតែម្ខាង ខ្ញុំក្នុងនាមជាអ្នកផលិតសារព័ត៌មានមួយ មិនមានតម្លាភាព»។

កញ្ញា ម៉ៃ ចរិយា ដែល​ជាអ្នកសារព័ត៌មាន Freelance មួយរូបទៀត រៀបរាប់​​ថា នៅ​ពេល​​គាត់សរសេរព័ត៌មានស៊ើបអង្កេត ពាក់ព័ន្ធនឹងចំណុចរសើបរបស់រដ្ឋាភិបាលនោះ កញ្ញា​បាន​ជួបបញ្ហាប្រឈមជាច្រើនក្នុងការស្វែងរកប្រភពសម្ភាសន៍រវាងពលរដ្ឋនិងអាជ្ញាធរ​។

កញ្ញា​ថា៖ «ប្រជាពលរដ្ឋយើងភាគច្រើន គាត់ខ្លាចមិនសូវហ៊ាននិយាយផ្តល់ព័ត៌មានទេ! សម្រាប់​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ គឺគាត់មានការភ័យខ្លាចអ្នកសារព័ត៌មាន ពេលខ្លះគ្រាន់តែថតនៅកន្លែង​ខ្លោងទ្វារ ​ក៏គាត់មិនឱ្យថតដែរ! ហើយយើងចង់សាកសួរ គាត់អត់ហ៊ាននិយាយទៀត គាត់ពិបាក»។

និពន្ធនាយកផ្នែកអនឡាញនៃសារព័ត៌មានកោះសន្តិភាព លោកស្រី គួច ណារ៉េន និយាយថា ក្នុងបទពិសោធន៍អាជីពអ្នកសារព័ត៌មានប្រហែល​ជា១៥ឆ្នាំនេះ ធ្វើឱ្យគាត់ជួបបញ្ហាវិជ្ជមាននិងអវិជ្ជមានជាច្រើនក្នុងការទាក់ទងប្រភពពី​ប្រជាពលរដ្ឋ រដ្ឋាភិបាល អាជ្ញាធរ និងភាគីក្រុមហ៊ុន ជាដើម។

ក្នុងបទពិសោធន៍ លោកស្រីបញ្ជាក់ថា អ្វីដែលជួបបញ្ហាប្រឈម​ភាគច្រើន នៅពេលដែលគាត់ផលិតព័ត៌មានស៊ើបអង្កេត​និយាយពីចំណុចរសើបរបស់រដ្ឋាភិបាលនោះ មាន​មន្ត្រី​​ខ្លះ​រើស​អើងក្នុងការផ្តល់ព័ត៌មានដល់អ្នកសារព័ត៌មាន។

លោកស្រីនិយាយថា៖ «ទាក់ទងនឹងព័ត៌មានខាងក្រោម មិនសូវមានបញ្ហាទេ ដោយសារយើងមានភ្នាក់ងារនៅខេត្ត តែដោយសារបញ្ហាខ្ញុំជួបខ្លួនឯងផ្ទាល់នៅថ្នាក់ជាតិ ដោយសារអ្នកនាំពាក្យនៅស្ថាប័នមួយចំនួន ហាក់ដូចរើសអើង។ ខ្ញុំនិយាយតាមត្រង់ ឃើញគាត់ផ្តល់សម្ភាសន៍ដល់សារព័ត៌មានមួយឬពីរទេ ខ្ញុំទាក់ទងទៅគាត់ផ្ទាល់ ព្រោះរឿងខ្លះ ខ្ញុំត្រូវធ្វើខ្លួនឯងផ្ទាល់ ហើយ​ខ្ញុំទាក់ទងទៅគាត់។ នៅពេលដែលយើងជម្រាបសួរទៅគាត់ ណែនាំខ្លួន គ្រាន់តែប្រាប់ពីស្ថាប័ន គាត់លើក គាត់ថាជាប់ប្រជុំ គាត់ចុចបិទចោល ហើយមិនមែនតែម្តងទេ គឺខ្ញុំរាប់១១ដងហើយដែលខ្ញុំតេទៅលោកជំទាវម្នាក់ហ្នឹង»។

នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ណុប វី មានប្រសាសន៍ថា ពិធីសម្ពោធ​សៀវភៅជាភាសាខ្មែរសម្រាប់អ្នកសារព័ត៌មានស៊ើបអង្កេត ផ្តល់ផលប្រយោជន៍ច្រើនដល់អ្នកសារព័ត៌មានក្នុងការពង្រឹងវិជ្ជាជីវៈរបស់ខ្លួន ក្នុងការសរសេរព័ត៌មានបែបស៊ើបអង្កេតឱ្យមានតម្លាភាពដែលជាផ្នែកមួយជួយអភិវឌ្ឍសង្គមជាតិផងដែរ។

លោកថា៖ «ខ្ញុំគិតថា ព័ត៌មានខ្លះត្រូវបានចែករំលែកក្នុងន័យមួយដែលធ្វើឱ្យមានបញ្ហាយល់ច្រឡំនៅក្នុងសង្គម ប្រសិន​ជា​ក្នុងនាមសារព័ត៌មានស៊ើបអង្កេត វាធ្វើឱ្យព័ត៌មានទាំងអស់នោះក្លាយ​ទៅជាព័ត៌មានមួយដែលមានតម្លាភាព ក្រោយពេល​ដែលពួកគាត់អនុវត្តនូវតួនាទីក្នុងការស្វែងរកឬពន្យល់ក្នុងព័ត៌មានទាំងអស់ហ្នឹង»។

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ មាន​ប្រសាសន៍ថា រដ្ឋាភិបាលបាន​ចាត់​ទុកសារព័ត៌មាន​ជាកញ្ចក់សម្រាប់ឆ្លុះបញ្ចាំង​ពីទិដ្ឋភាពជាក់ស្តែងនិងជួយអភិវឌ្ឍសង្គមជាតិ​។ 

តែយ៉ាងណា​ លោក​ស្នើទៅអ្នកព័ត៌មានដែលមានវិជ្ជាជីវៈ មិនត្រូវបន្ទោសអាជ្ញាធរឬមន្ត្រីអ្នកនាំពាក្យរបស់រដ្ឋាភិបាលខ្លះ ដែលមិនព្រមផ្តល់ព័ត៌មានឱ្យនោះទេ ដោយថា ព័ត៌មានខ្លះដែល​ពួកគាត់មិនព្រមផ្តល់ឱ្យ អាចពាក់ព័ន្ធនឹងការសម្ងាត់របស់ជាតិ ដែលច្បាប់មិនតម្រូវឱ្យបង្ហាញជាសាធារណៈនោះឡើយ។

លោកមានប្រសាសន៍ថា៖ «យើងតែងតែឮបញ្ហាប្រឈមមួយចំនួនដែលថា នៅពេលដែលសុំព័ត៌មានគឺពិបាកក្នុងការទទួលព័ត៌មានដែលខ្លួនចង់បាន។ យើងត្រូវចាំផងដែរថា ការទទួលបានព័ត៌មាន វាមិនមែនជាការទទួលបានគ្រប់ប្រភេទនៃព័ត៌មានដែលយើងចង់បាន ហើយត្រូវតែមាននោះទេ។ គ្រប់ប្រទេសទាំងអស់ដែលមានច្បាប់សិទ្ធិទទួលព័ត៌មាន ក៏គេមានចែងប្រភេទព័ត៌មានដែលមិនអាចផ្តល់ជូនសាធារណជនបានដែរ បានន័យថា ជាសម្ងាត់ ដែលមិនអាចលាតត្រដាងជាសាធារណៈបាន»។

អង្គការអ្នកកាសែតគ្មានព្រំដែន កាលពីពេលថ្មីៗនេះ បានបន្តផ្តល់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២១ ស្ថិតនៅក្នុងរូបភាពអាក្រក់ដដែល ដោយឈរនៅលេខរៀងទី១៤៤ ក្នុង​ចំណោម​១៨០ប្រទេស​និងដែនដីនៅ​លើពិភព​លោក។ 

សេរីភាពសារព័ត៌មានដែលអង្គការនេះវាយតម្លៃ បង្ហាញ​ថា កម្ពុជាបានធ្លាក់​ចុះ​៣ឆ្នាំជាប់ៗគ្នាចាប់តាំងពីឆ្នាំ២០១៧មក ពោលគឺចំណាត់ថ្នាក់លេខ១៤២ នៅឆ្នាំ២០១៨ ចំណាត់ថ្នាក់លេខ១៤៣ នៅឆ្នាំ២០១៩ និងចំណាត់ថ្នាក់លេខ១៤៤ នៅឆ្នាំ២០២០និង​ឆ្នាំ២០២១នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ