មន្ត្រី​សិទ្ធិ​មនុស្ស​​ជំរុញ​ឱ្យ​ពន្លឿន​នីតិវិធី​​ដោះលែង​​អ្នកទោស​ ខណៈ​​កូវីដ-១៩​បំប្លែង​​ថ្មី​ឆ្លង​ដល់​​​​ពន្ធនាគារ

នៅ​ព្រឹក​ថ្ងៃ​ទី​១៩​ ខែឧសភា​ ឆ្នាំ​២០២១​ ក្នុងពិធី​ប្រកាស​លើកលែងទោស​ដល់​ទណ្ឌិត​ជា​ជនជាតិ​ខ្មែរ​ ចំនួន​២៧​នាក់​ ពី​៣​ខែ​ និង​៦​ខែ​ នៅ​ក្នុង​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​។​ (អគ្គស្នងការដ្ឋាននគរបាលជាតិ)

មន្ត្រីសិទ្ធិមនុស្សអង្គការ​​លីកាដូ អំពាវនាវដល់​រដ្ឋាភិបាល​​ពន្លឿននីតិវិធី​ដោះលែង​អ្នក​ទោសដោយ​មាន​លក្ខខណ្ឌឱ្យបាន​ឆាប់ ខណៈជំងឺកូវីដ-១៩បំប្លែងថ្មី​ប្រភេទ​ ដែលតា បាន​ឆ្លង​ចូលដល់​ពន្ធនាគារខេត្តបន្ទាយមានជ័យ។

លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សលីកាដូ បានលើកឡើងនៅថ្ងៃអង្គារនេះ​ថា នីតិវិធីនៃការសម្រេចដោះលែងអ្នកទោស​ដោយ​មាន​លក្ខខណ្ឌ ដើម្បីកាត់​បន្ថយភាពចង្អៀតណែននៅក្នុងពន្ធនាគារនោះ ហាក់ធ្វើឡើងដោយយឺតយ៉ាវ ខណៈជំងឺ​កូវីដ-១៩បានឆ្លងចូលដល់ក្នុងពន្ធនាគារប្រមាណ​១០នៅទូទាំងប្រទេស។

លោកបន្ត​ថា៖ «អ៊ីចឹង​បញ្ហាក្រោយនេះ យើង​បារម្ភកាន់តែខ្លាំង ព្រោះ​បញ្ហា ដែលតា [កូវីដ]។ យើងដឹងហើយ នៅខាងក្រៅក្រសួងសុខាភិបាល ក៏ដូចជាអាជ្ញាធរកំពុងប្រឹងទប់ស្កាត់យ៉ាង​ខ្លាំង​ទាក់​ទង​នឹង “ដែលតា” អ៊ីចឹងប្រសិនបើឆ្លងចូលក្នុងពន្ធនាគារ នឹងពិបាកក្នុងការទប់ស្កាត់។ អ៊ីចឹងអាការរីករាលដាលហ្នឹង គឺវាអាចនឹងលឿន ហើយហានិភ័យនឹងអាចមានខ្ពស់ទៅទៀត​​»។

អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សវនា បានប្រាប់ វីអូឌី ​ថាអ្នកទោសនៅក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យប្រមាណ១០នាក់បានឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទ ដែលតា កាលពីពេលថ្មីៗនេះ និងកំពុងដាក់ឱ្យនៅដាច់ដោយឡែក។ លោកបន្តថា ពន្ធនាគារកំពុងយកចិត្តទុកដាក់ព្យាបាលអ្នកជំងឺ​ជា​ទណ្ឌិតនៅនឹងកន្លែងក្នុងពន្ធនាគារ ដោយមិនបញ្ជូនទៅក្រៅនោះទេ។

បើតាមអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគាររូបនេះ ក្នុងចំណោមពន្ធនាគារប្រមាណជា១០ដែល​ឆ្លងជំងឺកូវីដ-១៩កន្លងមក នៅមានតែពន្ធនាគារ៣ប៉ុណ្ណោះដែលកំពុងឆ្លងជំងឺកូវីដ-១៩ រួមមាន ពន្ធនាគារខេត្តបន្ទាយមានជ័យ ពន្ធនាគារខេត្តកំពង់ចាម និងពន្ធនាគារខេត្តត្បូងឃ្មុំ។

លោកមានប្រសាសន៍ថា៖ «​ពួកគាត់នៅដោយឡែកតាំងពីដំបូងមកហើយ ពួកគាត់ជាជនជាប់ឃុំដែលទើបចូលថ្មី។ ហើយក្នុងអំឡុងពេលនោះ​ យើងទុកពួកគាត់ធ្វើចត្តាឡីស័ក​ហ្នឹង ​ក៏ពិនិត្យឃើញថា គាត់មានផ្ទុក [កូវីដ] ប្រភេទ ដែលតាហ្នឹង។ អ៊ីចឹងក្រោមកិច្ចសហការជាមួយមន្ទីរ​សុខាភិបាលខេត្ត ក៏ដូចជារដ្ឋបាលខេត្ត ក៏យើងព្យាបាលគាត់នៅនឹងកន្លែង ទុកគាត់នៅ​មួយ​កន្លែង អត់បញ្ជូនទៅណាទេ។»

ទាក់ទងនឹងការរិះគន់លើនីតិវិធីក្នុងការដោះលែងអ្នកទោសដោយភ្ជាប់ជាមួយលក្ខខណ្ឌដែលមានសភាពយឺតយ៉ាវនោះ លោក នុត សវនា បានថ្លែងថា ភាគីពាក់ព័ន្ធកំពុងបំពេញបែបបទនីតិវិធីរដ្ឋបាលទៅតាម​សេចក្តីប្រកាសរបស់ក្រសួងយុត្តិធម៌។

លោកមានប្រសាសន៍ថា៖ «មិនមែនជាប់គាំងទេ អានេះគេត្រូវបំពេញបែបបទនីតិវិធីរដ្ឋបាលសិន ព្រោះ​មានការរៀបចំសមាសភាពនៅក្នុងគណៈកម្មការគេហើយ មានការចុះហត្ថលេខាជាលក្ខណៈអន្តរក្រសួងឬ​ជាអនុក្រឹត្យនោះ ខ្ញុំមិនទាន់ច្បាស់ទេ! មានគោលការណ៍ចាត់តាំងពីក្រសួងពាក់ព័ន្ធទៅហើយ អ្នកណាដែលនៅក្នុងគណៈកម្មការហ្នឹង គេរៀបចំសមាស​ភាពហើយ ថ្នាក់អន្តរក្រសួងហ្នឹង​!»

អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) និងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយកាលពីខែឧសភា ដោយអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងអ្នកជាប់ឃុំដោយបទល្មើស​ស្រាលៗ ឬ​អ្នកជាប់ឃុំដែលកំពុងរង់ចាំការកាត់ទោស​ ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន​សិន ក្រោយពីជំងឺកូវីដ-១៩បានឆ្លងរាលដាល​ចូលទៅក្នុងពន្ធនាគារខេត្តព្រះសីហនុជាលើក​ដំបូង។

បើតាមរបាយការណ៍របស់អង្គការអន្តរជាតិទាំងពីរ យ៉ាងហោចណាស់មានអ្នកជាប់ឃុំប្រមាណ ៣៥% នៃចំនួនអ្នកជាប់ឃុំសរុប៣៩ ០០០នាក់ នៅក្នុងពន្ធនាគារទូទាំងប្រទេស គឺជាអ្នកជាប់ឃុំបណ្តោះអាសន្នដើម្បីរង់ចាំការសវនាការកាត់ទោស ហើយពួកគេគួរត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នដោយភ្ជាប់ជាមួយនូវលក្ខខណ្ឌ។

ក្រោយមក នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ក្រសួងយុត្តិធម៌បានចេញសេចក្តីប្រកាសស្ដីពីបែបបទ​នៃ​ការ​ឃ្លាំមើល​តាមដាន ការ​ត្រួតពិនិត្យ និង​ការ​បញ្ចូល​ទៅ​ក្នុង​សង្គម​វិញ នៃ​ទណ្ឌិត​​​ដែល​ត្រូវ​បាន​ដោះលែង​ដោយ​មាន​លក្ខខណ្ឌ។ ប៉ុន្តែនៅមិនទាន់ឃើញមានការដោះលែងអ្នកទោសដោយមានលក្ខខណ្ឌនេះនៅឡើយទេ គិតត្រឹមដំណាច់ខែសីហានេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ