សមត្ថ​កិច្ច​ខណ្ឌ​សែន​សុខ​ ដោះ​លែង​អ្នក​សារ​ព័ត៌មាន​២​នាក់​បន្ទាប់​ពី​ឃាត់​ខ្លួន​មួយ​យប់​

អ្នកសារព័ត៌មានពីររូបដែលអធិការដ្ឋាននគរបាលខណ្ឌសែនសុខធ្វើការសាកសួរ ក្រោយមានបណ្ដឹងទាក់ទងនឹងការឡាយ (Live) ព័ត៌មានពេលបំពេញភារកិច្ចកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ)

សមត្ថកិច្ច​​ខណ្ឌសែន​សុខ បានដោះលែងអ្នកសារព័ត៌មាន២នាក់វិញ បន្ទាប់ពីឃាត់ខ្លួនយកទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌអស់មួយយប់ ក្រោមហេតុថា បានថតរូបឡាយតាមបណ្តាញសង្គម​ធ្វើ​​ឱ្យ​​ប៉ះពាល់​សិទ្ធិ​បុគ្គល។

​អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានចុះផ្សាយតាមហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៣០ ខែសីហានេះ​ថា កាល​ពីវេលាម៉ោង៣រសៀល​ ថ្ងៃទី២៩ ខែសីហា សមត្ថកិច្ចបានឃាត់​ខ្លួន​អ្នកសារព័ត៌មាន២នាក់ ករណីឡាយ​រូបភាព​លំនៅដ្ឋាន​បំពាន​លើសិ​ទ្ធិបុគ្គល​ នៅចំណុចផ្ទះលេខ​១២០២ ផ្លូវ១០០៧ ភូមិភ្នំពេញថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបញ្ជាក់ថា បុរសពីរនាក់ដែ​លត្រូវបានឃាត់ខ្លួននោះ ម្នាក់​ឈ្មោះ ស៊ិន ឡូត អាយុ៣៩ឆ្នាំ ជា​អ្នកសារព័ត៌មានកម្ពុជាតេជោសន្តិភាព និងម្នាក់ទៀតឈ្មោះ ប៉ាន់ ផល្លា អាយុ៣៧ឆ្នាំ ជា​អ្នកសារព័ត៌មាន​អាស៊ាន​ TV។ សមត្ថកិច្ចបន្តថា អ្នកទាំង២នាក់បានធ្វើសកម្មភាពថតឡាយវីដេអូ​ផ្ទះរបស់បុគ្គល​ឈ្មោះ ទឹម ស្រីតូច ភេទស្រី អាយុ៣២ឆ្នាំ ជាអ្នក​បកប្រែភាសាចិន។

អធិការនគរបាលខណ្ឌសែនសុខ លោក ហួរ ម៉េងវ៉ាង ប្រាប់ វីអូឌី នៅថ្ងៃចន្ទ​នេះ​​ថា សមត្ថកិច្ចឃាត់ខ្លួនអ្ន​កសារព័ត៌មានទាំង២នាក់នោះ ធ្វើឡើងតាមបណ្តឹងរបស់ម្ចាស់ផ្ទះ ប៉ុន្តែយ៉ាងណា លោកថា សមត្ថកិច្ចបានដោះលែងវិញហើយនៅរសៀលថ្ងៃនេះ ក្រោយពីអប់រំរួច។

លោកបន្ថែមថា៖ «និយាយរួម ពួកគាត់ទៅថតផ្ទះគេ! បើសិនយើងមានភស្តុតាងឯកសារអីច្បាស់​លាស់​ថាគេធ្វើអីៗទៅ វាមិនអីទេ! នេះគាត់អត់​មានអីផង គាត់ទៅថតតែផ្ទះគេ គាត់ថតផ្ទះគេពីក្រៅរ​បង​ ឡាយ​យកតែម្តង​»

អ្នកសារព័ត៌មានកម្ពុជាតេជោសន្តិភាព លោក ស៊ិន ឡូត ចាត់ទុក​ករណី​សមត្ថកិច្ចឃាត់ខ្លួនរូបលោក និងអ្នកសារព័ត៌មានម្នាក់ទៀតនោះ ថាធ្វើ​ឱ្យ​​ប៉ះពាល់ដល់សេរីភាពសារព័ត៌មាន។ លោក​អះអាង​ថា លោកទៅឡាយ​ព័ត៌មាន​ពាក់ព័ន្ធ​សន្តិសុខម្នាក់​ដែលយាមនៅផ្ទះនោះ ត្រូវបានថៅកែបញ្ឈប់ពីការងារ និងមិនបានបើក​ប្រាក់​ឈ្នួល។ តែ​យ៉ាងណា អ្នកសារព័ត៌មានរូបនេះក៏ទទួលស្គាល់ថា ការផ្សាយរបស់ខ្លួននោះខុសក្រមសីលធម៌ខ្លះដែរ ចំពោះការថតឡាយផ្ទះឯកជនរបស់គេ។

លោកបន្ថែមថា៖ «សមត្ថកិច្ចគាត់ហៅទៅសាកសួរនេះ ដោយសារតែយើងខុសក្រមសីលធម៌បន្តិច​​ដែរ ដោយ​សារយើងឡាយ​ចូលរបងផ្ទះគេ។ យើងទទួល​នូវ​កំហុសរបស់យើង​តែប៉ុណ្ណឹង។ អ្វីដែលពួកខ្ញុំ​ចូលទៅអធិការខណ្ឌនេះ គឺសមត្ថកិច្ច​សួរនាំយើងឱ្យឆ្លើយបំភ្លឺ ហើយយើងឆ្លើយបំភ្លឺតា​មដំណើរ​ហ្នឹងទៅ»

បើតាមវីដេអូឡាយជាង២៦នាទី របស់គេហទំព័រ​សារព័ត៌មានកម្ពុជាតេជោសន្តិភាព ដែលបានឡាយ (Live) ផ្សព្វ​ផ្សាយ​កាលពីថ្ងៃទី២៩ ខែសីហានេះ ​អ្នកសារព័ត៌មាន​ទាំងពីរនាក់នោះបានលើកឡើងថា តាមការរាយការណ៍​ពីប្រជាពលរដ្ឋ គឺមានជនបរទេសជិត១០០នាក់ មានជនជាតិចិននិងថៃបានចូលទៅក្នុងផ្ទះវីឡានោះដោយមិនចេញមកវិញឡើយ ហើយពួកគេមិនដឹងថា ជនបរទេសទាំងនោះ​ចូលកម្ពុ​ជា​ដោយ​ខុសច្បាប់ឬត្រូវច្បាប់នោះទេ។ អ្នករាយការណ៍ព័ត៌មានបានអំពាវនាវសុំឱ្យសមត្ថកិច្ចពាក់ព័ន្ធចុះ​ពិនិត្យទីតាំងផ្ទះវីឡានោះ។ ក្រោយពី​មាន​ការ​ផ្សព្វ​ផ្សាយ​​បែប​​​នេះ សមត្ថកិច្ចក៏បានឃាត់ខ្លួនពួកគេទៅសួរនាំ​តែ​ម្តង ក្រោយ​មាន​បណ្តឹង​ពី​ម្ចាស់​ផ្ទះ​វីឡា​នោះ។

នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា លោក ណុប វី យល់​ឃើញ​​ថា ការឡាយឬក៏ផ្សព្វផ្សាយរបស់អ្នកសារព័ត៌មាន​ទាំង២រូបនោះ គ្រាន់តែខុស​ក្រមសីល​ធម៌ប៉ុណ្ណោះ ដែលករណីនេះ សមត្ថកិច្ច​​មិនគួរ​មាន​ចាត់វិធានការផ្លូវច្បាប់ ដោយប្រើប្រាស់​ក្រមព្រហ្មទណ្ឌនោះឡើយ។

លោកបន្ត​ថា ក្នុងករណីអ្នកសារព័ត៌មានឡាយឬរាយការណ៍អំពីអង្គហេតុឬ​ស្ថានភាពនៅ​ទីកន្លែង​ណាមួ​យ សមត្ថកិច្ចគួរតែចុះទៅស៊ើបអង្កេតទីកន្លែងនោះឱ្យបានច្បាស់​លាស់ ដើម្បីដឹងថា តើការរាយការណ៍របស់អ្នកសារព័ត៌មាននេះ វាមានរឿងអ្វីដែលមិនប្រក្រតីឬមានការប្រព្រឹត្ត​អ្វីរំលោភច្បាប់​ឬយ៉ាងណា ជាជាងចាត់វិធានការមកលើពួកគេ​ ដែលធ្វើឱ្យរំលោភដល់ការអនុវត្តតួនាទីនិងសេរីភាពរបស់អ្នកសារព័ត៌មាន។

លោកបន្ថែមថា៖ «មើលឃើញថា អាជ្ញាធរសាធារណៈហាក់ព្យាយាមចាត់វិធានការចំពោះអ្នកដែលផ្តល់ព័ត៌មាន ដែល​ឈានដល់ការចាត់វិធានការចំពោះករណីបទល្មើសផ្សេងៗ ច្រើនជាងសមត្ថកិច្ចហ្នឹងសម្រួចទិសដៅរ​បស់​ខ្លួន​ទៅ​រកបញ្ហាឬស្ថានភាពនានានៃបទល្មើសដែលកំពុងកើតមានឡើង។ អ៊ីចឹង​ ខ្ញុំគិតថា នេះគឺជារូបភាពមួយដែលមិនត្រឹមត្រូវទេ។ រឿងដែលសមត្ថកិច្ចគួរចាត់វិធានការ គឺសមត្ថកិច្ចគួរពិនិត្យមើលថា តើការបង្ហើបការបង្ហាញរបស់អ្នកសារព័ត៌មានហ្នឹងអាចជាពន្លឺដែលនាំទៅដល់ការចាត់វិធានការបង្ក្រាបបទល្មើសផ្សេងៗដែលកំពុងកើតមានឡើងនៅក្នុងសង្គមដែរឬទេ! អានេះគឺជារឿងដែលត្រឹមត្រូវ»។

លោក ណុប វី បន្ថែមថា ប្រសិនបើសមត្ថកិច្ចនៅតែព្យាយាមចាត់វិធានការលើអ្នកសារព័ត៌​មាន​ដែលហ៊ាន​រាយ​ការ​ណ៍​អំពីបទល្មើសផ្សេងៗដែលកើតមានក្នុងសង្គមនោះ មានន័យថា ​សមត្ថកិច្ចក៏ជាផ្នែកមួយក្នុងលាក់បាំងព័ត៌មាន​ជុំវិញ​បញ្ហា​​ល្មើសផ្សេងៗ​ដែលកំពុងកើតមាននៅក្នុងសង្គមដែរ។

អង្គការអ្នកកាសែតគ្មានព្រំដែន កាលពីពេលថ្មីៗនេះ បានបន្តផ្តល់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២១ ស្ថិតនៅក្នុងរូបភាពអាក្រក់ដដែល ដោយនៅលេខរៀងទី១៤៤ ក្នុង​ចំណោម​១៨០ប្រទេសនៅ​លើពិភព​លោក។ 

សេរីភាពសារព័ត៌មានដែលអង្គការនេះវាយតម្លៃ បង្ហាញ​ថា កម្ពុជាបានធ្លាក់​ចុះ​៣ឆ្នាំជាប់ៗគ្នាចាប់តាំងពីឆ្នាំ២០១៧មក ពោលគឺចំណាត់ថ្នាក់លេខ១៤២ នៅឆ្នាំ២០១៨ ចំណាត់ថ្នាក់លេខ១៤៣ នៅឆ្នាំ២០១៩ និងចំណាត់ថ្នាក់លេខ១៤៤ នៅឆ្នាំ២០២០និង​ឆ្នាំ២០២១នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ