កម្ពុជា​​ចាក់​វ៉ាក់សាំង​បង្ការ​​ជំងឺ​ដុំ​ពក​​លើ​ស្បែ​ក​គោ​និង​ក្របី​ ខណៈ​ជំងឺ​នេះ​កំពុង​រីករាល​ដាល​ខ្លាំង​នៅ​​បណ្តា​ខេត្ត​ជាប់​ព្រំដែន​

មន្ត្រីមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង មន្ត្រីពាក់ព័ន្ធផ្សេងៗ និងអ្នកជំនាញសុខភាពសត្វ ចុះអន្តរាគមន៏ទប់ស្កាត់ការឆ្លងរាលដាលជំងឺដុំពកលើស្បែកសត្វគោនិងក្របី នៅភូមិក្នុង ភូមិល្វា ភូមិតាឡាត់ និងភូមិជើងគ្រួស ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ)

ក្រសួងកសិកម្ម​ ធ្វើយុទ្ធនាការ​ចាក់​វ៉ាក់សាំងបង្ការជំងឺ​ដុំពក​លើ​ស្បែក​គោនិង​ក្របីនៅតាមបណ្តាខេត្តមួយចំនួន ក្រោយ​ពីបានបញ្ជាទិញវ៉ាក់សាំង​​ចំនួន២ ម៉ឺនកម្រិត (ឬស្មើនឹង២ម៉ឺនដូស) ពីប្រទេសវៀតណាម និងស្របពេល​ដែលសត្វគោក្របីជាង៣ម៉ឺនក្បាលកំពុងឆ្លងជំងឺនេះ។

ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ លោក តាន់ ផាន់ណារ៉ា មានប្រសាសន៍ប្រាប់ វីអូឌី នៅថ្ងៃ​ទី៣០ ខែសីហានេះ​ថា ជំងឺដុំពក​លើស្បែក​​គោនិង​ក្របី ជាជំងឺដែល​អាច​ចម្លង​ទៅ​ឱ្យ​សត្វ​ដូច​គ្នាបា​ន បើសិនជាម្ចាស់គោនិងក្របី​ទាំងនោះបណ្តែតបណ្តោយឱ្យសត្វចិញ្ចឹមរបស់ខ្លួនដើរស៊ីស្មៅនៅតាមវាលស្រែជាមួយសត្វដែលមានជំងឺ។

លោក​បន្តថា គិតមកដល់បច្ចុប្បន្ន មានសត្វគោក្របីជាង៣ម៉ឺនក្បាលហើយបានឆ្លងជំងឺនេះ។ ករណីនេះ លោកថា ស្ថាប័នជំនាញបានសហការគ្នាដោយយកចិត្តទុកដាក់ ចុះចាក់វ៉ាក់សាំងបង្ការជំងឺដុំពកលើស្បែកគោនិងក្របីនៅក្នុងខេត្តគោលដៅសំខាន់ៗដែលឆ្លងជំងឺនេះខ្លាំង ជាពិសេសនៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃ រួមមាន ខេត្ត​សៀមរាប កំពង់ធំ កំពង់ចាម ​និងត្បូងឃ្មុំ ជាដើម។

ជាមួយគ្នានេះដែរ លោក តាន់ ផាន់ណារ៉ា លើកទឹកចិត្តដល់ប្រជាពលរដ្ឋត្រូវរាយការណ៍បន្ទាន់ទៅអាជ្ញាធរភូមិឃុំ នៅពេលឃើញសត្វគោនិងក្របីរបស់ខ្លួនមានជំងឺដុំពកលើស្បែក ដើម្បីឱ្យមន្ត្រីជំនាញចុះទៅជួយពិនិត្យនិងព្យាបាល ទើបអាចកាត់​ផ្តាច់ការចម្លងនៃជំងឺនេះបានប្រសិទ្ធភាពខ្ពស់។

លោកមានប្រសាសន៍ថា៖ «បើសិនជាមានឆ្លងជំងឺ [ដុំពកលើស្បែកគោនិងក្របី] គាត់ត្រូវប្រាប់ទៅអាជ្ញាធរដែលនៅក្បែរបំផុត មានមេភូមិ មានមេឃុំ មានពេទ្យសត្វភូមិ ឱ្យគេរកពេទ្យសត្វទៅជួយមើល។ កុំឱ្យគាត់ព្យាបាលតាមវិធីបុរាណ អ្នកខ្លះបញ្ច្រកទឹកដូង ដល់គោនិងក្របីជិតងាប់ បានគាត់មករកអ្នកជំនាញ ​វាជាការខុសឆ្គង»។

បន្ថែមពីនេះ លោក​បញ្ជាក់ថា សត្វគោនិងក្របីដែលត្រូវចាក់វ៉ាក់សាំងបង្ការជំងឺដុំពកលើស្បែកនោះ គឺចាក់បានតែសត្វដែលមិនមានជំងឺតែប៉ុណ្ណោះ។ ចំណែកសត្វដែលមានជំងឺហើយព្យាបាលជា ​គឺពេទ្យសត្វមិនចាក់ឱ្យនោះទេ ព្រោះសត្វនោះបានបង្កើតអង់ទីគ័រការពារខ្លួនរួចហើយ។

បើតាមលោក តាន់ ផាន់ណារ៉ា តាមគម្រោង ​រដ្ឋាភិបាលកំពុងសហការជាមួយប្រទេស​អាហ្វ្រិក​ខាងត្បូង ដើម្បីទិញវ៉ាក់សាំងបង្ការជំងឺដុំពកលើស្បែកគោនិង​ក្របី ចំនួន៤ម៉ឺនកម្រិតទៀត នៅសប្តាហ៍ក្រោយផងដែរ ។

លោក វ័យ សុខនាង ជាកសិករ​រស់នៅភូមិរកាកោងទី២ ឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល គាំទ្រនឹងវិធានការរបស់រដ្ឋាភិបាលក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺដុំពកលើស្បែកគោនិងក្របី ខណៈនៅ​ផ្ទះរបស់គាត់​ក៏​មានគោចំនួន១០ក្បាលឆ្លងជំងឺដុំពកលើស្បែកផងដែរ។

តែយ៉ាងណា ​លោកស្នើទៅរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធជួយចាក់វ៉ាក់សាំងបង្ការជំងឺដុំពកលើស្បែកគោនិងក្របីនៅទូទាំងប្រទេស ទើបទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះ និងមិនប៉ះពាល់ដល់ជីវភាពកសិករ។

លោក​ថា៖ «ជំងឺដុំពកហ្នឹងកើតហើយ វាធ្វើឱ្យខូចសាច់ ខូចគុណភាពសាច់ វាអត់ល្អ វាដូចជាដុំៗ ក្រហមៗ ឈាមៗ នៅពេលដែលយើងយកទៅបរិភោគ អ៊ីចឹង​វាធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់មនុស្ស»។

លោកបន្ថែមថា៖ «បើសិនជាអាចមានក្រសួងកសិកម្ម គាត់មានវិធានការចាក់វ៉ាក់សាំង ខ្ញុំចង់ឱ្យគាត់ចាក់នៅទូទាំងប្រទេស ដោយសារជំងឺហ្នឹងវាកើតឡើងគ្រប់តំបន់ គ្រប់ខេត្ត។ ដល់ពេលអ៊ីចឹង ទាល់តែយើងចាក់ទប់ស្កាត់វាគ្រប់កន្លែង បានជំងឺហ្នឹងវាសាបរលាបទៅវិញ»។

ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោក អ៊ូច វុទ្ធី មានប្រសាសន៍គាំទ្រនឹងរដ្ឋាភិបាលដែលទិញវ៉ាក់សាំងបង្ការជំងឺដុំពកលើស្បែកគោនិងក្របី ចុះចាក់ជូនប្រជាពលរដ្ឋម្ចាស់សត្វ។

ប៉ុន្តែលោកស្នើទៅរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធ ត្រូវជ្រើសរើសវ៉ាក់សាំងដែលមានគុណភាពល្អក្នុងការទប់ស្កាត់ការឆ្លងជំងឺដុំពកលើស្បែកគោនិងក្របី ពីព្រោះអាចឆ្លងទៅមនុស្សនៅពេលពលរដ្ឋទៅទិញសាច់គោនិងសាច់ក្របី​ដែលកើតជំងឺនេះយកមកបរិភោគ។

លោកស្នើដូច្នេះថា៖ «វ៉ាក់សាំងដែលរដ្ឋាភិបាលទិញពីវៀតណាមឬយកមកពីវៀតណាម វាជារឿងមួយល្អ ប៉ុន្តែគួរ​តែចូ​ល​ឡាបូមើល​ឱ្យបានច្បាស់លាស់ ដើម្បីយកមកចាក់សត្វទាំងអស់ហ្នឹងកុំឱ្យមានការឈឺ ហើយវាអាចរាលដាលឆ្លងមកមនុស្សយើងនៅពេលយើង នៅពេលដែលយើងបរិភោគ»។

បើតាមអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សត្វគោនិងក្របីសរុបនៅទូទាំងប្រទេសកម្ពុជាមានចំនួនប្រហែលជា៣លានក្បាល។ លោកបន្តថា ដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺដុំពកលើស្បែកគោនិងក្របីនេះ កម្ពុជាត្រូវចាក់វ៉ាក់សាំងឱ្យបាន ៧០% ទៅ ៨០% នៃចំនួនគោនិងក្របីសរុប៣លានក្បាលនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ