កម្ពុជា​ទ​ទួល​ជន​ភៀស​ខ្លួន​អាហ្វហ្កានីស្ថាន​ចំនួន​៣០០​នាក់​ស្នាក់​នៅ​បណ្តោះ​អាសន្ន​ក្នុង​កិច្ចការ​មនុស្សធម៌

ក្រុមពលរដ្ឋស៊ីវិលអាហ្វហ្គានីស្ថាន នាំគ្នាសម្រុកចាកចេញពីប្រទេស ក្រោយពីរដ្ឋធានីកាប៊ុកត្រូវបានកាន់កាប់ដោយក្រុមកាលីបង់។ (ធ្វីតទ័រ៖ UN Human Rights)

រាជរដ្ឋាភិបាល​បានឱ្យដឹងថា កម្ពុជាទទួលយកជនភៀសខ្លួន​អា​ហ្វ​ហ្កា​នី​ស្ថាន ចំនួន​៣០០​នាក់ ដែលជាផ្នែកមួយនៃកិច្ចការមនុស្សធម៌ ដើម្បីឱ្យពួកគេស្នាក់​នៅ​ប្រទេស​កម្ពុជា​ជា​បណ្តោះអាសន្ន មុន​ចាកចេញ​ទៅ​កាន់​ប្រទេស​ទី៣ ។

ការទទួលយកជនភៀសខ្លួននេះ ធ្វើឡើងបន្ទាប់ពី អង្គការ The Asia Foundation បាន​ស្នើ​សុំ​មក​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈក្រសួងការបរទេសថា  ​ដោយ​ផ្អែក​លើ​គោលការណ៍​មនុស្សធម៌ មេត្តា​ជួយពិនិត្យ​នូវ​លទ្ធភាព​ផ្តល់​ទិដ្ឋាការ ចូល​ព្រះរាជាណាចក្រ​កម្ពុជា​ដល់​បុគ្គលិក​អង្គការ The Asia Foundation ប្រចាំ​ប្រទេស​អា​ហ្វ​ហ្កា​នី​ស្ថាន ​ ដើម្បីស្នាក់នៅ​ជា​បណ្តោះអាសន្ន​ មុននឹងចាកចេញទៅប្រទេសទី៣ ។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន ប្រាប់វីអូឌីនៅថ្ងៃ២៩ ខែសីហានេះថា  ដើមចមដែលនាំឱ្យរដ្ឋាភិបាលសម្រេចចិត្តទទួលយកជនភៀសខ្លួន​អា​ហ្វ​ហ្កា​នី​ស្ថាន ចំនួន​៣០០​នាក់ ដោយសារកម្ពុជាអនុវត្តនូវគោលការណ៍មនុស្សធម៌។

លោកមានប្រសាសន៍ថា៖ «ក្នុងគោលការណ៍មនុស្សធម៌ កម្ពុជាបើកចំហរទទួលយកជនភៀសខ្លួនអាហ្វហ្កានីស្ថាន ចំនួន៣០០នាក់ សម្រាប់​ប្រទេសទី២ឱ្យគេចូលមក រីឯការជ្រើសរើសចាកចេញទៅប្រទេសទី៣ជាការសម្រេចរបស់ទូតអាហ្វហ្កានីស្ថាន ដើម្បីទទួលក្រុមហ្នឹងទៅប្រទេសទី៣»។

នៅពេលសួរថា តើពាក់ព័ន្ធ​នឹង​ការ​ស្នាក់​នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ ឬ​ប៉ុន្មាន​ខែ ឬដាក់ឱ្យស្នាក់នៅទីកន្លែងណាក្នុងប្រទេសកម្ពុជាជាបណ្តោះអាសន្ន​? លោក ផៃ ស៊ីផាន បញ្ជាក់យ៉ាងខ្លីថា ក្រសួង​ការ​បរ​ទស​កម្ពុជា បាន​នឹង​កំពុង​ពិភាក្សា​បន្ថែម​ជាមួយ​ការ​អង្គការ The Asia Foundation ជុំវិញបញ្ហានេះបន្តទៀត​ ។

យ៉ាងណា នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា បច្ចុប្បន្ននេះ នៅប្រទេសអាហ្កានីស្ថាន កំពុងរងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ហើយប្រជាជននៃប្រទេសនេះបានកំពុងតែភៀសខ្លួនទៅប្រទេសទី២ និងត្រៀមភៀសខ្លួនទៅប្រទេសទី៣ជាបន្តបន្ទាប់ ។

លោក អំ សំអាត បញ្ជាក់ថា ដើមចមដែលនាំឱ្យរដ្ឋាភិបាលសម្រេចចិត្តទទួលយកជនភៀសខ្លួនអាហ្កានីស្ថានចំនួន៣០០នាក់ ដើម្បីបង្ហាញថា កម្ពុជាជាប្រទេសគោរពសិទ្ធិមនុស្ស និងចេះបារម្ភពីការរំលោភសិទ្ធិមនុស្ស  ដើម្បីបង្ហាញទៅអន្តរជាតិឱ្យបានឃើញពីទឹកចិត្តរបស់កម្ពុជា​។ យ៉ាងណាលោកថា វាជារឿងល្អផងដែរ។

លោកមានប្រសាសន៍ថា«ស្ថានភាពសិទ្ធិមនុស្ស ស្ថានភាពធ្វើទុក្ខបុកម្នេញលើជនភៀសខ្លួន ដែលត្រូវភៀសខ្លួនចេញពីអាហ្កានីស្ថាន ហើយរដ្ឋាភិបាលចង់បង្ហាញថា រដ្ឋាភិបាលមានការយកចិត្តទុកដាក់ទាក់ទងនឹងបញ្ហាមនុស្សធម៌ បញ្ហាអាយុជីវិតរបស់ជនភៀសខ្លួន ហើយការធ្វើទុកបុកម្នេញទាក់ទងនឹងសិទ្ធិមនុស្សផ្សេងៗ ប៉ុន្តែវាជារឿងល្អ»។

លោបន្ថែមមានប្រសាសន៍ថា « ប៉ុន្តែរដ្ឋាភិបាលត្រូវគិតគូឱ្យបានល្អិតល្អន់ សម្រាប់ជួយដល់ជនភៀសខ្លួន៣០០នាក់មិនមែនតិចទេ ហើយកម្ពុជាក៏កំពុងរងគ្រោះដោយសារបញ្ហាកូវីដ-១៩ ប្រជាពលរដ្ឋក៏ត្រូវការជួយពីរដ្ឋាភិបាលកម្ពុជាដែរ ត្រូវមានការថ្លឹងថ្លែងឱ្យបានគ្រប់ជ្រុងជ្រោយដែរ»។

​​ក្រុម​​តាលីបង់​ បាន​កាន់​អំណាច​នៅ​ប្រទេស​អាហ្វហ្កានីស្ថាន បន្ទាប់​ពី​ពួក​គេ​ចូល​កាន់​កាប់​រដ្ឋធានី​កាប៊ុល​កាលពីដើមខែសីហា ឆ្នាំ២០២១ នេះ ។ ករណីនេះ ​លោក​ប្រធានាធិបតី​ Ashraf Ghani ​បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​តាហ្ស៊ីគីស្ថាន​  ដើម្បី​បញ្ចៀស​ការ​បង្ហូរ​ឈាម  ខណៈជនជាតិអាហ្វហ្គាននីស្ថាន ជាច្រើននាក់ កំពុងចាកចេញពីប្រទេសនេះជាបន្តបន្ទាប់ ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ