សង្គម​ស៊ីវិល​ថា​ បរិបទ​នយោ​បាយ​​កំពុង​ជំរុញ​ឱ្យបញ្ញ​វន្ត​ឈប់​និយាយ​បញ្ហា​សង្គម

លោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ថ្លែងប្រាប់អ្នកសារព័ត៌មាននៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្នុងថ្ងៃជំនុំជម្រះអតីតសកម្មជនបក្សសង្គ្រោះជាតិ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

​សង្គមស៊ីវិលមើលឃើញថា ការធ្លាក់ចុះស្ថានភាពសិទ្ធិមនុស្សនាប៉ុន្មា​នឆ្នាំចុងក្រោយនេះ បានគំរាមកំ​ហែ​ង​​​ដល់​សេរីភាពបញ្ចេញ​​​មតិ ធ្វើឱ្យ​បញ្ញវន្តមួយ​ចំនួន​​​បង្ខំ​​​ចិត្តឈប់​និយាយ​​បញ្ហា​សង្គម ដែលករណី​នេះ​បង្កើត​ជា​ក្តី​បារម្ភ​ថ្មី​មួយ​ទៀត​របស់​​សង្គមស៊ីវិលទាំងនោះទៅលើស្ថិរភាពនយោបាយ បើរដ្ឋាភិបាលមិន​កែលម្អឱ្យ​បាន​ទាន់ពេលទេនោះ។

ក្តីបារម្ភនេះបានកើតឡើងស្របពេលដែលបញ្ញវន្តមួយចំនួនបានសម្រេចចិត្តឈប់ធ្វើអត្ថាធិប្បាយឬផ្តល់គំនិត​តាមប្រព័ន្ធផ្សព្វផ្សាយជាបន្តបន្ទាប់ ដែលក្នុងនោះមានអ្នកវិភាគបញ្ហាសង្គម សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ និងបណ្ឌិតផ្នែកសេដ្ឋកិច្ច ជាដើម។

នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព មើលឃើញថា បញ្ហានេះបានកើតឡើងបន្ទាប់​ពីកត្តា​សិទ្ធិមនុស្ស​ប្រ​ឈម​​នឹង​បញ្ហាជាច្រើននារយៈពេល​ប៉ុន្មា​នឆ្នាំចុងក្រោយនេះ។ លោកស្រីថា​ បញ្ហា​ប្រឈមនោះដោយសារ​មាន​ការចាប់ឃុំខ្លួនក្រុមយុវជននិង​សកម្មជននយោបាយ ហើយ​​បទ​ចោទពេញ​និយម​បច្ចុប្បន្ន​នោះ គឺបទ «ញុះញង់ និងរួមគំនិតក្បត់» ជាដើម ដែលទាំងអស់នេះជាស្ថានទម្ងន់ទោសមួយគំរាមកំហែងទៅដល់ការចូលរួម​របស់ប្រជាពលរដ្ឋក្នុងកិច្ចការ​សង្គម និងការបញ្ចេញមតិ។

មួយវិញទៀត លោកស្រីថា ការបង្ក្រាបទៅលើតួអង្គសំខាន់ជាច្រើនដូចជា សង្គមស៊ីវិល អ្នកសារព័ត៌មាន អតីត​​អ្នក​តំណាងរាស្ត្រ និងឃាតកម្ម​លើសកម្មជនព្រៃឈើ លោក ឈុត វុទ្ធី មេដឹកនាំសហជីព លោក ជា វិជ្ជា និងចុងក្រោយលើអ្នកវិភាគបញ្ហាសង្គម លោក​បណ្ឌិត កែម ឡី ជាដើមនោះ ក៏​ជាសារគំរាមមួយទៀតធ្វើឱ្យ​ពលរដ្ឋ រួមទាំង​បញ្ញ​វន្ត​មួយចំនួន ខ្លាចរអាចំពោះការបញ្ចេញមតិរបស់ខ្លួន ឬការ​ចូលរួម​កិច្ចការ​សង្គមផង​ដែរ ក្នុង​នោះ ពួកគេក៏បារម្ភពីការ​ប្រឈមផ្លូវច្បាប់ និង​ការយាយីដល់រូបរាងកាយ។

លោកស្រី ចក់ សុភាព បាន​គូសបញ្ជាក់ថា នៅក្នុងសង្គមប្រជាធិបតេយ្យ បើកាលណាពលរដ្ឋកាន់តែច្រើន រួមទាំ​​​​ងបញ្ញវន្ត ដែលមានចំណេះដឹងក្នុងសង្គម លែងហ៊ានបញ្ចេញមតិនោះ នឹងធ្វើ​ឱ្យ​​ប៉ះពាល់​ដល់​ការធានា​បាន​នូវយុត្តិធម៌សង្គម បាត់បង់មូលដ្ឋានគ្រឹះក្នុងការជំរុញអភិបាលកិច្ចល្អ និងបា​ត់បង់​ការត្រួតពិនិត្យអំណាចតាមបែបប្រជាធិបតេយ្យ។

លោកស្រីថា៖ «យូរៗទៅ បញ្ហាមិនប្រក្រតី​ បញ្ហារំលោភ​បំពាន ឬបញ្ហាសង្គមជាច្រើន នឹងបន្តកើតមានដោយគ្មាននរណាខ្វាយខ្វល់​ចូលរួម​ក្នុងការលាតត្រដាងសម្រាប់ពលរដ្ឋទូទៅអាចយល់​ដឹង​ពី​បញ្ហា​ទាំងអស់​ហ្នឹង»។

តែយ៉ាងណា លោកស្រីថា ការកែលម្អស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាឡើងវិញជាការលំបាក បើរដ្ឋាភិបាល​នៅ​តែយល់ថា អ្វីដែលខ្លួនកំពុងធ្វើជាការអនុលោមទៅតាមនីតិរដ្ឋ ខណៈនីតិរដ្ឋដែលរដ្ឋាភិបាលកំពុងនិយាយនេះផ្ទុយពីនីតិរដ្ឋដែលពិភពលោកសំដៅទៅដល់ពលរដ្ឋមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ និង​ច្បាប់ទាំង​ឡាយត្រូវអនុលោមតាមបទដ្ឋានអន្តរជាតិ។

អ្នកស្រាវជ្រាវសង្គម លោកបណ្ឌិត សេង សារី មើលឃើ​ញថា ការដកខ្លួនរបស់បញ្ញវន្តមួយចំនួន​ពីការនិយាយបញ្ហាសង្គម មកពីបញ្ហាធំ៣ រួមមាន គំនាបផ្នែកសេដ្ឋកិច្ចនៅកន្លែងការងាររបស់ពួកគេ គំនាបគ្រួសារ និងការគំរាមគំហែងខាងនយោបាយ។

លោកថា៖ «ក៏ប៉ុន្តែរដ្ឋាភិបាលបច្ចុប្បន្នចូលចិត្ត​ទិន្នន័យលើកជើង​ បើសិនជាបញ្ញវន្តណាមិន​សរសើរ​ខ្លួន​ទេ ចាត់​ទុកជា​សត្រូវរបស់​ខ្លួនតែម្តង […]​ ហើយយើង​ឃើញ​ ជាក់​ស្តែង​ដែរ បញ្ញវន្តដែល​សរសើរ​រដ្ឋាភិបាល​ គាំទ្រនយោបាយ​របស់​មេដឹកនាំ​បច្ចុប្បន្ន មិន​ត្រូវបាន​គំរាម​កំហែង​ ហើយគាត់ត្រូវបានរស់នៅក្នុងជីវភាពធូរធារទៅ​ទៀត»។

ចំណែកនាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី បានលើកឡើង​​​ថា បញ្ញវន្ត និង​សាស្ត្រាចារ្យ រួម​ទាំង​អ្នកចេះដឹងមួយចំនួនទៀត គឺជាសសរស្តម្ភរបស់ជាតិ ទាក់ទងនឹងការអភិវឌ្ឍគ្រប់វិស័យ ទាំងសេដ្ឋកិច្ច សង្គម និងនយោបាយ។ 

ប៉ុន្តែលោកយល់ថា ការបាត់បង់ធនធានទាំងអស់នោះនឹងធ្វើឱ្យការអភិវឌ្ឍជាតិធាក់ថយ ខ្វះតម្លាភាព មានអំពើពុករលួយច្រើន បង្កឱ្យមានភាពអយុត្តិធម៌សង្គម ហើយនឹងឈានទៅអស្ថិរភាពន​យោបាយ​​ទៀតផង បើ​រដ្ឋាភិបាលមិនអាចដោះស្រាយបាន។

លោកថា៖ «ប៉ុន្តែបើយើងអត់ខ្វល់ខ្វាយពីបញ្ហា​អយុត្តិធម៌សង្គម​ទេ ប្រទេស​នឹងអត់​មាន​ស្ថិរភាព​ទេ អ្ន​​ក​ដែល​​ទទួលរងនូវភាពអយុត្តិធម៌សង្គម​នឹង​ច្រើនទៅ ហើយដល់កម្រិតមួយដែល​គាត់​មិន​អាច​រើខ្លួន​បាន ​គឺយើង​ឃើញ​ជា​ឧទាហរណ៍នៅក្នុងប្រទេសផ្សេង គឺគាត់រើ​បម្រះ […] ខ្ញុំលើកទឹកចិត្តថា ថ្នាក់ដឹកនាំ​​ណា​ក៏ដោយ​ បើចង់ដឹកនាំបានយូរ វាទាល់តែយើងបានបេះដូងរាស្ត្រ ហើយបានចិត្តរាស្ត្រ»។

យ៉ាងណា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក កត្តា អ៊ន មានប្រសាសន៍ថា សិទ្ធិ​បញ្ចេញមតិ ត្រូវបានបើកទូលាយ​យូរណាស់​មក​ហើយ។ លោកបន្ត​ថា អ្នកដែលអាជ្ញាធរមានវិធានការ ជា​អ្នក​បំពាន​ច្បាប់ ហើយថាបញ្ញវន្តដែលលែងហ៊ានបញ្ចេញមតិ មកពីពួកគេមាននិន្នាការនយោបាយ។

លោ​កថា៖ «ខ្ញុំក៏ជាបញ្ញវន្តមួយដែរ ខ្ញុំក៏ជាសាស្ត្រាចារ្យ​បង្រៀន​នៅសា​កលវិទ្យាល័យ​មួយ​ដែរ ខ្ញុំមាន​សេ​​រីភាព​បញ្ចេញ​មតិ​គ្រប់​បែប​យ៉ាង អ្វីដែលខ្ញុំគិតឃើញ ​កុំឱ្យបញ្ចេញ​មតិ​ខុស​ច្បាប់។ ដូច្នេះ ខ្ញុំក៏​ប​ង្រៀន​នៅសាកល​វិទ្យាល័យ​ដែរ ដូច្នេះពុំឃើញមានសាស្ត្រាចារ្យណាភ័យខ្លាច​​មិន​ហ៊ាន​បញ្ចេញ​ម​តិឯណា! ដូច្នេះ​ មានតែ​ក្រុម​មួយ​ចំនួ​នតូចហ្នឹង​ហើយ ដែលគាត់តែង​តែ​បំពង​សំឡេង ដើម្បី​ផល​ចំណេញ​នូ​វផល​ប្រយោជន៍របស់​គាត់»។

តែយ៉ាងណា ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៤ ខែសីហានេះ បាន​លើកឡើង​ថា ការកាត់ទោសមេដឹកនាំសហជីព លោក រ៉ុង ឈុន ដែលនិយាយបញ្ហាព្រំដែន និង​សកម្មជនបរិស្ថាន រួមទាំង​សកម្ម​ជន​សិទ្ធិមនុស្ស ១៧​រូបផ្សេងទៀត ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ» នា​ពេល​កន្លង​មក បាន​​រំលោភទៅនឹង​ការប្តេជ្ញាចិត្ត​របស់​កម្ពុជានាសម័យប្រជុំពិនិត្យរបាយការណ៍ជាសកលតាមកាលកំណត់ឆ្នាំ២០១៩។

សេចក្តីថ្លែងការណ៍ដដែលក៏បាននិយាយដែរថា «យើងលើកទឹកចិត្តឱ្យអាជ្ញាធរចាត់វិធានការជាក់ស្តែ​ង​ ដើ​ម្បី​​អនុវត្តការប្តេជ្ញាចិត្តដែលពួកគេបានធ្វើ ដើម្បីបញ្ចប់ការបំភិតបំភ័យនិងការយាយីរំខានដល់អ្នកកា​រពារសិទ្ធិមនុស្ស»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ