ជនជាតិ​​ដើម​ភាគ​តិច​នៅ​មណ្ឌល​គិរី​ ចោទ​​បុគ្គល​​​ម្នាក់​​ថា​​បាន​​រំលោភ​យក​ដី​និ​ង​​​ឈូស​ឆាយ​​​ដំណាំ​ពួ​ក​គេ

បុរសបីនាក់ជិះម៉ូតូតាមដងផ្លូវកាត់ពីមុខសាលាដំបូងខេត្តមណ្ឌលគិរី។ (ជន ចាន់រ៉ែន)

​ជនជាតិដើមភាគតិចពូនងចំនួន​១៨​គ្រួសារ​​ នៅ​ភូមិ​ពូទ្រូ ឃុំ​​សែន​មនោរម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី បានចោទ​​​ឈ្មួញ​ដីម្នាក់​ថាបានរំលោភយកដីនិងឈូសឆាយផលដំណាំរបស់ពួកគេ។

កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ជនជាតិដើមភាគតិចពូនងចំនួន១៨គ្រួសារ​បានដាក់​ពាក្យបណ្ដឹង​មួយចូល​ទៅ​រដ្ឋបាល​ខេត្តមណ្ឌលគិរី ដើម្បីឱ្យអាជ្ញាធរជួយដោះស្រាយវិវាទដីធ្លី ដោយពួកគេចោទ​បុគ្គល​ម្នាក់ឈ្មោះ សាន សូត្រ ថា​បាន​​ដាក់គ្រឿងចក្រឈូសឆាយ​បំផ្លាញ​ស្រូវនិងដំណាំ​ហូបផ្លែរបស់​ពួក​គាត់​ ដើម្បី​យក​​​ដី​​ជាង១០​ហិកតា​។

ក្នុងបណ្ដឹង ពលរដ្ឋបានប្តឹងលោក​ សាន សូត្រ អាយុ​ប្រហែល​៥០​ឆ្នាំ ជនជាតិខ្មែរ មុខរបរជា​ឈ្មួញដី​ រស់​នៅ​ភូមិ​ព្រែក​ហូរ​ខាង​កើត សង្កាត់​ព្រែកហូរ ក្រុង​​តាខ្មៅ ខេត្តកណ្តាល ពីបទ «​បំផ្លិច​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​ដោយ​ចេតនា»​

ក្នុងបណ្ដឹងដដែលនេះបានឱ្យដឹងថា កាលពី​ថ្ងៃទី​​២០ ខែសីហា ឆ្នាំ២០២១ លោក សាន សូត្រ ​បាន​ដាក់​គ្រឿង​ចក្រ​ឈូសឆាយ​លើដី​របស់ពលរដ្ឋជាង​១០​​ហិកតា បណ្តាលឱ្យ​ខូចខាត​ស្រូវ ដំណាំ​ផ្សេងៗ និងដីព្រៃអាស្រ័យផល ​រួម​ទាំង​ស្ពាន​សាធារណៈ​របស់​អ្នកភូមិ​ដីព្រៃទៀត​ផង​។

ករណីនេះ ក្រុមជនជាតិដើមភាគតិចពូនងបានស្នើដល់អាជ្ញាធរមណ្ឌលគិរី ជួយចុះដោះស្រាយបន្ទាន់​ដល់ពួកគេ និង​ចេញវិធានការទប់ស្កាត់និងបញ្ឈប់សកម្មភាពឈូសឆាយ រួមទាំងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលឈ្មោះ សាន សូត្រ ផងដែរ។

បើតាមបណ្ដឹងដដែលនោះ ពលរដ្ឋទាំង​១៨គ្រួសារបានទាមទារ​សំណង​ជំងឺ​ចិត្តនិង​ការខូចខាត​សរុប​ចំនួន​១០​​ម៉ឺន​ដុល្លារ លើ​សកម្មភាព​ដែល​បាន​ឈូសឆាយនិង​បំផ្លិចបំផ្លាញ​ផលដំណាំរបស់ពួកគេ។

លោក តែ រ៉ន ជាជនជាតិដើមភាគតិចពូនងម្នាក់​ រស់នៅភូមិពូទ្រូ ឃុំសែនមនោរម្យ និយាយថា ដីទំហំ១៣ហិកតាដែលកំពុងមានជម្លោះនោះ រូបគាត់និងពលរដ្ឋជនជាតិដើមភាគតិចផ្សេងទៀត បានកាន់កាប់និងអាស្រ័យផល​តាំងពីឆ្នាំ១៩៩២មក​។ ប៉ុន្តែថ្មីៗនេះ ស្រាប់តែឈ្មោះ សាន សូត្រ មកអះអាងថា ដីនោះជាកម្ម​សិទ្ធិ​របស់ខ្លួនទៅវិញ។ លោក​បន្តថា បុគ្គលរូបនោះបានអះអាងទៀតថា ដីនោះខ្លួន​​​បានទិញពីប្រជាពល​រដ្ឋ ប៉ុន្តែការពិត ​​គ្មានពលរដ្ឋណាបានលក់ឱ្យបុគ្គលរូបនេះឡើ​យ។

លោកបន្ថែមថា៖ «គេគំរាមពួកយើងឱ្យយកលុយ។ គេថា បើមិនយកលុយទេ ថ្ងៃក្រោយមានតែ​អ​ត់​ហើយ។ ខ្ញុំឆ្លើយ បើឱ្យយកលុយ ដីមិនអស់? បានអីចែកកូនចែកចៅជំនន់ក្រោយទៀត? បើយើងមានដី កន្លែងមានមុខរបរច្រើន យើងចេះតែយកទៅ។ ចុះនេះជាជនជាតិដើមភាគតិច មានតែដីហ្នឹងហើយសម្រាប់បង្កបង្កើន​​ផល​ចិញ្ចឹមជីវិត ​ចុះបើអស់ដីហើយបានអីទៀត? បើមុខរបរយើងនៅលើដីហ្នឹងហើយ»

លោក សាន សូត្រ ដែល​រង​ការចោទប្រកាន់ពីពលរដ្ឋ បានច្រាលចោលការចោទប្រកាន់នេះ។ លោកថា ដីដែលលោកកំពុងធ្វើសកម្មភាពឈូសឆាយនោះ គឺលោកបានទិញពី​ជនជាតិដើមភាគតិច​ជាង១៥ឆ្នាំហើយ​ ដោយ​មាន​លិខិត​បញ្ជាក់ការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាននិងថ្នាក់ខេត្តត្រឹមត្រូវ។

លោកបន្តថា ករណីពលរដ្ឋជនជាតិដើមភាគតិចផ្ទុះការតវ៉ាជាមួយលោកនេះ ដោយសារមាន​មេខ្យល់​ជា​ជនដើម​ភាគតិច​ដែរនោះ ជាអ្នកញុះញង់​ ខណៈលោកបានដោះស្រាយជាច្រើនសារ​រួចមកហើយជាមួយអ្នកតវ៉ា​បែប​នេះ។

លោកបន្ថែមថា៖ «ខ្ញុំបានទិញពីជនជាតិចាស់អស់ហើយ! ពេលកូនគាត់ធំ គាត់ចាប់ដី​ខ្ញុំយក​ទៅលក់ទៀត​ ខ្ញុំដោះស្រាយមួយសារទៀត។ ដោះស្រាយមួយសារទៀត ម្តង៤០គ្រួសារ ម្តង៧០គ្រួសារ។ ដីខ្ញុំទិញនេះមានឯកសារគ្រប់គ្រាន់ពីថ្នាក់ភូមិដល់ថ្នាក់ខេត្ត អ៊ីចឹង​ខ្ញុំបញ្ជាក់​ថា ខ្ញុំមានឯកសារ​ខ្ញុំគ្រប់ បើមិនជឿ អាចទៅឆែក​នៅខេត្ត​ឬនៅស្រុកក៏បាន»

អភិបាលរង និងជា​អ្នកនាំពាក្យរដ្ឋបាល​ខេត្តមណ្ឌលគិរី លោក ជាក់ ម៉េង​ហ៊ាង មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​ទទួល​បាន​បណ្ដឹងរបស់ប្រជាពលរដ្ឋទេ ប៉ុន្តែ​កន្លងមក លោក សាន សូត្រ ទិញដី​នៅ​ខេត្តមណ្ឌលគិរី​នេះតែង​មាន​ឯកសារ​បញ្ជាក់កា​រផ្ទេរ​សិទ្ធិនិងការកាន់កាប់​ច្បាស់​លាស់​ពី​អាជ្ញាធរ​ពាក់ព័ន្ធ។

លោកបន្ថែមថា៖ «ខ្ញុំមិនទាន់ទទួលបានពាក្យបណ្ដឹងហ្នឹងទេ! ប៉ុន្តែគ្រាន់តែដឹងថា សាន សូត្រ ហ្នឹងមានទិញដីប្រជាពលរដ្ឋមួយចំនួន ដោយមានឯកសារត្រឹមត្រូវ ប៉ុន្តែចំពោះការរំលោភអីហ្នឹង មិនទាន់មើលឯកសារទេ»

អ្នកប្រឹក្សាយោបល់​បណ្តាញជនជាតិដើមភាគតិ​ចនៅខេត្តមណ្ឌលគិរី លោក គ្រឿង តុលា មានប្រសាសន៍ថា តាម​របាយការណ៍ដែលលោក​ទទួលបាន បុគ្គល​ឈ្មោះ សាន សូត្រ បានទិញនៅជុំវិញដី​ប្រជា​ពលរដ្ឋដែល​កំពុង​មានជម្លោះនេះ ហើយលួចធ្វើបណ្ណកម្មសិទ្ធិរំលោភយក​ទាំងដី​ប្រជាពលរដ្ឋនៅជាប់នោះទេ ទើបបណ្តាល​ឱ្យមានជម្លោះបែបនេះ។

លោកបន្ថែមថា៖ «សាន សូត្រ នៅកន្លែងណាក៏​មាន​បញ្ហាដែរ ពីព្រោះគាត់ទិញ១ហិកតា​ លួច​ធ្វើប្លង់​២ហិកតា គាត់[ទិញ]២ហិកតា លួចធ្វើប្លង់៤ហិកតា។ លោក​ សាន សូត្រ ហ្នឹង​ពីណា​មិនស្គាល់​!»

ទោះយ៉ាងណា លោក គ្រឿង តុលា បានជំរុញដល់អាជ្ញាធរខេត្តចុះស្រាវជ្រាវនិងស៊ើបអង្កេត​​ករណី​វិវាទ​ដីធ្លី​នេះឱ្យ​បានច្បាស់លាស់ ដើម្បីផ្តល់ភាពយុត្តិធម៌ដល់អ្នកដែលរងគ្រោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ