បទ​យក​ការណ៍​៖​ ប្រជា​នេសាទ​នៅ​ខេត្ត​សៀមរាប​ថាពិបាក​រក​ត្រី​ ស្រប​ពេល​​ភ្លៀង​ធ្លាក់​តិច​និង​ទឹក​​ទន្លេ​រាក់​​ជាង​​មុន​

ប្រជានេសាទម្នាក់នៅឃុំកំពង់ភ្លុក បង់សំណាញ់នេសាទត្រីនៅផ្នែកមួយតាមដងទន្លេមេគង្គ ស្ថិតនៅឃុំកំពង់ភ្លុក ស្រុកបាគង ខេត្តសៀមរាប ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១។

ឃុំកំពង់ភ្លុក ជាឃុំមួយដែលស្ថិតនៅស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយមានចម្ងាយប្រហែល៣០គីឡូម៉ែត្រពីក្រុងសៀមរាប។ ឃុំនេះមានភូមិចំនួន៣ រួមមាន ភូមិគោកក្ដុល ភូមិត្នោតកំបុត ភូមិដីក្រហម ដែលមានពលរដ្ឋជិត១ ០០០គ្រួសារ ហើយប្រជាពលរដ្ឋរស់នៅទីនោះភាគច្រើនពឹងផ្អែកលើរបរនេសាទ ទេសចរណ៍ និងការចិញ្ចឹមសត្វ។

អ្នកភូមិដែលរស់នៅលើបឹងទន្លេសាបមួយនេះ បានត្អូញត្អែរពីបញ្ហាប្រឈមក្នុងការប្រកបមុខរបរនេសាទនាពេលបច្ចុប្បន្ន ដោយសារត្រីចេះតែខ្សត់ទៅៗពីមួយឆ្នាំទៅមួយឆ្នាំ ហើយចរន្តទឹកបឹងទន្លេសាបក៏លែងទៀងទាត់ដូចពេលមុនដែរ។ ក្រៅពីបញ្ហាប្រឈមដ៏ធំនេះ អ្នកភូមិក៏កំពុងប្រឈម​បញ្ហាកង្វះទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃថែមទៀតផង។ 

ព្រះអាទិត្យកំពុងតែចែងចាំងពន្លឺលើផ្ទៃទឹកនៃដងទន្លេសាបដែលស្ទើរតែរីងស្ងួតហួតហែង ខណៈ​ទឹកទន្លេដែលធ្លាប់តែថ្លា បានប្រែ​ពណ៌​ទៅជាពណ៌ទឹកដោះខាប់ អមដោយ​​​ទូក​ជាច្រើន​ចម្រុះពណ៌កំពុងចតច្រូងច្រាងនៅតាមមាត់ច្រាំងទន្លេសាប។

មានសម្បុរ​ស្រអែម​ មិន​ពាក់អាវ មាន​តែខោជើងខ្លី​ លោក  ស៊ាម ហ៊ួត ជា​ពលរដ្ឋម្នាក់​រស់នៅឃុំកំពង់​ភ្លុក ឱ្យ​ដឹង​ថា លោកបានប្រកបមុខរបរ​​ជាអ្នកនេសាទ​រយៈពេល៣០ឆ្នាំមកហើយ។

បុរស​វ័យ៤៣​ឆ្នាំរូបនេះ កត់សម្គាល់ថា ក្នុង​រយៈ​ពេល២ឆ្នាំ​ចុងក្រោយនេះ បរិមាណ​ទឹកភ្លៀងក្នុងរដូវវស្សាហាក់​មិនសូវធ្លាក់ច្រើន​ដូចមុនទេ ហើយ​ទឹកទន្លេហាក់មានសភាពរាក់ជាងមុន ដែល​​បណ្ដាលឱ្យអ្នកនេសាទ​ដូចជា​​រូប​គាត់ពិបាក​ក្នុង​ការ​ប្រកបរបរនេសាទដើម្បីចិញ្ចឹមជីវិត​។

លោកនិយាយថា៖ «យើងអត់សូវបានដាំដំណាំប៉ុន្មានទេ ប្រឈមមុខនឹងត្រីរកវាមិនបាន អត់មានភ្លៀង ត្រីវាអត់មានឡើងដែរ ត្រីសម្ងំនៅតែតាមដី»។

ក្រៅពីប្រឈមនឹងមុខរបរប្រចាំថ្ងៃ លោក ស៊ាម ហ៊ួត ក៏អះអាងថា ពលរដ្ឋនៅទីនោះក៏ជួបបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ដែរនៅរដូវប្រាំង ដោយសារតែអណ្តូងដែលធ្លាប់មានទឹក ក៏ប្រែជារីងស្ងួតលែងមានទឹកដូចមុនដែរ។

លោកបន្ថែមថា៖ «ខ្ញុំមិនមានទឹកស្អាតប្រើប្រាស់ទេ គឺមានតែប្រើប្រាស់ទឹកអណ្តូងសម្រាប់ដាំបាយ ហើយទឹកភ្លៀងសម្រាប់ផឹក។ ប៉ុន្តែបើមិនមានទឹកភ្លៀងនិងអណ្តូងទេ គឺត្រូវតែទិញគេប្រើដើម្បីផឹក ដោយទឹកមួយធុងមានតម្លៃ២ ៥០០រៀល ហើយផឹកបានប្រហែលជាពីរទៅបីថ្ងៃ […] នៅពេលដែលខ្វះទឹកស្អាតប្រើប្រាស់ វាពិតជាពិបាកហួសពីពិបាក មិនដឹងថាត្រូវនិយាយយ៉ាងណាទេ»។

កំពុងអង្គុយលើទូក ដោយ​ដៃខាងស្តាំកាន់ស្នាចបាចទឹកទូកបណ្តើរនោះ លោក ស៊ាម ហ៊ួត បាន​និយាយទៀតថា ដោយសារពុំមានភ្លៀងធ្លាក់​គ្រប់គ្រាន់​ បណ្ដាលឱ្យ​ត្រី​នៅ​តាម​បឹងទន្លេ​សាបនៅ​មិនទាន់អាចឡើងមកពងនៅតាមព្រៃលិចទឹកបាននៅឡើយ បើទោះបីពេលនេះដល់​​រដូវត្រីពងក៏ដោយ។

តំបន់​ដីសើមនិងព្រៃជុំវិញបឹងទន្លេសាបដែលលិចលង់ជាមួយទឹកបឹងនេះ ត្រូវបានគេស្គាល់ថា ​ជាតំបន់សម្បូរទៅដោយជីវចម្រុះ ត្រី សត្វ និងរុក្ខជាតិផ្សេងៗទៀត។

ប្រជា​នេសាទម្នាក់ទៀត អ្នកស្រី ទ្រី សុហុន វ័យ២៩​ឆ្នាំ បានលើកឡើងប្រហាក់ប្រហែល​គ្នា​នេះ​ដែរ​ថា ថ្វីត្បិត​តែនៅ​ឆ្នាំនេះ ផ្ទៃ​មេឃមានសភាព​ស្រទំច្រើន និង​​បានបង្អុរភ្លៀងខ្លះក៏ដោយ​ ប៉ុន្តែ​បរិមាណទឹក​ភ្លៀង​ដែល​​ធ្លាក់​មក​ហាក់​តិចជាង​បណ្តាឆ្នាំមុនៗ។

អ្នកស្រី សុហុន និយាយថា៖ «ពិបាក [រកត្រី] កាលណាវាអត់ភ្លៀងទៅ ទឹកវាអត់ឡើង អត់ខ្យល់ទៀត វា [ត្រី] អត់ចូលលបចូលអី [លបសម្រាប់ដាក់ត្រី] វាគោកអស់រលីង»។

ចំណែកអ្នកប្រកបរបរនេសាទមួយរូបទៀតដែលរស់នៅក្នុងឃុំកំពង់ភ្លុកដែរនោះ លោក ឡាំ ចំរ៉ុង បាននិយាយថា ពីមុន នៅពេលដែលមានភ្លៀងធ្លាក់ច្រើន គ្រួសាររបស់គាត់​អាច​រកត្រី​បាន​ចន្លោះពី​៥០ទៅ៦០គីឡូ​ក្រាម​ក្នុងមួយ​ថ្ងៃ ​​ដែលគាត់អាចយកទៅលក់​បានថវិកា​ពី១០​ម៉ឺន​រៀល ទៅ១៥​​ម៉ឺន​រៀល។ ប៉ុន្តែរយៈពេលប្រមាណ២ឆ្នាំចុងក្រោយនេះ លោក​ថា អាចរក​ត្រីបាន​ចំនួន៤ទៅ១០គីឡូក្រាម ឬស្មើនឹងចំណូល​ពី២ម៉ឺនរៀល ទៅ៤ម៉ឺនរៀល​ប៉ុណ្ណោះ។ 

បុរសវ័យ៣៦ឆ្នាំរូបនេះបន្តថា៖ «មុខរបរចង់តែផ្លាស់ប្ដូរ តែមិនដឹងមុខរបរអីផ្លាស់ប្ដូរកើត ព្រោះយើងអត់ចេះធ្វើសំណង់ធ្វើអី[ផ្សេងៗ]នឹងគេ»។

ការព្យាករមួយដែលត្រូវបានចេញផ្សាយកាលពីដើមខែមេសា ដោយ​ក្រសួងធនធានទឹក និង​ឧតុ​និយម​ ឱ្យដឹងថា នៅឆ្នាំ២០២១នេះ ប្រទេសកម្ពុជាទទួលរងនូវឥទ្ធិពលពីបាតុភូត (Neutral) ដែលជាបាតុភូតអន្តរកាល ចន្លោះរវាងបាតុភូត អេលនីណូ (El Nino) ក្ដៅ និង ឡានីណូ (La Nino) ត្រជាក់។ ក្រសួងបន្តថា ចាប់ពីខែឧសភា រហូតដល់ខែ​តុលា បាតុភូតធម្មជាតិដែលមានឥទ្ធិពលមកលើប្រទេសកម្ពុជា មានបាតុភូត នូត្រល (Neutral) ៦០% , បាតុភូត អេលនីណូ (El Nino) ១០% និងបាតុភូត ឡានីណូ (La Nino) ៣០%។

ការព្យាករដដែលបន្តថា រដូវវស្សានឹងចូលមកដល់នៅសប្ដាហ៍ទី១នៃខែឧសភា ជាមួយរបាយទឹកភ្លៀងរាយប៉ាយបានល្អ ខណៈពាក់កណ្ដាលរដូវវស្សា ភ្លៀងអាចរាយប៉ាយគ្រប់ខេត្ត-ក្រុង ជាមួយបរិមាណទឹកភ្លៀងពីបង្គួរទៅច្រើន លាយឡំផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ក្នុងនោះអាចបណ្ដាល​ឱ្យបណ្ដាខេត្តមួយចំនួនប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង។

មេឃុំកំពង់ភ្លុក លោក សុខ ប្លង់ មានប្រសាសន៍ថា ដោយសារតែឆ្នាំនេះ​មាន​ភ្លៀង​មិន​គ្រប់​គ្រាន់ និងទឹកទន្លេហាក់មានសភាពរាក់ជាងមុនដោយសារ​ការប្រែប្រួលអាកាសធាតុ​នោះ បានធ្វើ​ឱ្យ​​ប្រជានេសាទ​មួយចំនួនសម្រេចចិត្ត​ចេញទៅស្វែងរកការងារថ្មីបន្ថែមដើម្បី​ចិញ្ចឹម​ជីវិត។

លោកនិយាយថា៖ «ពីមុន ផ្ទះគាត់ធ្លាប់ធ្វើនេសាទពីរនាក់ បីនាក់ ឥលូវគាត់ធ្វើនេសាទតែម្នាក់អ៊ីចឹងទៅ [ឬ] ពីរនាក់អ៊ីចឹង សល់ម្នាក់គាត់ទៅរករបរខាងលើផ្សេង ជាកម្មករសំណង់ អ្វីដែលគាត់អាចទៅរកបាន គាត់ទៅរកហ្នឹងទៅ»។

មូលហេតុដែលបណ្ដាលឱ្យមានភ្លៀងធ្លាក់តិចជាងមុននេះ មន្រ្តីរដ្ឋាភិបាលបានលើកឡើងពីកត្តាប្រែប្រួលអាកាសធាតុសកល ខណៈអ្នកស្រាវជ្រាវចង្អុលបង្ហាញពីការបាត់បង់ព្រៃលិចទឹក​នៅជុំវិញបឹងទន្លេសាបដែលជាប្រភពស្រូបទឹកភ្លៀង។

ប្រធាននាយកដ្ឋានឧតុនិយម នៃក្រសួងធនធានទឹក និងឧតុនិយម​​ លោក អ៊ុំ​ រីណា បានថ្លែង​​ថា របាយ​ទឹកភ្លៀង​ដែលធ្លាក់ចុះមកពុំបានស្មើគ្នានិង​រាយប៉ាយ​បានគ្រប់តំបន់នោះឡើយ ខណៈ​តំបន់​មួយ​ចំនួនបែរជា​មានភ្លៀងធ្លាក់​ខ្លាំងបង្កឱ្យ​មានការ​​លិចលង់តែម្ដង។

លោក​ថា៖ «ដូចជាឥលូវនេះ ឃុំសំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កំពុងមានជំនន់ទឹកភ្លៀង។ តាមពិតទៅ វាពាក់ព័ន្ធខ្លាំង​ទៅនឹងការប្រែប្រួលអាកាសធាតុ មិនចំពោះតែប្រទេសយើងទេ»។

អ្នកពិគ្រោះយោបល់​​ឯករាជ្យស្តីពីការប្រែប្រួលអា​កាស​ធាតុ លោក ហែម ឧត្តម បានលើកឡើងថា មូលហេតុដែល​បណ្តាល​ឱ្យ​មានការប្រែប្រួលរបបទឹកភ្លៀងនោះ ដោយសារ​បាតុភូត​អេល​នីណូ (El Nino weather) ដែលបង្វែរទឹកភ្លៀងពីតំបន់ដែលធ្លាប់មានភ្លៀងធ្លាក់ទៅកាន់តំបន់​ផ្សេងទៀត។

ក្រៅពីនោះ លោកថា មូលហេតុចម្បងមួយទៀតដែលធ្វើឱ្យ​ខ្សត់ភ្លៀងនោះ គឺការបាត់បង់ព្រៃលិចទឹកដែលជាប្រភពស្រូបទឹកភ្លៀង​នៅជុំវិញ​បឹង​ទន្លេ​សាប។ លោក​បន្តថា ព្រៃលិច​ទឹក បាន​បាត់​បង់ដោយសារ​ការកាប់បំផ្លាញនិងមានភ្លើងឆេះព្រៃជា​ដើម ទើបបណ្ដាលឱ្យមានការប្រែប្រួលអាកាសធាតុនៅតំបន់នោះ។

លោកបានគូសបញ្ជាក់​ថា៖ «ទោះបីជាកើតមានអាកាសធាតុ អេលនីណូ [El Niño weather] អ៊ីចឹងក៏ដោយ នៅក្នុងតំបន់ទន្លេសាប បើសិនជាយើងរក្សាបាននូវព្រៃលិចទឹក ហើយយើងមិនមានការនេសាទដោយបំផ្លិចបំផ្លាញ ភាពបន្សាំរបស់យើងវានឹង​រឹងមាំ ហើយការងើបឡើង [វិលទៅរកអាកាសធាតុធម្មតា] ពីផលប៉ះពាល់ដោយធាតុអាកាសនេះ [បាតុភូត] អេលនីណូ [El Nino weather] ក៏​ឆាប់រហ័សដែរ»។

ចំណែកមូលហេតុនិងកត្តាដែលនាំឱ្យទឹកទន្លេទាបជាងមុន​នេះ ត្រូវបាន​​អ្នកស្រាវជ្រាវមួយចំនួនទៀតចង្អុល​បង្ហាញ​ថា ដោយសារតែ​​ការធ្វើទំនប់វារីអគ្គិសនីតាមដងទន្លេមេគង្គ ជាពិសេស​នៅក្នុងប្រទេស​ចិន ដែលបណ្ដាលឱ្យបិទខ្ទប់នៃរំហូរទឹកដែលត្រូវធ្លាក់ចុះមក។ ប៉ុន្តែមន្រ្តីរដ្ឋាភិបាលកម្ពុជា បង្ហាញថា ដើមហេតុនាំ​ឱ្យកម្ពស់ទឹកទាបនេះ ដោយសារ​តែ​ការប្រែប្រួល​អាកាសធាតុ ប៉ុន្តែ​ស្ថានភាពកម្ពស់ទឹកក្នុងឆ្នាំនេះនឹងល្អប្រសើរជាងរាល់ដង។ 

អនុប្រធានអាជ្ញាធរទន្លេសាប នៃក្រសួងធនធានទឹក និងឧតុនិយម លោក ម៉ៅ ហាក់  មានសុទិដ្ឋិ​និយមថា ​បរិមាណទឹកភ្លៀងឆ្នាំនេះអាចនឹង​មាន​ច្រើនជាង​រាល់ឆ្នាំ ដែលនាំឱ្យ​កម្ពស់ទឹកបឹងទន្លេសាបមានការកើនឡើងវិញ។

លោកនិយាយថា៖ «អ៊ីចឹងរាល់ថ្ងៃហ្នឹង គឺភ្លៀងបាន​មាន​បណ្ដើរៗ! ឆ្នាំនេះគឺល្អជាងឆ្នាំមុន! អ៊ីចឹងហើយឆ្នាំនេះ [កម្ពស់ទឹក]​ រាងខ្ពស់ជាងឆ្នាំមុនបន្តិចបើធៀប​ [រយៈពេលដូចគ្នា]»។

ទីប្រឹក្សាបច្ចេកទេសប្រចាំតំបន់ទំនាបលិចទឹកបឹងទន្លេសាប នៃអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) លោក ស៊ុំ ភារុណ មានប្រសាសន៍ថា ការប្រែប្រួលអាកាសធាតុនេះ គឺកើតឡើងគ្រប់តំបន់ទំនាបលិចទឹកនៃបឹងទន្លេសាបទាំងមូលតែម្ដង។

លោកបន្ត​ថា៖ «អ្វីដែលយើងអាចធ្វើបាន គឺយើងត្រូវការពារធនធានដែលមានហ្នឹង។ យើងអត់អាចទៅប្រឆាំងជាមួយធម្មជាតិបានទេ ប៉ុន្តែយើងអាចនឹងស្វែងយល់ពីធម្មជាតិបាន ថាហេតុអីបានជាវាមានរឿងបែបហ្នឹង ដែលវាធ្វើឱ្យមានផលប៉ះពាល់បែបហ្នឹងអ៊ីចឹង។ អ្វីដែលយើងមើលឃើញ យើងឃើញថា គម្របព្រៃ ទាំងព្រៃតំបន់ខ្ពង់រាប ទាំងព្រៃលិចទឹក គឺវាមាន​ផលប៉ះពាល់បាត់បង់ ដែលវាជាប្រភពនៃការទាក់ទាញទឹកភ្លៀង»។

ចំណែកមន្ត្រីជាតិសម្របសម្រួលជំនួយខ្នាតតូចរបស់អង្គការយូអ៊ិនឌីភី អ្នកស្រី ងិន ណាវីរៈ បានលើក​ឡើង​​ថា ប្រជាពលរដ្ឋរស់​នៅឃុំកំពង់ភ្លុកដែលមានបញ្ហាប្រឈមនឹងជីវភាពដោយសារ​ការប្រែប្រួលអាកាសធាតុនេះ អាចដាក់ពាក្យស្នើសុំ​​ជំនួយឥតសំណង​ខ្នាតតូច​ពីអង្គការយូអ៊ិនឌីភី [UNDP] បាន។

អ្នកស្រីបន្តថា គម្រោងជំនួយឥតសំណងរបស់ យូអ៊ិនឌីភី បានជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋកំពង់ភ្លុក​ចំនួនពីរលើករួចមកហើយ ដោយលើកទី១ គឺការធ្វើផែ និងទិញទូកឱ្យពួកគាត់អាចដឹកភ្ញៀវទេសចរកម្សាន្តនៅលើបឹងទន្លេសាបនា​រដូវវស្សា ដើម្បីបានចំណូលបន្ថែមក្រៅពីការ​នេសាទ និងទី២ គឺការធ្វើផ្លូវទៅកាន់តំបន់ធម្មជាតិដែលសម្បូរសត្វស្លាបនារដូវប្រាំងនេះ​ផង​ដែរ ​ដើម្បីអាចឱ្យ​ពលរដ្ឋ​​រកចំណូលបន្ថែមបាន។

អ្នកស្រី ងិន ណាវីរៈ បាននិយាយថា៖ «គាត់ [ពលរដ្ឋ​ឃុំកំពង់ភ្លុក] ប្រហែលជាពិបាកច្រើន ពាក់ព័ន្ធនឹងគាត់បាត់បង់ឱកាសក្នុងការទទួលបានប្រាក់ចំណូលបន្ថែម។ បើសហគមន៍គាត់ចង់បានថវិកា​ធ្វើការងារ នៅពេលដែលខាង​កម្មវិធីខ្នាតតូច​ប្រកាសផ្ដល់ជំនួយ គាត់អាច​ដាក់មកបាន»។

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ដោយចីរភាព ឱ្យដឹងថា កម្ពុជាគឺជាប្រទេសមួយដែលងាយរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ ក្នុងចំណោមប្រទេសងាយរងគ្រោះខ្ពស់ទាំង១២លើសកល​លោក ដែល​ប្រឈម​នឹង​គ្រោះមហន្តរាយ​ញឹកញាប់​និង​ធ្ងន់​ធ្ងរ។

គណៈកម្មការ​ទន្លេ​មេគង្គ (MRC) ដែល​ជា​ស្ថាប័ន​អន្តរ​រដ្ឋាភិបាល​ទទួល​បន្ទុក​លើ​ការ​គ្រប់​គ្រងនិង​ថែ​រក្សា​ទន្លេ​នេះ បាន​លើក​ឡើង​អំពី​សារៈ​សំខាន់​នៃ​ទន្លេ​មេគង្គ​​ថា យ៉ាង​ហោច​ណាស់ មនុស្ស​៦០​លាន​នាក់បាន​ពឹង​អាស្រ័យ​ទៅ​លើ​ទន្លេ​មួយ​នេះ រួមមាន ជា​មធ្យោបាយ​ធ្វើ​ដំណើរ ជា​ប្រភព​នៃ​សន្តិសុខ​ស្បៀង ជា​ផ្លូវ​ដោះ​ដូរ​ពាណិជ្ជកម្ម និង​ជីវភាព​រស់​នៅ។

ប្រភពដដែលបន្តថា ទោះ​ជា​យ៉ាង​ណា ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ទិន្នផលត្រី​នៅ​តាម​ដង​ទន្លេ​មេគង្គ ជា​ពិសេស​នៅ​ក្នុង​បឹង​ទន្លេសាប ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ មាន​ការ​ថយ​ចុះ​ជា​ច្រើន ខណៈ​ទំនប់​វារី​អគ្គិសនី​ជាច្រើន​បាននិង​កំពុង​បន្តសាងសង់​នៅ​ផ្នែក​ខាង​លើ​នៃ​ដង​ទន្លេ​នេះ។

កាល​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០២១ ទឹក​ទន្លេ​មេគង្គនៅ​តាម​បណ្ដា​ប្រទេស​ថៃ ឡាវ និង​កម្ពុជា ​បាន​ធ្លាក់ចុះ​យ៉ាង​គំហុក​ ដោយសារ​តែ​ប្រទេស​ចិនបាន​បិទ​ទ្វារ​ទឹក​នៅ​ទំនប់​វារី​អគ្គិសនី​ក្នុង​ខេត្ត​យូណាន ដើម្បី​ថែ​រក្សា​បណ្ដាញ​អគ្គិ​សនី​របស់​ខ្លួន​។

ត្រឡប់មករកអ្នកនេសាទនៅឃុំកំពង់ភ្លុក លោក​​ ស៊ាម ហ៊ួត វិញ លោក​បាន​ថ្លែងថា បើការ​នេសាទត្រីនៅតំបន់បឹងទន្លេសាបនេះកាត់តែពិបាកទៅៗ នោះគាត់នឹងពិចារណា​ទៅប្រកប​របរធ្វើស្រែចម្ការវិញ ​ព្រោះរូបលោក​ពុំមានចំណេះដឹងអ្វីសម្រាប់ប្រកបរបរផ្សេងក្រៅពីនេះទេ។​

តែយ៉ាងណា ​លោក​​បាន​អំពាវនាវដល់​រដ្ឋាភិបាលជួយ​​ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ការ​​នេសាទ​ខុសច្បាប់ និង​ការទន្ទ្រានដី​ព្រៃលិចទឹកដើម្បីយកធ្វើកម្មសិទ្ធិដោយខុសច្បាប់ ព្រោះ​ព្រៃឈើជួយ​ស្រូបយកទឹកភ្លៀង ខណៈព្រៃលិចទឹក​ជា​ជម្រកដ៏សំខាន់​របស់ត្រីនិង​ជីវ​ចម្រុះ​ផ្សេង​ទៀត។

លោកនិយាយថា៖ «ខ្ញុំសូមអំពាវនាវដល់រដ្ឋាភិបាលទប់ស្កាត់ការនេសាទខុសច្បាប់ពីជនជាតិវៀតណាម និងជួយការពារព្រៃលិចទឹក ដោយសារតែព្រៃខាងលិចនិងខាងកើត​[បាត់បងស្ទើរ]អស់​ហើយ សូម​ជួយ​ជីក​ប្រព័ន្ធ​ទឹក​ ដើម្បីកា​រពារព្រៃលិចទឹក កុំឱ្យ​​មានអ្នកចូលទៅដុតព្រៃដើម្បីធ្វើ​ស្រែ ដោយ​សារ​ទឹកអាចការពារពេលដុត​ទៅ វាមិនងាយឆេះព្រៃ។ ហើយ​សូមដាក់​មនុស្ស​​យាមការ​ពារ​តំបន់​អភិរក្ស​ព្រៃលិច​ទឹក​ ពីព្រោះព្រៃលិចទឹកគឺជាជម្រកដ៏សំខាន់របស់ត្រី»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ