ពលរដ្ឋ​ប៉ះពាល់​ដីធ្លី​ពី​គម្រោង​ព្រលាន​យន្ត​ហោះ​ថ្មី​ខ្លះ ប្រកាន់​ជំហរ​មិន​ទទួល​សំណង​ដែល​មិន​សមរម្យ

ក្រុមពលរដ្ឋ​ដែលកំពុងរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះ​​​អន្តរ​ជាតិភ្នំពេញថ្មី ប្រហែល១០០នាក់មកពីឃុំបឹងខ្យាង ឃុំព្រែកស្លែង និងឃុំពត់ស នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានធ្វើការតវ៉ាជាថ្មី ក្រោយមិនទាន់លេចចេញនូវដំណោះស្រាយសមរម្យដែលពួកគេទាមទារ ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

ពលរដ្ឋរងផលប៉ះពាល់ដីធ្លីពីគម្រោងសាងសង់ព្រលានយន្តហោះភ្នំពេញថ្មីខ្លះ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ​ប្រកាន់ជំហរមិនព្រមទទួលយកសំណងដែលអាជ្ញាធរបាន​ផ្ដល់ជូន ដោយថាជាសំណងមិនសមរម្យ​​​ បើទោះជាមានពលរដ្ឋខ្លះបានសម្រេចទទួលយកក៏ដោយ។​​

ប្រតិកម្មនេះ ធ្វើឡើងក្រោយពីអភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ កាលពីថ្ងៃទី២៥ខែសីហាបានអះអាងថា មានពលរដ្ឋ១៦នាក់ ស្មើនឹង៣១ក្បាល បានស្ម័គ្រចិត្តព្រមទទួលការដោះដូរដី ក្នុងគម្រោងស្ថាបនា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី​ នៅការិយាល័យបម្រើការ នៃទីចាត់ការស្ថាបនាព្រលានយន្តហោះ ស្ថិតនៅភូមិប្រាសាទ ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ​

​ពលរដ្ឋដែលអះអាងថាជាតំណាងអ្នកភូមិ​រងផលប៉ះពាល់ដោយ​គម្រោងសាងសងព្រលានយន្តហោះអន្តរជាតិថ្មីនៅ​ស្រុកកណ្ដាលស្ទឹង ​​​ លោក​ សួង​ ពៅ​​ លើកឡើងនៅថ្ងៃទី២៦ខែសីហាថា ពួកគាត់នៅតែប្រកាន់ជំហរទាមទារតាមការស្នើសុំរបស់ខ្លួនដដែល​​​​ ហើយនឹង​តវ៉ាបន្ថែមទៀត បើអាជ្ញាធរនៅបន្តចូលមកឈួសឆាយដីរបស់ពួកគាត់ទាំងមិនមានដំណោះស្រាយសមរម្យនោះ។

លោក​ សួង​ ពៅ៖ «បើក្រុមហ៊ុននៅតែមិនព្រមដោះស្រាយទេ​​ នៅតែបន្តការតវ៉ានៅពេលដែលគ្រឿងចក្រមកឈួសឆាយដី​ ពលរដ្ឋនឹងទប់ស្កាត់មិនឲ្យមានសកម្មភាពមកលើដី។​​​​​ ហើយអាចនឹងមានការធ្វើបាតុកម្មចូលទៅគម្រោងព្រលាន[យន្តហោះ]​​។​ បើសិនជាករណីឈានដល់ក្ដៅ​​ ពលរដ្ឋអាចដើរដង្ហែនៅតាមផ្លូវជាតិ»។

លោកបន្តអះអាងថា កន្លងមកអភិបាលខេត្តកណ្តាលបានព្យាយាមលើកឡើងថា មានពលរដ្ឋតែ១១គ្រួសារតែប៉ុណ្ណោះមិនទាន់ព្រមទទួលយកសំណង​​​ ប៉ុន្តែជាក់ស្ដែងមានជាង៣០០គ្រួសារ​​​។ លោកមើលឃើញថា អ្វីដែលអភិបាលខេត្តលើកឡើងនេះគ្រាន់តែចង់រត់គេចពីបញ្ហា ដោយមិនចង់រកដំណោះស្រាយជូនពលរដ្ឋប៉ុណ្ណោះ។

លោកបានស្នើថា៖«ទី១ស្នើសុំអភិបាលខេត្ត​ជួយជំរុញការដោះស្រាយហ្នឹង​​​ ទៅកាន់ក្រុមហ៊ុន​ និងថ្នាក់ជាតិ​ ជាពិសេសទៅកាន់ក្រសួងសេដ្ឋកិច្ចដើម្បីឲ្យគាត់ចុះមកសិក្សា​ និងវាយតម្លៃដីរបស់ប្រជាពលរដ្ឋ។ ទី២ស្នើសុំឲ្យអាជ្ញាធរ​ និងអភិបាលខេត្ត ទាក់ទងទៅតំណាងក្រុមហ៊ុនដែលមានសិទ្ធិសម្រេច​​ ជាពិសេសឧកញ៉ា ពុង ខៀវសែ ដើម្បីឲ្យមកចរចារជាមួយប្រជាពលរដ្ឋផ្ទាល់​ពីតម្លៃដីដែលចរចារមិនត្រូវគ្នា»។

កាលពីថ្ងៃទី២៥​ខែសីហា​​ អភិបាលខេត្តកណ្ដាល​​ លោក​ គង់​​ សុភណ្ឌ បានបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា​ មានប្រជាពលរដ្ឋ១៦នាក់ ដែលស្មើ៣១ក្បាលដី បានសម្រេចចិត្តទទួលយកវិញ្ញាបត្រសម្គាល់ម្ចាស់អចលនវត្ថុ​ដោយស្ម័គ្រចិត្តក្នុងការដោះដូរដី​។

ជាមួយគ្នានេះ លោកស្នើពលរដ្ឋដែលមានក្បាលដីក្នុងទីតាំងព្រលានចំនួន១១ក្បាលដីទៀត ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈគោលនយោបាយដូរដីទៅខាងក្រៅព្រលាន ដែលអាចយកទៅលក់ដូរ សាងសងលំនៅដ្ឋានបាន ឬ លក់ឲ្យព្រលាន ដើម្បីកុំឲ្យរាំងស្ទះដល់ដំណើរ ការសាងសង់ព្រលានយន្តហោះ។

លោក គង់ សោភ័ណ្ឌ សរសេរលើហ្វេសប៊ុកថា៖ «ជាថ្មីម្តងទៀត ក្នុងរដ្ឋបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំង១១ក្បាលដី ដែលមានទីតាំងក្នុងទីតាំងព្រលានយន្តហោះថ្មី សូមអញ្ជើញចូលរួមដោះស្រាយជាមួយក្រុមហ៊ុនសាងសង់ព្រលាន និង អាជ្ញាធរ តាមគោលការណ៍របស់រាជរដ្ឋាភិបាល តាមរូបភាពនៃការដោះដូរដី ឬលក់ជូនក្រុមហ៊ុន ដើម្បីជំរុញដោះស្រាយបញ្ចប់បញ្ហា និងពន្លឿនការសាងសង់ព្រលានយន្តហោះ តាមផែនការដែលបានគ្រោងទុក»។

អភិបាលខេត្តកណ្តាលរូបនេះប្រកាសធានាអះអាងថា បើ​ប្រជាពលរដ្ឋយល់ព្រមដូរដី ប្រាកដជាទទួលបានដីយ៉ាងពិតប្រាកដ ហើយបើប្រជាពលរដ្ឋលក់ដី ពិតជាបានប្រាក់តាមគោលការណ៍កំណត់។ ក្នុងករណីមិនដូចការអះអាងនេះ  លោក គង់ សោភ័ណ្ឌ ប្រកាសធានាចេញសងជូនប្រជាពលរដ្ឋវិញ។

យ៉ាងនេះក្តី ​លោក​ សួង ពៅ​ មើលឃើញថាការទទួលយកសំណងរបស់ប្រជាពលរដ្ឋមួយចំនួននោះមិនមែនជាការស្មគ្រចិត្តពិតប្រាកដ​ទេ​​ ដោយសារតែមានការ​គំរាមកំហែងពីសំណាក់អាជ្ញាធរកន្លងមកតែប៉ុណ្ណោះ។

មន្ត្រី​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស នៃ​មជ្ឈ​មណ្ឌល​សិ​ទិ្ធ​មនុស្ស​កម្ពុជា លោក វណ្ណ សូផាត មានប្រសាសន៍​ថា​ សំណងដែលអាជ្ញាធ​រផ្ដល់ជូនពលរដ្ឋ១ម៉ែត្រការ៉េ តម្លៃ៨ដុល្លារ​​នោះ ពលរដ្ឋ​មិនអាចទទួលយកបានទេ។ ​​ ​​ តែយ៉ាងណា លោក​ទទូចទៅអាជ្ញាធរគួរតែពិចារណាផ្តល់សំណង​ឲ្យបានសមរម្យជាងនេះ។

លោក វណ្ណ សូផាត បន្តថា៖ «គួរតែអាជ្ញាធររកដំណោះស្រាយសមស្របដែលពលរដ្ឋរងផលប៉ះពាល់ហ្នឹងគាត់គួរតែទទួលបានតម្លៃណាដែលសមរម្យ ​យុត្តិធម៌ដើម្បីទិញ​ដីនៅខាងក្រៅបាន​​ ដើម្បីគាត់រករបរទទួលទានបន្តទៅទៀត​ ឬមួយក៏ដោះដូរដីក៏ដោយ​​​ ឲ្យតែគាត់អាចទទួលយកបាន»។

អភិបាលខេត្តកណ្តាលលោក គង់ សោភ័ណ្ឌ បញ្ជាក់ថា ការបង្កើតគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី គឺជាគោលការណ៍សម្រេច របស់រាជរដ្ឋាភិបាលលើផ្ទៃដី ២៦០០ ហិកតា ក្នុងនោះ ដីស្ថិតក្នុងខេត្តកណ្តាល ទំហំ២៤២៦ ហិកតា និងខេត្តតាកែវ ១៧៤ហិកតា។

ក្នុងខេត្តកណ្តាលលោកថា  មានស្រុកកណ្តាលស្ទឹង និងស្រុកស្អាង ដែលមាន ៤ ឃុំ ស្មើនឹង ១៣ ភូមិ មានផ្ទៃដីសរុបទំហំ ២៤២៦ ហិកតា ស្មើនឹង ៩៣% នៃទំហំផ្ទៃដីគម្រោងសរុប។ ក្នុងគម្រោងព្រលានថ្មីនេះ មានបង្កើតផ្លូវយន្តហោះរត់ចំនួន៣ខ្សែ ក្នុងនោះផ្លូវរត់ទី១ (Runway1) គ្រោង នឹងបញ្ចប់ការស្ថាបនាឲ្យបានមុនត្រីមាសទី១ ឆ្នាំ២០២៣ ខាងមុខ ហើយផ្លូវរត់នេះ មានទំហំទទឹង ១០០ម៉ែត្រ បណ្តោយ ៤០០០ ម៉ែត្រ ប្រើប្រាស់ផ្ទៃដីចំនួន ៤០ ហិកតា៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ