ពលករ​មួយ​ចំនួន​​បារម្ភ​គ្មាន​ប្រាក់​សង​ធនាគារ​និង​ដោះ​ស្រាយ​ជីវភាព​ព្រោះ​អត់​ការងារ​ធ្វើ

រថយន្តដឹកពលកររបស់កងពលតូចដឹកជញ្ជូនលេខ៩០ និងកងពលតូចដឹកជញ្ជូនលេខ៩៩ បន្តដឹកជញ្ជូនពលករពីច្រកព្រំដែនមកកាន់មណ្ឌលចត្តាឡីស័ក និងដឹកជញ្ជូនពលករដែលបានធ្វើចត្តាឡីស័កទៅកាន់ខេត្តគោលដៅ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army)

ពលករមួយចំនួនដែលត្រឡប់ពីប្រទេសថៃ បង្ហាញការព្រួយបារម្ភគ្មានប្រាក់សងធនាគារនិងដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃ ខណៈបច្ចុប្បន្ន ពួកគេកំពុងជាប់ធ្វើចត្តាឡីស័ក ហើយខ្លះឆ្លងជំងឺកូវីដ-១៩ ម៉្យាងពេលចេញពីកន្លែងធ្វើចត្តាឡីស័កត្រឡប់ទៅផ្ទះវិញ ក៏គ្មានការងារធ្វើថែមទៀត។

ពលករដែលត្រឡប់មកពីប្រទេសថៃ លោក ឡាក់ លឿន ប្រាប់ វីអូឌី នៅថ្ងៃនេះថា រូបលោកនិងគ្រួសារបានត្រឡប់មកពីថៃកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ប៉ុន្តែមកដល់ពេលនេះ កំពុងជាប់ធ្វើចត្តាឡីស័កនៅខេត្តសៀមរាប បន្ទាប់ពីសម្រាកព្យាបាលជំងឺកូវីដ-១៩បានសះស្បើយ។

លោកបន្តថា បច្ចុប្បន្ន រូបលោកកំពុងព្រួយបារម្ភគ្មានប្រាក់សងធនាគារ និងមិនមានប្រាក់ដោះស្រាយបញ្ហាជីវភាព ខណៈភរិយាកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ ទាំងជិតគ្រប់ខែសម្រាលកូន ប៉ុន្តែគ្មានប្រាក់សម្រាប់សម្រាលកូនឡើយ។

លោកថា៖ «ក្នុងអំឡុងធ្វើចត្តាឡីស័កនិងព្យាបាលកូវីដ-១៩ អស់ប្រហែល១ពាន់ដុល្លារ ជំពាក់គេថ្លៃចំណាយហូបចុក អ្នកផ្ទះចេះតែខ្ចីគេផ្ញើទៅឱ្យ ព្រោះពីរនាក់ប្ដីប្រពន្ធ​ ហើយប្រពន្ធមានផ្ទៃពោះជិតសម្រាលកូនទៀត ប្រពន្ធសម្រាលត្រូវវះកាត់ទៀត។ [ឥលូវគាត់នៅព្យាបាលកូវីដនៅខេត្តបន្ទាយមានជ័យ ហើយខ្ញុំនៅសៀមរាប] ឥលូវអត់មានលុយ បើខ្ចីគេទៀត ត្រូវមានរបស់ដាក់ឱ្យគេ ពិបាកណាស់»។

បុរសវ័យ៣៣ឆ្នាំ មានស្រុកកំណើតនៅខេត្តសៀមរាបរូបនេះ និយាយថា ពួកគាត់មិនចង់ត្រឡប់មកកម្ពុជាទេ ដោយសារ មិនដឹងប្រកបមុខរបរអ្វីឡើយ ព្រោះគ្មានដីសម្រាប់ធ្វើស្រែចម្ការ ហើយជំពាក់បំណុលធនាគារថែមទៀត។

ពលការិនីម្នាក់ អ្នកស្រី នីម ស៊ីណា ធ្វើការនៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ លើកឡើងថា នៅពេលមកដល់ស្រុកកំណើត អ្នកស្រីនិងគ្រួសារមិនដឹងត្រូវប្រកបរបរអ្វីឡើយ ដោយថា បច្ចុប្បន្ន ពួកគាត់គ្មានដីស្រែសម្រាប់ធ្វើកសិកម្មផង។ អ្នកស្រីបន្តថា រូបគាត់និងគ្រួសារទៅរកការងារធ្វើនៅប្រទេសថៃកន្លងមក ដោយសារជំពាក់បំណុលធនាគារ ព្រោះយកប្រាក់ទៅជួលដីគេធ្វើស្រែ ហើយការជួលដីនោះត្រូវការចំណាយច្រើន។

អ្នកស្រី នីម ស៊ីណា បន្តថា៖ «ខ្ញុំជួលដីគេធ្វើ ដល់ពេលថ្លៃជួលស្រែគេក៏ថ្លៃ ហើយខ្ញុំធ្វើចំខែអត់ទឹក ជីថ្លៃ ហើយធ្វើទៅអត់រួចខ្លួន ក៏ជំពាក់គេអ៊ីចឹងទៅ។ បារម្ភ! ព្រោះធនាគារតែដល់លក្ខខណ្ឌត្រូវយើងបង់ គឺយើងត្រូវបង់ហ្នឹងហើយ។ មុខរបរយើងចង់តែរក ប៉ុន្តែយើងអត់មានដើមទុនអីអ៊ីចឹង វាប្រឈមនឹងការខ្វះខាត»។

ក្រៅពីចំណាយច្រើនហើយ ស្ត្រីដែលមានស្រុកកំណើតនៅខេត្តពោធិ៍សាត់ និយាយថា កសិផលដែលពួកគាត់ប្រមូលបាននោះមិនអាចទូរទាត់ថ្លៃដើមទេ ដែលធ្វើឱ្យគ្រួសាររបស់គាត់ធ្លាក់ខ្លួនក្នុងអន្ទាក់បំណុលតែម្តង។

អ្នកស្រី នីម ស៊ីណា ថា៖ «បារម្ភគ្រប់យ៉ាងហ្នឹង! ធម្មតាយើងមកមិនបានលុយ ហើយមកគេឃុំជាង១ខែ មិនរកអីបានទេ! ខ្ញុំជំពាក់គេតើ! ខ្ញុំទៅរក[ប្រកបមុខរបរ] ដើម្បីសងគេ ប៉ុន្តែជួបវិបត្តិកូវីដអ៊ីចឹងទៅ រកលុយអត់បាន។ អ៊ីចឹងខ្ញុំខ្ចីគេធ្វើស្រែ ហើយធ្វើខុសទៅ ជំពាក់គេអ៊ីចឹង»។

មន្ដ្រីកម្មវិធីការពារសិទ្ធិពលករចំណាកស្រុកនៃអង្គការសង់ត្រាល់ លោក ឌី ថេហូយ៉ា លើកឡើងថា ពលករដែលត្រឡប់មកពីថៃ ពួកគេនឹងប្រឈមបញ្ហាស្បៀងអាហារ មិនមានការងារ និងបញ្ហាបំណុលធនាគារឬមីក្រូហិរញ្ញវត្ថុ ជាដើម។ ករណីនេះ បើរដ្ឋាភិបាលមិនបានរៀបចំនិងដោះស្រាយទេ លោកថា ពួកគាត់ប្រឈមនឹងចាញ់បោកមេខ្យល់ម្ដងទៀត ដោយសារការស្វែងរកការងារធ្វើនៅក្រៅប្រទេស ដើម្បីយកប្រាក់មកដោះស្រាយបញ្ហាជីវភាពគ្រួសារ។

លោកថា៖ «គាត់ប្រឈមនឹងការជំពាក់បំណុល និងសងបំណុល​ធនាគារឬមីក្រូហិរញ្ញវត្ថុដែលគាត់ទៅខ្ចីបុលគេ មិនទាន់សងរួច។​ ទី៣ អ្នកខ្លះ​អត់មានលុយ​សន្សំទាំងអស់ ហើយគាត់អត់ស្រែចម្ការ គ្មានមុខរបរ ​​គឺប្រឈមនឹងការដាច់ស្បៀងអាហារចំពោះមុខ។ សម្រាប់រយៈពេលវែង យើងមើលឃើញថា ការធ្វើចំណាកស្រុកបែបនេះ កាលណាអត់មានគោលនយោបាយបែបនេះ ​វាផ្ដល់ផលប៉ះពាល់យូរអង្វែង គឺគាត់ប្រឈមនឹងការអត់ឃ្លាន​ ក្រីក្រ​ កូនចៅមិនទទួលបានការរៀនសូត្រ​​ត្រឹមត្រូវទេ ដោយសាររវល់នឹងជីវភាព​»។

លោក ឌី ថេហូយ៉ា ជំរុញឱ្យរដ្ឋាភិបាលរៀបចំផែនការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃវិញ ដើម្បីកុំឱ្យពួកគាត់រងគ្រោះដោយសារបំណុលនិងខ្វះស្បៀងអាហារ នៅពេលដែលពួកគាត់ទៅដល់ស្រុកកំណើតវិញ។

ប្រធានអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ប្រសិនបើពួកគាត់មានជួបបញ្ហាជីវភាពដោយខ្វះស្បៀងអាហារនោះ ពួកគាត់អាចរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ខណៈរឿងបំណុលធនាគារ លោកថា ពួកគាត់អាចទាក់ទងម្ចាស់គ្រឹះស្ថានទាំងអស់នោះ ដើម្បីធ្វើការសម្របសម្រួល។

លោកថា៖ «សមាគមមីក្រូហិរញ្ញវត្ថុឬធនាគារ គេមានកម្មវិធីច្រើនណាសម្រាប់សម្របសម្រួលចំពោះកូនបំណុល​របស់គេហ្នឹង។ ដូច្នេះ អ្វីដែលគាត់ត្រូវធ្វើ គឺគាត់ត្រូវទាក់ទង​ជាមួយម្ចាស់បំណុលគ្រឹះស្ថានណាមួយដែលគាត់បានពាក់ព័ន្ធ និងសួរគេ​​​ដើម្បី​ស្វែងរកកម្មវិធី[បន្ធូរបន្ថយក្រោមលក្ខខណ្ឌណាមួយ] ដើម្បីឆ្លើយតបដែលគាត់មាន ក្នុងភារកិច្ចគាត់ជាកូនបំណុលហ្នឹង»។

ពលករខ្មែររាប់ពាន់នាក់បាននាំគ្នាត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីប្រទេសថៃបាននិងកំពុងឆ្លងរីករាលដាលជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទ ដែលតា ខណៈកន្លែងការងារមួយចំនួនដែលពួកគាត់ធ្វើ ត្រូវបានបិទដោយសារវិបត្តិជំងឺសកលមួយនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ