អាវុធ​ហត្ថ​បញ្ជូន​​បុរស​​​​ដែល​បន្លំ​ជា​សមត្ថ​កិច្ច​ដាក់​កុងត្រូល​ជជុះ​​ទារ​ប្រាក់​ពី​ពលរដ្ឋ​ទៅ​តុលាការ

នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០១នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណី ក្លែងបន្លំជាសមត្ថកិច្ចដាក់កុងត្រូលជជុះឃាត់រថយន្តដឹកបន្លែរបស់ពលរដ្ឋ ដើម្បីសម្លុតគំរាមកំហែងទារប្រាក់។ (ហ្វេសប៊ុក៖ Phnom Penh Gendarmerie)

កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ​ម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីក្លែងបន្លំធ្វើជាសមត្ថកិច្ចដាក់កុងត្រូល​ជជុះឃាត់​រថយន្តដឹកបន្លែរបស់ពលរដ្ឋ ដើម្បី​គំរាមកំហែងទារប្រាក់។ 

​ទំព័រហ្វេសប៊ុករបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ​រាជធានីភ្នំពេញ បានឱ្យដឹងថា សមត្ថកិច្ចជំនាញបានឃាត់់ខ្លួនបុរសជាជនសង្ស័យម្នាក់ឈ្មោះ ចិន គោ អាយុ៣៥ឆ្នាំ មានមុខរបរមិនពិតប្រាកដ កាលពី​យប់ថ្ងៃទី​២១ ខែសីហា ឆ្នាំ២០២១​ពាក់ព័ន្ធករណីក្លែងបន្លំជាសមត្ថកិច្ចដាក់កុងត្រូល​ជជុះឃាត់​រថយន្តដឹកបន្លែរបស់ពលរដ្ឋ ដើម្បីសម្លុត​ទារប្រាក់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្រោយពីឃាត់ខ្លួន សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ​កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យទៅតុលាការចាត់វិធានការច្បាប់ កាលពីថ្ងៃទី២៣ ខែសីហា ម្សិលមិញនេះ ខណៈបក្ខពួកម្នាក់ទៀត សមត្ថកិច្ចកំពុងស្រាវជ្រាវរកចាប់ខ្លួនយកមកផ្តន្ទាទោស​បន្ថែមទៀត។

អ្នកនាំពាក្យ​កងរាជអាវុធហត្ថលើផ្ទៃប្រទេស​ លោក អេង ហ៊ី មានប្រសាសន៍បន្ថែមនៅ​ថ្ងៃ​អង្គារ​នេះ​​ថា ដើម្បី​កុំឱ្យប្រឈមមុខនឹងទណ្ឌកម្មផ្លូវ​ច្បាប់ ប្រជាពលរដ្ឋទាំងអស់មិនត្រូវបន្លំខ្លួនធ្វើជាសមត្ថកិច្ច​គំរាមទារប្រាក់ពីពលរដ្ឋបែបនេះបន្តទៀតឡើយ។ 

លោក​ថា៖ «ជាធម្មតា យើងអនុវត្តច្បាប់ទាំងអស់គ្នា យើងមិនចាំបាច់ប្រព្រឹត្តអ្វីដែលជាបទល្មើស អ៊ីចឹង​យើងអនុវត្តទៅតាមច្បាប់ហើយ ចំពោះអ្នកដែលប្រព្រឹត្តបទល្មើស»។

វីអូឌី មិនអាចសុំការ​បញ្ជាក់បន្ថែមជុំវិញករណីនេះពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៉ី រិន្ទ បានទេ នៅថ្ងៃនេះ។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង លើកទឹកចិត្តដល់​សមត្ថកិច្ចត្រូវពង្រឹងការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង​លើអ្នកដែលបន្លំខ្លួនគំរាមទារប្រាក់ពីពលរដ្ឋ ដើម្បីកុំឱ្យរឿងនេះកើតឡើងបន្តទៀត ដោយថាធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ស្ថាប័នសាម៉ីទៀតផង។ 

លោកបន្ត​ថា៖ «ការឃាត់ខ្លួន ការចាត់វិធានការឱ្យបានតឹងរ៉ឹង​ចំពោះបញ្ហាហ្នឹង ជារឿងមួយប្រសើរ​ ដើម្បីឱ្យប្រជាពលរដ្ឋគាត់មានទំនុកចិត្ត។ បើកាលណាបង្កើតឱ្យមានអនាធិបតេយ្យ មានការបន្លំធ្វើជាសមត្ថកិច្ច ធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច។ កាលណាធ្វើឱ្យមានការភ័យខ្លាច បញ្ហាហ្នឹងចេះតែកើតមាន ហើយអាជ្ញាធរក៏ចាត់វិធានការបង្ក្រាបឱ្យបានដិតដល់ទេ ហើយក៏អាចធ្វើឱ្យខូចឈ្មោះដល់សមត្ថកិច្ចគេល្អៗដែរ»។

ទាក់ទិននឹងការបន្លំខ្លួននេះដែរ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ​២០២១ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៤) បានចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ៤នាក់ នៅចំណុចភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ ដែលបន្លំជាមន្ត្រីនគរបាល លួចធ្វើសកម្មភាពចាប់ប្រជាពលរដ្ឋជំរិតយកប្រាក់ពីពលរដ្ឋនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ករណីនេះ សមត្ថកិច្ចជំនាញក៏បានបញ្ជូនខ្លួនពួកគេទៅតុលាការចាត់វិធានការច្បាប់ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ​២០២១។

ក្រោយមកទៀត នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១០) សហការជាមួយកម្លាំងជំនាញ និងព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវនិងចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សៅខូ ចន្ទ័សូឡា ដែល​ក្លែងស្លៀកពាក់ឯកសណ្ឋាននគរបាលជាតិ ព្រមទាំងក្លែងឯកសាររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ឯកសារក្រសួងមហាផ្ទៃ និងក្លែងខ្លួនជានាយករងនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនទៀតផង។ ជនសង្ស័យក៏ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការច្បាប់ផងដែរ ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ