រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានចេញទៅប្រទេសបារាំងចំនួន២សប្តាហ៍ ដោយសារមានធុរៈផ្ទាល់ខ្លួន។
ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២២ ខែសីហា លោក ស ខេង មិនបានបញ្ជាក់ពីមូលហេតុជាក់លាក់ពីដំណើរទៅកាន់ប្រទេសបារាំងនោះទេ ដោយគ្រាន់តែអះអាងថា អវត្តមានរបស់លោកពីប្រទេសកម្ពុជាចាប់ពីថ្ងៃទី២២ ខែសីហា ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១នេះ «ដោយមានធុរៈផ្ទាល់ខ្លួន»។
លោក ស ខេង គូសបញ្ជាក់ក្នុងលិខិតនោះទៀតថា ដំណើរទៅកាន់ប្រទេសបារាំងរយៈពេល២សប្តាហ៍នេះ ក៏មានការអនុញ្ញាតពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។
បើតាមលិខិតដដែល ក្នុងរយៈពេលអវត្តមាននេះ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការទទួលភារកិច្ចជារដ្ឋមន្ត្រីស្តីទី និងជាអ្នកដឹកនាំការងារទូទៅរបស់ក្រសួងមហាផ្ទៃ៕