មនុស្ស​ជិត​១០០​នាក់​ត្រូវ​បាន​បញ្ជូន​ខ្លួន​​ទៅ​តុលាការ​ ក្រោយ​ល្មើស​វិធាន​ទប់ស្កាត់​កូវីដ-១៩

អាជ្ញាធរមូលដ្ឋានចុះអប់រំណែនាំដល់ពលរដ្ឋដែលជួបជុំគ្នាផឹកស៊ីល្មើសបម្រាមសុខាភិបាល ស្ថិតនៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ នៅយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១។ (ហង់ សុខហុង)

កា​រអ​នុវត្តវិ​ធានទ​ប់ស្កាត់រ​លកចម្លងកូវី​ដ-១៩ បំប្លែងថ្មី (Delta) រយៈពេលត្រឹម២១ថ្ងៃដែលទើបបិទបញ្ចប់នោះ មាន​មនុស្សជិត១០០នាក់ត្រូវបានបញ្ជូនទៅតុលាការ និងជាង៣០ ០០០​នាក់​ផ្សេង​ទៀតត្រូវឃាត់ខ្លួនដើម្បីអប់រំនិងផាកពិន័យ។

រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអ្នកនាំពាក្យ លោក គឹម សន្តិភាព បាន​ឱ្យដឹងនៅ​លើគេហទំព័រហ្វេសប៊ុករបស់​លោក​ កាលពីថ្ងៃអាទិត្យថា លទ្ធផលកិច្ចសហប្រតិបត្តិការ​រប​ស់អនុគណៈកម្មការដឹកនាំការអនុវត្តច្បា​ប់ នៃ​គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងរយៈពេល២១ថ្ងៃ នៅទូទាំងប្រ​ទេ​ស គិ​ត​ចាប់ពីថ្ងៃទី២៩ ខែ​កក្កដា ដល់ត្រឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ គឺមាន​មនុស្ស៩៥នាក់ត្រូវបានបញ្ជូ​​ន​ទៅ​តុ​លាការ និងជាង៣០ ០០០​នាក់ទៀតត្រូវបាន​ឃាត់​ខ្លួនដើម្បីអប់រំនិង​ផាក​ពិន័យ។ 

លោកថា៖ «ករណីល្មើស១៧ ៩៩៧​ករណី ឃាត់ខ្លួនមនុស្ស៣៥ ២៣១​នាក់ [ជនបរទេស ២១៩នាក់] ក្នុងនោះ អនុវត្តវិធានការអប់រំចំនួន​៣៣ ៨៤៤នាក់ អនុវត្តវិធានការពិន័យ១ ២៩២នាក់ និងបញ្ជូនទៅតុលាការ៩៥នាក់ [ជនបរទេសម្នាក់]។ ឃាត់យានយន្ត​ រួមមាន​ រថយន្ត​៥ ៩៨១គ្រឿង ម៉ូតូ៩ ២៦១គ្រឿង ថវិកាពិន័យ៧២២ ៨០០ ០០០រៀល បិទទីតាំងអាជីវកម្ម៥ទីតាំង»។

គួររំឭក​ថា កាលពីខែមុន រដ្ឋាភិបាលបានណែនាំទៅមន្ត្រីពាក់ព័ន្ធឱ្យអនុវត្តវិធានការប្រយុទ្ធនិង​ទប់​ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រយៈពេល២១ថ្ងៃនៅទូទាំងប្រទេស ដែលវិធាននេះបានចាប់ផ្តើមតាំងពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ បន្ទាប់ពីកម្ពុជារកឃើញមេរោគ​កូវីដ-១៩បំប្លែងថ្មី ដែលតា (Delta) ឆ្លងចូលសហគមន៍។

តែវិធាននេះត្រូវបានរដ្ឋាភិបាលប្រកាសបិទបញ្ចប់នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ដោយទុកឱ្យអនុវត្តតែវិធានសុខាភិបាលវិញ ក្រោយពីរកឃើញថា ស្ថានភាពចម្លងស្ថិតក្នុងស្ថានភាពអាចគ្រប់គ្រងបាន។

បើតាមក្រសួងសុខាភិបាល គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ​ មេរោគកូវីដ-១៩បំប្លែងថ្មីប្រភេទ ដែលតា បានឆ្លងរាលដាលដល់២៣​រាជធានី-ខេត្ត ហើយ និងឆ្លងដល់មនុស្សជិត១ ០០០នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ