មន្រ្តី​អតីត​​បក្ស​ប្រឆាំង​​ថា​ ខ្លួន​​មាន​គម្រោង​​ជួប​ពិគ្រោះ​យោបល់​ក្រៅ​ផ្លូវការ​​ជាមួយ​លោក​ ស ខេង​ នៅ​បារាំង

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តព្រៃវែង ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ នៅសាលាខេត្តព្រៃវែង។ (ហ្វេសប៊ុកលោក ស ខេង)

មន្ត្រី​អតីតគណបក្សសង្រ្គោះជាតិ និងជា​​មនុស្ស​​ដែលស្និទ្ធនឹង​លោក សម រង្ស៊ី បាន​អះអាង​ថា ខាងអតីត​​គណបក្សប្រឆាំង ស្វាគមន៍ជានិច្ច ប្រសិនបើមាន​​ការ​​បើក​​​​​ភ្លើង​​ខៀវណាមួយដែលនាំឱ្យមានជំនួបក្រៅផ្លូវការជាមួយនឹង​លោក ស ខេង ខណៈថ្នាក់ដឹកនាំ​​​​ក្រសួងមហាផ្ទៃរូបនេះកំពុង​ធ្វើទស្សនកិច្ចជាលក្ខណៈឯកជន​​នៅប្រទេសបារាំង។ 

ខុទ្ទកាល័យលោកឧបនាយករដ្ឋមន្ត្រី ស ខេង បាន​ចេញសេចក្តីប្រកាសព័ត៌មានមួយ​កាល​ពីថ្ងៃទី​២២ ខែ​សីហា​ ថា ដោយមាន​ការយល់ព្រម​ពីនាយករដ្ឋមន្ត្រីនោះ លោក ​ស ខេង បានចាក​ចេញ​​ពី​កម្ពុជាទៅកាន់សាធារណរដ្ឋបារាំង រយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី២២ ខែសីហា ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១នេះ ដោយ​សារមានធុរៈផ្ទាល់ខ្លួន។

ទស្សនកិច្ចជាលក្ខណៈឯកជនរបស់លោកឧបនាយករដ្ឋមន្រ្តី ស ខេង នៅពេលនេះ ត្រូវ​​បានគេ​​មើល​​​ឃើញ​​​ថា ធ្វើឡើងនៅចំពេល​បក្សនយោបាយធំៗទាំងពីរនៅកម្ពុជា​កំពុង​ជួប​វិបត្តិ។ ម៉្យាងវិញ​ទៀត ដំណើរ​​ទស្សន​​កិច្ចដ៏កម្ររបស់លោក ស ខេង ធ្វើឡើង​នៅលើទឹកដីដែល​​ប្រធាន​ស្តី​​ទីអតីត​​​បក្ស​​ប្រ​​ឆាំង គឺលោក សម រង្ស៊ី កំពុងរស់នៅផង។

លោក ម៉ែន សុថាវរិន្ទ្រ អតីតអ្នកតំណាងរាស្រ្តប្រចាំ​មណ្ឌលកំពង់ធំ និង​​សៀម​រាប នៃអតីត​គណ​បក្ស​​សង្គ្រោះ​ជាតិ​​ ហើយក៏ជាមនុស្សដែលស្និទ្ធបំផុត​របស់​លោ​ក សម រង្ស៊ី មាន​សុទិដ្ឋិនិយម​ថា ភាព​​​​ជាប់​​​​​គាំង​​ផ្នែក​​​​ន​​យោ​​បាយនៅកម្ពុជា នៅតែអាចរកច្រកចេញបាន។

លោក​បន្តថា លោកបានផ្តល់ដំណឹងនៃដំណើរទស្សនកិច្ចរបស់លោក ស ខេង នៅ​​លើទឹកដីប្រទេស​​បារាំង​នេះ ទៅ​លោក សម រង្ស៊ី រួចហើយ ខណៈលោក សម រង្ស៊ី នៅពេលនេះកំពុង​​ធ្វើ​​​​ទស្សនកិច្ច​នៅសហរដ្ឋអាមេរិក។

យ៉ាងណា លោកថា ប្រសិនបើមានតម្រុយណាមួយ នោះប្រហែលនឹងអាចមានជួប​ជាលក្ខណៈ​​​ក្រៅផ្លូវការរវាងមន្ត្រីអតីតបក្សប្រឆាំង​ជាមួយនឹងលោក ស ខេង។

លោកបន្តថា៖ «បាទ! ច្បាស់ហើយអាចនឹងមាន ព្រោះយើងគឺ​​ជាខ្មែរនិងខ្មែរតើ! ខាងគណបក្ស​​ស​​ង្រ្គោះ​​​​​​ជាតិ ជាពិសេសលោកប្រធាន សម រង្ស៊ី គាត់អត់មានគុំកួនអ្វី​​ទាំងអស់​​ គាត់គិត​​គូរពី​​ប្រ​​ជា​​ពលរដ្ឋរបស់គាត់។ និយាយរួម បើជាគំនិតខ្ញុំផ្ទាល់ អាហ្នឹង [ស្ថានភាពនយោបាយស្រុកខ្មែរ] ដូច​​កិច្ច​​ព្រមព្រៀងទីក្រុងប៉ារីស។ អ៊ីចឹងមានអី! មានតែខ្មែរនិងខ្មែរហ្នឹង​ទេ គួរ​​​មានការចរចាគ្នា​ ​ដើម្បី​​ប្រ​​​ទេស​ជា​​តិ​របស់យើង»។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ផាត សុផានិត ឆ្លើយតបតាមសារ​តេឡេក្រាមនៅ​​ថ្ងៃ​​​​ចន្ទនេះ​ថា ដំណើរទស្សនកិច្ចរបស់លោក ស ខេង នៅពេលនេះ មិនមានទិសដៅអ្វីផ្សេងក្រៅ​​ពី​​ដំ​​​​ណើរទស្សនកិច្ចជាលក្ខណៈឯកជននោះឡើយ។

លោកបន្តថា៖ «ចំពោះដំណើរទៅកាន់សាធារណរដ្ឋបារាំង គឺជាកិច្ចការឯកជនផ្ទាល់ខ្លួនរបស់សម្តេចក្រឡាហោម គឺមិនពាក់ព័ន្ធនឹងអ្វីក្រៅពីនេះឡើយ»។

នាយកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោក ប៉ា ចន្ទរឿន យល់ឃើញថា ដំណើរទស្សនកិច្ចដ៏​​កម្រ​​របស់លោក ស ខេង នៅលើទឹកដីសាធារណរដ្ឋបារាំងនេះ អាច​ជាការផ្តល់ភាពវិជ្ជមាន​​សម្រាប់​​វិបត្តិ​​នយោបាយ ថ្វីបើដំណើរទស្សនកិច្ចនេះជាលក្ខណៈឯកជនក៏​​ដោយ​​។

លោកបន្តថា៖ «ហើយការមើលឃើញហាក់ដូចជាប្រជាពលរដ្ឋមួយចំនួនហ្នឹង លោកស្រេកឃ្លានចង់បានឱ្យអ្នកនយោបាយទាំងពីរប៉ូលហ្នឹងបោះដៃទៅរកគ្នា ឈានទៅរកការជជែកពិភាក្សាគ្នា សម្រប​​សម្រួលគ្នា និងជាសះគ្នា ដើម្បីជួយ​មកដឹកនាំនិងដោះស្រាយបញ្ហា​​សង្គមជាតិដែល​​កំពុងតែ​​ប្រ​​ឈ​​ម​​​​មុខនាពេលបច្ចុប្បន្ននិងពេលអនាគត។ នេះ​​​ជាសញ្ញាណល្អទៅវិញ​​ទេសម្រាប់ខ្ញុំ​​មើល​ឃើញ​​»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ