​​យ៉ាងហោច​ណាស់​មន្ត្រី​ក្រសួង​មហាផ្ទៃ​ចំនួន​២១​នាក់​ស្លាប់ និងជាង​២000​នាក់​ឆ្លង​កូវីដ-១៩

ពលរដ្ឋធ្វើដំណើរពីមុខក្រសួងមហាផ្ទៃ កាលពីពេលកន្លងទៅ (រូបថត៖ ហួត វុទ្ធី)

ក្រសួងមហាផ្ទៃបានឱ្យដឹងថា យ៉ាងហោចណាស់មន្ត្រីក្រសួងមហាផ្ទៃចំនួន២១នាក់ស្លាប់ និងថ្នាក់ដឹកនាំ រួមទាំងមន្រ្តីចំណុះក្រសួងមហាផ្ទៃជាង២០០០​នាក់ បានឆ្លងជំងឺកូវីដ-១៩ ។

ទំព័រហ្វេសប៊ុករបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃសៅរិ៍ម្សិលមិញបានឱ្យដឹងថា ចាប់ពីជំងឺកូវីដ-១៩ បន្តឆ្លងមកដល់ពេលនេះ  បានឆក់យកជីវិតមន្ត្រីក្រសួងមហាផ្ទៃចំនួន២១នាក់ និងថ្នាក់ដឹកនាំ រួមទាំងមន្រ្តីចំណុះក្រសួងមហាផ្ទៃចំនួន ២ ១៩៨នាក់ បានឆ្លងជំងឺនេះ ក្នុងនោះជាសះស្បើយ ១ ៤៤១នាក់ កំពុងព្យាបាល ៧៣៦នាក់ ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ក៏បាន ផ្ដល់អនុសាសន៍ទៅមន្ត្រីពាក់ព័ន្ធ ឱ្យបន្តការងារអប់រំផ្សព្វផ្សាយអំពីការអនុវត្តវិធានការ៣កុំ ៣ការពារ ហើយពង្រឹងការអនុវត្តច្បាប់ វិធានការ និងត្រូវទៅចាក់វ៉ាក់សាំងឱ្យបានតាមគោលការណ៍ក្រសួងសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នេះ បានប្រសិទ្ធភាព។

​ទំព័រដដែលបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ក្រសួងមហាផ្ទៃបានទទួលវ៉ាក់សាំងពីក្រសួងសុខាភិបាល ចំនួន២០លើក ស្មើនឹង១០៧ ៣២១ដូស និងទទួលបានសម្ភារៈបរិក្ខារមួយចំនួនទៀត ។

នាយិកា​មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាCCHR លោកស្រី ចក់ សុភាព មានប្រសាសន៍ថា ដើមចមដែលនាំឱ្យរដ្ឋាភិបាលមិនទាន់កាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយសារបច្ចុប្បន្ននេះ វីរុសកូវីដ-១៩ បានបំប្លែងថ្មី ចូលមកក្នុងកម្ពុជាផងដែរ។

ករណីនេះ លោកស្រី ជំរុញនិងលើកទឹកចិត្តដល់រដ្ឋាភិបាលត្រូវពង្រឹងការអនុ​វត្តច្បាប់ និងវិធានការរបស់រដ្ឋបាលរាជធានី-ខេត្ត និងក្រសួងសុខាភិបាល ឱ្យមានតម្លាភាពរវាងពលរដ្ឋសាមញ្ញនិងមន្ត្រីអាជ្ញាធរ ទើបទទួលបានផលវិជ្ជមានខ្ពស់។

លោកស្រីជំរុញដូចនេះថា៖ «ពេលខ្លះក៏មានការឆកល្វែងដែរ ពីខាងមន្ត្រីពាក់ព័ន្ធនៅពេលអនុវត្តច្បាប់ កន្លែងខ្លះតឹង កន្លែងខ្លះធូរ ជាទូទៅយើងឃើញពលរដ្ឋល្មើស ឬបំពានគោលការណ៍ណាមួយ អាជ្ញាធរតែងតែប្រើប្រាស់គោលការណ៍ ឬច្បាប់មកអនុវត្ត ប៉ុន្តែនៅពេលដែលអាជ្ញាធរពាក់ព័ន្ធរំលោភបំពានណាមួយ យើងមិនដឹងច្បាប់ថាតើអាជ្ញាធរអនុឡោមតាមវិធាននោះដូចពលរដ្ឋដែរឬទេ? អញ្ចឹងទាល់តែមានការគោរពទៅតាមគោលការណ៍ដែលបានដាក់ចេញ ឱ្យមានតម្លាភាព បើមិនអញ្ចឹងទេនឹងមានការចន្លោះប្រហោង »។

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន៨៩ ២៣១​​នាក់ ក្នុងនោះ​អ្នកជំងឺព្យាបាលជាសះស្បើយសរុបមា​ន​ចំនួន ៨៥ ០៨១នាក់ និងអ្នកស្លាប់សរុប ១ ៧៩២នាក់ និងករណីនាំចូលពីក្រៅប្រទេសសរុប ១៤ ១៦៩នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ