សហជីព​ស្នើ​​​អ្នក​​​ពាក់​ព័ន្ធ​​ជួយ​​ដំឡើង​​ប្រាក់​​ឈ្នួល​​គោល​​ដល់​​កម្មករ​ឱ្យ​​​បាន​២០០​ដុល្លារ​សម្រាប់​ឆ្នាំ​ក្រោយ

កម្មការិនីពីរនាក់ពាក់ម៉ាស់ដើរចេញពីរោងចក្រ Y&W នៅពេលដល់ម៉ោងសម្រាកថ្ងៃត្រង់ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។ (ត្រាន់ តិចសេង)

​ក្រុម​សហជីព នៅថ្ងៃសុក្រនេះ​ បានអំពាវនាវទៅដល់ភាគីពាក់ព័ន្ធធ្វើយ៉ាងណាជួយដំឡើង​ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់កម្មករ​ឱ្យ​បាន២០០ដុល្លារ សម្រាប់ឆ្នាំ២០២២ ខណៈ​កម្ពុជាកំពុងមានវិបត្តិជំងឺកូវីដ-១៩ និងបញ្ហាផ្សេងៗទៀត។

ការអំពាវនាវរបស់ក្រុមសហជីពធ្វើឡើង​ ខណៈ​ក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បានចេញលិខិតមួយអញ្ជើញពួកគេឱ្យចូលរួមកិច្ចប្រជុំស្តីពី «ការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ២០២២» នៅថ្ងៃទី៧ ខែកញ្ញា​ខាងមុខនេះ។

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍​ថា លោក​ហាក់​មិន​មាន​សង្ឃឹម​ថា ប្រាក់ឈ្នួល​អប្បបរមាសម្រាប់កម្មករនៅឆ្នាំ២០២២ នឹងឡើងបានខ្ពស់នោះទេ ដោយសារកម្ពុជាកំពុងជួបវិបត្តិជំងឺកូវីដ-១៩ និងការដកប្រព័ន្ធអនុគ្រោះព​ន្ធ (EBA) របស់សហភាពអឺរ៉ុប រួមទាំង​ការដក​ប្រព័ន្ធអនុគ្រោះព​ន្ធ​ទូទៅ (GSP) ​របស់អាមេរិក។ ប៉ុន្តែយ៉ាងណា លោកថា ក្រុមសហជីពត្រៀមស្នើដំឡើងបន្ថែម៨ដុល្លារ​លើប្រាក់ឈ្នួលអប្បបរមាឆ្នាំនេះ។

លោកបន្ថែមថា៖ «បញ្ហារឿងជំងឺកូវីដ-១៩ហ្នឹង វាជាបញ្ហាមួយពិតប្រាកដហើយដែលវាកំពុងកើតមាន រួមទាំងបញ្ហា EBA [របស់សហភាពអឺរ៉ុប] GSP របស់អាមេរិកជាដើមហ្នឹង អ៊ីចឹង​យោង​តាម​ស្ថាន​ភាព​ហ្នឹង​ យើងក៏មិនអាចស្នើអីច្រើនឱ្យហួស​ហេតុដែរ»

ប្រធានសម្ព័ន្ធសហជីពជាតិ លោក ហ្វា សាលី បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ដូចជា អ្នកបញ្ជាទិញ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងរដ្ឋាភិបាលកម្ពុជា ធ្វើយ៉ាងណាជួយដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករឱ្យបាន២០០ដុល្លារ សម្រាប់ឆ្នាំ២០២២ ខណៈកម្មករមួយចំនួន​កំពុងប្រឈមបញ្ហាសេដ្ឋកិច្ចគ្រួសារដោយសារវិបត្តិជំងឺកូវីដ-១៩។

លោក​បានលើកឡើងថា បើទោះបីជាជំងឺកូវីដ-១៩កំពុងរាលដាលក្នុងប្រទេសកម្ពុជា និងនៅលើសកលលោកក៏ដោយ ប៉ុន្តែការនាំចេញពីកម្ពុជាហាក់នៅមានភាពល្អប្រសើរនៅឡើយ ដែលអាចជួយដល់ការដំឡើងប្រាក់ឈ្នួលដល់​កម្មករបានខ្ពស់នៅឆ្នាំក្រោយ។

លោកបន្ថែមថា៖ «ដូច្នេះ ខ្ញុំរឹពឹងថា ប្រាក់ឈ្នួលសម្រាប់​បងប្អូនកម្មករនៅឆ្នាំ២០២២ នឹងគួរតែត្រូវ​បាន​ដំឡើងតិច​ណាស់ត្រឹម២០០ដុល្លារ ដោយសារឆ្នាំមុន យើងឡើងបានតិចមែនទែន អ៊ីចឹង​យើងអំពាវនាវដល់​រដ្ឋាភិបាល​ សមាគមរោងចក្រកាត់ដេរ និងអំពាវនាវដល់អ្នកបញ្ជាទិញ មេត្តាដំឡើងតម្លៃឱ្យសមរម្យជាងនេះទៅទៀត ដើម្បីឱ្យនិយោជកមានប្រាក់កម្រៃសម្រាប់ដំឡើងជូនបងប្អូនកម្មករ»

វីអូឌី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ និង​អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោក ខេន លូ បានទេ នៅថ្ងៃសុក្រនេះ។

អ្នកគ្រប់គ្រងកម្មវិធីការងារនៅមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក ឃុន ថារ៉ូ មានប្រសាសន៍​ថា ការដែលក្រុមសហជីពដាក់តួលេខ៨ដុល្លារបន្ថែមលើប្រាក់ឈ្នួលគោលបច្ចុប្បន្ន ដើម្បីសុំដំឡើង​ប្រាក់ឈ្នួល​គោលកម្មករឱ្យ​ដល់២០០ដុល្លារ​ សម្រាប់ឆ្នាំ២០២២នោះ ជាការទាមទារដោយសមរម្យមួយ ដែលនិយោជកនិងរដ្ឋាភិបាលគួរតែផ្តល់ជូនកម្មករ។

លោក ឃុន ថារ៉ូ បន្តថា ស្ថានភាពបច្ចុប្បន្ននេះ ដំណើរការ​នៃខ្សែ​ចង្វាក់ផលិត​កម្មនិង​ការបញ្ជាទិញ គឺមានការ​កើនឡើងដូចជាទៅទីផ្សារអាមេរិក និងសហភាពអឺរ៉ុប ជាដើម។

លោកបន្ថែមថា៖ «ខ្ញុំគិតថា ទាក់ទងនឹងប្រាក់ឈ្នួលនេះ គឺវាទាមទារឱ្យមាននូវកំណែទម្រង់​តាម​ឆន្ទៈនយោបាយ ​​ច្រើនជាង​ការប្រើប្រាស់នូវលក្ខណៈបច្ចេកទេស ឬក៏នៅក្នុងក្របខណ្ឌយន្តការនៃការចរចា ពី​ព្រោះ​វា​ដាក់ទៅជាតួលេខ តែការសម្រេចនៃតួ​លេខចុងក្រោយ ជានាយករដ្ឋមន្ត្រី។ អ៊ីចឹង​នៅបរិបទនៃការរីកចម្រើននៃវិស័យនេះ និងប្រាក់ឈ្នួលអប្បបរមារបស់កម្មករនេះ មិនទាន់មានកម្រិតជាប្រាក់ឈ្នួលរស់នៅសមរម្យ​សម្រាប់កម្មករនៅឡើយទេ អ៊ីចឹង​ការដាក់៨ដុល្លារនេះ វានៅតិចតួចស្តួចស្តើងផង»

លោក ឃុន ថារ៉ូ​ បន្ថែមថា តាមការសិក្សាស្រាជ្រាវទៅលើការវិនិច្ឆយ​កត្តាសេដ្ឋកិច្ច កត្តាសង្គម កត្តាប្រកួត​ប្រជែង និង​ផលិតភាពនាពេលកន្លងមក ប្រាក់ឈ្នួលគោលដែលគួរដំឡើងជូនកម្មករគឺ ២១១ដុល្លារ

នៅ​ឆ្នាំ​២០២១នេះ រដ្ឋាភិបាល​បាន​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​ផ្នែក​វាយនភណ្ឌ​កាត់​ដេរនិង​ផលិតផល​ស្បែក​ជើងពី១៩០​ដុល្លារ ទៅ១៩២​ដុល្លារ​ក្នុង​មួយ​ខែ។ បើ​គិត​ជា​រួម ​​ទាំង​​អត្ថប្រយោជន៍​ផ្សេងៗ​ដែល​មាន​ស្រាប់ ជា​មធ្យម​ កម្មករ​និយោជិត​ម្នាក់ៗ​អាច​ទទួល​បាន​ប្រាក់​ចំណូល​យ៉ាង​តិច​ពី ២៥០​ដុល្លារ​ ដល់ ៣០០​ដុល្លារ ​ក្នុង​មួយ​ខែ។

រ​បាយការណ៍សិក្សាមួយរបស់សហជីពកម្ពុជា និងយុទ្ធនាការសម្លៀកបំពាក់ស្អាតស្អំ ចេញផ្សាយនៅខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងថា កម្មករចំនួន៧៨៤ ០០០នាក់ដែលធ្វើការក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងឧស្សាហកម្មស្បែក បានបាត់បង់ប្រាក់ឈ្នួលនិងប្រាក់អត្ថប្រយោជន៍ប្រមាណ​១០៩លាន​ដុល្លារក្នុងអំឡុងពេល​ការផ្ទុះឡើងនៃជំងឺកូវីដ-១៩ និងការអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញ កាល​ពីខែមេសា​និងខែឧសភាកន្លងទៅ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ