បទ​យក​ការណ៍​៖​ កូវីដ-១៩ ធ្វើ​ឱ្យ​ប៉ះពាល់​​ជីវភាព​អ្នក​លក់​ចំណី​អាហារ​នៅ​តាម​ចិញ្ចើម​ផ្លូវ

អ្នកស្រី ឈឿន តាំងហិ ជាអាជីរករលក់ដូរតាមដងផ្លូវក្នុងរាជធានីភ្នំពេញ រៀបរាប់ពីស្ថានភាពការលក់ដូរនិងជីវភាពប្រឈមក្នុងអំឡុងការរាតត្បាតកូវីដ-១៩ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១។ (ហ៊ន ថូវ៉ាន)

«ចំណូលរកមិនបាន គឺដឹងតែដាច់បាយហើយ រាល់ថ្ងៃនេះ»

ខាងលើនេះជាពាក្យពេចន៍ត្អូញត្អែររបស់ស្ដ្រីម្នាក់ដែលកំពុងអង្គុយលក់ពោតលីងនៅតាមចិញ្ចើមផ្លូវ ស្ថិតតាមបណ្តោយសួនច្បារមាត់ទន្លេ ម្ដុំសណ្ឋាគារសុខា រាជធានីភ្នំពេញ។

ស្ថិតនៅក្នុងសម្លៀកបំពាក់អាវពណ៌លឿង ខោពណ៌ខ្មៅ កំពុងអង្គុយនៅលើកៅអីក្បែររទេះលក់ពោត អ្នកស្រី ឈឿន តាំងហិ បានរៀបរាប់ប្រាប់ វីអូឌី ថាចំណូលរបស់អ្នកស្រីមានការធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់​ពី​មាន​ការ​ឆ្លង​រីករាល​ដាល​ជំងឺ​កូវីដ-១៩ ក្នុង​ដំណាក់​កាលទី៣​នេះ។ ទន្ទឹមនឹងការរកចំណូលមិនបាន អ្នកស្រីក៏ត្រូវចំណាយច្រើន​ក្នុងការរស់នៅ​ថែម​​ទៀត តួយ៉ាង​ដូច​ជា ថ្លៃឈ្នួលផ្ទះ​ ថ្លៃទឹក ថ្លៃអគ្គិសនី និងសងបំណុលគេថែមទៀតផង ខណៈ​​ពេលខ្លះ អ្នក​​ស្រីរកប្រាក់សម្រាប់ទិញអាហារហូបចុកស្ទើរតែមិនបានផង។

អ្នកស្រីនិយាយថា៖ «ចំណូលធ្លាក់ ចង់[និយាយ]​ថា រកតែប្រាក់ទិញជាអាហារហូបចុក​មិនចង់​បាន​ផង គិតមើលទៅមើល! បើយើងនៅជនបទនៅចម្ការទៅ យើងអាចបេះបោចអីបានស្លហូប តែដល់ពេលយើងមកនៅនេះ [ភ្នំពេញ] យើងត្រូវការលុយតែរហូតហើយហ្នឹង! ផ្ទះជួលក៏លុយ និយាយរួម [ត្រូវចំណាយ] មួយចប់ហ្នឹង ចំណូលតែរកមិន​បាន គឺដឹងតែដាច់បាយ​ហើយ​នេះ»។

នៅលើផ្ទៃមុខដែលបាំងបិទដោយម៉ាស់ពណ៌សបែកព្រុយបន្តិច កែវភ្នែករំពៃមើលមនុស្សម្នាដែលកំពុងធ្វើដំណើរនៅលើដងវិថី ស្ដ្រីវ័យ៤៣ឆ្នាំរូបនេះនិយាយបន្តថា គាត់និងស្វាមីប្រកបរបរលក់ពោតនេះ​ជិត២ឆ្នាំមកហើយ ដោយនៅក្នុងមួយថ្ងៃរកចំណូលបានជាង១០ម៉ឺន​រៀល។ តែបន្ទាប់ពីមានការឆ្លងរីករាលដាលជំងឺ​កូវីដ-១៩​នេះ​មក ក្នុងមួយថ្ងៃ អ្នក​​ស្រីរកបាន​ត្រឹម​តែ៤ទៅ៥ម៉ឺនរៀល​ ហើយក្រោយពីដកថ្លៃដើមចេញ គឺចំណេញបានតែ២ម៉ឺនរៀលតែប៉ុណ្ណោះ។ អ្នកស្រី​ថា ចំណូលដែលរកបាននេះ គឺមិនអាចទប់ទល់ជាមួយនឹងការចាយវាយប្រចាំថ្ងៃ ក៏ដូចជាការសងបំណុលគេ និងផ្ញើទៅឪពុកម្ដាយចាស់ជរា​ដែល​នៅ​ខេត្តបាន​នោះ​ឡើយ។

ជាអ្នកមានស្រុកកំណើតនៅស្រុកស្អាង ខេត្តកណ្ដាល អ្នកស្រី ឈឿន តាំងហិ រៀបរាប់ថា គាត់​បានចាកចេញពីស្រុកកំណើតមកប្រកបរបរជាអ្នកលក់ពោតនេះ ដោយសារតែ​គាត់​​​ជំពាក់បំណុលធនាគារ ក្រោយពីខ្ចីដើមទុនមកធ្វើចម្ការ ហើយទិន្នផលដែលបានមកមានតម្លៃទាប មិនអាច​កាត់​កង​សង​ត្រឡប់​ទៅ​កាន់​ធនាគារ​វិញ​បាន។ អ្នកស្រី​ថា ប្រសិនបើជំងឺ​កូវីដ​-១៩នៅតែបន្តឆ្លងរីករាលដាលបែបនេះទៀត គាត់​គ្មានជម្រើសអ្វីក្រៅពីវិលត្រឡប់ទៅស្រុកកំណើតវិញនោះទេ។

អ្នក​ស្រីនិយាយថា៖ «បើនៅតែបែបហ្នឹង មានតែលែងលក់ដូរហើយ! ទៅនៅហូបអត់ហូបឃ្លានជាមួយគ្រួសារ ជុំជួបជាមួយម៉ែឪនៅឯស្រុកវិញហើយ»

ស្ត្រីរូបនេះក៏បានបញ្ជាក់ដែរថា គ្រួសារ​គាត់​មិនដែលទទួលបានជំនួយពីរដ្ឋាភិបាល​នៅក្នុងអំឡុង​ពេល​មាន​ការរីករាលដាល​ជំងឺកូវីដ-១៩​នេះ​ទេ ដោយសារគាត់​មិនមានបណ្ណក្រីក្រ និងមិនបានស្នាក់នៅរាជធានី​ភ្នំពេញ អំឡុងពេលដែលគេផ្ដល់ជំនួយ។

ស្រដៀងគ្នានេះដែរ អ្នកស្រី ចាន់ ស្រស់ ជាអាជីវករលក់ដូរភេសជ្ជៈ​តាម​រទេះដែល​អូស​នៅលើខឿន​សួន​ច្បារ​តាម​ដង​ទន្លេ​ក្នុងរាជធានីភ្នំពេញ​ដែរ​នោះ បាន​រៀបរាប់ថា ក្រោយពីមានការ​ឆ្លងរីករាលដាលជំងឺ​កូវីដ-១៩​មក ជីវភាពរបស់អ្នកស្រី​មាន​ការ​លំបាក​ ដោយ​សារ​ការលក់​ដូរ​មិន​មាន​អតិថិជនទិញច្រើន។

អ្នកស្រីបន្តថា អ្នកស្រីមកចាប់អាជីពជាអ្នកលក់ភេសជ្ជៈតាម​រទេះ​នេះ ទើបតែបានជាងមួយខែប៉ុណ្ណោះ ដោយកាលពីមុនអ្នកស្រីជាអ្នកលាងចានគុយទាវនៅតាមហាង។ ​ប៉ុន្តែដោយ​សារ​តែល​ក់​មិន​សូវ​ដាច់​ដូច​មុន ទើបអ្នកស្រីមិនបាននៅលាងបន្តទៅទៀត។ បន្ទាប់ពីមានការយោគយល់ពីអ្នកជិតខាង អ្នកស្រីក៏បានបង់រម្លស់រទេះលក់ភេសជ្ជៈនេះក្នុងតម្លៃ៤០ម៉ឺន​រៀល និងចំណាយ​ដើម​ទុន២០ម៉ឺនរៀលក្នុងការទិញភេសជ្ជៈយកមកលក់ ដោយក្នុងមួយ​ថ្ងៃ​ ត្រូវបង់ឱ្យ​ម្ចាស់រទេះ១ម៉ឺនរៀល។

អ្នកស្រី ចាន់ ស្រស់ ជាអាជីវករលក់ដូរភេសជ្ជៈ​តាម​រទេះដែល​អូស​នៅលើខឿន​សួន​ច្បារ​តាម​ដង​ទន្លេ​ក្នុងរាជធានីភ្នំពេញ​ រៀបរាប់ពីស្ថានភាពការលក់ដូរនិងជីវភាពប្រឈមក្នុងអំឡុងការរាតត្បាតកូវីដ-១៩ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១។ (ហ៊ន ថូវ៉ាន)
អ្នកស្រី ចាន់ ស្រស់ ជាអាជីវករលក់ដូរភេសជ្ជៈ​តាម​រទេះដែល​អូស​នៅលើខឿន​សួន​ច្បារ​តាម​ដង​ទន្លេ​ក្នុងរាជធានីភ្នំពេញ​ រៀបរាប់ពីស្ថានភាពការលក់ដូរនិងជីវភាពប្រឈមក្នុងអំឡុងការរាតត្បាតកូវីដ-១៩ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១។ (ហ៊ន ថូវ៉ាន)

ស្ថិតនៅក្នុងសម្លៀកបំពាក់អាវពណ៌ផ្កាឈូកស្រស់ ស្ត្រីមកពីស្រុកទូកមាស ខេត្តកំពត រូបនេះ និយាយថា៖ «បើថ្ងៃណាយើងហេងទៅ យើងលក់បាន៥ម៉ឺនរៀល ៦ម៉ឺនរៀល ឬទៅ៧ម៉ឺនរៀល។ បើថាថ្ងៃណាមានគ្នាច្រើនទៅ [អ្នកលក់ដូចគ្នា] អស់​ហើយ​បាន៤​ម៉ឺនរៀល តាំង​ពីព្រឹកទល់ល្ងាច រុញពីហ្នឹងដល់សុខា [សណ្ឋាគារសុខា]។ ហើយថ្ងៃ​ណាអត់​ហេង រក​តែ២ម៉ឺនរៀលដាក់ចូលហោប៉ៅមិនបានផង»

អង្គុយឱប​ក្បាល​ជង្គង់ ភ្នែកមើលទៅកាន់កូនប្រុសដែលកំពុងតែគេងលក់នៅក្រោម​ម្លប់ដើម​​ផ្កា​ចំប៉ី លើ​ស្មៅទន់ល្មើយក្នុងសួនច្បារមាត់ទន្លេនៃត្រើយ​ម្ខាង​​ អ្នកស្រី ចាន់ ស្រស់ បានបន្តរៀបរាប់​ទាំងទឹកមុខស្រងូតស្រងាត់ថា អ្នកស្រី​ជាស្ត្រីមេម៉ាយ ត្រូវចិញ្ចឹមកូនប្រុសម្នាក់អាយុ៧ឆ្នាំ ក្រោយពេល​ដែល​ឪពុករបស់គេបានចាកចេញទៅតាំងពីគាត់មានផ្ទៃពោះបានមួយខែ​មក​ម្ល៉េះ។ អ្នកស្រីត្រូវយកកូនទៅតាមរាល់ពេលដែលអ្នកស្រីចេញមកប្រកបរបររកស៊ីម្តងៗ។

អ្នកស្រីនិយាយរៀបរាប់ទាំងទឹកភ្នែករលីងរលោងថា ក្នុងអំឡុងពេលមានការឆ្លងរាត​ត្បាត​ជំងឺកូវីដ-១៩នេះ មានពេលខ្លះអ្នកស្រីដើរបេះត្រកួនលក់ឬបោកខោអាវតាមផ្ទះ ដើម្បី​បានកម្រៃយកទៅផ្គត់ផ្គង់ជីវភាពនិងអាហារហូបចុកប្រចាំថ្ងៃ។ អ្នកស្រីបន្ថែមថា ​មានថ្ងៃ​មួយ​ ដោយសារអ្នកស្រីរកកម្រៃមិនបាន អ្នកស្រីក៏សម្រេចចិត្តទៅសុំអង្ករពីខាងសង្កាត់ជ្រោយចង្វារ​ យក​មកដាំបាយឱ្យ​កូនបរិភោគជាមួយពងទា២គ្រាប់។

កូនប្រុសរបស់អ្នកស្រី ចាន់ ស្រស់ ឈរនៅក្បែររទេះលក់ភេសជ្ជៈរបស់ម្ដាយ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១។ (ហ៊ន ថូវ៉ាន)
កូនប្រុសរបស់អ្នកស្រី ចាន់ ស្រស់ ឈរនៅក្បែររទេះលក់ភេសជ្ជៈរបស់ម្ដាយ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១។ (ហ៊ន ថូវ៉ាន)

លោកស្រីនិយាយថា៖ «បើថ្ងៃណាយើងលក់អត់បានទេ យើងប្រាប់កូនទៅ! ថាកូនអើយ ថ្ងៃនេះម៉ែលក់អត់បានទេ! យើងហូបពងទាទៅណាកូនណា! ទៅដល់យើងចៀនពងទាឱ្យ​កូន ហើយដាក់ទឹកស៊ីអ៊ីវទៅ​ ក៏រួចដែរពីរនាក់ម៉ែកូន»។

អ្នកស្រី ចាន់ ស្រស់ ថារូបគាត់​ធ្លាប់បានទទួលជំនួយពីរដ្ឋាភិបាលម្ដងគត់នូវទឹកប្រាក់​ចំនួន២០ម៉ឺន​រៀល​ក្នុងអំឡុងពេលនៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩ ដំណាក់កាលទី២ ដែលមានការបិទខ្ទប់រាជធានីភ្នំពេញ​​។

ប្រហាក់ប្រហែលគ្នានេះដែរ លោក អៀក ភា វ័យ៣០​ឆ្នាំ ដែលកំពុងអូសរទេះលក់ការ៉េមនៅក្រោមតំណក់​ទឹក​ភ្លៀង​រលឹមស្រិចៗតាមដងផ្លូវ បាន​និយាយថា ក្នុងអំឡុងវិបត្តិកូវីដ-១៩នេះ លោក​ក៏ជួបការលំបាកក្នុងការរកទទួលទានផងដែរ ដោយសារ​ទីក្រុង​មាន​សភាព​ស្ងប់​ស្ងាត់​ជាង​មុន។ ថ្ងៃខ្លះ លោក​​​លក់​បាន​ជិត១០ម៉ឺនរៀល ឯថ្ងៃខ្លះ លក់បានតែ១ម៉ឺនទៅ២ម៉ឺនរៀលតែប៉ុណ្ណោះ ខណៈ​ថ្លៃដើមត្រូវចំណាយដើមទុន១៧ម៉ឺនរៀល​ឯណោះ។

លោករៀបរាប់ថា ជារៀងរាល់ថ្ងៃ លោកត្រូវចេញពីផ្ទះនៅ​ម៉ោង៨ព្រឹក ដោយធ្វើដំណើរទៅកាន់ផ្សារអូរឫស្សី ​ផ្សារដីហុយ ផ្សារក្រមួន ផ្សារត្រឡោកបែក និងត្រឡប់ទៅ​ផ្សារទឹកថ្លាវិញ ហើយលក់នៅទីនោះរហូតដល់ម៉ោង៧យប់។

លោក អៀក ភា មានសមាជិកគ្រួសារនៅក្នុងបន្ទុកចំនួន៧នាក់ ក្នុងនោះ ក៏​ត្រូវរ៉ាប់រងចិញ្ចឹមក្មួយម្នាក់​ដែល​ជា​ក្មេង​កំព្រា។ លោកថា កាលពីមុន ពេលលោកចេញ​ទៅលក់ម្តងៗ តែងមាន​មនុស្សមករោមជុំជិត តែឥលូវគេមិនហ៊ានមកនោះទេ ដោយសារខ្លាចឆ្លងជំងឺដ៏កាចសាហាវមួយនេះ។

លោក អៀក ភា វ័យ៣០​ឆ្នាំ មានមុខរបរជាអ្នកលក់ការ៉េម នៅរាជធានីភ្នំពេញ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។ (ហ៊ន ថូវ៉ាន)
លោក អៀក ភា វ័យ៣០​ឆ្នាំ មានមុខរបរជាអ្នកលក់ការ៉េម នៅរាជធានីភ្នំពេញ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។ (ហ៊ន ថូវ៉ាន)

លោកនិយាយថា៖ «ទៅណាក៏គេខ្លាច ដូចថាមនុស្សខ្លាចមនុស្ស! ទោះបីគេទិញ ក៏ឈរឆ្ងាយអ៊ីចឹងទៅ! មិនដូចពីមុន គេមករោមជិតៗអស់»

ទាក់ទងករណីនេះ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ មើលឃើញថា កាលមិនទាន់មានជំងឺកូវីដ-១៩រាតត្បាតនៅក្នុងសហគមន៍ ការលក់ដូររបស់ប្រជាជន​ ក៏ដូចជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចមានប្រាក់ចំណូលសម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​បាន និងអាចសល់ប្រាក់សម្រាប់សងទៅកាន់ធនាគារ។

តែពេល​មានការឆ្លងរាតត្បាតនូវជំងឺដ៏កាចសាហាវនេះ លោកថា បានធ្វើឱ្យ​​ប្រាក់ចំណូលរបស់អ្នកប្រកបមុខរបរទាំងនោះ មានការធ្លាក់ចុះយ៉ាងខ្លាំងស្ទើរតែស្មើសូន្យ។

លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងកម្មវិធីមួយកាលពីពេលកន្លងទៅ។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងកម្មវិធីមួយកាលពីពេលកន្លងទៅ។

លោកមានប្រសាសន៍ថា៖​ «តាំងពីមានកូវីដចូលមកកាន់ស្រុកខ្មែរ ប្រាក់ចំណូលគាត់ចាប់ផ្ដើមធ្លាក់ចុះ គឺតាំងពីដើមឆ្នាំ២០២០ ខែ៤មក។ ហើយអ្វីដែលធ្លាក់ចុះខ្លាំងហ្នឹង គឺពីខែ៤ ឆ្នាំ២០២១ គឺធ្លាក់ចុះមានកម្រិតស្ទើរតែសូន្យតែម្ដង»

លោក វន់ ពៅ បន្តទៀតថា៖ «ជាពិសេសគឺស្ថានភាពរាល់ថ្ងៃហ្នឹង លក់ដូរ រត់រ៉ឺម៉ករាល់យប់ហ្នឹង គឺបានត្រឹមតែម៉ោង១០អ៊ីចឹងទៅទៀត គឺរឹតតែពិបាកទៀត»

លោកមើលឃើញថា បញ្ហាពួកគាត់ត្រូវប្រឈមដែលបណ្ដាលមកពីការធ្លាក់ចុះនូវចំណូលមានដូចជា ការខ្វះខាតនូវការផ្គត់ផ្គង់អាហារហូបចុកប្រចាំថ្ងៃ ការជួលផ្ទះសម្រាប់រស់នៅ ថ្លៃទឹកថ្លៃភ្លើង ការឡើងថ្លៃទំនិញ ប្រេងសាំង និងការបង់ធនាគារផងដែរ ជាពិសេសនោះ ការការព្យាបាលសុខភាពតែម្ដង។

លោក វន់ ពៅ យល់ឃើញថា រដ្ឋាភិបាលគួរតែពិនិត្យមើលឡើងវិញនូវការផ្ដល់ជំនួយទៅកាន់​ប្រជា​ពលរដ្ឋក្រីក្រ និង​​បង្កើតមុខរបរថ្មីៗបន្ថែមទៀត ដើម្បី​ធានា​ដល់​ជីវភាពរស់នៅប្រចាំ​​ថ្ងៃរបស់​ប្រជាពលរដ្ឋ។

លោក​បន្តថា៖ «រដ្ឋក៏ត្រូវពិនិត្យមើលទៅលើទំនិញទីផ្សារផងដែរ កុំឱ្យ​ហក់ឡើង! ព្រោះឥលូវ [ប្រជាជន] អត់លុយ អត់មានប្រាក់ចំណូលគ្រប់គ្រាន់ ហើ​យទំនិញហក់ឡើងខ្ពស់ទៀត»

ប៉ុន្តែអ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា លោក តូច ចាន់នី លើកឡើង​ថា រដ្ឋាភិបាលនៅតែបន្តជួយដល់ប្រជាពលរដ្ឋក្រីក្រ ជាពិសេស​ស្ត្រីមានផ្ទៃពោះ ដោយមិនទាន់មានគម្រោងផ្អាកនូវ​ជំនួ​យនោះឡើយ។

លោកបន្តថា៖ «ជួយមានបីដំណាក់កាល ជួយទី១ ជួយស្ត្រីដែលមានផ្ទៃពោះ ជួយទី២ ជួយដល់អ្នកក្រីក្រ ប៉ះពាល់ [ដោយសារកូវីដ-១៩] ហ្នឹង នៅជួយបន្ត។ ហើយជួយដល់ពេលណាឈប់? ហ្នឹង​ទាល់តែមានការសម្រេចពីរដ្ឋាភិបាល។ ហើយកាលពេលបិទខ្ទប់ អាហ្នឹងយើងជួយតែក្នុងរយៈពេលដែលបិទខ្ទប់ហ្នឹងទេ»។

លោកបន្តថា សម្រាប់អ្នកដែលមានផលប៉ះពាល់ថ្មី និងមិនទាន់ទទួលបានជំនួយ គឺអាចស្នើសុំទៅខាងឃុំ-សង្កាត់ ដើម្បីឱ្យ​មន្ត្រីមូលដ្ឋាន​ចុះទៅធ្វើការ​វាយ​តម្លៃនិង​ផ្ដល់ជូននូវបណ្ណក្រីក្រ។

គិតចាប់តាំងពីខែមិថុនា ឆ្នាំ២០២០ ដល់ខែកក្កដា ឆ្នាំ២០២១ រដ្ឋាភិបាលកម្ពុជាបានបើកប្រាក់ឧបត្ថម្ភជូនដល់គ្រួសារក្រីក្របានចំនួន៥ជុំ និងចំនួន១៣លើករួចហើយ ក្នុងនោះមានគ្រួសារចំនួន៦៥៨ ៨៥៧​គ្រួសារ ស្មើ​ជាង២លាន៦សែននាក់ នៅទូទាំងប្រទេស ដោយបានចំណាយថវិកាគិតជាទឹកប្រាក់ជាង៣៨០​លាន​ដុល្លារអាមេរិក។

ជំងឺកូវីដ-១៩ មិនត្រឹមតែធ្វើឱ្យ​ប៉ះពាល់ដល់អ្នកប្រកបរបររកស៊ីសេដ្ឋកិច្ចក្រៅប្រព័ន្ធនោះទេ តែវាក៏បានប៉ះពាល់ដល់អត្រាកំណើនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២១នេះដែរ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២១ពី ៤% ចុះមកនៅត្រឹម ២,៤% វិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ