សមត្ថ​កិច្ច​គ្រោង​បញ្ជូន​អ្នក​សារ​ព័ត៌មាន​ម្នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​កាន់​កាប់​អាវុធ​ខុសច្បាប់

បុរស​ម្នាក់​ជា​អ្នកកាសែត​ម្នាក់ឈ្មោះ ម៉ន តេវ ត្រូវបានសមត្ថកិច្ចខណ្ឌឫស្សីកែវធ្វើការឃាត់ខ្លួនកាលពីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នៅចំណុចបណ្តោយ​ផ្លូវជាតិលេខ៥ ក្នុង​សង្កាត់​ច្រាំង​ចំរេះ១ ដោយសារ​បុរសរូបនេះល្មើសបម្រាម​គោចររបស់រដ្ឋ​បាល​រាជធានីភ្នំពេញ និងកាន់កាប់អាវុធខុសច្បាប់។ (អគ្គស្នងការដ្ឋាននគរបាលជាតិ)

សមត្ថកិច្ចរាជធានីភ្នំពេញ គ្រោងបញ្ជូនអ្នកសារព័ត៌មាននៅ​អង្គភាព​សារព័ត៌មាន ​BCP TV ទៅតុលាការ​ ដើម្បីចាត់វិធានការច្បាប់ ដោយសារល្មើសបម្រាមគោចរនិងកាន់កាប់អាវុធខុសច្បាប់។

អធិការ​នគរបាល​ខណ្ឌ​ឫស្សីកែវ លោក ហ៊ាង ថេរ៉េត ប្រាប់ វីអូឌី នៅថ្ងៃពុធនេះថា កាលពីយប់​ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចខណ្ឌឫស្សីកែវ បានឃាត់ខ្លួន​បុរសម្នាក់ឈ្មោះ ម៉ន តេវ អាយុ៤២ឆ្នាំ ជាអ្នកយកព័ត៌មាន​ឱ្យ​អង្គភាព​សារព័ត៌មាន ​BCP TV នៅចំណុចបណ្តោយ​ផ្លូវជាតិលេខ៥ ក្នុង​សង្កាត់​ច្រាំង​ចំរេះ១ ដោយសារ​បុរសរូបនេះល្មើសបម្រាម​គោចររបស់រដ្ឋ​បាល​រាជធានីភ្នំពេញ ដែលបាន​ហាមឃាត់​​​ការធ្វើ​ដំណើរ ចាប់ពី​ចន្លោះ​ម៉ោង​១០​យប់​ដល់​ម៉ោង​៥​ទៀប​ភ្លឺ។

លោកបន្តថា ក្នុងពេលឃាត់ខ្លួនសួរនាំនោះ សមត្ថកិច្ចក៏បានរកឃើញអាវុធខ្លី១ដើមម៉ាក Lock 17 គ្មានលេខ និងអាយកូម១គ្រឿង នៅលើខ្លួនរបស់ជនសង្ស័យជាអ្នកសារព័ត៌មានរូបនោះ ដែលមិនមានច្បាប់អនុញ្ញាតឱ្យប្រើប្រាស់នោះទេ ។

បើតាមលោក ហ៊ាង ថេរ៉េត គិតមកដល់រសៀល​ថ្ងៃពុធនេះ ក្រុមការងារជំនាញកំពុងសួរនាំនិង​​កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការច្បាប់បន្ត។

លោក​ថា៖ «កំពុងកសាងសំណុំរឿងបញ្ជូន [ទៅតុលាការ] ។ [តើនឹងបញ្ជូនទៅតុលាការនៅពេលណាដែរបង?] ខ្ញុំអត់ដឹងទេ! កូនចៅខ្ញុំជាអ្នកបញ្ជូន ខ្ញុំបានតែឱ្យយោបល់ទេ ព្រោះគេជាអ្នកកសាងសំណុំរឿងផ្សេង»។

​អគ្គនាយក​ BCP TV ​លោក​ ជា អេងឡុង បានទទួលស្គាល់ថា ឈ្មោះ ម៉ន តេវ ពិតជា​បុគ្គលិក​ផ្នែក​យកព័ត៌មានរបស់ស្ថានីយ BCP TV ប្រាកដមែន ហើយគាត់ធ្វើការងារ​ផ្ដោត​ទៅលើ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​និងសន្តិសុខសង្គម។

ទោះជាបែបនេះក្តី លោក​បញ្ជាក់ថា អំពើដែលឈ្មោះ​ ម៉ន តេវ ប្រព្រឹត្តជារឿងបុគ្គល មិនពាក់ព័ន្ធជា​មួយ​អង្គ​ភាពឬស្ថាប័ន​របស់​លោក​នោះ​ទេ។ ករណីនេះ លោកថា ទុកឱ្យអាជ្ញាធរចាត់វិធានការតាមច្បាប់ទៅចុះ។

លោកមានប្រសាសន៍ថា៖  «បទបញ្ជារបស់ខ្ញុំ បើថាគាត់ធ្វើខុសគោលការណ៍វិជ្ជាជីវៈអ្នកសារព័ត៌មាន ខ្ញុំមិនដឹងជួយគាត់ថាម៉េចទេ! ខ្ញុំអត់ត្រូវជួយគាត់កើតទេ ព្រោះបើគាត់ប្រើប្រាស់អាវុធខុស​ច្បាប់ ខ្ញុំអត់ទទួលការខុសត្រូវទេ។ អាហ្នឹងតាមលក្ខខណ្ឌរបស់កងប្រដាប់អាវុធ គេដាក់បន្ទុក​យ៉ាងម៉េច លើកងកម្លាំងប្រដាប់អាវុធ»។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​ ហៅ​កាត់​ថា «ខេមបូចា» លោក  ណុប វី មានប្រសាសន៍ថា បើសមត្ថកិច្ចចាប់អ្នកសារព័ត៌មាន ហើយរកឃើញថាមានកាន់កាប់អាវុធខុសច្បាប់ប្រាកដមែន សមត្ថកិច្ចត្រូវអនុវត្តច្បាប់លើបុគ្គលនោះ ដោយមិនជាប់ពាក់ព័ន្ធនឹងអង្គភាពឬស្ថាប័នសាម៉ីនោះទេ។

លោក ណុប វី ជំរុញទៅអាជ្ញាធរពាក់ព័ន្ធត្រូវធ្វើការស្រាវជ្រាវរកភស្តុតាងឱ្យបានគ្រប់ជ្រុងជ្រោយ មុននឹងអនុវត្តវិធានការច្បាប់លើបុគ្គលនោះ ដើម្បីកុំឱ្យយករឿងបុគ្គលដែលប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ផ្សារភ្ជាប់ជាមួយស្ថាប័នសាម៉ីឬអង្គភាពសារព័ត៌មានជាដើម ។

លោកមានប្រសាសន៍ថា៖  «អ្វីដែលជាចំណុចសំខាន់ គឺត្រូវធ្វើម៉េចធ្វើការស៊ើបអង្កេតឱ្យបានច្បាស់លាស់ថា តើវាមានភស្តុតាងអំណះអំណាងគ្រប់គ្រាន់ត្រឹមត្រូវក្នុងការចោទប្រកាន់ពិតមែន? កុំឱ្យដោយសារតែមូលហេតុការងារគាត់ជាអ្នកសារព័ត៌មាន ហើយគាត់ត្រូវបានចោទប្រកាន់។ អាហ្នឹងជារឿងមួយដែលយើងមានការព្រួយបារម្ភ»។

មាត្រា២០ នៃច្បាប់ស្តីពី«ការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ» បានចែងថា ជនណាដែលបំពាក់តាមខ្លួន កាន់កាប់ ប្រើប្រាស់ លក់ ទិញ ឱ្យខ្ចី ចែកចាយ ជួលនូវអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ ដោយគ្មានការអនុញ្ញាត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី៥០ម៉ឺនរៀលដល់២លានរៀល ដោយមិនទាន់គិតពីបទល្មើសព្រហ្មទណ្ឌផ្សេងទៀត ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ