អាជ្ញាធរ​ខេត្ត​កណ្តាល​ចាប់​ខ្លួន​អ្នក​រត់​ម៉ូតូ​​កង់​បី​ម្នាក់​ពាក់​ព័ន្ធ​នឹង​​បទ​​ញុះញង់

ស្នាក់ការអធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្ដាល។ (ហ្វេសប៊ុក៖ អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល -Police Inspectorate Of Khsach Kandal)

ភរិយាអ្នករត់រ៉ឺម៉កកង់បីម្នាក់រស់នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បាន​អំពាវនាវ​ឱ្យអង្គការសង្គម​ស៊ីវិល​ជាតិនិង​អន្តរ​ជាតិជួយអន្តរាគមន៍ទៅរដ្ឋាភិបាល​ឱ្យ​មានការ​​ដោះលែងស្វាមីរបស់ខ្លួន បន្ទាប់ពីអាជ្ញាធរបានចាប់ឃុំខ្លួន​ពីបទ«ញុះញង់និងបង្កឱ្យ​មានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។

អ្នកស្រី ខាត់ សឿន អាយុ៤៧ឆ្នាំ រស់នៅក្នុងភូមិទួលពង្រ ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានអះអាងថា ប្តីរបស់អ្នកស្រីឈ្មោះ ប៉ាវ រ៉ាវី អាយុ៤៦ឆ្នាំ ជាអ្នករកស៊ីរត់រ៉ឺម៉កកង់បីនៅរាជធានី​ភ្នំពេញ ហើយយូរៗម្តងទើបបានទៅលេងស្រុក។ អ្នកស្រីបន្តថា ​កាល​​ពីថ្ងៃទី៤ ខែសីហា ស្វាមីរបស់​គាត់បានចែកខិត្តបណ្ណមួយចំនួន​ដល់អ្នកភូមិ តែអ្នកស្រីមិនចាំខ្លឹមសារ​យ៉ាងណានោះទេ។ យ៉ាងណាក្តី អ្នកស្រីអះអាងថា ស្វាមីរបស់អ្នកស្រីមានជំងឺសរសៃប្រសាទ និងមិនជាប់ពាក់ព័ន្ធជាមួយគណបក្សនយោបាយណាមួយនោះទេ។

អ្នកស្រីមានប្រសាសន៍ថា៖ «គាត់សរសេរនេះនោះអ៊ីចឹង តែខ្ញុំមិនដឹងថា គាត់សរសេរពាក្យអី អត់ដឹងទេ! ចាស៎! ឱ្យប្រជាជននៅនឹងភូមិហ្នឹងមើល ហើយដល់អ៊ីចឹងប៉ូលិសមកចាប់ខ្លួនគាត់ទៅ។ អាពេលចាប់ហ្នឹងណា លោកគ្រូ! គាត់ឌុបប៉ូលិសទៅទៀត»។

អ្នកស្រីបានបន្តថា៖ «ខ្ញុំចង់និយាយថា ចង់ឱ្យលោកគ្រូ [អង្គការសង្គមស៊ីវិល] ហ្នឹងជួយប្តីខ្ញុំផង! គាត់នៅក្នុងពន្ធនាគារហ្នឹង សូមឱ្យលោកគ្រូជួយ ជួយដោះលែងប្តីខ្ញុំហ្នឹងផង។ ហើយខ្ញុំហ្នឹងអត់ណាស់ ខ្ញុំអត់មានអីទេ ខ្ញុំអត់ហ្នឹង អត់តែម្តង។ និយាយរួមទៅ រកតែលុយទិញបាយម្ហូបអត់បានផង»។

ប៉ុន្តែលោក ខែម ស៊ុយ មេប៉ុស្តិ៍ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានអះអាងថា ការចាប់ខ្លួនលោក ប៉ាវ រ៉ាវី នេះ បន្ទាប់ពីគាត់បានចែកខិត្តបណ្ណគំរាមសម្លាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសរសេរអត្ថបទមួយសន្លឹកទាក់ទងការរិះគន់និងការគាំទ្រដល់អតីតគណបក្សសង្រ្គោះជាតិ។

លោកមេប៉ុស្តិ៍បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្លឹមសារលិខិតហ្នឹង ខ្ញុំភ្លេចអស់ហើយ! តែពាក្យដែលវាសង្កត់ធ្ងន់ គឺវារកសម្លាប់សម្តេចតេជោ សម្លាប់សម្តេច ហ៊ុន សែន។ ហើយមួយទៀត វាសរសេរថា វាជាសកម្មជនគណបក្សសមរង្ស៊ី អ៊ីចឹងបានថា វាពិបាក»។

ចំណែកអធិការនគរបាលស្រុកខ្សាច់កណ្តាល លោក ម៉ែន សុខឃឿន វិញ បានបដិសេធអត្ថាធិប្បាយលម្អិតពីសំណុំរឿងមួយនេះ ដោយបង្វែរសំណួរឱ្យទៅសួរនាយកដ្ឋានសន្តិសុខកណ្តាលផ្ទៃក្នុងនៃក្រសួងមហាផ្ទៃវិញ តែ វីអូឌី មិនអាចទាក់ទងបាន។

លោកអធិការនគរបាលស្រុកមានប្រសាសន៍ខ្លីថា៖ «អាហ្នឹងខ្ញុំអត់សម្រាយទៀតទេ ព្រោះគេកំពុងស្រាវជ្រាវបន្ត [ភារកិច្ច]របស់សន្តិសុខផ្ទៃក្នុង គេកំពុងធ្វើការងារបន្ត»។

ចំណែកនាយករងផ្នែកឃ្លាំមើលនិងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត នៅមិនទាន់ទទួលបានព័ត៌មាននេះនៅឡើយទេ។ លោក​ថា បន្ទាប់ពីទទួលបានព័ត៌មាននេះ អង្គការលីកាដូនឹងចុះស្រាវជ្រាវពីករណីនេះ។

លោកមានប្រសាសន៍ថា៖ «អាហ្នឹងខាងអង្គការសង្គមស៊ីវិល! ខាងខ្ញុំនេះ អត់ទាន់ទទួលបានព័ត៌មានហ្នឹងទេ។ អ៊ីចឹងចាំមើលក្រោយទទួលបានព័ត៌មានហ្នឹង យើងនឹងចុះធ្វើការស្រាវជ្រាវទៅលើបញ្ហាហ្នឹង បាទ»

បើតាមសេចក្តីរាយការណ៍របស់​អាជ្ញាធរខេត្តកណ្តាល ការចាប់ខ្លួនលោក ប៉ាវ រ៉ាវី អ្នករត់រ៉ឺម៉កកង់បី កាលពី​ថ្ងៃទី៥ ខែសីហា ហើយនៅថ្ងៃទី៧ ខែសីហា លោក ប៉ាវ រ៉ាវី ត្រូវបានអាជ្ញាធរ​​បញ្ជូនទៅ​សាលាដំបូងខេត្តកណ្តាល ដោយចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យ​មានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ បច្ចុប្បន្ន លោកកំពុងស្ថិតនៅក្រោមការឃុំខ្លួន នៅក្នុងពន្ធនាគារខេត្តកណ្តាលជាបណ្តោះអាសន្ន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ