តុលាការ​ផ្តន្ទា​ទោស​អតីត​មន្ត្រី​ក្រសួង​កសិកម្ម​ម្នាក់​ដាក់​ពន្ធនាគារ​១​ឆ្នាំ​៦​ខែ​ រឿង​ឌឺ​ដង​នាយក​រដ្ឋ​មន្ត្រី​

លោក នី ណាក់ អតីតមន្ត្រីនៃក្រសួងកសិកម្ម។(ហ្វេសប៊ុក៖ IMan-KH)

សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសឈ្មោះ នី ណាក់ អតីតមន្ត្រីក្រសួងកសិកម្ម ដាក់ពន្ធនាគារ១ឆ្នាំ៦ខែ ពិន័យជាប្រាក់ចំនួន២លានរៀល ក្រោមចោទប្រកាន់ពីបទ «ជេរប្រមាថ និងញុះញង់ឱ្យមានការរើសអើង» តាមបណ្តាញសង្គម​ហ្វេស​ប៊ុកឈ្មោះ IMan KH។

ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក សុង ប៊ុនរិទ្ធិ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បានសម្រេច​ប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ នី ណាក់ អតីតមន្ត្រីក្រសួងកសិកម្ម ដាក់ពន្ធនាគារ១ឆ្នាំ៦ខែ ពិន័យជាប្រាក់ចំនួន២លានរៀលបង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទ «ជេរប្រមាថ និងញុះញង់ឱ្យមានការរើសអើង» ដោយបានឌឺដងទៅនាយករដ្ឋមន្ត្រី​រឿងទិញម៉ាស់ពាក់ឱ្យមាន់កាលពីខែធ្នូ ឆ្នាំ២០២០។

បើតាមហ្វេសប៊ុកផេកឈ្មោះ Iman-KH ដែលមានឈ្មោះ នី ណាក់ ជាម្ចាស់គណនី បានសរសេរកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ថា៖ «ខ្ញុំបានត្រៀមឬព្រាងលិខិតនិងឯកសាររួចរាល់អស់ហើយក្នុងការស្នើដាក់ទ្រុងមាន់របស់ខ្ញុំក្នុងភាពអាសន្ន ព្រោះមូលហេតុមានមេរោគផ្តាសាយរលាកផ្លូវដង្ហើមកំពុងតែរាតត្បាតក្នុងកសិដ្ឋាន។»

ខ្លឹមសារលើហ្វេសប៊ុកដដែលបន្តថា៖ «ខ្ញុំមិនចង់គិតដល់ចំណុចនេះទេ ព្រោះវាធ្វើឱ្យខូចខាតសេដ្ឋកិច្ចរបស់កូនមាន់យ៉ាងធ្ងន់ធ្ងរ ។ ខ្ញុំសង្ឃឹមថា កូនមាន់នឹងចេះពាក់ម៉ាស់គ្រប់គ្នា ហើយដេកនៅក្នុងទ្រុង កុំចេញក្រៅឱ្យសោះបើគ្មានការចាំបាច់។»

ខ្លឹមសារនៃ​ការ​បង្ហោះ​លើ​ហ្វេសប៊ុក​ Iman-KH នោះ ស្រដៀង​គ្នា​នឹង​ការ​ថ្លែង​​សារ​សំឡេង​របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ។ សារជាសំឡេង​កាល​នោះ ​លោក ហ៊ុន សែន បញ្ជាក់​ថា ​លោក​នឹង​មិន​ស្នើ​សុំ​ព្រះមហាក្សត្រ​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្នឡើយ ទោះបីជាប្រឈមនឹង​ការ​ឆ្លង​ជំងឺកូវីដ-​១៩​ក្នុង​សហគមន៍ក្តី ដោយ​សារ​តែ​វា​នឹង​ប៉ះ​ពាល់​​ធ្ងន់​ធ្ងរ​ដល់​​សេដ្ឋកិច្ច​ជាតិ។

លោក នី ណាក់ ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ ចាប់ខ្លួនកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ និងបញ្ជូនសំណុំរឿងទៅតុលាការនៅថ្ងៃបន្ទាប់។

ពីរថ្ងៃក្រោយការចាប់ខ្លួនលោក នី ណាក់ បាន២ថ្ងៃ លោកបណ្ឌិត ឡៅ ម៉ុងហៃ លើកឡើងលើបណ្តាញសង្គមហ្វេសប៊ុក ដោយសុំឱ្យប្រគល់សេរីភាពទៅលោក នី ណាក់ វិញ​។

លោកថា ការបកស្រាយនិងយកបទ «ជេរប្រមាទជាសាធារណៈ និងបទញុះញង់ឱ្យមានការរើសអើង» ទៅចោទប្រកាន់លោក នី ណាក់ គឺមិនត្រឹមត្រូវតាមការបកស្រាយតឹងរ៉ឹងក្នុងរឿងព្រហ្មទណ្ឌ ដូចមានចែងក្នុងមាត្រា៥ នៃក្រមព្រហ្មទណ្ឌទេ។

លោកថា ក្នុងរឿងព្រហ្មទណ្ឌ ច្បាប់ត្រូវបកស្រាយយ៉ាងតឹងរ៉ឹង ហើយចៅក្រមមិនអាចពង្រីកវិសាលភាពអនុវត្តឬប្រព្រឹត្តតាមសទិសភាព [ភាពស្របគ្នា ភាពស្រដៀងគ្នា] បានឡើយ។

អ្នកវិភាគចាស់វស្សារូបនេះថា អំពើយកម៉ាស់ពាក់ឱ្យកូនមាន់របស់លោក នី ណាក់ គ្រាន់តែជាការកំប្លែងឌឺដងដែលនៅក្នុងប្រទេសប្រជាធិបតេយ្យសេរី ពហុបក្ស ធានាសិទ្ធិមនុស្ស គោរពច្បាប់ គេមិនចាត់ទុកថាជាបទល្មើសព្រហ្មទណ្ឌទេ។ បន្ថែមពីនេះ លោកថា ក្រមព្រហ្មទណ្ឌខ្មែរក៏មិនបានចាត់ទុកថា ការកំប្លែងឌឺដងនេះជាបទល្មើសព្រហ្មទណ្ឌដែរ៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ