អាជ្ញាធរ​ខេត្ត​មណ្ឌល​គិរី​រង់ចាំ​ការ​សម្រេច​ពី​ក្រសួង​ ក្រោយ​​​សុំ​កាត់​ដី​ជាង​៣​ពាន់​​​​ហិកតា​​ចេញ​ពី​​តំបន់​ការពារ​

រូបសំណាកទន្សោងគោព្រៃ នៅមណ្ឌលគិរី

មន្ត្រីជាន់ខ្ពស់រដ្ឋបាល​ខេត្តមណ្ឌលគិរី អះអាងថា អាជ្ញាធរខេត្តកំពុងរង់ចាំការសម្រេចពីក្រសួងបរិស្ថាន និងក្រសួងមហាផ្ទៃ បន្ទាប់ពីបានដាក់សំណើសុំកាត់ដីជាង៣ ០០០ហិកតាចេញ​ពីដែន​ជម្រកសត្វព្រៃណាំលៀរ ដើម្បីអភិវឌ្ឍ​ជាតំ​បន់​សេដ្ឋកិច្ចពិសេសជាប់ព្រំដែន​វៀត​ណាម។

កាលពីថ្ងៃទី៥ ខែ​កុម្ភៈ ឆ្នាំ២០២១ រដ្ឋបាលខេត្តមណ្ឌលគិរី ​បានស្នើក្រសួងមហាផ្ទៃ និងក្រសួងបរិស្ថាន ដើម្បីសុំកាត់ឆ្វៀលដីទំហំជាង៣ ០០០​ហិកតាចេញពីតំបន់ដែនជម្រកសត្វព្រៃណាំលៀរ នឹង​​រៀបចំ​ជា​តំបន់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ពិសេស​ជាប់​ព្រំដែនវៀតណាម ​​ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​ភូមិពូលុ (វ៉ាល់យោង) ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្តមណ្ឌលគិរី។

អាជ្ញាធរខេត្តបញ្ជាក់ថា ការស្នើសុំ​គោលការណ៍ពីក្រសួងនេះ​​ ​ដើម្បី​គ្រប់គ្រងរក្សា​ការពារ​ផ្ទៃ​ដី​នោះ​​ឱ្យ​បាន​​គង់​វង្ស ចៀសវាង​បាត់​បង់​ដោយសារ​ការ​រំលោភ​បំពាននិងការកាប់​ទន្ទ្រានយក​​​ធ្វើ​ជា​កម្ម​សិទ្ធិ​ពី​សំណាក់​ជន​​អនាធិបតេយ្យ​​ដោយ​ខុស​ច្បាប់។

អ្នកនាំពាក្យរដ្ឋបាលខេត្តមណ្ឌលគិរី លោក ស៊ន សារុន មានប្រសាសន៍នៅថ្ងៃអង្គារ​នេះ​ថា ​អាជ្ញាធរ​ខេត្តរង់ចាំតែការសម្រេចពីក្រសួងបរិស្ថាន និងក្រសួងមហាផ្ទៃប៉ុណ្ណោះ ដើម្បីយកដី​នោះ​ទៅ​ប្រើប្រាស់តាមការគ្រោងទុករបស់ខ្លួន ប៉ុន្តែមកដល់ពេលនេះ ក្រសួងទាំងពីរ​នៅមិនទាន់ឆ្លើយតបនៅឡើយ។  

លោកថា៖ «យើងនៅមានការរង់ចាំការសម្រេចពីថ្នាក់ដឹកនាំសិន។ ​គ្រាន់តែយើងនៅក្នុងកម្រិតខេត្ត យើងកំពុងពិនិត្យលទ្ធភាព ដើម្បីរៀបចំ​សម្រាប់ត្រៀមលក្ខណៈនូវការអភិវឌ្ឍខេត្តឱ្យមានការរីកចម្រើនបន្ថែម»។

អភិបាលរងស្រុកពេជ្រាដា លោក ខាំ ផងសុជា មានប្រសាសន៍ថា បច្ចុប្បន្ន អាជ្ញាធរនៅ​មិនទាន់​បាន​ធ្វើអី្វ​នៅ​ឡើយនៅលើដីដែលស្នើសុំនោះ  ដោយសាររង់ចាំក្រសួងពាក់ព័ន្ធសម្រេចសិន។ 

លោកថា៖ «​ដីហ្នឹង! បើយើងមើលជាទូទៅ ជាដីព្រៃស្រោង»។

បើតាមលិខិតដែលចុះហត្ថលេខាដោយអភិបាលខេត្តមណ្ឌលគិរី​ លោក ស្វាយ សំអ៊ាង ដដែល បញ្ជាក់​ថា ទំហំ​ដី​ដែល​បាន​ស្នើសុំ​នេះនឹង​រៀបចំ​ជា​សំណង់​អគារ​រដ្ឋបាល ទីស្នាក់ការ​ច្រក​ទ្វារ​ត្រួត​ពិនិត្យ បង្កើត​តំបន់​ទីផ្សារ ឃ្លាំង​ផ្លាស់​ប្តូរ​ទំនិញនិង​កសិផល​នានា តំបន់​ឧស្សាហកម្ម តំបន់​លំនៅឋាន​ប្រជាពលរដ្ឋ​តាម​ព្រំដែន តំបន់​កសិកម្ម​ចម្រុះ ជាដើម។

ក្រៅពីនេះ ​នឹងរៀបចំតំបន់នោះទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ផ្សារ​ទំនើប សណ្ឋាគារ កាស៊ីណូ ​ស្ថានីយចម្រោះ​ទឹក​ស្អាត កសិដ្ឋាន​បណ្តុះនិង​ដាំ​ស្តារព្រៃ​ឡើង​វិញ​ផងដែរ។

វីអូឌី បានដាក់សំណួរទៅតាមប្រព័ន្ធតេឡេក្រាម និងទូរសព្ទទៅអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ប៉ុន្តែមកដល់ពេលនេះ លោកមិនទាន់ឆ្លើយតបនៅឡើយ។ ដោយឡែក អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ផាត សុផានិត មិនទាន់អាចជម្រាបជូនបានទេ ជុំវិញបញ្ហានេះ។ 

អ្នកសម្របសម្រួលផ្នែកសិទ្ធិមនុស្ស ដីធ្លី និងព្រៃឈើ នៃបណ្ដាញសហគមន៍ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី លោក គ្រើង តុលា លើកឡើងថា ពួកគាត់មិនជំទាស់នឹងការអភិវឌ្ឍរបស់រដ្ឋាភិបាល ប៉ុន្តែមុននឹងអភិវឌ្ឍ គួរធ្វើការសិក្សាពីផលប៉ះពាល់ឱ្យបានច្បាស់លាស់សិន។ លោកស្នើទៅរដ្ឋាភិបាលនិងក្រសួងពាក់ព័ន្ធ​ឱ្យ​ពិចារណាឡើងវិញ ចំពោះការ​កាត់ដីដែនជម្រកសត្វព្រៃណាំលៀរទំហំជាង៣ ០០០ហិកតា ដែលថា វានឹងប៉ះពាល់ដល់ប្រជាពលរដ្ឋ​និងសត្វព្រៃនៅក្នុងតំបន់នោះ។

លោកថា៖ «យើងគាំទ្រការអភិវឌ្ឍ បើសិនការអភិវឌ្ឍ​ វាមិនប៉ះពាល់ដល់សិទ្ធិមនុស្ស មិនប៉ះពាល់សិទ្ធិជនជាតិដើមភាគតិច សត្វព្រៃ​ សេដ្ឋកិច្ចជាតិ។ ប៉ុន្តែការអភិវឌ្ឍកន្លងមក ការប៉ះពាល់ជា​ច្រើន ហើយ​ផលប្រយោជន៍មិនដែលបានទៅលើរដ្ឋ១០០ភាគរយទេ គឺ​ភាគច្រើនបានទៅលើឯកជន​ច្រើនជាងចំណូលចូលរដ្ឋ​​។ យោបល់ខ្ញុំ មិនគួរកាត់ទេ! យើងគួរទុកព្រៃឱ្យសត្វនៅ ទុកព្រៃឱ្យប្រជាពលរដ្ឋ​អាស្រ័យព្រៃឈើ មិនគួរកាត់ជូនទៅឧកញ៉ា​ឬក្រុមហ៊ុន។ ប៉ុន្តែបើយើងចង់ធ្វើ ដូចនៅក្រុងប៉ោយប៉ែត មិនគួរកាត់ធំពេកទេ»។

ដែន​ជម្រក​សត្វ​ព្រៃ​ណាំលៀរ ត្រូវ​រដ្ឋាភិបាលបាន​ដាក់​បញ្ចូល​ជា​ដែន​ជម្រក​សត្វ​ព្រៃ​កាល​ពី​ឆ្នាំ​២០១៦ ដោយស្ថិតនៅក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន ដែលមាន​ផ្ទៃ​ដី​ជាង២​ម៉ឺន​ហិកតា (២១ ៩៣៣ហិកតា) ​មានព្រំប្រទល់ជាប់នឹង​ព្រំដែនប្រទេស​វៀតណាម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ