អតីត​មន្ត្រីCNRP​២នាក់​ទៀតត្រូវ​បាន​ព្រះមហាក្សត្រ​ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ

លោក ម៉ៅ សុផល អតីតប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិខេត្តតាកែវ ។(រូបភាពហ្វេសប៊ុក៖ ម៉ៅ សុផល)

អតីតថ្នាក់ដឹកនាំគណបក្សង្គ្រោះជាតិ ២រូបទៀត ដែលជាប់បម្រាមតុលាការកំពូល ត្រូវបានព្រះមហាក្សត្រ ព្រះរាជទានផ្តល់ នីតិសម្បទាធ្វើនយោបាយឡើងវិញ ខណៈអតីតមន្ត្រីបក្សប្រឆាំងដែលស្នើសុំធ្វើនយោបាយមួយចំនួនត្រូវបានបដិសេធ   ក្រោយពីរដ្ឋាភិបាលប្រកាសរឹតបន្តឹង មុននឹងផ្តល់សិទ្ធិធ្វើនយោបាយដល់ពួកគេឡើងវិញ។ ​

ក្នុងព្រះរាជក្រឹត្យចំនួន២ដាច់ដោយឡែកពីគ្នា របស់ព្រះមហាក្សត្រខ្មែរ បានឡាយព្រះហស្ថលេខា កាលពីថ្ងៃទី១៤ ខែសីហា ម្សិលមិញនេះ បានអនុញាតឱ្យអតីតថ្នាក់ដឹកនាំ CNRP ២រូបនេះ រួមមាន លោក ឃឹម ឡាគី អតីតអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល និង លោក ម៉ៅ សុផល អតីតប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិខេត្តតាកែវ ដែលត្រូវបានហាមឃាត់មិនឱ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល៥ឆ្នាំ តាមរយៈសាលដីកាមួយ ចុះកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូល ។

ក្នុងឱកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យអាយុចន្លោះពី១២ ដល់១៧ឆ្នាំ នៅវិមានសន្តិភាព កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១នេះ លោក ហ៊ុន សែន ​ប្រកាសរឹតបន្តឹងលើការស្នើសុំនីតិសម្បទា ធ្វើនយោបាយឡើងវិញ​របស់អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ​ ដែលជាប់បម្រាមតុលាការនៅឡើយនោះ។

លោកបញ្ជាក់ថា ពីពេលនេះតទៅ ​លោកនឹងមិនចេះតែផ្តល់សិទ្ធិធ្វើនយោបាយ​ដល់អតីតក្រុមអ្នកជាប់បម្រាមនយោបាយបក្សប្រឆាំងទៀតនោះទេ ដោយថាបើពួកគេធ្វើឱ្យលោកពេញចិត្ត លោកនឹងផ្តល់សិទ្ធិធ្វើនយោបាយឱ្យ​ ប៉ុន្តែបើលោកមិនពេញចិត្ត លោកនឹងមិនផ្តល់នីតិសម្បទាធ្វើនយោបាយ​ជូនពួកគេឡើយ ហើយពួកគេត្រូវរង់ចាំសិទ្ធិធ្វើនយោបាយបាន​រហូតដល់ចុងឆ្នាំ២០២២ ឬ រហូតដល់បម្រាមនេះត្រូវបានផុតរលត់។

លោកហ៊ុន សែន មានប្រសាសន៍ថា«អាហ្នឹងខ្ញុំមានសិទ្ធិពិចារណាឱ្យ[សិទ្ធិធ្វើនយោបាយឡើងវិញ]ឬ មិនឱ្យ ធ្វើឱ្យខ្ញុំពេញចិត្ត ខ្ញុំឱ្យ ធ្វើឱ្យខ្ញុំមិនពេញចិត្តមិនឱ្យ ព្រោះខ្ញុំធ្វើនាយករដ្ឋមន្ត្រី ខ្ញុំមានសិទ្ធិ។ អាហ្នឹងអារម្មណ៍របស់ខ្ញុំវាអីចឹង មិនមែនឱ្យតែសុំមក កាតព្វកិច្ចត្រូវតែស៊ីញ៉ែឱ្យអ្នកឯងទេ អត់ទេ។ និយាយគ្នាឱ្យច្បាស់ៗ ព្រោះពួកហ្នឹង[អ្នកជាប់បម្រាមនយោបាយ] ទាល់តែអីចឹង»

​​កាលពីពេលថ្មីៗនេះ មានអតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ៣រូប ​ រួមមាន លោកមេធាវី ជួង ជូងី ​ លោក ញ៉ឹម គឹមញ៉ុល លោក ស៊ុន ចន្ធី អតីតសមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំគណបក្សសង្រ្គោះជាតិ បានដាក់សំណើរទៅកាន់ក្រសួងមហាផ្ទៃ ​ ដើម្បីស្នើសុំនីតិសម្បទាធ្វើនយោបាយឡើងវិញ។ ប៉ុន្តែសំណើររបស់ពួកគេត្រូវបានលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បដិសេធការស្នើថ្វាយទៅព្រះមហាក្សត្រ ដើម្បីផ្តល់សិទ្ធិធ្វើនយោបាយដល់ពួកគេឡើងវិញ បន្ទាប់ពីរកឃើញថា ពួកគេទាំង៣នាក់ ​បានធ្វើសកម្មភាព​ល្មើសបម្រាមរបស់តុលាការមួយចំនួន ។

​គិតមកត្រឹមថ្ងៃទី១៤ ​ខែសីហា ឆ្នាំ២០២១នេះ អតីតថ្នាក់ដឹកនាំ​អតីតគណបក្សសង្រ្គោះជាតិ (CNRP) ចំនួន២៦រូប ក្នុងចំណោម១១៨រូបដែលជាប់បម្រាមធ្វើនយោបាយ ត្រូវបានព្រះមហាក្សត្រ និងប្រមុខរដ្ឋស្តីទី ផ្តល់នីតិសម្បទានយោបាយឡើងវិញ ​តាមសំណើររបស់ក្រសួងមហាផ្ទៃ និងលោកនាយករដ្ឋមន្ត្រី ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ