ពលករខ្មែរមកពីថៃជិត២០០០នាក់ បានឆ្លងចូលមកកម្ពុជានៅក្នុងខេត្តចំនួន៣ គឺខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ក្នុងរយៈពេល២ថ្ងៃ ពោលគឺថ្ងៃទី១៣ និង១៤ខែសីហា បន្ទាប់ពីមានការបើកច្រកព្រំដែនជាមួយថៃឡើងវិញ។
អភិបាលរងខេត្តឧត្ដរមានជ័យ លោក ឌី រ៉ាដូ បានប្រាប់វីអូឌីនៅល្ងាចថ្ងៃសៅរ៍ម្សិលមិញថា រយៈពេល២ ថ្ងៃ អាជ្ញាធរបានទទួលពលករចំនួន ១៥៧នាក់ ក្នុងនោះ មានពលករចំនួន ៦ នាក់ធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩។ លោកបន្តថា អ្នកដែលមានវិជ្ជមានកូវីដ-១៩ ទាំង៦ នាក់ អាជ្ញាធរបានបញ្ជូនទៅព្យាបាល ខណៈពលករផ្សេងទៀត ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក ដែលអាជ្ញាធរបានរៀបចំ។
លោកថា៖ «អាជ្ញាធរខេត្តបានត្រៀម និងកំពុងរៀបចំមណ្ឌលចត្តាឡីស័កចំនួន ២កន្លែង ដែលអាចដាក់ពលករជាង ៦០០០នាក់ លើមណ្ឌលចត្តាឡីស័កដែលមានស្រាប់ចំនួន ៣០ មណ្ឌល។ មួយទៀត អាជ្ញាធរខេត្តបានរៀបចំមណ្ឌលព្យាបាលនៅជាប់ព្រំដែនតែម្ដង ដែលអាចទទួលព្យាបាលអ្នកជំងឺកូវីដ-១៩ បានជាង ២០០០ នាក់ នៅលើមណ្ឌលព្យាបាល១០ ទីតាំងដែលមានស្រាប់ហ្នឹង»។
អភិបាលរងខេត្តឧត្ដរមានជ័យរូបនេះបន្តថា បច្ចុប្បន្ន អ្នកដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅក្នុងខេត្តឧត្ដរមានជ័យជិត ៥០០០ នាក់ ក្នុងមួយថ្ងៃ។ លោកថា នៅខេត្តនេះ បានរកឃើញអ្នកឆ្លងកូវីដ-១៩ ជាង១០០នាក់ គិតចាប់តាំងពីប្រទេសថៃបានផ្ទុះជំងឺកូវីដ-១៩មក ខណៈអ្នកកំពុងធ្វើចត្តាឡីស័កជាង ២០០ នាក់ ដែលពួកគេជាពលរដ្ឋនៅខេត្តឧត្ដរមានជ័យ។
កាលពីថ្ងៃទី២៨ ខែកក្កដា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចបិទខ្ទប់ការធ្វើដំណើរឆ្លងព្រំដែនគោកជាមួយប្រទេសថៃ និងខេត្តចំនួន៨ រយៈពេល២សប្តាហ៍ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការនាំវីរុសកូវីដ-១៩ប្រភេទ “ដែលតា” ចូលសហគមន៍តាមរយៈពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ។ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ច្រកព្រំដែនកម្ពុជា-ថៃបានបើកឡើងវិញ ខណៈរដ្ឋាភិបាលបានបន្តអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលជំងឺនេះ នៅទូទាំងប្រទេស រយៈពេល៧ថ្ងៃបន្ថែមទៀត រហូតដល់ថ្ងៃទី១៩ ខែសីហា។
ចំណែកអភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបងលោក សឿម ប៊ុនរិទ្ធ បានលើកឡើងថា ពលករដែលត្រឡប់មកពីប្រទេសថៃចូលមកតាមច្រកទ្វារតំបន់ព្រំដែនសួនស៊ុ ឬអូរអន្លក់ ស្រុកកំរៀង ខេត្តបាត់ដំបងមានចំនួនសរុប ៣៨៥ នាក់។
លោកបន្តថា ពលករទាំង ៣៨៥ នាក់ដែលចូលកម្ពុជានេះ ត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្តរហ័ស Rapid Test ដោយបានរកឃើញមានវិជ្ជមានកូវីដ-១៩ ចំនួន ៣២ នាក់ ខណៈអ្នកអវិជ្ជមានចំនួន ៣៥៣ នាក់ ត្រូវបានបញ្ជូនយកទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កវិទ្យាល័យពេជ្រ ចិន្តា ស្រុកភ្នំព្រឹក និងមណ្ឌលចត្តាឡីស័កអនុវិទ្យាល័យបឹងរាំង ស្រុកកំរៀង។
លោកថា៖ «ពលករវិលត្រឡប់ពីប្រទេសថៃចូលមកតាមច្រកទ្វារតំបន់ព្រំដែនសួនស៊ុ (អូរអន្លក់) ស្រុកកំរៀង ខេត្តបាត់ដំបង ចំនួន៣៨៥ នាក់ ក្នុងនោះ (ស្រី១៣៨នាក់, ក្មេង១៧នាក់) ក្រុមគ្រូពេទ្យនៃការិយាល័យសុខាភិបាលប្រតិបត្តិស្រុកសំពៅលូន (OD) បានធ្វើតេស្តរហ័ស Rapid Test លទ្ធផលធ្វើតេស្តរហ័ស គឺមានវិជ្ជមាកូវីដ-១៩ ចំនួន ៣២ នាក់ ក្នុងនោះ(ស្រី១៤នាក់) យកទៅព្យាបាលនៅមណ្ឌលព្យាបាលវិទ្យាល័យកំរៀង និងមណ្ឌលសុខភាពត្រាង ស្រុកកំរៀង»។
ដោយឡែកអភិបាលរងខេត្តបន្ទាយមានជ័យលោក លី សារី ឱ្យដឹងថា អាជ្ញាធរបានទទួលពលករចំនួន ១២៣៣ នាក់ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី១៣ និង១៤ខែសីហា បន្ទាប់ពីការបើកច្រកព្រំដែន។ លោកបញ្ជាក់ថា ពលករជាង ១០០០ នាក់ ដែលក្រុមគ្រូពេទ្យបានធ្វើតេស្ត ក្នុងនោះ មានពលករចំនួន ៣០ នាក់ មានវិជ្ជមានកូវីដ-១៩ ខណៈអ្នកអវិជ្ជមានត្រូវបញ្ជូនទៅមណ្ឌលចត្តាឡីស័ក។
អភិបាលរងខេត្តបន្ទាយមានជ័យរូបនេះថា បច្ចុប្បន្ននេះ អ្នកដែលកំពុងធ្វើចត្តាឡីស័កនៅខេត្តបន្ទាយមានជ័យ សរុបមានចំនួន ៤៥៤៨ នាក់ ក្នុងនោះស្ត្រី ២១០៩ នាក់ និងអ្នកឆ្លងក្នុងសហគមន៍មានចំនួន ៦៣ នាក់។
មន្ដ្រីកម្មវិធីការពារសិទ្ធិពលករចំណាកស្រុកនៃអង្គការសង់ត្រាល់ លោក ឌី ថេហូយ៉ា ចាត់ទុកការទទួលពលករនៅតាមព្រំដែនជារឿងល្អ ប៉ុន្តែលោកសង្កេតឃើញថា រថយន្តដែលដឹកពលករមកធ្វើចត្តាឡីស័កមានភាពចង្អៀតណែន និងអាចរក្សាគម្លាតសុវត្ថិភាពបាន។ លើសពីនេះ លោកថា បន្ទប់នៅក្នុងមណ្ឌលចត្តាឡីស័កដែលពួកគាត់ស្នាក់នៅ មានគ្នាច្រើន ដោយគ្មានរក្សាគម្លាតអនាម័យឬសុវត្ថិភាព ដែលធ្វើឱ្យពួកគាត់ប្រឈមនឹងការឆ្លងជំងឺកូវីដ-១៩ បើសិនជាអ្នកផ្ទុកជំងឺក្នុងចំណោមនោះ។
លោកថា៖«ដោយមិនបានរក្សាគម្លាតសុវត្ថិភាពអីជាដើមអ៊ីចឹង អាហ្នឹងហើយដែលយើងមើលឃើញថា រដ្ឋាភិបាលគួរតែពិចារណា និងយកចិត្តទុកដាក់ឱ្យមែនទែន ព្រោះជំងឹកូវីដ-១៩ ដែលតា អីហ្នឹង មានការឆ្លង សាហាវជាងអាមុន។ អ៊ីចឹងកាលណាយើង អត់រក្សានិងអនុវត្តទៅតាមវិធានសុវត្ថិភាពនៃជំងឺឆ្លងទេ វាមិនត្រឹមតែជាមណ្ឌល សម្រាប់តាមដាន និងការពារនូវរីករាលដាន វាទៅជាបង្កើតឱ្យមានការរីករាលដាន អាហ្នឹង សម្រាប់យើងមើលឃើញ»។
លោក ឌី ថេហូយ៉ា បន្តថា ការវិលត្រឡប់របស់ពលករនេះ ពួកគាត់ក៏ប្រឈមនឹងការរើសអើង បញ្ហាកង្វះខាតស្បៀងអាហារ ដោយសារ ពួកគាត់ចំណាយថវិកាច្រើននៅពេលត្រឡប់មកពីថៃ និងប្រឈមការបញ្ហាបំណុលធនាគារជាដើម។ ករណីនេះ លោកថា រដ្ឋាភិបាលគួរតែធ្វើការដោះស្រាយជូនដល់ពលករ ឬប្រជាពលរដ្ឋ បន្ទាប់ពីពួកគាត់បញ្ចប់ការធ្វើចត្តាឡីស័ក ហើយត្រឡប់ទៅស្រុកកំណើតវិញនោះ។
បើតាមក្រសួងសុខាភិបាលបញ្ជាក់ថា ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកមានវិជ្ជមានវីរុសកូវីដ-១៩ ប្រភេទដែលតា «Delta» លើអ្នកដំណើរ ពលករត្រឡប់មកពីប្រទេសថៃ និងប្រទេសវៀតណាម និងប្រជាពលរដ្ឋក្នុងសហគមន៍ចំនួន ៤៩៤ នាក់ ក្នុងនោះ ស្រី្ត ២៤៣ នាក់។
ក្រសួងបញ្ជាក់ថា បច្ចុប្បន្នជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទដែលតា «Delta» បាននឹងកំពុងឆ្លងរាលដាលនៅតាមបណ្ដាលរាជធានី-ខេត្តចំនួន ២២ ខេត្ត លើកលែងតែ៣ខេត្តប៉ុណ្ណោះ គឺខេត្តកែប ខេត្តតាកែវ និងខេត្តក្រចេះ នៅមិនទាន់រកឃើញអ្នកជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទដែលតានៅឡើយទេ។
គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៨៥ ៤៤៨នាក់ ក្នុងនោះ អ្នកជាសះស្បើយសរុបមានចំនួន៨០ ៣៩៦នាក់ និងស្លាប់មានចំនួនសរុប១៦៨៣នាក់៕