តំណាង​ពលរដ្ឋ​​គ្រោង​ប្តឹង​បរិហារ​មន្រ្តី​មូលដ្ឋាន​ដែល​លួច​លក់​ដី​ព្រៃ​លិច​ទឹក​​១២០ហិកតា​នៅ​ខេត្ត​បន្ទាយ​មានជ័យ

ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ប្រជាពលរដ្ឋប្រមាណ១០០នាក់ រស់នៅឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បាននាំគ្នាតវ៉ាជាថ្មី ទាមទារឱ្យ​អាជ្ញាធរ​ដោះស្រាយ​ ​ដោយ​​​​ផ្តល់​ដីព្រៃ​លិច​ទឹក​ទំហំ​ជាង១០០​ហិកតាទៅឱ្យ​សហគមន៍ប្រើប្រាស់វិញ បន្ទាប់ពីពួកគេបានចោទ​អាជ្ញាធរ​មូល​ដ្ឋាន​ថា​បាន​លួច​លក់​​ទៅឱ្យ​​ឈ្មួញ។​ (ផ្ដល់ឱ្យ)

តំណាងសហគមន៍នេសាទ «កំបោរ» ក្នុង​ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ អះអាងថា បណ្តឹង​បរិហារ​ដែល​​ក្រុមសហគ​​ម​​​ន៍​​​គ្រោង​​នឹង​​​​​​ប្តឹ​​​ង​​មន្រ្តីមូលដ្ឋាននិងអ្នកពាក់ព័ន្ធដែល​លួច​លក់ដីព្រៃលិចទឹក​​របស់រដ្ឋនិង​​ដីមួយ​​ផ្នែក​​ទៀត​ជាកម្មសិទ្ធិរបស់​សហគមន៍ នឹងរៀប​ចំ​ក្នុង​ពេល​ឆាប់ៗ​​​នេះ ខណៈអាជ្ញាធរ​​ដែល​​រង​​ការ​​ចោទ​ប្រកាន់ឆ្លើយតបថា ខ្លួនមិនមានការភ័យ​ភិតអ្វីឡើយ។

ប្រធានគណៈកម្មការសហគមន៍នេសាទ «កំបោរ» លោក ឆាយ លឿ បានប្រាប់ វីអូឌី នៅថ្ងៃទី១៣ ខែសីហា​នេះថា ក្រុម​​ការ​​ងារសហគមន៍បានពិគ្រោះយោបល់​​គ្នារួចហើយអំពីលទ្ធភាពក្នុងការដាក់​​បណ្តឹង​​បរិហារ​​នេះ​​។ ប៉ុន្តែលោកថា ការបន្តពន្យារពេលរឿងដាក់បណ្តឹងបរិហារនេះ ដោយត្រូវរង់ចាំឥរិយាបថនិងការដោះស្រាយរបស់គ្រប់ភាគីទំនាស់សិន ប៉ុន្តែបើសិន​មិន​មាន​ដំណោះស្រាយ​ណាមួយទេ ចំណាត់ការតាមនីតិវិធីច្បាប់នឹងដំណើរការហើយ។

លោកបន្តថា៖ «កំពុងរង់ចាំថ្នាក់ក្រោមធ្វើការសិន ប៉ុន្តែការប្តឹងនោះបានត្រៀមទុករួចជាស្រេចហើយ»។

តាមរយៈបណ្តឹងកាលពីថ្ងៃទី១៣ ខែ​កក្កដា ឆ្នាំ​​​២០២០កន្លង​ទៅ ប្រជាពលរដ្ឋបានផ្តិតស្នាមមេដៃប្រមាណ៨០០នាក់ ប្តឹងមេឃុំឈ្មោះ អែម ណុយ និង​​​អ្នក​​ពាក់ផ្សេងទៀត ដោយចោទប្រកាន់ថា បានលក់ដីសហគមន៍និងដីព្រៃលិចទឹកចំនួន១២០ហិកតា ស្ថិត​​ក្នុង​​តំ​​បន់​​២ ក្នុង​ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ​ ជាប់បឹងទន្លេសាប ឱ្យ​​ទៅឈ្មួញ។

នៅក្នុងបណ្តឹងនេះក៏បានរៀបរាប់បន្ថែមថា នៅមានដីព្រៃលិចទឹកនិងដីសហគមន៍នេសាទតា​​សោម ស្ថិតក្នុងតំបន់៣ នៅក្នុងភូមិក្របៅ និងភូមិកំពង់ក្រសាំង ជាច្រើនហិកតាទៀត រួមទាំង​​ដី​​ក្បាល​​​​ស្ពាន ក្បែរផ្លូវជាតិ ក៏មេឃុំភ្នំលៀប និងគូកន លក់គ្មានសល់ដែរ។ 

មេឃុំភ្នំលៀប លោក អែម ណុយ បានប្រាប់ថា លោកមិនខ្លាចញញើតចំពោះបណ្តឹងបរិហារដែល​ក្រុមសហគមន៍គ្រោងនឹងប្តឹងរូបលោក រួមទាំងអ្នកពាក់ព័ន្ធផ្សេងទៀតឡើយ ហើយ​លោក​ក៏មិន​តបតអ្វីប្រឆាំងការប្តឹងផ្តល់នេះដែរ។

លោកបន្តថា៖ «ខ្ញុំអត់មានការព្រួយបារម្ភអីទេ ព្រោះខ្ញុំមិនបានទៅធ្វើដូចគេចោទឯណា! ខ្ញុំនៅតែស្ងៀម គេធ្វើអីក៏ធ្វើទៅ ព្រោះខ្ញុំមិនបានធ្វើ»។

អ្នកស្រី ស្រង់ ទ្រព្យ ភរិយារបស់លោក ស៊ា សុឃុន ដែលជាឈ្មួញទិញដីព្រៃ​លិច​ទឹកនេះ បញ្ជាក់ថា ដី​​ដែល​​ក្រុមគ្រួសារអ្នកស្រីបានទិញនេះមានទំហំជាង១០ហិកតាប៉ុណ្ណោះ មិនមែនដូចបណ្តឹង​​ដែល​​ស​​ហគមន៍ធ្លាប់ប្ដឹងកន្លងទៅ ថាមានជាង១០០ហិកតានោះទេ។ អ្នកស្រីបន្ត​ថា ការទិញ​​​​លក់​​​នេះគឺមានលិខិតស្នាមត្រឹមត្រូវ ដែលអ្នកស្រីបានទិញពីឈ្មោះ ហេង ហុង ដែលជាម្ចាស់​​មូលដ្ឋាន​​ទៅ​​ទីនោះស្រាប់ ហើយនៅមានអ្នកទិញ៣នាក់ផ្សេងទៀត ពោលមិនមែនមានតែក្រុមគ្រួសារអ្នក​​ស្រីម្នាក់ទេ។

អ្នកស្រីបន្តថា៖ «ឈ្មោះខ្ញុំមានតែ១៥ហិកតាតើបង! ហើយនៅមានគេផ្សេងទៀត អ្នកទៅជាមួយគ្នា ហើយ​​ទិញជាមួយគ្នា។ ឈ្មោះ ហេង ហុង គេជាអ្នកលក់ឱ្យ។ គាត់ជាអ្នកធ្វើព្រៃធ្វើអី ហើយក៏គាត់​​លក់​​ដោះ​​ស្រាយជីវភាពរបស់គាត់ទៅ»។

វីអូឌី មិនអាចសុំការបំភ្លឺជុំវិញការចោទប្រកាន់នេះបាននៅឡើយទេពីលោក ហេង ហុង នៅ​​ថ្ងៃ​​សុក្រ​នេះ ខ​ណៈ​អភិបាលរងខេត្តបន្ទាយមានជ័យ អ្នកស្រី រស់ សុផានី ដែលទទួល​​បន្ទុក​​ដោះ​​ស្រាយ​​​​ដីធ្លី អះ​​អាងថា កំពុងជាប់ប្រជុំ។ 

យ៉ាងនេះក្តី អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ចន្ទគា យល់ឃើញថា ការស្វែងរកយុត្តិធម៌តាមនីតិវិធីច្បាប់របស់សហគមន៍នេះ គឺ​ជា​​រឿង​​ត្រឹម​​ត្រូវ​​។ លោក​ថា ប្រសិនបើគ្មានដំណោះស្រាយលើទំនាស់ដី​ព្រៃលិច​ទឹក​ មាន​តែ​​មធ្យោ​​បាយ​​នេះ​ទេដែលមានប្រសិទ្ធភាពនិង​អាចជួយទប់ស្កាត់​ទង្វើមិនគប្បី​របស់​​​​​​មន្រ្តីមួយចំនួនបាន​ផងដែរ។

លោកបន្តថា៖ «នេះគឺជាបណ្តឹងមួយដែលធ្វើត្រឹមត្រូវទៅតាមផ្លូវច្បាប់។ វាអត់មានខុសអីទេទៅលើទម្រង់ទំនាក់ទំនងគតិយុត្តិ ផ្លូវ[ច្បាប់]គឺអត់ខុសទេ» ។ 

នៅក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់អំពីបណ្តឹងបរិហារនេះ។ បណ្តឹង​​នេះគឺសំដៅទៅលើបណ្តឹងវែកមុខបទល្មើសដែលមានគោលបំណងបង្ហាញឬបកអាក្រាតនូវបទ​​ល្មើស ដើម្បីឱ្យ​សមត្ថកិច្ចធ្វើការត្រួតពិនិត្យនិងស្វែងរកភស្តុតាងនៅក្នុងបទល្មើស​ ហើយ​​និង​​ចាប់ជនល្មើស​​យកមក​ផ្តន្ទាទោសតាមច្បាប់។ បណ្តឹងបរិហារអាចតាមរយៈរបស់តតិយជន ឬដោយមន្រ្តីសា​ធារណៈដែលពួកគេ​បានឃើញឬបានដឹងពីបទល្មើសនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ