មន្រ្តី​សហជីព​ថា​ បុគ្គលិក​កាស៊ីណូ​ប៉ោយប៉ែត​៩០​ភាគរយ​បាត់បង់​ការងារ​ដោយសារ​កូវីដ-១៩​

កាស៊ីណូ ដាយមិន ស៊ីធី (DIAMOND CITY) ត្រូវផ្អាកដំណើរការជាបណ្ដោះអាសន្ន ក្រោយមានរាតត្បាតកូវីដ-១៩ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ- BMC Province Commissariat Of Police)

មន្រ្តីសហជីពការងារប្រចាំខេត្តបន្ទាយមានជ័យ លើកឡើងថា បុគ្គលិកកាស៊ីណូប្រមាណ៩០ភាគរយនៅក្រុងប៉ោយប៉ែត កំ​ពុ​ង​​បា​ត់បង់ការងារដោយសារបញ្ហារីករា​ល​ដាលនៃជំងឺកូវីដ-១​៩ ក្រោយ​​អាជីវកម្មល្បែង​នៅតំបន់ជាប់ព្រំដែនប្រទេសថៃមួយនេះបន្តបិ​ទទ្វារ។

កាលពីអំឡុងចុងខែមេសា រដ្ឋបាលខេត្តបន្ទាយមានជ័យបានសម្រេចផ្អាកអាជីវកម្មកាស៊ីណូទាំងអស់ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប​ន្ទាប់ពីផ្ទុះករណីឆ្លងជំងឺផ្លូវដង្ហើមក្នុងចំណោមបុគ្គលិកធ្វើការនៅទីនោះមួយចំនួន។ បើតាមមន្រ្តីរដ្ឋបាលក្រុង វិធានការនេះនៅតែបន្តអ​នុវត្តគិតម​​កទល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។

មន្រ្តីសម្របសម្រួលសិទ្ធិការងារ នៃសម្ព័ន្ធ​សហជីពចលនាកម្មករកម្ពុជាប្រចាំខេត្តបន្ទាយមានជ័យ លោក ប៊ុន សុធី បាន​​ឱ្យដឹងថា បុគ្គលិកកាស៊ីណូក្នុងក្រុងប៉ោយប៉ែតស្ទើរតែទាំងអស់កំពុងបាត់បង់កា​​​​​​រងារ ដោយមិនមានការផ្តល់ប្រាក់​ឧបត្ថម្ភពីភាគីថៅកែនិយោជកឬរដ្ឋាភិបាលនោះទេ។ លោ​កថា ការឧបត្ថម្ភសម្រាប់ពួកគេគឺធ្វើឡើងតាមគោលការណ៍ស្ម័​គ្រ​​ចិត្តនិងមនុស្សធម៌ ខុសពីកម្មករក្នុងវិស័យរោងចក្រកាត់ដេរដែលអាចទទួលបានប្រាក់ឧបត្ថម្ភពី​ថៅកែ​និង​រដ្ឋាភិបាល។

លោកថា៖ «ខាងរោងចក្ររាងគ្រាន់បន្តិច ត្រង់ថា គាត់​នៅមានការងារធ្វើ តែគាត់ប្រឈម។ ប៉ុន្តែបើខាងកាស៊ីណូ គឺបិទទ្វារតែម្តង បិទទ្វារចង់២ឆ្នាំហើយ ហើយគ្មានជំនួយអីសប្បុរសធម៌ពីភាគីរដ្ឋាភិបាល ក៏ដូចជាពីសំណាក់និយោជកអី គឺគ្មានទេ​​។ គ្មានបានអីទេ! ១០រៀល[ដុល្លារ] ២០រៀល[ដុល្លារ]អី គឺអត់បាន គាត់រស់​តាមយថាកម្ម។ ខ្លះទៅស្រុកទៅស្រែ ខ្លះក៏ចេះតែរស់មួយពេលៗទៅ ហើយអ៊ីចឹងមានផលលំបាកខ្លាំង»

បុគ្គលិកកាស៊ីណូ Golden Planet មួយរូប ឈ្មោះ ឡេង ស្រីណឺត លើកឡើងនៅថ្ងៃពុធ ទី១១ ខែសីហានេះថា កញ្ញាគ្មានការងារធ្វើ​​​​​​ជាង២ខែមកហើយ បន្ទាប់ពីកាស៊ីណូត្រូវបិទទាំងស្រុងចាប់ពីខែឧសភាមក។ ស្រ្តីវ័យ២៥ឆ្នាំរូបនេះបន្ថែមថា គាត់កំពុងបា​រម្ភពីការចំណាយលើថ្លៃឈ្នួលបន្ទប់និងម្ហូបអាហារប្រចាំថ្ងៃ ខណៈគ្មានប្រាក់ចំណូលហើយពិបាកទៅរកការងារថ្មីធ្វើ ដោ​យសារជំងឺកូវីដ-១៩កំពុងឆ្លងរាលដាល។

កញ្ញា ស្រីណឺត និយាយថា៖ «ពិបាកដែរ ព្រោះអីបើសិនជាកូវីដច្រើនពេក ក៏វាពិបាករកការងារធ្វើដែរ។ គេក៏អត់ចង់ទទួលយើងចូលដែរ ព្រោះអីកាលណាយើងចេញហើយ យើងទៅកន្លែងផ្សេង ក៏គេមិនងាយទទួលយើងចូលដែរ ព្រោះអីគេខ្លាចឆ្លងពីយើងអ៊ីចឹង យើងមិនដឹងអ៊ីចឹងណា»

បុគ្គលិកផ្នែកដូរលុយនៅកាស៊ីណូ Golden Planet មួយរូប ឈ្មោះ ជឿម ដាត់ ថ្លែងថា គាត់បានសម្រេចដាក់ពាក្យលាឈប់ពីកា​រងារ​ ដើម្បីត្រឡប់មកនៅស្រុកកំណើតក្នុងខេត្តសៀមរាបវិញ នៅអំឡុងចុងខែ​កក្ក​ដា បន្ទាប់ពីជាសះស្បើយពីជំងឺកូវីដ-១៩។ លោកថា អំឡុងពេលសម្រាកព្យាបាល លោកមិនទទួលប្រាក់ឧបត្ថម្ភពីក្រុមហ៊ុនកាស៊ីណូនោះទេ។

បុរសវ័យ២៧ឆ្នាំរូបនេះបន្ថែមថា លោកកំពុងប្រឈមបញ្ហាបំណុលធនាគារ៦ ០០០ដុល្លារ និង​មិនទាន់អាចរកការ​ងារ​អ្វីថ្មី​បាន ក្រៅពីដាំដុះបន្លែនិងចិញ្ចឹមសត្វដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ រង់ចាំរហូតដល់ការរីករាលដាលជំងឺផ្លូវដង្ហើមថ្មីអាចទប់ស្កាត់បានជាមុនសិន។   

លោកនិយាយថា៖ «ឥលូវនៅផ្ទះ យើងនៅមើលម្តាយមើលអី គាត់ឈឺ គាត់អីដែរហ្នឹង! ហើយយើងឆ្លៀតដាំដំណាំដាំអីនៅផ្ទះ ធ្វើការផ្ទះសិន។ ធម្មតា ចិញ្ចឹមមាន់ ចិញ្ចឹមអី អត់ទាន់បានគិតថាទៅរកការងារឯណាទេ ដោយសារកំពុងតែកូវីដឆ្លងច្រើន ណាមួយសៀ​មរាបក៏កំពុងឆ្លងច្រើនដែរទៅ យើងក៏សម្រេចចិត្តនៅផ្ទះបណ្តោះអាសន្នសិន»

បុគ្គលិកផ្នែកចុងភៅនៅកាស៊ីណូ ក្រេនដាយមិន លោក​ ញ៉ាន ភិរុណ និយាយថា លោកបាត់បង់ការងាររយៈពេល៣ខែមកហើយ ដែលធ្វើឱ្យលោកត្រូវប្រឈមមុខនូវការគ្មានប្រាក់ដោះបំណុលនិងសម្រាប់ចាយវាយប្រចាំថ្ងៃ។ បុរសកូនមួយវ័យ៣៥រូបនេះ បន្ថែមថា គាត់គ្រោងត្រឡប់ទៅស្រុ​​កកំណើតក្នុងខេត្តបាត់ដំបង ដើម្បីធ្វើស្រែចម្ការរកចំណូលដោះស្រាយបញ្ហាជីវភាព ប៉ុន្តែ​ដោយសារអាកាសធាតុមិនអំ​ណោយផល ហើយមានការបិទខ្ទប់ការធ្វើដំណើរឆ្លងខេត្តចំនួន​៨ លោកក៏សម្រេចបន្តរង់ចាំត្រឡប់ចូលធ្វើការតទៅទៀត។

លោក ភិរុណ និយាយថា៖ «តេទៅមេ គេថាមិនអីទេ! ចាំគេហៅ ចាំមានភ្ញៀវច្រើនសិន។ ក៏ប៉ុន្តែចាំៗមិនទាន់ឃើញថាពិតថ្ងៃណាខែណាផង! […] ខ្ញុំបារម្ភថា ទៅមុខទៀត បើបិទយូរ វាប៉ះពាល់ដល់ជីវភាពខ្ញុំដែរ បើសិនជាគេបិទ មិនបា​នទៅធ្វើការវិញ»។

អភិបាលរងក្រុងប៉ោយប៉ែត លោក កែវ តារារស្មី លើកឡើងថា កាស៊ីណូនៅក្រុងប៉ោយប៉ែតទាំងអស់ត្រូវបានផ្អាកដំណើរការជាបណ្តោះអា​សន្នទាំងស្រុង និងមួយចំនួនកំពុងស្ថិតក្នុងតំបន់ក្រហមនៅឡើយ។ លោកបន្ថែមថា មានតែបុគ្គលិករដ្ឋបាលមួយចំនួនប៉ុ​​ណ្ណោះដែលនៅបន្តបំពេ​ញការងារ។

ប្រភពដដែលបន្តថា លោកមិនអាចកំណត់ថា អាជីវកម្មល្បែងភ្នាល់នេះនឹងអាចបើកដំណើរការឡើងវិញនៅពេលណានោះទេ បើទោះជាស្ថានភាពឆ្លងក្នុងសហគមន៍ក្នុងក្រុងធ្លាក់ចុះពីរាប់សិបករណីក្នុងមួយថ្ងៃមកនៅក្រោម១០ករណីក្តី។ យ៉ាងណា លោកថា ចំពោះករណីនាំចូលដែលរកឃើញលើពលករត្រឡប់ពីថៃកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌល គឺនៅមានអត្រាខ្ពស់នៅឡើយ។

លោក កែវ តារារស្មី មានប្រសាសន៍ថា៖ «ចំពោះការបើកវិញ មិនមែនជាសិទ្ធិរបស់រដ្ឋបាលក្រុងនោះទេ ជាសិទ្ធិរបស់ថ្នាក់ជាតិ។»

ពាក់ព័ន្ធនឹងកាលបរិច្ឆេទបើកដំណើរការអាជីវកម្មកាស៊ីណូឡើងវិញ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោ​ក ហេង សួរ ថ្លែងថា ក្រសួងមិនមានសិទ្ធិសម្រេចឬក៏ស្នើលើកិច្ចការងារនេះនោះទេ។

លោកថា៖ «ក្នុងបទប្បញ្ញត្តិនានាពាក់ព័ន្ធដំណាក់កាលកូវីដ-១៩ គឺមានតែក្រសួងសុខាភិបាលទេដែលមានសិទ្ធិក្នុងការសម្រេចថាបិទឬបើកអាជីវកម្មណាមួយ»

វីអូឌី មិនអាចទាក់ទងសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានទេរហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ។

នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា លើកឡើងថា ការផ្តល់ដំណោះស្រាយរបស់រដ្ឋាភិបាលចំពោះបុគ្គលិកកម្មករដែលរងផលប៉ះពាល់ដោយវិធានការទប់ស្កាត់ការឆ្លងរាលដាល​ជំងឺកូវីដ-១៩ គឺមិនបានគ្រប់ជ្រុងជ្រោយនៅឡើយ។

លោកបន្ថែមថា រដ្ឋាភិបាលមិនបានរាប់បញ្ចូលបុគ្គលិក​ក្នុងវិស័យកាស៊ីណូ សេវាកម្មកម្សាន្ត និងសេវាក្រៅប្រព័ន្ធផ្សេងៗទៀត ក្នុងវិស័យដែលទទួលបានប្រាក់ឧបត្ថម្ភ៧០ដុល្លារពីនិយោជកនិងរដ្ឋ ដូចជា វិស័យទេសចរណ៍និងវិស័យរោងចក្រកាត់ដេរនោះទេ។

លោក មឿន តុលា មានប្រសាសន៍ថា៖ «ជាសំណូមពរ ខ្ញុំគិតថា កម្មវិធីជំនួយសង្គមរបស់រដ្ឋនេះ គួរតែឆ្លើយតបឱ្យគ្រប់ជ្រុងជ្រោយ មានន័យថា មិនត្រូវបំភ្លេចចោលនូវក្រុមណាមួយនោះទេ ដែលគាត់រងផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ហ្នឹងដែរ»។

មន្រ្តីសង្គមស៊ីវិលរូបនេះបន្តថា ក្រសួងសុខាភិបាលគួរតែពិនិត្យនិងសិក្សាមើលលទ្ធភាពឱ្យអាជីវកម្មកាស៊ីណូបើកទ្វារ​ឡើងវិញ ដោយធ្វើឡើងក្រោមវិធានការបង្ការនិងការពារមេរោគឆ្លងដែលមានប្រសិទ្ធភាព ដើម្បីជួយកាត់បន្ថយភាពបាត់បង់ការងាររបស់ពលរដ្ឋ។ លោកបន្ថែមថា រដ្ឋាភិបាលក៏គួរត្រៀមគោលនយោបាយរយៈពេលវែងបង្កើតឱកាសការងារបណ្តោះអាសន្នដល់ពលរដ្ឋដែលមិនមានលទ្ធភាពរកការងារធ្វើបាន ដូចជាការងារក្នុងវិស័យកសិកម្មជាដើម។

រដ្ឋាភិបាលកម្ពុជាបានប៉ាន់ប្រមាណកាលពីខែកក្កដាថា ពលរដ្ឋប្រមាណ៨លាននាក់កំពុងប្រឈមហានិភ័យការងារដោយសារវិ​បត្តិជំងឺកូវីដ-១៩ ដែលកំពុងបង្កការខាតបង់ធ្ងន់ធ្ងរចំពោះសេដ្ឋកិច្ចប្រទេសកម្ពុជានិងពិភពលោក ក្នុងនោះ អាជីវកម្មពាក់ព័ន្ធវិស័យទេសចរណ៍ជិត៣ពាន់កន្លែង ​ដែលបណ្តាលឱ្យពលរដ្ឋជាង៤ម៉ឺន៥ពាន់នាក់ត្រូវបា​ត់បង់ការងារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ